បទ​យកការណ៍​៖ បុប្ផា​ណា​ដាក់​បញ្ចាំង​វីដេអូ​ឯកសារ​ខ្លី​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​ និង​កុមារ​ក្រីក្រ​នៅ​កម្ពុជា​

រូបភាពអំពី​វីដេអូ​ឯក​សារ​ខ្លី​ៗចំនួន​ ៨រឿង​ ដែល​ផលិត​ដោយក្រុម​យុវជន​ចំនួន​ ១២រូប​ ដែល​ទទួល​បាន​កា​រប​ណ្ដុះ​បណ្ដា​លផលិត​វីដេអូ​ឯកសារ​ពី​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ សហការ​ជាមួយ​អង្គការ​ជា​ដៃគូ​ បាន​ដាក់​បញ្ចាំង​កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

ស្ត្រី​ និង​កុមារ​ ព្រមទាំង​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ ត្រូវ​បាន​រដ្ឋាភិបាល​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ តាមរយៈ​ការ​ដាក់ចេញ​ជាគោល​នយោបាយ​ផ្សេង​ៗ ដើម្បី​គាំពារ​ និង​លើកកម្ពស់​ស្ថានភាព​រស់នៅ​ ការអប់រំ​ សុខភាព​ ជំនឿ​សាសនា​របស់​ពួកគេ​ជាដើម​។

យ៉ាងនេះ​ក្ដី​ តាមរយៈ​វីដេអូ​ឯក​សារ​ខ្លី​ៗចំនួន​ ៨រឿង​ ដែល​ផលិត​ដោយក្រុម​យុវជន​ចំនួន​ ១២រូប​ ដែល​ទទួល​បាន​កា​រប​ណ្ដុះ​បណ្ដា​លផលិត​វីដេអូ​ឯកសារ​ពី​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ សហការ​ជាមួយ​អង្គការ​ជា​ដៃគូ​ បាន​ដាក់​បញ្ចាំង​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ បង្ហាញថា​ ស្ត្រី​ និង​កុមារ​ក្រីក្រ​ ព្រមទាំង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​ នៅតែ​ប្រឈម​ក្នុង​ជីវភាពរស់នៅ​។

បញ្ហា​ប្រឈម​ទាំងនោះ​ បាន​បង្ហាញ​តាមរយៈ​ស្នា​ដៃ​វីដេអូ​ឯកសារ​ខ្លី​ក្រោម​គម្រោង​ «ការ​បន្លឺ​សំឡេង​របស់​ស្ត្រីជន​ជាតិ​ដើម​ភាគតិច​ និង​ក្រុម​មនុស្ស​ត្រូវ​បាន​គេ​រើសអើង​» រួមមាន​ រឿង​ទំពាំង​ខ្វះ​ទឹក​ រឿង​រសាត់​ រឿង​កា​ណាប​ រឿង​ប៉ា​ខ្ញុំ​នៅឯណា​ រឿង​បារម្ភ​ រឿង​ទ្រាំ​ រឿង​កុំ​បោះបង់​ និង​រឿង​សង្ឃឹម​ចុងក្រោយ​។

មាន​វ័យ​ ១៨ឆ្នាំ​ ជា​អ្នកដឹកនាំ​ការផលិត​វីដេអូ​ឯកសារ​មួយ​ក្រោម​ចំណងជើង​ថា​ «ទំពាំង​ខ្វះ​ទឹក​» មក​ពី​ខេត្ត​បន្ទាយមានជ័យ​ លោក​ ឌិន​ រ៉ូ​ដា​ បានឱ្យ​ដឹង​ថា​ ខ្លួន​បាន​ទទួល​កា​រប​ណ្ដុះ​បណ្ដា​លវគ្គ​ផលិត​វីដេអូ​រឿង​ ឬវីដេអូ​ឯកសារ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា ​រយៈពេល​ ១ឆ្នាំ​មក​ហើយ​ គិត​ចាប់តាំងពី​ខែមករា ​ឆ្នាំ២០១៩មក​។

រឿង​ទំពាំង​ខ្វះ​ទឹក​ លោក​ រ៉ូ​ដា​ បាន​ចំណាយពេល​ប្រមាណ​ ៣ខែ​ ដើម្បី​ផលិត​ កាត់ត​ រៀបចំ​ចេញ​ជា​រឿង​មួយ​នេះ​ ដោយ​បង្ហាញ​ពី​គ្រួសារ​ក្រីក្រ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​ ដែល​មាន​បងប្អូន​ប្រុសស្រី​ពីរ​នាក់​ ក្រោម​ការគ្រប់គ្រង​របស់​ជី​ដូ​នមេម៉ាយ​ ត្រូវ​រស់នៅ​បានព្រឹកខ្វះល្ងាច​។

យុវជន​រូប​នេះ​ ប្រាប់​ថា​ វីដេអូ​នោះ​ ឆ្លុះបញ្ចាំង​ពី​រឿង​ពិត​របស់​កុមារ​ពីរ​រូប​ និង​ជីដូន​ចាស់​មួយ​រូប​ ដែល​រស់នៅ​ក្នុង​កូនខ្ទម​លើ​ដី​ចំណី​ផ្លូវ​ ហើយ​ត្រូវ​ដើរ​បេះ​ត្រកួន​ ចាប់ត្រី​ រើស​ក្តាម​ខ្យង​ សម្រាប់​លក់ដូរ​ និង​ចិញ្ចឹមជីវិត​ ដោយ​កុមារ​ទាំងពីរ​មិនបាន​ទៅរៀន​សូត្រ​ដូច​កុមារ​ដទៃទៀត​ឡើយ​ បើ​ទោះបីជា​កុមារ​ទាំងពីរ​នោះ​ចង់​រៀន​ដូច​គេ​ក៏ដោយ​។

មាន​វ័យ​ ១៨ឆ្នាំ​ ជា​អ្នកដឹកនាំ​ការផលិត​វីដេអូ​ឯកសារ​មួយ​ក្រោម​ចំណងជើង​ថា​ «ទំពាំង​ខ្វះ​ទឹក​» មក​ពី​ខេត្ត​បន្ទាយមានជ័យ​ លោក​ ឌិន​ រ៉ូ​ដា​។ (សូត សុខប្រាថ្នា/ ១០ មករា ២០២០)

លោក​ ឌិន​ រ៉ូ​ដា​ បន្ត​ថា​៖ «មនុស្ស​គ្រប់គ្នា​ តែង​និយាយ​ថា​ ទំពាំងស្នងឫស្សី​ ប៉ុន្តែ​ បើសិនជា​ទំពាំង​ហ្នឹង​ខ្វះ​ទឹក​ ឬក៏​វា​ស្អុយ​អ៊ីចឹង​ទៅ​ តើ​វា​អាច​នឹង​លូត​ជា​ឫស្សី​ល្អ​ម៉េចទៅ​? អាហ្នឹង​ដូ​ចក្មេងៗ​ដែរ​ បើ​ពួកគាត់​មិន​ទទួល​បានការ​រៀនសូត្រ​ ការសិក្សា​អី​ទេ​ គាត់​នឹង​មិនបាន​លូតលាស់​ល្អ​ទេ​ គឺ​វា​ដូចគ្នា​»។

ក្រៅពី​រឿង​ទំពាំង​ខ្វះ​ទឹក​ ដែល​និយាយ​អំពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​ និង​កុមារ​ក្រីក្រ​ វីដេអូ​ឯកសារ​ខ្លី​ ៧ផ្សេងទៀត​ ក៏បាន​លើកឡើង​ស្រដៀងគ្នា​ដែរ​ ដូចជា​ បញ្ហា​អប់រំ​ ការ​ចំណាកស្រុក​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ករណី​រំលោភ​ដែល​កើតឡើង​លើ​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ភា​គឦសាន្ត ភាព​ក្រីក្រ​ ជាដើម​។

ជា​ជនជាតិ​ដើម​ភាគតិច​គ្រឹង ​មក​ពី​ខេត្តរតនគិរី​ និង​ជា​ម្ចាស់​ស្នាដៃ​រឿង​ «ដំបៅចិត្ត​» ប៉ុន្តែ​ រឿង​នេះ​មិន​ត្រូវ​បាន​ចាក់​បញ្ចាំង​កាលពី​សប្តាហ៍​មុន​ឡើយ​ លោក​ មួង​ រ៉េ​ត លើកឡើង​ថា​ បញ្ហា​ប្រឈម​របស់​ជនជាតិ​ដើម​ភាគតិច​មាន​ច្រើន​។

លោក​ មួង​ រ៉េ​ត ប្រាប់​ថា​ បញ្ហា​ទាំងនោះ​ ដូចជា​ បញ្ហា​រំលោភ​លើ​ស្ត្រី​ និង​ក្មេងស្រី​ បញ្ហា​ថ្នាំញៀន​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការរើសអើង​ ការ​មិន​ឱ្យ​តម្លៃ​លើ​ការអប់រំ​ ព្រមទាំង​ការ​ប្រឈម​បាត់បង់​អត្តសញ្ញាណ​ដើម​របស់​ខ្លួន​ផង​ដែរ​។

រឿងរ៉ាវ​ទាំងនេះ​ ដែល​ជំរុញចិត្ត​លោក​ មួង​ រ៉េ​ត ឱ្យ​ចូលរៀន​ផលិត​វីដេអូ​ឯកសារ​ ឬកុន​ ជាមួយ​មជ្ឈមណ្ឌលបុប្ផាណា ​ដើម្បី​រួមចំណែក​លើកឡើង​ពី​បញ្ហា​របស់​ជនជាតិ​ដើម​តិច​ទាំងនោះ​។

លោក​បន្ត​ថា​៖ «ខ្ញុំ​ធ្លាប់​រស់នៅ​ក្នុង​សហគមន៍​ហ្នឹង​ផ្ទាល់​ ខ្ញុំ​ដឹងពី​បញ្ហា​ប្រឈម​ជាច្រើន​ដែល​កើតឡើង​ក្នុង​សហគមន៍​របស់ខ្ញុំ​ ហើយ​ខ្ញុំ​ចង់​បង្ហាញ​បញ្ហា​ទាំងអស់​ហ្នឹង​ដល់​សាធារណជន​ ដើម្បី​ស្វែងរក​ដំណោះស្រាយ»

ថ្លែង​កាលពី​សប្តាហ៍​មុន​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ លោក​ ជា​ ច័ន្ទ​បរិបូរណ៍​ បាន​សម្ដែ​ងការ​គាំទ្រ​ចំពោះ​ស្នាដៃ​ផលិត​វីដេអូ​ឯក​សារ​ខ្លី​ៗរបស់​ក្រុម​យុវជន​ និង​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​មជ្ឈមណ្ឌល​​បុប្ផាណា និង​អង្គការ​ដៃគូ​ ក្នុង​ស្មារ​តី​ជួយ​បណ្ដុះ​បណ្ដា​លជំនាញ​ទាំងនេះ​ដល់​ក្រុម​យុវជន​ជំនាន់​ក្រោយ​។

បន្ថែម​ពីនេះ​ លោក​បញ្ជាក់​ថា​ ខាង​ក្រសួង​នឹង​ស្នើ​យក​វីដេអូ​ខ្លី​ទាំងនោះ​ ទៅ​ចាក់​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍​ជាតិ​ផង​ដែរ​។

រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រ និងបញ្ចាំងវីដេអូឯកសារនៅបុប្ផាណា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

លោក​ ជា​ ច័ន្ទ​បរិបូរណ៍​ មានប្រសាសន៍​ថា​៖ «ចំណុច​មួយទៀត​ ក្រសួងព័ត៌មាន​តាង​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ស្នើសុំ​វីដេអូ​ខ្លី​ៗនេះ​ទៅ​ចាក់​ផ្សាយ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​។ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​របស់​យើង​មាន​ទូរទស្សន៍​ជាតិ​ និង​វិទ្យុជាតិ​ ប៉ុន្តែ​ វិទ្យុ​មិន​អាច​មាន​រូបភាព​បានទេ​។ អ៊ីចឹង​ យើង​ត្រូវ​យក​ទៅ​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​ជាតិ​»

យុវតី​មាន​វ័យ​ជាង​ ២០ឆ្នាំ ​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​ម្ចាស់​ស្នាដៃ​រឿង​ «រសាត់​» កញ្ញា​ ហេង​ មិនា​ បាន​លើកឡើង​ថា​ រឿង​របស់​ខ្លួន​ គឺ​បង្ហាញ​ពី​គ្រួសារ​ក្រីក្រ​មួយ​មាន​សមាជិក​ ៣នាក់​ ខំប្រឹង​រកស៊ី​ជា​អ្នក​អូស​រទេះដឹកអីវ៉ាន់​ឱ្យ​ភ្ញៀវ​នៅ​ព្រំដែន​ ប៉ុន្តែ​ គ្មាន​ផ្ទះសម្បែង​ ពោល​គឺ​រស់នៅ​សុំ​អាស្រ័យ​លើ​ដី​ទំនេរ​របស់​គេ​ និង​រទេះរុញ​មួយ​ប៉ុណ្ណោះ​។

កញ្ញា​បន្ត​ថា​ គ្រួសារ​ក្រីក្រ​មួយ​នេះ​ តែង​មានបំណង​ចង់ទៅ​ធ្វើការងារ​នៅ​ស្រុក​ថៃ​ ទាំង​ប្រថុយប្រថាន​ ប៉ុន្តែ​ ពួកគេ​សម្រេចចិត្ត​មិនទៅ​វិញ​ ក្រោយ​មាន​អ្នក​ពន្យល់​ពី​បញ្ហា​ប្រឈម​នៅ​ស្រុក​ថៃ​។

យុវតី​រូប​នេះ​ សង្ឃឹមថា​ រាល់​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ក្រីក្រ​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ ពិសេស​ស្ត្រី​ និង​កុមារ​ នឹង​ត្រូវ​បាន​ដោះស្រាយ​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ទស្សនា​វីដេអូ​របស់​ពួកគាត់​រួច​។

ជាស្ត្រីមានវ័យជាង២០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យនិងជាម្ចាស់ស្នាដៃរឿងរសាត់ កញ្ញា ហេង មិនា។ (សូត សុខប្រាថ្នា/ ១០ មករា ២០២០)

កញ្ញា​ ហេង​ មិនា​ ប្រាប់​ថា​៖ «ខ្ញុំ​សង្ឃឹម​ខ្លះ​ដែរ​បង​ ព្រោះអី​ខ្ញុំ​មិន​ចង់ឱ្យ​ប្រជាជន​ខ្មែរយើង​ គាត់​អត់មាន​លំនៅឋាន​ហើយ​ គាត់​អត់មាន​ការងារ​ដើម្បី​ចិញ្ចឹម​កូន​គាត់​ ហើយ​គ្មានអ្វី​ផ្គត់ផ្គង់​ឱ្យ​កូន​គាត់​បាន​រៀន​ទេ​។ ដើម្បី​ឱ្យ​ប្រទេស​យើង​មានការ​អភិវឌ្ឍ ខ្ញុំ​ចង់ឱ្យ​មាន​ការងារ​មួយ​នៅក្នុង​ស្រុក​ រស់នៅ​ជួបជុំ​គ្រួសារ​ ហើយ​មាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា ​លោក​ ជា​ សុភាព​ ប្រាប់​ថា​ ភាពយន្តឯកសារ​ចំនួន​ ៨រឿង​នោះ​ ផលិត​ឡើង​ដោយ​សិក្ខាកាម​ទាំង១២រូប​ ក្រោម​គម្រោង​ «ការ​បន្លឺ​សំឡេង​របស់​ស្ត្រីជន​ជាតិ​ដើម​ភាគតិច​ និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​រើសអើង​»

លោក​បន្ត​ថា​ គម្រោង​បាន​ផ្តល់​អាហារូបករណ៍​ពេញ​ដល់​សិក្ខាកាម​ចំនួន​ ១២រូប​ជា​ជនជាតិ​ខ្មែរ​ និង​ជនជាតិ​ដើម​ភាគតិច​ មក​ពី​ខេត្ត​គោលដៅ​ចំនួន​ ៣ រួមមាន ​ខេត្តរតនគិរី​ មណ្ឌលគិរី​ និង​ខេត្ត​បន្ទាយមានជ័យ​។

នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា លោក ជា សុភាព។(សូត សុខប្រាថ្នា/ ១០ មករា ២០២០)

លោក​ ជា​ សុភាព​ បន្ថែម​ថា​ គម្រោង​នេះ​មាន​គោ​លបំ​ណងប​ណ្ដុះ​ជំនាញ​ផលិត​វីដេអូ​ឯក​សារ​ខ្លី​ៗ និង​ជំនាញ​ផ្សេងទៀត​ ហើយ​ផ្តល់​ឱកាស​ដល់​ក្រុម​យុវជន​ទាំងនោះ​ អាច​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុង​សហគមន៍​របស់​ពួកគេ​ទៅ​សាធារណជន​ ឬរដ្ឋាភិបាល​ ដើម្បី​ជជែក​ពិភាក្សា​គ្នា​ឈាន​ទៅ​រក​ដំណោះស្រាយ​។

លោក​ សុភាព​ និយាយ​ថា​៖ «គម្រោង​នេះ​មាន​គោលបំណង​លើកកម្ពស់​សិទ្ធិ​ និង​ផ្តល់​ឱកាស​ ដល់​ស្ត្រីជន​ជាតិ​ដើម​ភាគតិច​ និង​ក្រុម​ដែល​ត្រូវ​បាន​គេ​រើសអើង​ ដើម្បី​បញ្ចេញ​សំឡេង​ និង​លើកយក​បញ្ហា​មួយចំនួន​ដែល​កំពុងតែ​កើតឡើង​ចំពោះ​គាត់​ ឬសហគមន៍​របស់​ពួកគាត់​ផ្ទាល់​ មក​បង្ហាញ​តាមរយៈ​ភាពយន្តឯកសារ​ ដែល​ភាពយន្តឯកសារ​ទាំងអស់​នោះ​ត្រូវ​ផលិត​ឡើង​ដោយ​យុវជន​ជ្រើសរើស​ចេញពី​សហគមន៍​របស់​ពួកគាត់​ផ្ទាល់»

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្លាប់​អះអាង​ថា​ នឹង​មិន​បណ្ដោ​យឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់ពោះ​ស្លាប់​នោះ​ឡើយ​ ហើយ​លោក​ក៏​តែងតែ​លើកឡើង​អំពី​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ជាលំដាប់​។

ជាក់ស្តែង​ ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​អង្គការសហប្រជាជាតិ​ កាលពី​ខែឧសភា​ឆ្នាំមុន​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ បន្ត​ធ្លាក់ចុះ​ពី​ ៥៣ភាគរយ​ ក្នុង​ឆ្នាំ២០០៤​ មក​ត្រឹម​ ១៣.៥ភាគរយ​ក្នុង​ឆ្នាំ២០១៤​ ហើយ​លោក​ប៉ាន់ស្មាន​ថា​ ភាព​ក្រីក្រ​បាន​បន្ត​ធ្លាក់​មក​នៅ​រង្វង់​ ១០ភាគរយ​កាលពី​ឆ្នាំ២០១៩​។

យ៉ាងណាក៏ដោយ​ កាលពី​ខែសីហា​ឆ្នាំមុន​ អត្ថបទ​មួយ​ស្ដី​ពី​កម្មវិធី​អង្គការ​យូនី​សេ​ហ្វ​ (UNICEF​) សម្រាប់​ឆ្នាំ២០១៩​ -២០២៣​ បានឱ្យ​ដឹង​ថា​ ខណៈ​ដែល​កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជាក់លាក់​ វឌ្ឍនភាព​ទាំងនេះ​ ពុំ​ត្រូវ​បាន​បែងចែក​ឱ្យ​ស្មើភាព​គ្នា​នោះ​ឡើយ​។

យូនី​សេ​ហ្វ​ លើកឡើង​ថា​ ដោយមាន​ភាព​ខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​រវាង​តំបន់ជនបទ​ និង​តំបន់​ប្រជុំជន​ រវាង​កុមារ​ដែល​មាន​ពិការភាព​ និង​កុមារ​ដែល​ពុំ​មាន​ពិការភាព​ និង​រវាង​គ្រួសារ​ដែល​មានជីវភាព​ធូរធារ​ និង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​។

អង្គការ​នេះ​បន្ថែម​ថា​ បញ្ហា​ប្រឈម​នៅតែ​បន្ត​កើតមាន​ចំពោះ​កុមារ​ និង​ស្ត្រី​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ពួកគេ​អាច​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ខណៈ​ដែល​ក្នុង​ឆ្នាំ២០០៩​ ប្រទេស​កម្ពុជា​បានសម្រេច​គោលដៅ​អភិវឌ្ឍន៍​សហ​សវ​ត្សរ៍​ ដោយ​បាន​កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យ​នៅ​ពាក់​កណ្ដា​ល។

ប៉ុន្តែ​ យូនី​សេ​ហ្វ​ អះអាង​ថា​ បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ជាង​ ៤លាន​ ៥សែន​នាក់​ កំពុង​រស់នៅ​កៀក​នឹង​បន្ទាត់​នៃ​ភាព​ក្រីក្រ​ ហើយ​ពួកគេ​មួយភាគធំ​ រស់នៅ​តាម​តំបន់ជនបទ​ដែល​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​នៅពេល​ដែល​ពួកគេ​ប្រឈម​នឹង​វិបត្តិ​សង្គម​សេដ្ឋកិច្ច​ និង​គ្រោះមហន្តរាយ​ធម្មជាតិ​កើតឡើង​។

អង្គការ​អន្តរជាតិ​មួយ​នេះ​ លើកឡើង​ថា​ ភាព​ក្រីក្រ​ គឺជា​បាតុភូត​ចម្រុះ​ ដែល​ប៉ះពាល់​លើ​ផ្នែក​ជាច្រើន​នៃ​ជីវិត​ ដូចជា​ សុខភាព​ អប់រំ​ និង​ការចូលរួម​ជាដើម​។

ដោយឡែក ​អង្គការ​នេះ​ រក​ឃើញថា​ ការ​ធ្វើ​ចំណាកស្រុក​កើតមាន​ជាទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​បច្ចុប្បន្ន​ មាន​ប្រជាពលរដ្ឋ​ជាង​ ៤លាន​ ២សែន​នាក់​ ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ ក្នុង​នោះ​ជិត​ ១០ភាគរយ​ ជា​ក្មេង​ជំទង់​អាយុ​ចន្លោះ​ពី​១០​ ទៅ​១៩ឆ្នាំ​។ អ្វី​ដែល​អង្គការ​នេះ​ព្រួយបារម្ភ​ ហើយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗនោះ​ គឺ​ចំនួន​កុមារ​ដែល​ត្រូវ​បាន​ទុកចោល​ឱ្យ​ជីដូនជីតា​ថែទាំ​ ដែល​ប្រហែលជា​មិន​អាច​ផ្តល់​ការថែទាំ​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​កុមារ​ទាំងនោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ