អ្នកនាំពាក្យ​៖ អ្នក​ពាក់ព័ន្ធ​ធ្វើ​ទារុណ​កម្មសកម្មជន​ដីធ្លី​ដល់ស្លាប់​ស្ថិត​ក្នុង​ការសាកសួរ​

កងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ (កងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ)

មន្ត្រី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​មួយចំនួន​ដែល​សង្ស័យ​ថា​ ពាក់ព័ន្ធ​ការ​ធ្វើទារុណកម្ម​យក​ចម្លើយពី​តំណាង​សកម្មជន​ដីធ្លី​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​រហូតដល់​ស្លាប់​នោះ​ កំពុង​ស្ថិតនៅ​ក្នុង​ការសាកសួរ​។

លោក​ អេង​ ហ៊ី​ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ មន្ត្រី​ដែល​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ និង​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់​ អ្នក​តវ៉ា​រឿង​ដីធ្លី​ និង​មួយចំនួន​ទៀត​មាន​ស្លាកស្នាម​នៅ​ជាប់​ខ្លួន​ កំពុង​ស្ថិតនៅ​ក្នុង​ការសាកសួរ​ពី​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​។

លោក​បន្ត​ថា​៖ «ករណី​បើសិនជា​គាត់​ល្មើសច្បាប់​មែន​ ប្រើ​ហិង្សា​មែន​គឺ​ទទួលទោស​ទៅតាមច្បាប់​ទៅ​។ អាហ្នឹង​គឺ​យើង​បាន​អប់រំ​ហើយ​ ហើយ​លោ​កឧ​ត្ត​មសេនីយ៍​លើ​ផ្ទៃ​ប្រទេស​បាន​ដាក់​វិធានការ​មួយចំនួន​ដើម្បី​រឹត​បន្តឹង​វិន័យ​កងរាជអាវុធហត្ថ​ឱ្យ​គោរព​តាម​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​របស់​ខ្លួន​»។

បើ​តាម​លោក​ អេង​ ហ៊ី​ ការ​បន្ត​នីតិវិធី​ត្រួតពិនិត្យ​នេះ​ គណៈកម្មការ​ចំពោះ​កិច្ច​ បាន​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ តាំងពី​ថ្ងៃទី​១៣​ ខែមករា​ មក​ម្ល៉េះ​។ ទោះជា​បែប​ណា​ ការសាកសួរ​នេះ​ លោក​ អេង​ ហ៊ី​ នៅ​មិនទាន់​អាច​កំណត់​បានទេ​ថា ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅពេល​ណា​នោះ​ដែរ​។

មកដល់ពេលនេះ​ មាន​គណៈកម្មការ​ចំនួន​ ២ហើយដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​រឿង​ក្ដី​ព្រហ្មទណ្ឌ​នេះ​។ គណៈកម្មការ​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ធ្វើទារុណកម្ម​ ដែល​សមាសភាព​ភាគច្រើន​មក​ពី​ក្រសួងមហាផ្ទៃ​ កំពុង​បើក​ការស៊ើបអង្កេត​ដែរ​។ លោក​ តុប​ សុភី​ ប្រធាន​ផ្នែក​នីតិកម្ម​ និង​ជំនួយ​ផ្នែក​ច្បាប់​ បាន​ប្រាប់​ថា​ ការស៊ើបអង្កេត​នេះ​ មិនដឹង​ចប់​នៅពេល​ណា​នោះ​ទេ​។ ប៉ុន្តែ​ លោក​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​ការស្រាវជ្រាវ​ នឹង​បញ្ជូន​របាយការណ៍​ឱ្យ​ស្ថាប័ន​ជំនាញ​ និង​រដ្ឋាភិបាល​ធ្វើ​សេចក្ដីសម្រេច​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក ​ត្រូវ​ចាត់ការ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​។លោក​ ហ៊ុន​ សែន​ ក៏បាន​ព្រមាន​ទៀត​ថា​ នឹង​មិន​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ប្រព្រឹត្តិ​បទល្មើស​រួចផុត​ពី​នីតិវិធី​តុលាការ​ឡើយ​។

ថ្លែង​នៅចំពោះមុខ​អ្នកកាសែត​ កាលពី​ថ្ងៃទី​១៤​ ខែមករា​ នៅ​កោះ​ពេជ្រ​ លោកនាយក​រដ្ឋមន្ត្រី​ បាន​ហៅ​ករណីនេះ​ថា​ ជា​ទម្រង់​ធ្ងន់ធ្ងរ​ ដែល​វា​មិន​សាក​សម​ទៅ​នឹង​អង្គហេតុ​ ដែល​គួរ​ត្រូវ​បាន​ធ្វើទារុណកម្ម​បែបនេះ​ឡើយ​។

លោក​បន្ត​ថា​៖ «ចាត់តាំង​គណៈកម្មការ​ស្រាវជ្រាវ​បន្ទាន់​លើ​បញ្ហា​ដែល​ថា ​មាន​មនុស្ស​ស្លាប់​នៅ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ការ​ធ្វើទារុណកម្ម​។ ប្រសិនបើ​យ៉ាង​ដូច្នោះ​មែន​ អ្នក​ដែល​ធ្វើ​ឱ្យ​គេ​មានរបួស​ស្នាម​រហូតដល់​ស្លាប់​ ត្រូវតែ​ចាប់​មក​ផ្ដន្ទាទោស​ឱ្យ​ខាង​តែ​បាន​ ដោយ​មិន​មានការ​អត់ឱន​ទេ​ » ។

កាលពី​ថ្ងៃទី​១៣​ ខែមករា​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ ដើម្បី​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ លើ​សំណុំរឿង​នេះ​។ នៅក្នុង​សេចក្ដីសម្រេច​នេះ​ គណៈកម្មការ​ចំពោះ​កិច្ច​ដែល​មាន​សមាសភាព​ ៥រូប​ សុទ្ធតែ​យកចេញ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

មន្ត្រី​សមា​គម​អាដ​ហុក​ (Adhoc​) លោក​ ស៊ុំ​ ចន្ទ​គា​ បាន​ប្រាប់​ថា​ តំណាង​សកម្មជន​ដីធ្លី​ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​ ប្រឆាំង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ នឹង​ត្រូវ​គណៈកម្មការ​ចំពោះ​កិច្ច​ កោះហៅ​ឱ្យ​ធ្វើ​សក្ខីកម្ម​នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែមករា​។

យ៉ាងនេះ​ក្ដី ​អ្នកស្រី​ ប៊ុ​យ គីម​ឡាក់​ ប្រពន្ធ​លោក​ ទុយ​ ស្រស់​ បដិសេធ​ក្នុង​ការ​ធ្វើអត្ថា​ធិប្បាយ​ អំពី​នីតិវិធី​ដែល​គណៈកម្មការ​ចំពោះ​កិច្ច​ កំពុងតែ​កសាង​សំណុំរឿង​ ដើម្បី​ស្វែងរក​ការពិត​នេះ​។ អ្នកស្រី​បញ្ជាក់​យ៉ាង​ខ្លី​ថា​ មិនបាន​ស្ថិតនៅ​ក្នុង​ហេតុការណ៍​នៃ​ការ​ធ្វើទារុណកម្ម​ដោយ​ផ្ទាល់​។ ក្នុង​ន័យ​នេះ​ បើ​តាម​ គីម​ឡាក់​ វា​ពិតជា​ពិបាក​និយាយ​ថា​ សប្បាយចិត្ត​ ឬជំទាស់​ទៅ​នឹង​នីតិវិធី​របស់​មន្ត្រី​ជំនាញ​នេះ​ណាស់​។

អ្នកស្រី​បន្ត​ថា​៖ «បង​អើយ​បង​ ដូច​បាន​ប្រាប់​បង​ឯង​អ៊ីចឹង​។ ខ្ញុំ​វា​មិនបាន​ឃើញ​ប្ដី​ច្បាស់លាស់​ណា​បង​។ ខ្ញុំ​មិនដឹង​ថា ត្រូវ​គិត​យ៉ាងម៉េច​ » ។

ទាក់ទិន​សំណុំរឿង​នេះ​ លោក​ ស៊ុំ​ ចន្ទ​គា​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក នៅ​ថ្ងៃទី​១៥​ ខែមករា​ ថា​ អាជ្ញាធរ​បាន​ផ្ដល់​លុយ​ជាបន្តបន្ទាប់​ឱ្យ​ប្រពន្ធ​លោក​ ទុយ​ ស្រស់​។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​ នៅ​ថ្ងៃទី​១ ខែមករា​ អាជ្ញាធរ​បាន​ចូលបុណ្យ​ ១លាន​រៀល​ ហើយ​ថ្ងៃទី​២ ចូលលុយ​ចំនួន​ ១០លាន​រៀល​ទៀត​។

បើ​តាម​លោក​ ចន្ទ​គា​ ចុងក្រោយ​នេះ​ទៀត​ អ្នកស្រី​ទទួល​លុយ​ចំនួន​ ១ម៉ឺន​ ៥ពាន់​ដុល្លារ​ទៀត​ ដើម្បី​ដោះបំណុល​ធនាគារ​។ បើ​ទោះជា​បែប​ណា​ លោក​ ស៊ុំ​ ចន្ទ​គា​ ចាត់ទុកថា​ តើ​ចំនួន​ទំហំ​ទឹកប្រាក់​នេះ​ អាច​ចាត់ទុក​បាន​ថា​ ជា​បទល្មើស​សូកប៉ាន់​សាក្សី​ និង​រារាំង​មិន​ឱ្យ​ប្ដឹង​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​។

កាលពី​ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០១៩​ ប្រជាពលរដ្ឋ​ប្រមាណ២០០នាក់​ តំណាង​ឱ្យ៦០០គ្រួសារ​ មក​ពី​ឃុំ​ចង្ហា​រ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ តវ៉ា​នៅមុខ​សាលាខេត្ត​ក្នុង​ជម្លោះដីធ្លី​ បន្ទាប់​សមត្ថកិច្ច​ចាប់​តំណាង​របស់​ពួកគាត់៥នាក់​ឃុំខ្លួន​។ លុះ​រហូតដល់​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០​ តំណាង​ម្នាក់​ក្នុង​តំណោ​មនោះ​ ឈ្មោះ​ ទុយ​ ស្រស់​ បាន​ស្លាប់​ ដោយ​ខេត្ត​បញ្ជាក់​ថា​ ដោយសារតែ​បញ្ហា​ញៀន​ស្រា​ អ្នកជាប់ឃុំ​ជាមួយ​អះអាង​ថា​ បានឃើញ​ផ្ទាល់​ភ្នែក​ករណី​វាយ​ធ្វើទារុណកម្ម​ពី​កម្លាំង​សម​ត្ថ​កិច្ច

កាលពី​ថ្ងៃទី១២ ខែមករា​ អ្នក​ជាប់ឃុំ៣នាក់​ ក្នុងចំណោម៤នាក់​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​លោក​ ទុយ​ ស្រស់ ​នោះ​ បាន​ដាក់ពាក្យ​ប្តឹង ​ចោទប្រកាន់​ថា​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​បាន​ធ្វើទារុណកម្ម​ពួកគាត់​យក​ចម្លើយ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ