អាជ្ញាធរ​ក្រុង​តាខ្មៅ​រារាំង​កម្មករ​រោងចក្រ​ឡើង​មក​ដា​ក់ញ​ត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​

កម្មការិនី​ អ្នកស្រី​ ណុប​ ស្រី​ទុំ​ ប្រាប់​អ្នកសារព័ត៌មានក្នុងដំណើរឡើងមកដាក់ញត្តិនៅខុទ្ធកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

អាជ្ញាធរ​ខេត្ត​កណ្ដាល ​រារាំង​មិន​ឱ្យ​កម្មករ​រោងចក្រ​ ស្យុង​ យិន​ ឡើង​មក​ដាក់​ញត្តិនៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ក្រសួងការងារ​ ដោយ​លើក​ហេតុផល​ថា​ ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារ​ណៈ​។

ការរារាំង​នេះ​ ធ្វើឡើង​បន្ទាប់ពី​កម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ​ ស្យុង​ យិន​ (Zhong​ Yin​ Cambodia​ B Textile​ Co.LTD​) ជាង​ ១០០​នាក់​ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ នៅ​ថ្ងៃនេះ​ នាំគ្នា​ឡើង​មក​ដា​ក់ញ​ត្តិ​នៅ​ក្រសួង​ការ​ងារ ​និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឱ្យ​ជួយ​អន្តរាគមន៍​ ករណី​ដែល​ថៅកែ​បញ្ឈប់​ពួកគេ​ពី​ការងារ​ ដោយ​មិន​បើកប្រាក់​ឈ្នួ​ល និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួកគេ​។

កម្មការិនី​ អ្នកស្រី​ ណុប​ ស្រី​ទុំ​ ប្រាប់​អ្នកសារព័ត៌មាន​កន្លែង​ដែល​សមត្ថកិច្ច​រារាំង ​ស្ថិតនៅ​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ក្រុង​តាខ្មៅ​ ថា​ពួកគាត់​នាំគ្នា​ឡើង​មករក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​ថ្ងៃនេះ​ ដោយសារ​ អស់ជំនឿ​ទៅលើ​មន្ទីរ​ការងារ​ខេត្ត​ និង​ថៅកែ​រោងចក្រ​។

អ្នកស្រី​ថា​៖ «បើ​គាត់​បញ្ឈប់​ពួក​ខ្ញុំ​ហើយ​ ស្នើសុំ​ឱ្យ​គាត់​គិត​គូរប្រាក់​ទៅតាម​ផ្លូវច្បាប់​ឱ្យ​ពួក​ខ្ញុំ​ទទួលយក​បាន​ហើយ​។ បើ​ក្រុមហ៊ុន​គិត​ឱ្យ​ពួក​ខ្ញុំ​បានតែ​បន្តិចបន្តួច​គឺ​មិន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទេ​ បើ​គិត​ដោយ​យុត្តិធម៌​ ពួក​ខ្ញុំ​ទទួលយក​ហើយ​ ខ្ញុំ​មិន​តវ៉ា​អ៊ីចឹង​ទេ​។ អ៊ីចឹង ​អត់មាន​អី​ទេ​ ក្រៅពី​ទទូច​ឱ្យ​សម្ដេចឪ​ពុក​ហ្នឹង​ ជួយ​កូនចៅ​ផង​  ជួយ​ឱ្យ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ផ្លូវច្បាប់​ ខ្ញុំ​ពិបាក​ណាស់​ កូន​អត់មាន​ទឹកដោះគោ​បៅ​ទេ​ បាន​យកកូន​មក​តាម​អ៊ីចឹង​»។

ស្នងការ​ខេត្ត​កណ្ដាល​ លោក​ អ៊ា​វ ចំរើន បាន​បដិសេធ​ដែល​ថា​ អាជ្ញាធរ​រារាំង​កម្មករ​។ លោក​បន្ត​ថា​ ការដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ឡើង​មក​ភ្នំពេញ​ ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។

លោក​ថា​៖ «ដូចជា​មិន​រារាំង​ទេ​ គាត់​មក​ត្រឹមហ្នឹង​ [ផ្ទះ​សម្ដេច​ក្រុង​តាខ្មៅ​ក៏​មាន​ក្រុមការងារ​ទទួល​ញត្តិ​ដែរ] ឥឡូវ​យើង​ទទួល​ឯកសារ​ពី​គាត់​ ដើម្បី​ដាក់​ដោះស្រាយ​។ ខាង​ខុទ្ទកាល័យ​ លោក​ចេញ​មក​ទទួលពាក្យ​របស់​គាត់​ មិនបាន​រារាំង​ទេ​។ [ លោក​ថា ​មិន​ឱ្យ​ឡើង​មក​ភ្នំពេញ​] ដូចជា​មិន​គួរ​ទៅ​បង្ក​បញ្ហា​នៅ​ភ្នំពេញ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ ហើយ​បើ​គាត់​ចង់​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នៅ ​[ទីនោះ​] ដដែល​។

តំណាង​កម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ​ ស្យុង​ យិន​ លោក​ អ៊ឹម​ រ៉ា​ អះអាង​ថា​ ពួកគាត់​មិនបាន​ធ្វើ​ឱ្យ​មានការ​កកស្ទះចរាចរណ៍​ដូច​ការ​លើកឡើង​របស់​អាជ្ញាធរ​ឡើយ​។

លោ​ថា​៖ «ខ្ញុំ​មើលទៅ​ គាត់​ដូច​បិទ​សិទ្ធិ​សេរីភាព​កម្មករ​ គាត់​ធ្វើ​អ៊ីចឹង​អត់​ត្រូវ​ គាត់​អត់មាន​គិត​គូរ​ដោះស្រាយ​ឱ្យ​កម្មករ​ហើយ​ មក​បិទផ្លូវ​កម្មករ​»។

លោក​បន្ត​ថា​ ការដែល​ពួកគាត់​នាំគ្នា​ឡើង​មករ​កកិច្ច​អន្តរាគមន៍​ពី​ក្រសួង​ និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​ចង់ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ជំរុញ​ទៅ​ថៅកែ​ ឱ្យ​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ទៅតាមច្បាប់​តែប៉ុណ្ណោះ​។

មន្ត្រី​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ លោកស្រី​ ឈាង​ ធីតា​ ចាត់ទុក​ការរារាំង​របស់​អាជ្ញាធរ​នេះ​ថា ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​កម្មករ​។ លោកស្រី​បន្ត​ថា​ អាជ្ញាធរ​គួរតែ​ជំរុញ​ទៅ​ថៅកែ​ឱ្យធ្វើ​ការ​ដោះស្រាយ​ ដោយសារ​ ករណីនេះ ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​បង្គាប់​ឱ្យ​ថៅកែ​ទូរ​ទាត់​ប្រាក់ឈ្នួល​ជូន​កម្មករ​តាំង​ខែតុលា​ ឆ្នាំ២០១៩មក​ម៉្លេះ​ ប៉ុន្តែ ​រហូតមកដល់​ពេលនេះ​ ថៅកែ​មិនបាន​ដោះស្រាយ​ឡើយ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ​បង្គាប់​ឱ្យ​និយោជក​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​តាំងពី​ខែ១០​ ឆ្នាំ២០១៩​ មក​ ពីព្រោះ​នៅ​ខែ១០ហ្នឹង​ រោងចក្រ​ត្រូវ​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ៥០​% នៅសល់៥០​%ទៀត​មិនទាន់​បើក​។ បន្ទាប់មក​ ខែ១១​ និង១២​ ឆ្នាំ២០១៩​ និយោជក​ត្រូវ​ទូរទាត់ប្រាក់​ឈ្នួល១០០ភាគរយ​ពេញ​ ទោះ​និយោជក​អត់មាន​ការងារ​ធ្វើ​ក៏ដោយ​ ពីព្រោះ​និយោជក​អត់​បាន​ដាក់​លិខិត​ទៅ​អធិការកិច្ច​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ ដើម្បី​សុំ​ព្យួរ​ការងារ​ទេ​ អ៊ីចឹង​ក្រុមប្រឹក្សា​បាន​កាត់​ឱ្យ​កម្មករ​ឈ្នះ​ ហើយ​បើ​រោងចក្រ​បិទទ្វា ​ត្រូវ​ទូរទាត់ប្រាក់​ជូន​បងប្អូន​កម្មករ​»។

ទោះជាយ៉ាងណា​ក៏​ការរារាំង​នោះ​ មិន​មានការ​ប៉ះ​ទង្គិ​ចគ្នា​ទេ​ ហើយ​កម្មករ​នៅតែ​បន្ត​នាំ​គ្នា​យក​ញត្តិ​មក​ដាក់​នៅ​ក្រសួងការងារ​ដដែល​។

បើ​តាម​តំណាង​កម្មករ​ លោក​ អ៊ឹម​ រ៉ា​ អះអាង​នៅ​រសៀល​នេះ​ថា​ ក្រសួងការងារ​បាន​ទទួ​លយ​កញ​ត្តិ​របស់​ពួកគាត់​ ដោយ​សន្យា​ថា​ នឹង​ធ្វើការ​ដោះស្រាយ​នៅ​សប្ដាហ៍​ក្រោយនេះ​។

លោក​ អ៊ឹម​ រ៉ា​ ឱ្យ​ដឹង​ថា​ រោងចក្រ​ ស្យុង​ យិន​ ផលិត​សំលៀកបំពាក់​ឱ្យ​ស្លាកយីហោ​ H&​M និង​ម៉ាក​ផ្សេងទៀត​ បើក​កាលពី​ឆ្នាំ២០១៣​ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ ហើយ​រោងចក្រ​នេះ​មានកម្ម​ករ៦១០នាក់​កំពុង​បម្រើការ​ងារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ