បុគ្គលិក​សណ្ឋាគារ​ផ្កាយ៥ដំបូង​គេ​នៅ​កម្ពុជា​ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍​​ក្រោយ​សណ្ឋាគារ​ប្រកាស​បិទ​

បុគ្គលិក​ជាង​ ១០០នាក់​បម្រើការ​នៅ​សណ្ឋាគារ​ The​ Great​ Duke​ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើបាតុកម្ម​ជាថ្មី​ម្ដងទៀត​នៅ​ព្រឹក​ថ្ងៃនេះ​ នៅមុខ​សណ្ឋាគារ​ដោយ​ផ្ទាល់​ ដោយ​ទាមទារ​ប្រាក់បំណាច់​អតីតភាព​ការងារ​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ដទៃទៀត​។

លោក​ ទូច​ កុសល​ ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ​នេះ​ បាន​ប្រាប់​នៅ​ឯកន្លែង​ប្រមូលផ្ដុំ​តវ៉ា​ថា​ បុគ្គលិក​ជាង​ ១០០នាក់​នៅក្នុងចំណោម​បុគ្គលិក​សរុប​ជិត​ ១៥០នាក់​ដែល​បម្រើការងារ​នៅ​សណ្ឋាគារ​នេះ​ បាន​ទាមទារ​ការ​ទូទាត់ប្រាក់​អត្ថ​ប្រយោជន៍​ ៤ចំណុច​។

ប្រាក់​អត្ថ​ប្រយោជន៍​ទាំងនោះ​រួមមាន​ ប្រាក់បំណាច់​អតីតភាព​ឆ្នាំ​ចាស់​ ប្រាក់សំណង​ជំងឺចិត្ត​ ប្រាក់​ជូនដំណឹង​ ប្រាក់បំណាច់​ការ​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែល​ត្រូវ​ទូទាត់​​ជា​លុយ​។

មេដឹកនាំ​សហជីព​រូប​នេះ​ ព្រមាន​ថា​ បើ​ក្រុមហ៊ុន​មិន​ចេញ​មក​ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​កម្មករ​ទេ​ ពួកគេ​នឹង​ហែ​ក្បួន​ទៅ​ក្រសួងការងារ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​នេះ​ផង​ដែរ​។

លោក​ ទូច​ កុសល​ ថ្លែង​ថា​៖ ​«បើសិនជា​មិន​ទូទាត់​ទេ​ យើង​ប្រហែលជា​ហែ​ក្បួន​ទៅ​ក្រសួងការងារ​ ព្រោះ​យើង​នៅ​ក្រោម​ឱវាទ​ក្រសួងការងារ​ យើង​ចង់ឱ្យ​ក្រសួងការងារ​ជួយ​ដឹងឮ​ ជួយ​ដោះស្រាយ​ដល់​កម្មករ​។ ពួក​យើង​មក​ថ្ងៃនេះ ​ចង់បាន​យុត្តិធម៌​ទៅតាមច្បាប់​ គឺថា​ ឱ្យ​សណ្ឋាគារ​គោរពច្បាប់​។ យើង​ក៏​ត្រូវ​គោរពច្បាប់​ដូចគ្នា​ដែរ​ ហើយ​បន្ទាប់ពី​ក្រសួងការងារ​មិន​ដោះស្រាយ​ឱ្យ​ ប្រហែលជា​យើង​តវ៉ា​ទៅ​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ជូន​កម្មករ​ដែរ​»។

សណ្ឋាគារ​ ​The​ Great​ Duke​ ​ដែល​ជា​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់​ (InterContinental​) ​បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃទី៣១​ ខែធ្នូ​កាលពី​ឆ្នាំមុន​ បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល​ ២៣ឆ្នាំ​កន្លងមក​។

The​ Great​ Duke​ ​គឺជា​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ធ្លាប់​ទទួល​រៀបចំ​កម្មវិធី​លំដាប់​អន្តរ​ជា​តិ​ធំៗ​ ក្នុង​នោះ​មាន​ទាំង​កិច្ចប្រជុំ​កំពូល​របស់​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​នៅក្នុង​ឆ្នាំ២០០២ផង​ដែរ​។

អ្នកនាង​ ឆោម​ សម្ផស្ស​ ប្រាប់​ថា​ គាត់​បម្រើការ​ជា​ចុងភៅ​នៅ​សណ្ឋាគារ​នេះ​អស់​រយៈពេល​ ១២ឆ្នាំ​មក​ហើយ​ មុននឹង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ដំបូង​គេ​នៅ​កម្ពុជា​មួយ​នេះ​ បាន​ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន​។

អ្នកនាង​ ឆោម​ សម្ផស្ស​ បានឱ្យ​ដឹង​ថា​ តាមរយៈ​មេធាវី​របស់​ខ្លួន​ ក្រុមហ៊ុន​គ្រប់គ្រង​លើ​សណ្ឋាគារ​នេះ​ បាន​យល់ព្រម​ផ្ដល់​សំណង​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ​ ក្នុង​នោះ​មានការ​យល់ព្រម​ទូទាត់ប្រាក់​ជូនដំណឹង​ និង​ប្រាក់បំណាច់​អតីតភាព​ការងារ​ឆ្នាំ​ចាស់​។

បុគ្គលិក​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​បាន​ស្នើ​ទូទាត់ប្រាក់​សំណង​ជំងឺចិត្ត​ជា​ ៣ដំណាក់កាល​ ប៉ុន្តែ​ ក្រុម​បុគ្គលិក​បាន​បដិសេធ​ទៅ​នឹង​សំណើ​បែបនេះ​។

អ្នកនាង​ ឆោម​ សម្ផស្ស​ និយាយ​ថា​៖ ​«អ្នក​ដែល​មក​ភាគច្រើន​គាត់​អត់​ទាន់​មានការ​ងារ​ធ្វើ​ទេ​ ដោយសារ​អី​គាត់​ចាំ​ទាមទារ​លុយ​ចាស់​សិន​។ បើសិនជា​គាត់​ទៅ​ធ្វើការ​នៅកន្លែង​ផ្សេង​ យើង​ពិបាក​សុំច្បាប់​ គាត់​ប្រឈមមុខ​អត់​ការងារ​ធ្វើ​សិន​»។

អ្នកនាង​ សម្បស្ស​ និយាយ​បន្ត​ថា​៖ «បើ​និយាយ​តាមត្រង់​ទៅ​ ចាប់ពី​ឱ្យ​អូតែល​ ​[សណ្ឋាគារ​] បិទ​មក​ ខ្ញុំ​ចាប់ផ្តើម​ខ្ចី​លុយ​បងប្អូន​ ដើម្បី​បង់​ធនាគារ​ ថ្លៃផ្ទះ​ជួល​ ថ្លៃ​ហូប​។ ទីផ្សារ​យើង​ឥឡូវ​ឡើងថ្លៃ​ទាំង​ប្រេង​ ទាំង​ម្ហូបអាហារ​»។

បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ សណ្ឋាគារ​នេះ​ បាន​ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា​សណ្ឋាគារ​ ​The​ Great​ Duke​ ​កាលពីដើម​ឆ្នាំ២០១៨​ និង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ ​Regency​ Company​ Limited​។

ទិ​ន្ន័​យដែល​ចងក្រង​ដោយ​អង្គការ​ ​Global​ Witness​ បញ្ជាក់​ថា​ ក្រុមហ៊ុន​ ​Regency​ Company​ Limited​ ​គឺជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ ​Thai​ Boon​ Roong​ ​ដែល​មាន​ឧកញ៉ា​ ខូវ​ សម្បត្តិ​ ជា​អគ្គនាយក​។

លោក​មេធាវី​ លី​ តៃ​សេង​ ដែល​តំណាង​ឱ្យ​សណ្ឋាគារ​ ​The​ Great​ Duke​ ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជជែក​ពិភាក្សា​ជាមួយ​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិវាទ​មួយ​នេះ​។

យ៉ាងណា​ លោក​ លី​ តៃ​សេង​ បាន​អះអាង​ថា​ ក្រុមហ៊ុន​នឹង​ដោះស្រាយ​វិវាទ​នេះ​ទៅតាមច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ លោក​ថា​ មិន​ឆ្លើយតប​ទាំងស្រុង​ទៅតាម​ការ​ទាមទារ​របស់​បុគ្គលិក​និយោជិក​នោះ​ឡើយ​។

លោក​ លី​ តៃ​សេង​ ប្រាប់​ថា​៖ ​«ក្រុមហ៊ុន​នឹង​អនុវត្ត​ទៅតាមច្បាប់​។ បើ​ក្នុង​ច្បាប់​និយាយ​ថា​ ម៉េច​ក្រុមហ៊ុន​នឹង​ធ្វើតាម​។ យើង​អត់​អាច​ឆ្លើយតប​តាម​ការ​ទាមទារ​គ្រប់​ចំណុច​ទៅតាម​អ្វី​ដែល​ពួកគាត់​ចង់បាន​ទេ​»។

លោក​ ទូច​ កុសល​ ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ​នេះ​ បាន​បញ្ជាក់​ថា​ រូប​គាត់​ និង​មេធាវី​ពីរ​រូប​របស់​ក្រុមហ៊ុន​ កំពុង​ជជែកគ្នា​នៅ​ក្រសួងការងារ​នា​រសៀល​ថ្ងៃនេះ។

អ្នកនាំពាក្យ​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ បាន​ប្រាប់​តាម​តេឡេក្រាម​ថា​ បើ​ភាគី​ទាំងពីរ​នាក់ មិន​ឯកភាព​គ្នា​ទេ​ ក្រសួង​នឹង​រុញ​ករណីនេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដា​លដើម្បី​ដោះស្រាយ​បន្ត​ ដោយ​លោក​ថា​ បើ​យោង​តាម​ព័ត៌មាន​បឋម​ សណ្ឋាគារ​មួយ​នេះ​មិនមែន​ក្ស័យធន​នោះ​ទេ​។

លោក​ ឃុន​ ថា​រ៉ូ​ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅថា ​សង់​ត្រា​ល់​ មានប្រសាសន៍​ថា​ បើ​ភាគី​ក្រុ​មហ៊ុន​មិនព្រម​ដោះស្រាយ​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ដល់​បុគ្គលិក​កម្មករ​របស់​ខ្លួន​ឱ្យ​ស្របតាម​ច្បាប់​ការងារ​ទេ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ក្រុមហ៊ុន​។

លោក​ ឃុន​ ថា​រ៉ូ​ និយាយ​ថា​៖ ​«ប្រសិនបើ​ក្រុមហ៊ុន​បន្ត​យឺតយ៉ាវ​ ហើយ​លើកពេល​ក្នុង​ការ​បើក​ឱ្យ​កម្មករ​និយោជិក​ វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ ហើយ​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​។ ខ្ញុំ​គិតថា​ ជួនកាល​កូដកម្ម​នៅតែ​បន្ត​ វា​មិន​អាច​បញ្ចប់​បាន​ ហើយរឿង​ក្រុមហ៊ុន​ព្រម​ ឬមិន​ព្រម​ ជា​រឿង​មុខមាត់​របស់​ក្រុមហ៊ុន​»។

បុគ្គលិក​កម្មករ​ដែល​បម្រើការ​នៅ​សណ្ឋាគារ​នេះ​ បាន​ផ្ទុះ​ការ​តវ៉ា​តាំងពី​ដើមខែ​វិច្ឆិកា​ឆ្នាំមុន​ បន្ទាប់ពី​ពួកគេ​អះអាង​ថា​ ថៅកែ​សណ្ឋាគារ​នេះ​ បាន​បើកប្រាក់​ឈ្នួល​យឺតយ៉ាវ​ទៅដល់​ពួកគេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ