មន្ត្រី​អាវុធ​ហត្ថ​​​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ការ​ស៊ើប​អង្កេត​នៃ​ក្រុម​ចំពោះ​កិច្ច​ក្នុង​សំណុំ​រឿង​​អំពើ​ទារុណកម្ម​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ សរ ប៊ុនសឿង ដែលរងការចោទប្រកាន់ប្រើអំពើហិង្សា។ (រូបផ្តល់ដោយ សមាគមអាដហុកខេត្តបន្ទាយមានជ័យ)

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស បាន​អះ​អាង​ថា មន្ត្រី​អាវុធ​ហត្ថ ២​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ហើយ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការ​ចំពោះ​កិច្ច​មួយ។

មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​​មក​ពី​ស្រុក​អូរជ្រៅ ចោទ​ប្រកាន់​​ថា បាន​ធ្វើ​ទារុណ​កម្ម​លើ​ពួកគេ ដែល​បណ្ដាល​ឱ្យ​​​ពលរដ្ឋ​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​ក្រោយ​មក។

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​មក​នេះឱ្យ​ស៊ើប​អង្កេត ហើយ​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បាន​បង្កើតឡើង​ភ្លាមៗ​ក្រោយ​បញ្ជា​នោះ ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស បាន​និយាយ​ថា មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ស ប៊ុនសឿង និងជំនួយ​ការ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន លោក ឆយ រដ្ឋនា បាន​ទទួល​ស្គាល់​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ពលរដ្ឋ​ទាំង​នោះ​ពិត​ប្រាកដ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បញ្ជាក់​ថា មន្ត្រី​អាវុធ​ហត្ថ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ដែរ អ្នក​នាំ​ពាក្យ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ថា មន្ត្រី​អាវុធ​ទាំង​ពីរ​រូប មាន​ភាព​ធ្វេស​ប្រហែសក្នុង​ការ​បំពេញ​ភារកិច្ច ដោយថា បាន​បណ្ដោយ​ឱ្យ​ក្មេង​ញៀន​ថ្នាំ វាយ​ធ្វើ​បាប​ទៅ​លើ​តំណាង​ពលរដ្ឋ។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មន្ត្រី​អាវុធ​ហត្ថ​ទាំង​ពីរ​រូប​នេះ ពិត​ជា​ត្រូវ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​​រឿង​ក្ដី​ព្រហ្មទណ្ឌ​ប្រឆាំង​សកម្មជន​តវ៉ា​ដីធ្លី​កាល​ពី​ចុង​ឆ្នាំ២០១៩​កន្លង​ទៅ។

លោក អេង ហ៊ី ប្រាប់​​ថា៖ «ក្រោយ​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឃើញ​ថា ​មាន​អំពើ​ហិង្សា ដូច្នេះ​ យើង​ក៏​សម្រេច​ចិត្ត​បញ្ជូន​តាម​នីតិវិធី​របស់​យើង»

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​​ពង្រីក​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់​ព័ន្ធ​បន្ថែម​ទៀត​នៅ​ក្នុង​សំណុំ​រឿង​នេះ ឬ​យ៉ាង​ណា​នោះ អ្នក​នាំ​ពាក្យ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​រូប​នេះ បញ្ជាក់​ថា វាជា​តួនាទី និង​ភារកិច្ច​របស់​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើប​សួរ។

វីអូឌី បាន​ព្យាយាម​ទាក់ទង​​​​តាម​ទូរស័ព្ទជា​ច្រើន​ដង​ទៅ​តំណាង​អយ្យការ និង​មន្ត្រី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ ប៉ុន្តែ ​​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ឡើយ។

មនុស្ស​ ៥​នាក់​ដែល​ជា​តំណាង​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ៦០០​គ្រួសារ​មក​ពី​ឃុំ​ចង្ហារ ស្ថិត​ក្នុង​ស្រុក​អូរជ្រៅ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ​ចាប់​ខ្លួន​អំឡុង​ពេល​ពួកគេ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កាល​ពី​ឆ្នាំ​មុន។

លោក ទុយ ស្រស់ ដែល​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​០១ ខែ​មករា អំឡុង​ពេល​​ដាក់​ឱ្យ​ឃុំ​ខ្លួន​ក្នុង​​ពន្ធនាគារ​ខេត្ត​នេះ។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាននិយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ដំបូង​ឡើយ​ថា តំណាង​ពលរដ្ឋ​រូប​នេះ បាន​ស្លាប់​ព្រោះ​តែ​បញ្ហា​ញៀន​ស្រា។

ប៉ុន្តែ លោក នូវ នឿន ជា​បុរស​ម្នាក់​ក្នុង​ចំណោម​តំណាង​ពលរដ្ឋ​ដែល​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត​នេះ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​ធ្នូ​នោះ និង​ភរិយា​លោក ទុយ ស្រស់ គឺ​អ្នកស្រី ប៊ុយ គីមឡាក់ បាន​ច្រាន​ចោល​ការ​បក​ស្រាយ​នេះ។

លោក នឿន ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣​នាក់ ដែល​ត្រូវ​បាន​គណៈកម្មការ​ចំពោះ​កិច្ច​​សាកសួរ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា នៅ​ឯ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ។

បុរស​រូប​នេះ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អំឡុង​ពេល​ផ្ដល់​សក្ខីកម្ម​នោះ លោក​បាន​បញ្ជាក់​ថា មេ​បញ្ជាការ​រង​អាវុធ​ហត្ថ​ខេត្ត​ម្នាក់ និង​មន្ត្រី​អាវុធ​ហត្ថ​មួយ​ចំនួន​ទៀត ដែល​រូប​លោក​ចំណាំ​មុខ ប៉ុន្តែ មិន​ចាំ​ឈ្មោះ​ទាំង​អស់​នោះ​ទេ។

លោក នូវ នឿន ប្រាប់​ថា​៖ «កៀក​ដល់​ម៉ោង​ជិត​ឈប់​ហើយ​ខ្ញុំ​ថា ​ខ្ញុំ​មាន​រូប​ថត​ ហើយ​បង្ហាញ​ថា​ ម្នាក់​នេះឯង (​សំដៅ​លើ​សឿង) តែ​ខ្ញុំ​អត់​ស្គាល់​ឈ្មោះ។ គាត់​ (ក្រុម​ការងារ)​ថា ​អត់​អី​ទេ គាត់​កត់សំគាល់​រឿង​ហ្នឹង​ទុក​មក​រួច​ជា​ច្រើន​ហើយ។ គាត់​ដឹង​ថា ​មុខសញ្ញា​ជា​មនុស្ស​ម្នាក់​ហ្នឹង ឬ​មនុស្ស​ពី​នាក់​ហ្នឹង​គាត់​ដឹង​រួច​ហើយ»

លោក អាន រួន តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​លោក នូវ នឿន ផង​ដែរ​នោះ ក៏​បាន​ចូល​ផ្ដល់​សាក្ខី​កម្ម​នៅ​ចំពោះ​មុខ​ក្រុម​ស៊ើប​អង្កេត​ចំពោះ​កិច្ច​ផង​ដែរ។

តំណាង​ពលរដ្ឋ​រូប​នេះ ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​ក៏​បាន​ផ្ដល់​ចម្លើយ​ដូច​គ្នា​ទៅ​នឹង​លោក នូវ នឿន ដែរ ដោយ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​នៃ​បុគ្គល​ដែល​បញ្ជា​ឱ្យ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​​ទាំង ៥​នាក់​នោះ។

លោក អាន រួន ប្រាប់​ថា​៖ «ខ្ញុំ​បាន​ប្រាប់​គេ​អស់​ហើយ ​ដូច​បាន​ជម្រាប​រួច​ហើយ​ថា​ឈ្មោះ សរ ប៊ុនសឿង នេះ​ឯង​ដែល​វៃ​ពួក​ខ្ញុំ។ ក្រុមការងារ​ស៊ើបអង្កេត​គេ​ថា ​គេ​ស្គាល់​ច្បាស់​ហើយ រហូត​ដល់​មិត្ត​ភក្តិ​ដែល​ធ្លាប់​ត្រូវ​ជិត​ស្និទ្ធ​ ក៏​គាត់​ស្គាល់​ច្បាស់​ណាស់»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគារ បាន​លើក​ឡើង​ថា ការ​ស៊ើបអង្កេត និង​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​នេះ អាច​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​យុត្តិធម៌​មួយ​កម្រិតដល់​ជន​រងគ្រោះ ប៉ុន្តែ លោក​​ជំរុញ​ឱ្យ​ដាក់​ទោស​ឱ្យ​សាក​សម​ទៅ​នឹង​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត។

លោក​ ស៊ុំ ចន្ទគារ ប្រាប់​​ថា៖ «យើង​សង្ឃឹម​ថា​ នឹង​ទទួល​បាន​នូវ​យុត្តិធម៌។ ជនរងគ្រោះ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​ជន​ដែល​ប្រព្រឹត្តិ​ នឹង​ទទួល​ទោស​ទៅ​តាម​ច្បាប់​ ព្រោះ​ប្រទេស​កម្ពុជា​មាន​ច្បាប់​ត្រឹមត្រូវ​សម្រាប់​ការ​គោរព ការ​អនុវត្ត​ ហើយ​និង​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រព្រឹត្តិ»

មាត្រា២០៤ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា បទ​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់​ពី ១៥ ទៅ ៣០ឆ្នាំ។

ទន្ទឹម​នឹង​នេះ មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ថា ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ អំពើ​ឃាតកម្ម​កើត​ឡើង​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ