អាជីវករ​៖ ការ​រើ​តូប​នៅ​ឆ្នេរ​អូ​ត្រេះ​ជាសកម្ម​ភាព​បំបែក​ឆ្នាំងបាយ​ពលរដ្ឋ​ក្រីក្រ​

តូប​លក់ដូរ​លើ​ឆ្នេរ​អូរត្រេះ​ ខេត្ត​ព្រះសីហនុ​។ (ផ្ដល់ឱ្យដោយអាជីវករ/ មករា ២០២០)

តំណាង​អាជីវករ​ជា​ម្ចាស់តូប​លក់ដូរ​លើ​ឆ្នេរ​អូរត្រេះ​ ខេត្ត​ព្រះសីហនុ​ ប្រមាណ​ជាង៦០តូប​ បាន​បង្ហាញ​អំពី​ក្ដី​បារម្ភ​ ប្រហាក់​ប្រហែលគ្នា​ថា ​ការសម្រេច​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​ពលរដ្ឋ​រុះរើ​តូប​លើ​ឆ្នេរ​ចេញ​ដោយ​គ្មាន​សំណង​ ឬ​ដោះដូរ​ទីតាំង​លក់ដូរ​ថ្មី​ ជា​ការ​សម្លាប់​ពលរដ្ឋ​ដោយប្រយោល​ តាមរយៈ​រូបភាព​វាយ​បំបែក​ឆ្នាំងបាយ​។

អាជីវករ​ជា​ម្ចាស់តូប​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​ អ្នកស្រី​ យិន​ សី​ម៉ា​ បាន​បញ្ជាក់​ថា​ អ្នកស្រី​បាន​ប្រកបរបរ​ជា​អ្នកលក់​ដូរ​នៅ​ឆ្នេរ​មួយ​នេះ​ប្រមាណ១០ឆ្នាំ​មក​ហើយ​ ដោយ​ទិញ​បន្ត​ពី​ម្ចាស់​ដើម​ចំនួន២តូប​ ក្នុង១តូប​តម្លៃ៦ម៉ឺន​ដុល្លារ​។ អ្នកស្រី​ថា​ ការ​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញា​ធរ​ខេត្ត​ តម្រូវ​ឱ្យ​អាជីវករ​លក់ដូរ​លើ​ឆ្នេរ​អូ​ត្រេះ​រុះរើ​តូប​ចេញ​ដោយ​គ្មាន​សំណង​ ឬ​ដោះដូរ​ទីតាំង​ប្រក​របរ​នៅកន្លែង​ថ្មី​ ហាក់​សម្លាប់​ពលរដ្ឋ​ទាំង​រស់​។

ម្ចាស់តូប​រូប​នេះ​អះអាង​ថា​ ការបាត់បង់​តូប​ មិន​ត្រឹម​បញ្ចប់​មុខរបរ​របស់​គ្រួសារ​អ្នកស្រី​ មិន​អាច​រកចំណូល​រំ​លោះបំណុល​ធនាគារ​ខ្ចី​ទិញ​តូប​ទេ​ តែ​បុគ្គលិក​អ្នកស្រី​ប្រមាណ២០នាក់​ទៀត​ក៏​ត្រូវ​រង​បញ្ហា​ បាត់បង់​ការងារ​ គ្មាន​ប្រាក់​ផ្គត់ផ្គង់​ការរស់នៅរបស់​គ្រួសារ​ពួកគេ​បាន​ដែរ​។

អ្នកស្រី​ យិន​ សី​ម៉ា​ បាន​រៀបរាប់​ថា​៖ «ពួក​ខ្ញុំ​ស្នើទៅ​គាត់ ​[អភិបាលខេត្ត​ព្រះសីហនុ​] ៤ដង​ហើយ​ សុំ​ជួប​គាត់​ផង​ និង​ដាក់ពាក្យសុំ​អន្តរាគមន៍​ពី​ខេត្ត​ផង​។ ប៉ុន្តែ​ គាត់​នៅតែ​កាន់​គោលការណ៍​គាត់​ដដែល​ ថា​គាត់​នឹង​រុះ​រើ​រដោយ​មិន​មាន​ដំណោះស្រាយ​។ យើង​មិនមែន​ថា ​យើង​អត់​រុះរើ​ យើង​មិនមែន​ជា​ប្រជាជន​ដែល​ចង់​បង្ក​កា​រលំ​បា​កដល់​គាត់​ទេ​ យើង​សុំ​ឱ្យ​តែ​មានផ្លូវ​រស់​ កុំ​បំបែក​ឆ្នាំងបាយ​យើង​ចោល​ ហើយ​វា​អត់មាន​ដំណោះស្រាយ​ ហើយ​យើង​មិនដឹង​ថា​ ទៅ​ធ្វើ​អី​ទៀត​»។

អា​ជី​ករ​នៅ​ឆ្នេរ​អូ​ត្រេះ​មួយ​រូប​ទៀត​ អ្នកស្រី​ ជា​ សុវណ្ណ​ បាន​អះអាង​ថា​ ដំណឹង​នៃ​ការ​រើ​តូប​ដោយ​គ្មាន​សំណង​ បាន​ធ្វើ​ឱ្យ​អ្នកស្រី​គិត​ច្រើន​ ស្ទើរ​វង្វេងស្មារតី​ ព្រោះ​អ្នកស្រី​នៅ​ជំពាក់​ធនាគារ​ ហើយ​គ្មាន​ជម្រើស​មុខរបរ​ផ្សេងទៀត​។ អ្នកស្រី​ថា​ ទង្វើ​អា​ជ្ញា​ធរ​ពេលនេះ​ ហាក់​បន្ថែម​បញ្ហា​ត្រួត​លើ​ទុក្ខ​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​បាត់​ចំណូល​ ព្រោះ​វត្តមាន​ជនជាតិ​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ​កន្លងមក​។

អ្នកស្រី​ ជា​ សុវណ្ណ​ បាន​បញ្ជាក់​បន្ថែម​ថា​៖ «តាំងពី​ចិន​ចូល​មក ​ជ្រួលច្របល់​ អត់មាន​ភ្ញៀវ​ខ្មែរទេ​ បរទេស​ក៏​អត់មាន​ទៀត​។ ខ្ញុំ​អត់​ដឹង​ធ្វើអ្វី​ទេ​ ព្រោះ​ឥលូវ​អត់មាន​កន្លែង​ផង​ ដឹង​ធ្វើ​អី​? ឥលូវ​កំពុង​ពិបាកចិត្ត​ ដឹង​គិត​ធ្វើ​អី​? ព្រោះ​យើង​អត់មាន​។ បើសិន​យើង​មាន​កន្លែង​លក់ដូរ​ មាន​តូប​ក្នុង​ផ្សារ​ យើង​អាច​លក់​ក្នុង​ផ្សារ​បាន​ ដល់​យើង​អត់មាន​ យើង​សំអាង​តែ​កន្លែង​ហ្នឹង​ [តូប​លក់ដូរ​នៅ​ឆ្នេរ​អូ​ត្រេះ​] ហើយ​។ នឹកឃើញ​ថា​ យើង​លក់​នៅកន្លែង​ហ្នឹង​យូរហើយ​ មើលទៅ​វា​មិន​អ៊ីចឹង​ណា៎​។ ខ្ញុំ​សំណូមពរ​ឱ្យ​គាត់ ​[អភិបាលខេត្ត​] ជួយ​ បើ​ថា​គាត់​រៀបចំ​អភិវឌ្ឍន៍​ ក៏​អភិវឌ្ឍចុះ​ ប៉ុន្តែ​ សុំ​ឱ្យ​គាត់​ពង្រួញ​ឱ្យ​តូច​ ឱ្យ​ពួក​ខ្ញុំ​បានតែ​មួយ​រស់​ៗក៏បាន​ដែរ​»។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី១៣​ ខែមករា​នេះ​ បាន​បញ្ជាក់​ថា​ អាជ្ញា​ធរ​ខេត្ត​ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​លក់ដូរ​លើ​ឆ្នេរ​អូរត្រេះ០១​ និង​អូរត្រេះ០២​ ត្រូវ​រុះរើ​តូប​ រោង​ និង​ស្តង់​ចេញពី​ទីតាំង​លក់ដូរ​លើ​ឆ្នេរ​បច្ចុប្បន្ន​ ស្របតាម​សេច​ក្ដី​ជូនដំណឹង​កាលពី​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៩​ ត្រូវ​រើ​ឱ្យ​អស់​អំឡុង​ពេល៧ថ្ងៃ​។ បើ​ពលរដ្ឋ​មិនព្រម​រើ​ ខេត្ត​ចាត់​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​ ហើយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ ឬបាត់បង់​ទ្រព្យសម្បត្តិ​ឡើយ​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ បាន​សំណូមពរ​ឱ្យ​ពលរដ្ឋ​ជា​អាជីវករ​ព្យាយាម​ស្វែងយល់​ពី​ការ​លំបាក​របស់​ខេត្ត​ និង​ប្រយោជន៍​រួម​របស់សាធារណជន​ ជាជាង​សុំ​អាជ្ញាធរ​ខេត្ត​ឱ្យ​យល់​ពី​ការ​លំបាក​របស់​អាជីវករ​តែ​ម៉្យាង​។ លោក​ថា​ ការលក់ដូរ​របស់​អាជីវករ​នៅ​លើ​ឆ្នេរ​អូ​ត្រេះ​ ជា​ទង្វើ​ខុសច្បាប់​ សង់​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ​ ទោះ​ក្រុម​អាជីវករ​បាន​បង់​ប៉ាតង់​ និង​តម្លៃ​ភាស៊ី​ជូន​រដ្ឋបាល​ខេត្ត​កន្លងមក​ក្ដី​។

លោក​ ឃាង​ ភា​រម្យ​ បាន​អះអាង​ថា​៖ «បើ​ពាក់ព័ន្ធ​ថា​ជា​ដំណោះស្រាយ​ ថា​ជាគោល​ការណ៍​? ខ្ញុំ​ក៏​មិនដឹង​ថាត្រូវ​បកស្រាយ​យ៉ាងម៉េច​? ក្នុងនាម​ជា​អ្នកនាំពាក្យ​។ ព្រោះ​នេះ​វា​ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​អ្នកដឹកនាំ​។ អ៊ីចឹង​ ខ្ញុំ​ក៏​មិន​អាចប​កស្រាយ​អី​ច្រើនលើស​ពី​ហ្នឹង​ដែរ​ អាហ្នឹង​ខ្ញុំ​ទុក​លទ្ធភាព​ជូន​ថ្នាក់ដឹកនាំ​សម្រេច​បន្ត​»។

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី​ ជាប​ សុធា​រី​ បាន​ថ្លែង​ថា​ ដើម្បី​ភាព​យុត្តិធម៌ ​អ្នកស្រី​ស្នើ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ដោយ​ស្មើ​ភាព​គ្នា​ កុំ​ប្រគល់​សិទ្ធ​ឱ្យ​អ្នកមាន​ មាន​សិទ្ធ​អាច​គ្រប់គ្រង​ជា​លក្ខណៈ​ឯកជន​ ឯពលរដ្ឋ​ក្រីក្រ​បែរ​ក្លាយជា​ជនរងគ្រោះ​ព្រោះ​អ្ន​ក​មាន​លុយ​ និង​អំណាច​។ អ្នកស្រី​ថា​ ដើម្បី​បញ្ចៀស​បញ្ហា​ច្រំដែល​ រដ្ឋ​ត្រូវ​គ្រប់គ្រង​តំបន់ឆ្នេរ​ដោយខ្លួនឯង​ ហើយ​បង្ហាញ​ទីតាំង​ត្រូវ​អភិវឌ្ឍន៍​ទាំងអស់​ក្នុង​ខេត្ត​ទាំងអស់​ជា​សាធារណៈ​ ការពារ​កុំឱ្យ​ពលរដ្ឋ​ក្រីក្រ​ចាញ់បោក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។

អ្នកស្រី​ ជាប​ សុធា​រី​ បាន​លើក​ជា​ចម្ងល់​ថា​៖ «ហេតុអ្វីបានជា​ជនបរទេស​ជិះកប៉ាល់​ហោះ​ឆ្លង​សមុទ្រ​មក​ អាច​អាស្រ័យផល​ ធ្វើ​សំណង់​អគា​រលិចៗ​ក្បាល​បាន​នៅ​ជាប់​ឆ្នេរសមុទ្រ​ ហើយ​កន្លែង​ខ្លះទៀត​បាន​រហូតដល់​ប្លង់​កម្ម​សិទ្ធ​សង់​អគារ​ប៉ុន​ៗណាណី​ទៀត​។ ចុះ​ហេតុ​អី ​ឆ្នេរ​តែ​ប៉ុន្មាន​ម៉ែ​តដែល​មាន​តូប​ចំនួន​តែ៦២តូប​ ហេតុអ្វីបានជា​គាត់​មិន​អាច​ប្រកបមុខរបរ​ស្របច្បាប់​នៅ​ទីនេះ​បាន​?»។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃម្សិលមិញ​ បាន​បញ្ជាក់​ថា​ សម្រាប់​ការ​សម្អាត​ទីតាំង​លក់ដូរ​នៅ​តំបន់ឆ្នេរ​កន្លងមក​ អាជីវករ​លក់ដូរ​នៅ​លើ​ឆ្នេរ​អូរ​ឈើទាល ​(អតីត​ឆ្នេរ​អា​រី​ស្តុ​ន) ចំនួន១៦២តូប​ បាន​ចូលរួម​រុះ​រើ​រទីតាំង​ប្រកប​អាជីវកម្ម​របស់​ពួកគេ​រួចរាល់​ហើយ​ ដោយ​គ្មាន​ការ​តវ៉ា​ ឬ​បង្ក​អំពើ​ហិង្សា​ឡើយ​ នៅតែ​អ្នកលក់​ដូរ​មួយចំនួន​នៅ​ឆ្នេរ​អូរត្រេះ​ប៉ុណ្ណោះ​។

ការ​ចុះ​រុះ​រើ​តូប​លក់ដូរ​នៅ​តំបន់ឆ្នេរ​ខាងលើ​ ត្រូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លើកឡើង​ថា​ ដើម្បី​រៀប​ចំស​ណ្ដា​ប់​ធ្នាប់​ របៀបរៀបរយ​ កែ​លម្អ​សោភ័​ណភាព​ឆ្នេរ​ ទុកជា​សម្បត្តិ​សាធារណៈ​រួម​របស់​ពលរដ្ឋខ្មែរ​ទូទៅ​មក​កម្សាន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ