លោក​ កឹម​ សុខា​ បដិសេធ​ការចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ​»

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (សាញ់ ប៊ុនហឿន)

អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិតនៅ​ក្រោម​ដំណើរការ​សវនាការ​របស់​តុលាការ​នោះ​ បាន​បដិសេធ​ទៅ​នឹង​ការចោទប្រកាន់​រូបលោក​ថា​ «ក្បត់ជាតិ​»។

អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ត្រូវ​បាន​មើលឃើញ​ធ្វើដំណើរ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ម៉ោង​ប្រហែល​ ៧:៣៥នាទី​ព្រឹក​ថ្ងៃពុធ​នេះ​ ដើម្បី​ចូលរួម​សវនាការ​ជំនុំជម្រះ​លើ​រូបលោក​ ដែល​ត្រូវ​បាន​ចោទ​ថា​ «ក្បត់ជាតិ​» និង​ឃុបឃិតជាមួយ​រដ្ឋ​បរទេស​។

នៅ​ម៉ោង​ប្រហែល​ ១១ព្រឹក​នេះ​ ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​របស់​លោក​ កឹម​ សុខា​ បាន​បង្ហោះ​សារ​ជា​ភាសាខ្មែរ​ និង​ភាសាអង់គ្លេស​ ដែល​រៀបរាប់​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ មិនបាន​ក្បត់ជាតិ​នោះ​ឡើយ​។

ទំព័រ​ហ្វេ​សប៊ុ​កលោក​ កឹម​ សុខា​ រៀបរាប់​ថា​៖ «ខ្ញុំ​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​មក​លើ​រូប​ខ្ញុំ​ពី​បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​។ ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស​ ឬភ្នាក់ងារ​បរទេស​ណាម​កប្រទូសរ៉ាយ​ ឬឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​»

ទំព័រ​ហ្វេ​សប៊ុ​កលោក​ កឹម​ សុខា​ រៀបរាប់​បន្ត​ថា​៖ «ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ​ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​»

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាលអធ្រាត្រ​ថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅ​ឯគេហដ្ឋាន​របស់​លោក​ នៅ​ម្ដុំ​ខណ្ឌទួលគោក​។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ ស្ថិតនៅ​ឯទឹកដី​ខេត្ត​ត្បូងឃ្មុំ​ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ មុននឹង​លោក​ត្រូវ​បាន​បញ្ជូន​មក​ដាក់​ឃុំ​នៅក្នុង​ផ្ទះ ​កាលពី​ខែកញ្ញា​ ឆ្នាំ២០១៨កន្លងមក​។

លោក​ កឹម​ សុខា​ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ ប៉ុន្តែ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ