តម្លៃស្រូវនៅខេត្តតាកែវ និងខេត្តព្រៃវែងនៅតែប្រែប្រួលតាមមាត់ឈ្មួញវៀតណាម

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ (រូបភាព៖ ហេង វិចិត្រ)

ប្រជាកសិករ និងឈ្មួញមួយចំនួននៅខេត្តតាកែវ និងខេត្តព្រៃវែង លើកឡើងពីការលំបាករបស់ពួកគាត់ថា តម្លៃស្រូវប្រែប្រួលទៅតាមមាត់របស់ឈ្មួញវៀតណាម ធ្វើឱ្យពួកគាត់ខាតបង់ទាំងអ្នកដាំដុះ និងអ្នកទិញយកទៅលក់បន្ត។​

ឈ្មួញកណ្តាលនៅស្រុកគីរីវង់ លោក ឈួន ង៉ែត បាននិយាយថា ស្រូវ ER មួយគីឡូក្រាម ថ្លៃ៧០០រៀល និងស្រូវ OM មួយគីឡូក្រាម តម្លៃ៧៣០រៀល។ លោកថា តម្លៃស្រូវឡើង ឬចុះ អាស្រ័យលើឈ្មួញ​វៀត​ណាម​ជា​អ្នក​កំណត់​។

លោកមា​នប្រសាសន៍ថា៖ «គេចាំយកពីយើងនៅព្រំដែន ឃ្លាំងគេចាំយកពីយើងនៅកន្លែងហ្នឹង ទៅដល់គេថា ស្រូវយើងអន់ចឹងទៅ ហាងឆេងវាធ្លាក់ចុះ​ស្រេចតែនៅលើគេ គេយក ឬមិនយក យើងដឹកយកមកវិញហាល យើងលក់ឱ្យវៀតណាម ព្រោះខាងរោងម៉ាស៊ីនយើង អត់មានអ្នកណាទីផ្សារទិញផង»។

កសិករនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ អ្នកស្រី ពៅ ញ៉ ឲ្យដឹងថា តម្លៃស្រូវឆ្នាំនេះធ្លាក់ចុះ ធ្វើឲ្យពួកគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។

មានប្រសាសន៍ថា៖ «មួយរដូវ [ច្រូតកាត់ស្រូវ] ជួនណាបានតែ២លានរៀល ជួនណាខាត ដោយសារជួលគេ រះ ភ្ជួរ បាញ់ថ្នាំ ជី តម្លៃនៅ៧៣០រៀល វាខាត»។

រីឯប្រជាកសិករនៅភូមិមេមល់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង លោក ឈួន ម៉េងឡុង ឯណោះវិញ បានបង្ហាញអំពីក្ដីបារម្ភស្រដៀងនឹងប្រជាកសិករនៅខេត្តតាកែវដែរថា កាល​ពីឆ្នាំមុន ស្រូវអាចលក់បានក្នុង១គីឡូបាន៨០០រៀល ចំណែកឯឆ្នាំនេះ លក់បានតែក្នុង១គីឡូក្រាមបានតែ៧៣០រៀលប៉ុណ្ណោះ។​ លោកថា ស្រូវចុះថោកបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ដោយសារគាត់ខ្ចីលុយធនាគារ ដើម្បីយកមកធ្វើកសិកម្មស្រូវនេះ។

លោក ម៉េងឡុង និយាយថ៖ «ប៉ះពាល់ទៅលើយើងចំណាយថ្លៃជី តម្លៃថ្លៃប្រេងថ្លៃហើយ ថ្លៃទឹកជួលគេបូម យើងដឹងស្រាប់ហើយ ខ្វះខាតទឹក ទឹកបូមដាក់​ ហើយប្រេងជីសុទ្ធតែថ្លៃ ហើយយើងដោះស្រាយម៉េចរួច វាបានគ្រាន់តែទប់ទល់សងតែគេ វាគ្មានសល់អី»។

ប្រជាកសិករបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ស្រូវសើម​ដែលឈ្មួញកណ្តាលទិញពីកសិករនៅវាលស្រែ លក់ទៅឱ្យវៀតណាម ដឹកចូលតាមច្រកព្រំដែនចំនួនពីរកន្លែង គឺច្រកយិនយា និងជ្រកភ្នំឌិត។ ចំណែកនៅខេត្តព្រៃវែង ឈ្មួញទិញយកទៅលក់នៅតាមច្រកព្រំដែនអន្តរជាតិចក្រី ឆ្លងចូលប្រទេសវៀតណាមផងដែរ។

កសិករ លោក ងួន រី ស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយទិញស្រូវពីប្រជាកសិករឱ្យបានតម្លៃសមរម្យ ទើបធ្វើឲ្យពួកគេចំណេញបានប្រាក់យកទៅទ្រទ្រង់ជីវភាពគ្រួសារ។

លោក ងួន រី អំពាវនាវថា៖ «សំណូមពរទៅក្រសួងកសិកម្ម រើសពូជសំរាប់ប្រជាជន រើសពូជណាដែលបរទេសត្រូវការ។ ទីពីរ សុំសម្តេច ហ៊ុន សែន ជួយទិញស្រូវពីប្រជាជន ដូចជាស្រូវ ER យកទៅលើផង កុំឱ្យយកទៅវៀតណមច្រើនពេក កាលណាទៅវៀតណាមច្រើន តម្លៃស៊ីសងគេដាក់ទេ សុំឱ្យរាជរដ្ឋាភិបាល សម្តេចតេជោ មេត្តាជួយប្រជាជនទួលស្វាយផង»។

​ប្រជាកសិកររូបនេះបញ្ជាក់ថា បើតម្លៃសម្រូវមិនឡើងថ្លៃទេ លោកស្នើទៅរដ្ឋាភិបាល និងក្រសួងជួយឱ្យតម្លៃជី ថ្នាំ និងប្រេងជាដើម ចុះថ្លៃផងដែរ។

នាយិកា​មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា (អង្គការ CEDAC) លោកស្រី តុង ចាន់ធាង មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ លោកស្រីថា បើរដ្ឋាភិបាលមិនជួយទិញស្រូវ ឬកំណត់តម្លៃស្រូវឲ្យបានសមរម្យទេ នឹងធ្វើឱ្យប្រជាកសិករចំណាកស្រុក ដោយសារមិនមានលុយសងបំណុលធនាគារ។

លោកស្រីមានប្រសាសន៍ថា៖ «យើងឃើញស្ថានភាពកសិករកាន់តែពិបាក ព្រោះមួយចំនួនគាត់ខ្ចីលុយពីធនាគារ ពីមីក្រូហិរញ្ញវត្ថុមកវិនិយោគ កាលណាគាត់អត់ចំណេញ គាត់ចាប់ផ្តើមជំពាក់លុយគេ ចុងក្រោយគាត់ត្រូវចំណាកស្រុកហើយ ដោយសារគាត់មិនអាចរកចំណូលពីមុខរបរនៅក្នុងស្រុកបាន ចង់មិនចង់ បង្ខំចិត្តទៅ [ធ្វើការ] កន្លែងផ្សេង ដើម្បីរកលុយយកមកសង​គេវិញ សងធនាគារ សងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលជាបំណុលមានការប្រាក់»។

ទាក់ទងនឹងការទិញស្រូវពីកសិករនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាតិប្រមាណ៥០លានដុល្លារ បន្ថែមឱ្យធនាគារអភិវឌ្ឍន៍ជនបទ កាលពីដើមឆ្នាំ២០១៩ ដើម្បីឱ្យធនាគាររដ្ឋមួយនេះផ្ដល់ប្រាក់កម្ចីទៅឱ្យរោងម៉ាស៊ីនកិនស្រូវ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា តម្លៃស្រូវឆ្នាំនេះឡើងខ្ពស់ជាងឆ្នាំមុនជាង១០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែ លោកថា ទីផ្សារសេរី ក្រសួងមិនអាចដាក់កំហិតឱ្យក្រុមហ៊ុនកំណត់តម្លៃឱ្យបានខ្ពស់តាមប្រជាពលរដ្ឋចង់បាននោះទេ។

លោកមានប្រសាសន៍ថា៖ «យើងបង្ខំឱ្យគេទិញស្តុកទុក ឱ្យគេយកទៅលក់នៅឯណា ពីព្រោះតម្លៃនៅក្នុងពិភពលោកវាអត់មានកើន ចំណេញឬមិនដឹងធ្វើម៉េច បើដឹងធ្វើម៉េច បើកំណត់វាអញ្ចឹង ហើយយើងយកលុយថវិកាជាតិយកទៅទិញស្តុក យើងយកទៅលក់ឱ្យពីណា នេះជាចំណុចសំខាន់ បើយើងមិនបានគិតអំពីសភាពការណ៍នៃការជួញដូរអង្ករស្រូវលើពិភពលោកទេ វានឹងមានការភាន់ច្រឡំ នេះជាចំណុចសំខាន់ ដែលយើងត្រូវយល់ដឹងទាំងអស់»។

រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ក្រសួងកំពុងរកវីធីជួយបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យចេះជំនាញចេះជ្រើសរើសពូជសែនក្រអូបរបស់កម្ពុជាដាំ ដើម្បីទទួលបានតម្លៃខ្ពស់។

របាយការណ៍លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ឱ្យដឹងថា ចាប់ពីខែមករា ដល់​ខែកក្កដា ឆ្នាំ២០១៩​ កម្ពុជា​នាំចេញអង្ករបាន ៣០៨ 0១៣តោន ឬ​កើន​ឡើង​ត្រឹម​តែជាង ៣​ភាគរយ​ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នា​ឆ្នាំ២០១៨ បានចំនួន ២៩៧ ០៨០​តោន។

កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង ៦២​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៨ ​ដោយ​បាន​ធ្លាក់​ចុះ​ចំនួន ១,៥​ភាគរយ បើ​ធៀប​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​ជាង​ ៦៣​ម៉ឺន​តោន​​ កាល​ពី​ឆ្នាំ​២០១៧​៕


រាយការណ៍បន្ថែមដោយ ហូយ ម៉េងទៀង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ