ក្រុម​អ្នក​តាមដាន​សវនាការ​មេ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ ខកចិត្ត​ក្រោយ​មិនបាន​ចូល​ស្ដាប់​ផ្ទាល់​

ក្រុមអ្នកឃ្លាំមើល​ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ រង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកព័ត៌មានទាក់ទងនឹងរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ទុយ អេងលី)

អ្នកឃ្លាំមើល​ និង​ប្រជាពលរដ្ឋ​ បង្ហាញ​ការ​ខកចិត្ត​ ក្រោយពី​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្ដាប់​សវនាការ​លោក​ កឹម​ សុខា​ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃនេះ​។

សវនាការ​ទៅលើ​សំណុំរឿង​ចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ថា​«ក្បត់ជាតិ​» បាន​ចាប់ផ្ដើម​ដូច​ការ​គ្រោងទុក​នៅ​ព្រឹក​ថ្ងៃនេះ​ ប៉ុន្តែ​ មានតែ​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្ដាប់​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ​ បើ​ទោះបីជា​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ថា​ សវនាការ​នេះ​ត្រូវ​ធ្វើឡើង​ជា​សាធារណៈ​ក៏ដោយ​។

បើ​តាម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ តាំង​ ស៊ុន​ឡាយ​ បាន​ប្រាប់​វិទ្យុ​វី​អូ​អេ​ថា​ បន្ទប់​ជម្រះក្ដី​សម្រាប់​លោក​ កឹម​ សុខា​ នេះ​អាច​ដាក់​មនុស្ស​បានតែ​ ៣០នាក់​ប៉ុណ្ណោះ​។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោកស្រី​ ចក់​ សុភាព​ ប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​តុលាការ​ថា​ មុន​ពេល​សវនាការ​ លោកស្រី​បាន​ចុះឈ្មោះ​ទៅតាម​សេចក្ដីប្រកាស​របស់​តុលាការ​ ប៉ុន្តែ​ នៅតែ​មិនបាន​ចូលរួម​ស្ដាប់​សវនាការ​ដដែល​។

លោកស្រី​ចាត់ទុក​ការ​បើកសវនាការ​លោក​ កឹម​ សុខា​ នៅ​ថ្ងៃនេះ​ថា​ មិនបាន​បង្ហាញ​ពី​តម្លាភាព​ទេ​ ដោយសារតែ​សង្គម​ស៊ីវិល​ សាធារណជន​ រួម​ទាំង​អ្នកសារព័ត៌មាន​ជាច្រើន​ មិន​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​បាន​ចូល​ស្ដាប់​ក្នុង​បន្ទប់​សវនាការ​ឡើយ​។

លោកស្រី​ ចក់​ សុភាព​ ប្រាប់​ថា​៖ «អ៊ីចឹង​ នេះ​ជា​រឿង​មួយ​គួរ​ឱ្យ​សោកស្ដាយ​មែនទែន​។ ការ​ដាក់ចេញ​នូវ​យន្តការ​មួយ​ដែល​តម្រូវ​ឱ្យ​មានការ​ចុះឈ្មោះ​ជាមុន​នេះ​ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​។ សវនាការ​គួរតែ​ធ្វើបែប​ជា​សាធារណៈ​ ហើយ​ជា​រឿងរ៉ាវ​ដែល​ប៉ះពាល់​ ហើយ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅប្រទេស​ តែងតែ​ចាប់អារម្មណ៍​ចង់​ដឹង​ថា​ យ៉ាងម៉េច​»

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ សម្ដែង​ការ​ខកចិត្ត​ ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​សង្កេត​ក្នុង​ដំណើរ​ការសវនាការ​លោក​ កឹម​ សុខា​ នា​ថ្ងៃនេះ​។ លោក​បន្ត​ថា​ សំណុំរឿង​លោក​ កឹម​ សុខា​ មាន​សាធារណជន​ជាច្រើន​ ចង់​ដឹង​អំពី​ដំណើរការ​សវនាការ​ និង​នីតិវិធី​ ប៉ុន្តែ​ តុលាការ​បែរជា​មិន​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​ អ្នកសារព័ត៌មាន​ចូលរួម​។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោកស្រី​ ចក់​ សុភាព (ឆ្វេង) និងនាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ (ស្ដាំ) ក្នុងថ្ងៃសវនាការរឿងក្ដីលោក កឹម សុខា ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក​ អំ​ សំអាត​ ប្រាប់​ថា​៖ «យើង​ជា​សង្គម​ស៊ីវិល​ដែល​តាមដាន​រឿង​ហ្នឹង​យូរហើយ​ យើង​បន្ត​តាមដាន​ទៀត​ ជាពិសេស​ចង់​ដឹង​អំពី​នីតិវិធី​នៃ​ដំណើរការ​សវនាការ​ តើ​វា​ត្រឹមត្រូវ​ទេ​ យើង​ចង់​ដឹង​តើ​សវនាការ​ហ្នឹង​ មាន​ភស្តុតាង​គ្រប់គ្រាន់​ មាន​សាក្សី​ដើម្បី​បង្ហាញ​តម្លាភាព​ ដើម្បី​ស្វែងរក​យុត្តិធម៌​ទៅដល់​ភាគី​ទាំងសងខាង​ ដែល​ធ្វើ​ឱ្យ​សាធារណជន​ជាតិ​ អន្តរជាតិ​ ទទួលស្គាល់​បាន​ឬយ៉ាងណា​»

លោក​បន្ត​ថា​ ប្រសិនបើ​បន្ទប់​ជម្រះក្ដី​លោក​ កឹម​ សុខា​ តូច​មិន​អាច​ដាក់​អ្នកចូលរួម​បាន​ច្រើន​ លោក​ថា​ តុលាការ​គួរតែ​រក​មធ្យោបាយ​ផ្សេង​ដូចជា ​បញ្ចាំង​វីដេអូ​ចេញពី​បន្ទប់​សវនាការ​មក​ខាងក្រៅ​ ដើម្បី​ឱ្យ​បាន​សាធារណជន​តាមដាន​ដំណើរការ​សវនាការ​ ដូច​សាលាក្ដី​ខ្មែរក្រហម​ ដោយ​មិន​ចាំបាច់​ចូល​ទៅ​ស្ដាប់​ដោយ​ផ្ទាល់​។

អតីត​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ ក៏បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​តុលាការ​ដែល​មិន​អនុញ្ញាត​ឱ្យ​ព្រះអង្គ​ចូល​ស្ដាប់​សវនាការ​ បន្ទាប់ពី​ព្រះអង្គ​បាន​ចុះឈ្មោះ​ទៅតាម​សេចក្ដីប្រកាស​របស់​តុលាការ​រួចហើយ​នោះ​។

អតីត​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ ផ្ដល់បទសម្ភាសដល់អ្នកកាសែតអំពីសវនាការរឿងក្ដីលោក កឹម សុខា ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ព្រះអង្គ​មាន​បន្ទូល​ថា​៖ «ខ្ញុំ​មានការ​ខកចិត្ត​ដែរ​ ពីព្រោះ​មួយ​ គេ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ ទី២​ ពួក​ខ្ញុំ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គេដាក់​បម្រាម​មិន​ឱ្យធ្វើ​នយោបាយ​ ដូច្នេះ​ ពួក​ខ្ញុំ​ទាំងអស់គ្នា​ក្លាយជា​សាធារណជន​ ជា​ប្រជា​ពល​រដ្ឋ​សាមញ្ញា​។ ដូច្នេះ​ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ ក្នុងនាម​ជា​សាធារណជន​ យើង​គួរ​មាន​សិទ្ធិ​ចូលរួម​សវនាការ​ដែល​ជាស​វនា​ការ​សាធារណៈ​»

ក្រៅពី​សង្គម​ស៊ីវិល​ និង​អ្នក​យោ​បាយ​ ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្ដាល​ខេត្ត​មួយចំនួន​នាំគ្នា​មក​តាមដាន​ដំណើរការ​សវនាការ​លោក​ កឹម​ សុខា​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ខេត្តកំពត​ លោក​ ចុង​ ហុង​ ដែល​មាន​ពិការភាព​លើ​រាងកាយ​ផង​នោះ​ ក៏​មានបំណង​ចូលរួម​តាមដាន​ដំណើរការ​សវនាការ​នេះ​ផង​ដែរ​ ប៉ុន្តែ​ គាត់​ថា​ គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​តាមដាន​ដោយ​ផ្ទាល់​ទេ​។ លោក​ចាត់ទុក​ការ​មិន​បង្ហាញ​ដំណើរការ​សវនាការ​ និង​ការចោទប្រកាន់​លើ​លោក​ កឹម​ សុខា​ ថា​ ជា​រឿង​យុត្តិធម៌​។

លោក​ ចុង​ ហុង​ និយាយ​ថា​៖ «និយាយទៅ ​គំនិត​ចិត្ត​ដែល​មនុស្ស​ម្នា​ក់ៗ​យល់ថា​ ឯកឧត្តម​ កឹម​ សុខា​ អត់មាន​ទោស​ ហើយ​អ៊ីចឹង​អត់​ចង់ឱ្យ​សវនាការ​បន្ត​ ឱ្យ​ខាតពេល​ទេ​ ចង់ឱ្យ​សម្រេច​ឱ្យ​ហើយ​ ចង់ឱ្យ​តុលាការ​សម្រេច​ទោស​ថា​ ទោស​ក្បត់ជាតិ​ ធ្វើ​ម៉េច​ ឃុបឃិតជាមួយ​បរទេស​ផ្ដួលរំលំ​ម៉េច​ ឱ្យ​វែកញែក​អាហ្នឹង​ឱ្យ​ចេញ​។ ផ្ដួលរំលំ​បែប​ណា​ទៅ​ [ខ្ញុំ​] ចង់បាន​អ៊ីចឹង​»

ប្រជាពលរដ្ឋ​ម្នាក់ទៀត​មក​ពី​ខេត្តព្រះវិហារ​ ដែល​​សុំ​មិន​ប្រាប់​ឈ្មោះ​ បាន​អះអាង​ថា​ អ្នកស្រី​មក​តុលាការ​នេះ​ ដើម្បី​គាំទ្រ​លោក​ កឹម​ សុខា​ និង​តាមដាន​ដំណើរការ​សវនាការ​របស់​លោក​ផង​ដែរ​។

ពលរដ្ឋ​រូប​នេះ​និយាយ​ថា​៖ «លោក​ប្រធាន​ កឹម​ សុខា​ គាត់​ធ្វើការ​ពាក់ព័ន្ធ​នឹងគេ​ចាប់​គាត់​ហ្នឹង​ គឺ​គាត់​ធ្វើ​ក្នុងនាម​ស្ថាបនា​ កែតម្រូវ​នៅក្នុង​ប្រទេស​យើង​ ឱ្យ​មាន​ថ្នាក់ដឹកនាំ​ល្អ​។ ខ្ញុំ​គិតថា​ អ៊ីចឹង​ បាន​ខ្ញុំ​មក​ចូលរួម​ថ្ងៃនេះ។ ខ្ញុំ​សង្ឃឹមថា​ គាត់​នឹង​រួចពីទុក្ខ​ទោស​នេះ​ ដោយសារ​គាត់​អត់មាន​ប្រព្រឹត្ត​អី​ខុស​ទេ​»

លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការបោះឆ្នោត​ឆ្នាំ២០១៨​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ហៅថា​«ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​»ដោយមាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​។

ប៉ុន្តែ​ បន្ទាប់ពី​សវនាការ​មួយ​ព្រឹក​នៅ​ថ្ងៃនេះ​ លោក​ កឹម​ សុខា​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក របស់​លោក​ដោយ​បដិសេធ​ថា​ លោក​មិនបាន​នាំ​រដ្ឋ​បរទេស​ ឬភ្នាក់ងារ​បរទេស​ណាមួយម​កប្រទូស្តរ៉ាយ​ ឬឈ្លានពាន​កម្ពុជា​ឡើយ​។

ក្រៅពី​បដិសេធ​ លោក​ កឹម​ សុខា​ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ជាស្ថាពរ​ចំពោះ​បទ​ចោទ​មក​លើ​រូបលោក​ ដោយ​ថា​ ដើម្បី​លោក​អាច​អនុវត្ត​បាន​នូវ​សិទ្ធិ​សេរីភាព​នយោបាយ​ពេញលេញ​ ក្នុង​ការ​ចូល​រួម​បម្រើ​ជាតិ​មាតុភូមិ​ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

សវនាការ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ ចាប់​ថ្ងៃ១៥​ ដល់១៦​ ខែមករា​នេះ​ ហើយ​នៅ​ថ្ងៃទី១នេះ​ តំណាង​ទូ​តធំៗ​មួយចំនួន​ បាន​ចូលរួម​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់​ ក្នុង​នោះ​ មាន​ស្ថានទូត​អាមេរិក​ អូស្ត្រាលី​ ស៊ុយ​អ៊ែ​ត តំណាង​អង្គការសហប្រជាជាតិ​ ជាដើម​ ប៉ុន្តែ​ មិន​មាន​វត្ត​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ