អាជីវករ​លក់ដូរ​នៅ​ខេត្ត​ព្រះសីហនុ​ឡើង​មករ​កអន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ ក្រោយ​អាជ្ញា​ធរ​ឈូស​ឆាយ​តូប​ពួកគេ​

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចខេត្ត ចុះរុះរើតូបអាជីវករលក់ដូរនៅឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ (ផ្ដល់ឱ្យដោយអាជីវករ)

ក្រុម​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូ​ត្រេះ​ ខេត្ត​ព្រះសីហនុ​ បាន​ឡើង​មករ​កកិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ក្រោយ​អាជ្ញាធរ​ខេត្ត​នេះ​ បាន​ឈូស​ឆាយ​តូប​លក់ដូរ​របស់​ពួកគេ​ដោយ​មិន​ផ្តល់​សំណង​។

កាលពី​ថ្ងៃទី១៥​ ខែមករា​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បាន​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​តូប​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូ​ត្រេះ​អស់​ ៦២តូប​ ក្រោម​ហេតុផល​យក​ទីតាំង​នោះ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កែ​លម្អ​សោភ័ណភាព​ឆ្នេរសមុទ្រ​។

ក្រុម​អាជីវករ​ប្រមាណ​ ៥០នាក់​ បាន​ប្រមូល​ផ្តុំគ្នា​ និង​ឈរ​លើក​បដា​រូបថត​លោក​ ហ៊ុន​ សែន​ និង​ភរិយា​របស់​លោក​ នៅមុខ​ខុទ្ទកាល័យ​របស់​លោក​នៅ​ព្រឹក​ថ្ងៃនេះ​ ដោយ​ទាមទារ​រក​ដំណោះស្រាយ​សម្រាប់​ពួកគេ​។

អ្នកស្រី​ យិន​ សី​ម៉ា​ ដែល​អះអាង​ថា​ ជា​តំណាង​អាជីវករ​ទាំងនោះ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខុទ្ទកាល័យ​ថា​ ក្រុម​អាជីវករ​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ ជួយ​ដោះស្រាយ​ឱ្យ​ពួកគាត់​បាន​លក់ដូរ​នៅ​លើ​ទីតាំង​ចាស់​ដដែល​។

អាជីវករ​រូប​នេះ​ អះអាង​ថា​ ពួកគាត់​បាន​លក់ដូរ​នៅ​ទីនោះ​អស់​រយៈពេល​ចន្លោះ​ពី​១០​ ទៅ​២០ឆ្នាំ​មក​ហើយដោយ​ពុំ​ធ្លាប់​មាន​អាជ្ញាធរ​ចុះទៅ​ហាមឃាត់​នោះ​ទេ​។

អ្នកស្រី​ យិន​ សី​ម៉ា​ ប្រាប់​ថា​៖ «ពួក​យើង​អត់​ប្រឆាំង​ទេ​ក្នុង​អភិវឌ្ឍ​របស់​រដ្ឋ​ ប៉ុន្តែ​ សុំ​ឱ្យ​អាជ្ញាធរ​ជួយ​កែសម្រួល​។ ប្រសិនបើ​តូប​របស់​ពួក​ខ្ញុំ​អត់​ស្តង់ដារ​ សុំ​ឱ្យ​គាត់​ជួយ​កែសម្រួល​មក​ ហើយ​បើសិនជា​ដាច់ខាត​ត្រូវតែ​អភិវឌ្ឍ​ គាត់​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​ខ្ញុំ​ ព្រោះ​ពួក​ខ្ញុំ​នៅ​ទីនោះ​ ២០ឆ្នាំ​ប្លាយហើយ​»

អះអាង​ថា​ជា​អាជីវករ​ម្នាក់ទៀត​ កញ្ញា​ សាយ​ សា​ម៉ុន​ថា​ និយាយ​ថា​ គ្រួសារ​នាង​បាន​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ​ទិញ​ទីតាំង​ និង​ធ្វើ​តូប​ដើម្បី​ធ្វើអាជីវកម្ម​លក់ដូរ​ ប៉ុន្តែ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​អស់ទាំង​តូប​ និង​សម្ភារផ្សេង​ៗ។

កញ្ញា​ សាយ​ សា​ម៉ុន​ថា​ ប្រាប់​ថា​៖ «អ៊ី​ចឹង​ យើង​បាត់បង់​អស់ហើយ​ ហើយក៏​អត់មាន​ដោះស្រាយ​សម្រាប់​ពួក​យើង​ដែរ​។ ពួក​យើង​អត់​ដឹង​ថា​ ធ្វើ​ម៉េច​ដែរ​ មាន​តែ​ឱ្យ​សម្ដេ​ចតេ​ជោ​ និង​លោកជំទាវ​ មេត្តា​ជួយ​មើលកូន​ក្មួយ​ និង​បងប្អូន​អាជីវករ​ទាំង​អស់​គ្នា​ ឱ្យ​ពួក​យើង​បាន​ដំណោះស្រាយ​ណាមួយ​ដែល​យើង​អាច​បន្តជីវិត​យើង​ទៅមុខ​ទៀត​ និង​មាន​ក្ដី​សង្ឃឹម​ក្នុង​ម្លប់​សន្តិភាព​របស់​លោក​ផង​»

លោក​ គង់​ ចំរើន​ ដែល​ជាម​ន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នោះ​ បាន​ចេញ​មក​ទទួល​ញត្តិ​ ប៉ុន្តែ​ លោក​មិនបាន​សន្យា​អ្វី​ជាមួយ​ក្រុម​អាជីវករ​នោះ​ទេ​។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ បាន​ប្រាប់​វី​អូ​ឌីតា​មទូរ​សព្ទ​នៅ​ថ្ងៃនេះ​ថា​ សាលា​រដ្ឋបាល​ខេត្ត​នេះ​ នឹង​មិន​ដោះស្រាយ​សំណង​ណាមួយ​ទៅដល់​ក្រុម​អាជីវករ​ទាំងនោះ​ឡើយ​។

លោក​បន្ត​ថា​ អាជ្ញាធរ​ត្រូវការ​ទីតាំង​នោះ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កែ​លម្អ​សោភ័ណភាព​តំបន់ឆ្នេរ​ បើ​ទោះបីជា​ពួកគេ​ស្វែងរក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏ដោយ​។

លោក​ ឃាង​ ភា​រម្យ​ ប្រាប់​ថា​៖ «រដ្ឋបាល​ខេត្ត​មិនមាន​អ្វី​ត្រូវ​ផ្លាស់​ប្តូរ​ជំហរ​ដោះស្រាយ​សំណង​ជូន​ពួកគេ​ទេ​។ ដូច​ខ្ញុំ​ជម្រាប​ខាងដើម​ថា​ អ្វី​ដែល​រដ្ឋបាល​កំពុង​ធ្វើ​នេះ​ គឺ​យើង​កំពុង​រៀប​ចំ​សោភ័ណភា​ពស​ណ្ដា​ប់​ធ្នាប់​នៅ​លើ​ទីតាំង​ឆ្នេរ​ឈើទាល​២ និង​ឆ្នេរ​អូរត្រេះ​ ហើយ​អ្វី​ដែល​យើង​ធ្វើ​នេះ​ គឺ​យើង​យក​កន្លែង​នេះ​ ទុកជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​។ យើង​មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ឆ្នេរ​ទេ​»

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ លោកស្រី​ ជាប​ សុធា​រី​ ដែល​ឃ្លាំមើល​ករណីនេះ​ ឱ្យ​ដឹង​ថា​ ករណី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ឈូស​ឆាយ​តូប​អាជីវករ​លក់​នៅ​ឆ្នេរ​អូរត្រេះ​នេះ​ គឺ​បាន​បង្ក​ផល​ប៉ះ​ពាល់​ធ្ង​ន់ធ្ងរដ​ល់​ជីវភាព​អាជីវករ​ទាំងនោះ​។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ ឱ្យ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​សមរម្យ​សម្រាប់​ក្រុម​អាជីវករ​នោះ​។

អ្នកស្រី​ ជាប​ សុធា​រី​ និយាយ​ថា​៖ «បើសិនជា​អាច​ផ្តល់​កន្លែង​លក់ដូរ​កន្លែងណា​មួយ​ ក៏​ពួកគាត់​សុខចិត្ត​យក​ដែរ​ ឬក៏​ដំណោះស្រាយ​ជាគោល​នយោបាយ​ណាមួយ​តិចតួច​ទៅ​ ព្រោះ​អ្នកខ្លះ​អស់រលីង​ពី​ខ្លួន​ហើយ​។ គ្នា​ខំ​លក់​ដីធ្លី​ពី​ស្រែ​ចំ​កា​រម​កៗ​វិនិយោគ​ធ្វើ​កន្លែង​លក់ដូរ​នៅកន្លែង​ហ្នឹង​។ ឥលូវ​អាជ្ញា​ធរ​ឈូស​ឆាយ​អស់ហើយ​គាត់​គ្មាន​សល់​ទេ​។ អ្នកខ្លះ​យំ​ឡើង​សន្លប់​»

កាលពី​ថ្ងៃទី១៣​ ខែមករា​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់​ទៅ​ក្រុម​អាជីវករ​ ឱ្យ​រុះរើ​តូប​លក់ដូរ​ចេញពី​ឆ្នេរ​អូរ​ឈើទាល​ (អតីត​អា​រី​ស្តុ​ន) និង​ឆ្នេរ​អូរត្រេះ​ (អូរត្រេះ១​ និង​អូរត្រេះ២​) ដោយ​ថា​ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ កែ​លម្អ​សោភ័ណភាព​ឆ្នេរ​ និង​រក្សាទុក​ជា​ឆ្នេរ​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​មក​ទស្សនា​កម្សាន្ត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ