​មន្ត្រី​ប៉េអឹម​​២​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាប់​ចោទ​ពី​បទ​ហិង្សា​​អចេតនា​ក្នុងសំណុំ​រឿង​អំពើ​ទារុណកម្ម​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​

កងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ (កងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ)

ចៅ​ក្រុម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​ចេញដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ២នាក់ ក្រោយ​ពី​គណៈកម្មការ​ចំពោះ​កិច្ច បាន​បញ្ជូន​សំណុំរឿង​ចូល​ដល់​ដៃ​តុលាការ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី១៩ មករា បញ្ជាក់​ថា តុលាការ​សម្រេច​ចោទ​ប្រកាន់​ឈ្មោះ ស ប៊ុនសឿង និង​ឈ្មោះ ឆយ រដ្ឋនា ជា​មន្រ្តី​ប៉េអិម​ខេត្ត​ពី​បទហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស ដោយ​សារ​មរណភាព​នៃ​ជនរងគ្រោះ តាម​បញ្ញត្តិ​មាត្រា ២១៨ និង​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ។

សេចក្ដី​ប្រកាស​ព័ត៌មាន​​ដដែល​ បញ្ជាក់​ថា ក្រោ​យពី​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​សំណុំរឿង​រួច ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំ​ខ្លួន មន្ត្រី​កងរាជអាវុធហត្ថ​ទាំង២ ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់។

បើ​យោង​តាម​ក្រមព្រហ្មទណ្ឌ​នេះ ដូច​បទ​ចោទ​របស់​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​ចោទ​ត្រូវ​ចោទ​អាច​ជាប់​ពន្ធនាគារ​ពី ២ ទៅ ៥ឆ្នាំ។ នេះ​យើង​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ។នៅ​ក្នុង​ច្បាប់​នេះ​ដដែល ជន​ត្រូវ​ចោទ​ត្រូវ​ទទួល​ពិន័យ​ជា​ប្រាក់​ពី ៤លាន ទៅ ១០លាន​រៀល។

ចំណែក មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​នេះ​ដែរ ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​មរណភាព​នៃ​ជង​រងគ្រោះ អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ទៅ ១៥ឆ្នាំ។

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ លោក តេង សម៉ៃ ដែល​កាន់​សំណុំរឿង​នេះ បាន​បញ្ជាក់​តាម​ទូរស័ព្ទនៅ​ថ្ងៃ​ទី១៩ មករា ថា តុលាការ​បាន​ពង្រីក​ដែន​សមត្ថកិច្ច​នៃ​រឿង​ក្ដី​នេះ​បន្ត​ទៀត ដើម្បី​ស្វែង​រក​ជន​ផ្សំ​គំនិត។

លោក​បន្ត​ថា ជន​ដែល​ត្រូវ​ចោទ​គឺ​តុលាការ​នឹង​ប្រើប្រាស់​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ដូច​បាន​កំណត់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ របស់​តំណាង​អយ្យការ។លោក​បន្ថែម​ថា «អត់​ទេ​នៅ​បក្ខ​ពួក​ទៀត។ អ៊ីចឹង ​គេ​នៅ​ស៊ើបអង្កេត​ទៀត»។

ដោយ​ឡែក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ថា ការ​ស្លាប់​របស់​លោក ទុយ ស្រស់ នេះ​មិនមែន​ជា​ការ​ធ្វើ​ទារុណកម្ម​យក​ចម្លើយ​ពី​កងរាជអាវុធហត្ថ​ខេត្ត​ឡើយ។

លិខិត​បំភ្លឺ​របស់​លោក អ៊ុំ រាត្រី ចៅហ្វាយ​ខេត្ត​ផ្ញើ​ជូន​លោក ស ខេង កាល​ពី​ថ្ងៃ​ទី៣ មករា អះអាង​ថា សកម្មជន​ដីធ្លី​លោក ទុយ ស្រស់ ស្លាប់​ដោយ​សារ​ញៀន​ស្រា និង​ជា​មនុស្ស​មាន​ស្មារតី​មិន​ប្រក្រតី។

ផ្ទុយ​ពី​លិខិត​បដិសេធ​របស់​សាលា​ខេត្ត​បន្ទាយមានជ័យ​នេះ ទាំង​គណៈកម្មការ​ចំពោះ​កិច្ច​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គណៈកម្មការ​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម រក​ឃើញ​ថា មរណភាព​លោក ទុយ ស្រស់ នេះ​កើត​ចេញ​ពី​ការ​ធ្វើ​ទារុណកម្ម​ពិត​ប្រាកដ​មែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ