រដ្ឋាភិបាល​អះអាង​ថា ​ការ​បន្ថយ​ប្រាក់ឈ្នួល​កម្មករ​វេន​យប់​ទាក់ទាញ​វិនិយោគ​ និង​ជួយ​សេដ្ឋកិច្ច​ជាតិ​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ភាគី​រដ្ឋាភិបាល​អះអាង​ថា​ ការកាត់បន្ថយ​ប្រាក់ឈ្នួល​កម្មករ​វេន​យប់​ និង​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​អាច​ទាក់ទាញ​អ្នកវិនិយោគទុន​ បង្កើន​ការងារ​សម្រាប់​ពលរដ្ឋ​ និង​ជំរុញ​ដល់​ល្បឿន​នៃ​ការ​រីកចម្រើន​សេដ្ឋកិច្ច​ជាតិ​។

ក្រសួងការងារ​ និង​បណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​នៅ​ថ្ងៃម្សិលមិញ​ បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​មួយ ស្ដី​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ តំណាង​និយោជក​ តំណាង​សហជីព​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀ​ត សរុប​អ្នកចូលរួម​ជិត១០០នាក់​។

នៅក្នុង​សិក្ខាសាលា​នោះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​ លោក​ អ៊ិ​ត សំ​ហេង​ មានប្រសាសន៍​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ដើម្បី​ការ​កែសម្រួល​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​កម្មករ​ធ្វើការ​វេន​នេះ​ គឺ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប​ បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ ទៅតាម​ជម្រើស​ និង​តម្រូវការ​ជាក់ស្តែង​របស់​ពួកគេ​។

លោក​ អ៊ិ​ត សំ​ហេង​ បន្ត​ថា​ ចំពោះ​ការ​លុប​ការ​ឈប់​នៅ​ថ្ងៃបន្ទាប់​សម្រាប់​ថ្ងៃឈប់​សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ​ គឺ​ដើម្បី​ឆ្លើយតបទៅនឹង​ការ​វិវឌ្ឍ​ផ្នែក​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ សំដៅលើ​កកម្ពស់​ផលិតភាព​ការងារ​ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​កម្ពុ​ជាទាំ​ងក្នុង​តំបន់​ និង​សកលលោក​។ ទោះ​យ៉ាងណា ​លោក​បញ្ជាក់​ថា​ ក្រសួង​យកចិត្ត​ទុកដាក់​ក្នុង​ការ​កែប្រែ​ច្បាប់​នេះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាគី​ណា​មួយ​នោះ​ទ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (វេបសាយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ)

លោក​បន្ថែម​ថា​៖ «ក្រសួង​នឹង​ពិនិត្យ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ និង​ធានា​ថា​ ផលប្រយោជន៍​របស់​កម្មករ​និយោជិត​គ្រប់រូប​មិន​ត្រូវ​បាន​កាត់បន្ថយ​»។

ទោះបីជា​រដ្ឋាភិបាល​ព្យាយាម​លើ​កហេតុផល​ ដើម្បី​ឈាន​ទៅ​រកការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ត្រង់​ចំណុច​ទាំងពីរ​នេះ​ក៏ដោយ​ ប៉ុន្តែ​ ត្រូវ​បាន​ក្រុម​មេ​សហជីព​មួយចំនួន​ដែល​ចូលរួមក្នុង​សិក្ខាសាលា​នេះ ​តវ៉ា​ប្រឆាំង​ដោយ​ពួកគេ​លើកឡើង​ថា​ ការ​កែប្រែ​ចំណុច​ទាំងនោះ​មិនបាន​បម្រើ​ផលប្រ​យោជន៍​កម្មករ​ឡើយ​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ មិន​គាំទ្រ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើយ​។ លោក​ថា​ កន្លងមក​ ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ​ គឺ​គ្មានផល​ចំណេញ​សម្រាប់​កម្មករ​នោះ​ទេ​។

លោក​ អាត់​ ធន់​ ថា​ច្បាប់​ការងារ​ឆ្នាំ១៩៩៧​ ការ​ធ្វើការ​ថែម​ម៉ោង​ធម្មតា​ ត្រូវ​ថែម៥០ភាគរយ​បន្ថែម​ និង​ពេល​ថែម​ម៉ោង​ពេលយប់​គឺ២០០ភាគរយ​ ប៉ុន្តែ​ នៅ​ឆ្នាំ២០០៧​ រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ​ដោយ​កាត់បន្ថយ​មក​ត្រឹម១៣០ភាគរយ​ ដើម្បី​ឱ្យ​មានការ​ងារ​ធ្វើ២៤ម៉ោង​លើ២៤ម៉ោង​។ លោក​ អាត់​ ធន់ បន្ត​ថា​ រហូត​មកដល់​ពេលនេះ​ ពុំ​មាន​រោងចក្រ​សហគ្រាស​ណាមួយ​មានការ​ងារ​ធ្វើ២៤ម៉ោង​នោះ​ទេ​។

លោក​បន្ថែម​ថា​៖ «កម្មករ​ធ្វើការ​វេន​យប់​នឹង​ខាត៣០ភាគរយ​ ប៉ះពាល់ ​ទី២ កម្មករ​ធ្វើការ​វេន​យប់​ គេ​នឹងបញ្ឈប់​ពួកគាត់​ គេ​រើស​ចូល​កម្មករ​ថ្មី​ក្នុងរយៈពេល​យ៉ាង​ខ្លី​ អ៊ីចឹង​គាត់​បាត់បង់​អត្ថ​ប្រយោជន៍​។ មួយទៀត​ និយោជក​ខ្លះ​ចង់​ប្តូរ​វេន​កម្មករ​ ប៉ុន្តែ​ គាត់​មិន​អាច​ប្តូរ​ដោយសារ​គុណ​លុយ​ទៅ​វា​ច្រើន​។ និយោជក​គាត់​អាច​រើសអើង​សហជីព​ គាត់​ធ្វើបាប​កម្មករ​ គាត់​អាច​រុញ​កម្មករ​វេន​ថ្ងៃ​មក​ដាក់​វេន​យប់​។ អ៊ីចឹង​ វា​នឹង​បង្កជម្លោះ​ជាច្រើន​។ បើ​កម្មករ​ហ្នឹង​អត់​ធ្វើ​វេន​យប់​ដោយសារ​ខាត៣០ភាគរយ​ គាត់​បាត់បង់​ការងារ​តែ​ម្ដ​ង តែបើ​គាត់​ធ្វើ​ គាត់​រង​នូវ​ភាព​អយុត្តិ​ធម៌​ផ្សេង​ៗ»

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ លោក​ ប៉ាវ​ ស៊ី​ណា​ ក៏​មិន​គាំទ្រ​ចំពោះ​គម្រោង​ធ្វើ​វិសោធនកម្ម​នេះ​ដែរ​។លោក​បាន​ស្នើ​ទៅ​ក្រសួងការងារ​ឱ្យ​ធ្វើការ​ពិចារណា​ឡើងវិញ​លើ​ករណីនេះ​។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​គិតថា​ រាល់​ការ​តាក់តែង​ច្បាប់​ ឬក៏​ធ្វើ​វិសោធនកម្ម​ច្បាប់​ ភាគី​ពាក់ព័ន្ធ​គួរតែ​បង្ហាញ​នៅ​ចំណុច​មិនល្អ​ ហើយ​ធ្វើ​ឱ្យ​វា​ទៅ​ល្អ​ ឬក៏​ចំណុច​មិន​មានផល​ប្រយោជន៍​ ឱ្យ​វា​ទៅជា​មានផល​ប្រយោជន៍​ ដើម្បី​រក្សា​នូវ​អ្វី​ដែល​ការ​លើកកម្ពស់​ដល់​អ្នក​ផលិត​ ជាពិសេស​កម្មករ​»

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ C-CAWDU​ លោក​ គង់​ អាទិត្យ​ ដែល​ចូលរួម​សិក្ខាសាលា​នេះ​ដែរ​ ព្រមាន​ថា​ ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ ដោយ​កាត់បន្ថយ​ប្រាក់ឈ្នួល​កម្មករ​វេន​យប់​ និង​លុប​ការ​ឈប់​នៅ​ថ្ងៃបន្ទាប់​សម្រាប់​ថ្ងៃឈប់​សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយ​ភាព​។

លោក​បន្ថែម​ថា​៖ «សុំ​រំឭក​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ យើង​ដឹង​ហើយ​ថា​ រដ្ឋា​ភិ​បាល​កើតឡើង​ដោយ​គណបក្ស​ដែល​ជាប់ឆ្នោត​ អ៊ីចឹង​លើក​នេះ​ខាត​ បើសិនជា​ហ៊ាន​ធ្វើ​រឿង​នេះ​នឹង​ខាត​»

ក្រុម​មេដឹកនាំ​សហជីព​ទាំងនេះ​ លើកឡើង​ប្រហាក់​ប្រហែលគ្នា​ថា​ ដើម្បី​ការ​វិនិយោគ​ឱ្យ​កាន់តែ​ច្រើន​រដ្ឋាភិបាល​ត្រូវតែ​កែប្រែ​ចំណុច​ផ្សេង​ៗដូចជា​ បន្ថយថ្លៃ​អគ្គិសនី​ ថ្លៃ​ទឹក​ កាត់បន្ថយ​អំពើពុករលួយ​ និង​កាត់បន្ថយ​ការិយាធិបតេយ្យ​ ជាជាង​កាត់បន្ថយ​ផលប្រយោជន៍​កម្មករ​។

ចំណែក​ភាគី​តំណាង​និយោជក​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) កាលពី​ថ្ងៃទី១៥​ ខែមករា​ បាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​មួយ​គាំទ្រ​រដ្ឋាភិបាល​។

ក្នុង​សេច​ក្ដី​ថ្លែងការណ៍​នោះ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា​ ច្បាប់​ការងារ​ដែល​មាន​អាយុកាល​ជាង២ទស​វត្សរ៍នេះ​ គួរ​ធ្វើ​វិសោធនកម្ម​ជាបន្តបន្ទាប់​ ដើម្បី​កែសម្រួល​មាត្រា​មួយចំនួន​ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ផលិតកម្ម​ និង​សក្តា​នុ​ពល​ នៃ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​លើឆាកអន្តរជាតិ​ តាមរយៈ​ការ​បើកចំហរ​ឱកាស​វិនិយោគ​ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​ឧស្សាហកម្ម​មានតម្លៃ​ខ្ពស់​ ដូចជា​ផ្នែក​សេវាកម្ម​ អាកាសចរ​ និង​ដឹកជញ្ជូន​ និង​មន្ទីរពេទ្យ​ ជាដើម​ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​ផ្នែក​ឧស្សាហកម្ម​ និង​សេវាកម្ម​។

ប៉ុន្តែ​ យ៉ាងណា​ គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ​ មិនទាន់​បាន​បញ្ចប់​ ឬសម្រេច​ថា ​យ៉ាងណា​នោះ​ទេ​ ដោយ​រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​ លោក​ អ៊ិ​ត សំ​ហេង​ ឱ្យ​ដឹង​ថា​ គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ទើប​ពិគ្រោះ​សុំ​យោបល់​ពី​ត្រីភាគី​លើកទីមួយ​ប៉ុណ្ណោះ​។ លោក​ថា​ ក្រោយ​ទទួល​យោបល់​ធាតុ​ចូលរួម​ ក្រសួង​ការងារ​នឹង​យក​យោបល់​ទាំងនោះ​ទៅ​ធ្វើការ​ពិចារណា​ជាមួយ​ភាគី​ពាក់​ផ្សេងទៀត​ដើម្បី​រក​ចំណុចរួម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ