ឈើ​កម្រ​ដែល​សហគមន៍​ព្រះ​រកា​បំបួស​រយៈពេល៣ឆ្នាំ​នៅសល់១១ដើម​

សកម្មភាព​បំបួស​ដើមឈើ​លើក​ទី៤ រយៈពេល​បី​ថ្ងៃ​ ពី​ថ្ងៃទី១០​ រហូត​ថ្ងៃទី១២ ខែមករា​កន្លងមក​ នៅ​តំបន់​អូ​ជញ្ជាំង​ ស្ថិត​ក្នុង​ឃុំ​ម្លូ​រព្រៃ​មួយ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។ (បណ្តាញសហគមន៍ព្រៃព្រះរកា Preahroka Forest Community Network – PFCN/ Savon Sut)

បណ្ដា​ញសហគមន៍​ព្រៃ​ព្រះ​រកា​នៅក្នុង​ខេត្តព្រះវិហារ​ អះអាង​ថា​ ប្រភេទ​ឈើ​កម្រ​ជាង២០ដើម​ដែល​ត្រូវ​បាន​ជ្រើសរើស​បំបួស​តាម​ពិធី​សាសនា​ដើម្បី​ឱ្យ​បញ្ឈប់ការ​កាប់ព្រៃ​ក្នុង​តំបន់​អភិរក្ស​នេះ​ ក្នុងរយៈពេល៣ឆ្នាំ​មកនេះ​ ត្រូវ​ចោរលួច​កាប់​អស់​សល់​តែ១១ដើម​ប៉ុណ្ណោះ​។

សមាជិក​ម្នាក់​នៃប​ណ្ដា​ញសហគមន៍​ព្រៃ​ព្រះ​រកា​ ខេត្តព្រះវិហារ​ លោក​ កែវ​ ពេជ្យ បាន​បញ្ជាក់​ថា​ សកម្មភាព​បំបួស​ដើមឈើ​លើក​ទី៤ រយៈពេល​បី​ថ្ងៃ​ ពី​ថ្ងៃទី១០​ រហូត​ថ្ងៃទី១២ ខែមករា​កន្លងមក​ នៅ​តំបន់​អូ​ជញ្ជាំង​ ស្ថិត​ក្នុង​ឃុំ​ម្លូ​រព្រៃ​មួយ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ ដោយមាន​អ្នកចូលរួម​ទាំង​អាជ្ញា​ធរ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ប្រមាណ៣០០នាក់​។

លោក​បញ្ជាក់​ថា​ ពិធី​ឆ្នាំនេះ​ សហគមន៍​បំបួស​បាន​ដាំដើម​ថ្មី​ចំនួន៧ដើម​បន្ថែម​ទៀត​ គឺ​ដើមឈើ​ទាល​ចំនួន៥ដើម​ និង​ដើ​មត្បៀ​ក២ដើម​ តំណាង​ឱ្យ​ព្រៃ​ផ្សេង​ៗទៀត​ ដើម្បី​បួងសួង​ឱ្យ​បញ្ឈប់​ការ​កាប់​បំផ្លាញ​។

នៅក្នុង​ពិធី​នេះ ​ពលរដ្ឋ​ជ្រើស​រើសបំបួស​តែ​ប្រភេទ​ដើមឈើ​ណា​ដែល​ជិត​ផុតពូជ​ ហើយ​មាន​ទំ​ហំ​ធំៗ​ប៉ុណ្ណោះ​ ជាក់ស្តែង​ដើមឈើ​ទាល​មួយ​ ដែល​ត្រូវ​បំបួស​នា​ឆ្នាំ​ថ្មីនេះ​ មាន​ទំហំ​រហូត​ប្រមាណ៩ម៉ែត្រ​។ ប៉ុន្តែ​ ដើម​ទាំងអស់​ដែល​សហគមន៍​អាច​ថែរក្សា​បាន​ តាមរយៈ​ពិធី​បំបួស​ មានតែ១១ដើម​ទេ​ ព្រោះ​មាន​អ្នក​លួច​កាប់​អស់​ខ្លះ​។

លោក​ កែវ​ ពេជ្យ ៖ «ស្ថានភាព​ព្រៃ​ព្រះ​រកា​ពីមុន​ និង​ឥលូវ​ វា​ខុសគ្នា​ឆ្ងាយណាស់​ វា​ចង់​ដាច់​ពូជ​អស់ហើយ​ហ្នឹង​។ បើ​ដើម​គគី​វិញ​ វា​ចង់​ដាច់​ពូជ​អស់ហើយ​ នៅតែ​ដើ​មតូចៗ​ទេ​ អា​មុខកាត់៨តឹក​អី​ គេ​កាប់​អស់ហើយ​។ ដើមឈើ​ដែល​បំបួស​លើក​ទី១ហ្នឹង​ គេ​កាប់​ តែ​អ្នក​ដែល​លួច​កាប់​ហ្នឹង​ រងគ្រោះ​ថ្នាក់​។ វា​ធ្វើ​ឱ្យ​អ្នក​កាប់​ហ្នឹង​មាន​បញ្ហា​ ដឹកឈើ​ទៅ​ក៏​ធ្វើ​ឱ្យ​គោយន្ត​ហ្នឹង​ក្រឡាប់​ ហើយ​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ប្រព្រឹត្តិ​ហ្នឹង​»។

ក្នុង​ពិធី​បំបួស​នេះ​ ក្រៅពី​ធ្វើពិធី​តាម​បែប​សាសនា​ សូម​ឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ជួយរក្សា​ព្រៃ​នៅក្នុង​តំបន់​នោះ​ ប្រជា​សហគមន៍​ក៏បាន​ដា​ក់ប​ណ្ដា​សារ​ដល់​អ្នក​កាប់​ផង​ដែរ​។

ព្រៃ​ព្រះ​រកា​ជា​ព្រៃ​ស្ថិត​នៅតំបន់​ដែល​ប្រជុំ​ដោយ​ស្រុក​ចំនួន​បី​ គឺ​ស្រុក​ឆែប​ ស្រុក​ជាំ​ក្សាន្ត​ និង​ស្រុក​ត្បែងមានជ័យ​ នៃ​ខេត្តព្រះវិហារ​ មាន​ទំហំ៩៣៦១ហិ​កតា​ ជា​ព្រៃធំ​ទី២របស់​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ព្រៃ​ឡង់​ នៅក្នុង​ខេត្តកំពង់ធំ​។ ព្រៃ​នេះ​ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែនជម្រកសត្វព្រៃ​កាលពី​ខែឧសភា​ ឆ្នាំ២០១៦​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ និង​រក្សា​ជា​ជម្រក​ដល់​សត្វ​ដែល​រង​ការ​គំរាមកំហែង​ជាង២៨ប្រភេទ​ផ្សេងទៀត​ ដូចជា​ ត្រយង​យក្ស​ ច្រ​យ៉ង​ចង្កំ​កស​ ទោច​មកុដ​ រមាំង​ និង​ទន្សោង​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ