តំណាង​អ្នកមាន​ជម្លោះ​ដី​ធ្លី​នៅប​.ជ័យ​ចោទ​សមត្ថកិច្ច​ធ្វើទារុណកម្ម​បង្ខំ​យក​ចម្លើយ​

(ឆ្វេង) លោក​ នូវ​ នឿន​ តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស៣នាក់​ ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ថ្ងៃទី​១២​ ខែ​មករា​ ករណីមន្ត្រីកងរាជអាវុធហត្ថធ្វើទារុណកម្មយកចម្លើយសារភាព។ (ស្ដាំ) មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ សរ ប៊ុនសឿង ដែលរងការចោទប្រកាន់ប្រើអំពើហិង្សា។ (រូបផ្តល់ដោយ សមាគមអាដហុកខេត្តបន្ទាយមានជ័យ)

តំណាង​អ្នកមាន​ជម្លោះដីធ្លី៣នាក់​ដែល​នៅ​មានជីវិត​ ក្រោយពេល​តំណាង​ម្នាក់ទៀត​ដែល​ជាប់ឃុំ​ជាមួយគ្នា​បាន​ស្លាប់​កាលពីដើម​ខែ​នេះ​ បាន​ដាក់ពាក្យ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ថា​បាន​វាយ​ធ្វើទារុណកម្ម​លើ​ក្រុម​លោក ​ដើម្បី​បង្ខំ​យក​ចម្លើយ​សារភាព​។

កាលពី​ថ្ងៃទី២៨ ខែធ្នូ ​ឆ្នាំ២០១៩​ ប្រជាពលរដ្ឋ​ប្រមាណ២០០នាក់​ តំណាង​ឱ្យ៦០០គ្រួសារ​ មក​ពី​ឃុំ​ចង្ហា​រ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ តវ៉ា​នៅមុខ​សាលាខេត្ត​ក្នុង​ជម្លោះដីធ្លី​ បន្ទាប់​សមត្ថកិច្ច​ចាប់​តំណាង​របស់​ពួកគាត់៥នាក់​ឃុំខ្លួន​។ លុះ​រហូតដល់​ថ្ងៃទី១ ខែមករា​ ឆ្នាំ២០២០​ តំណាង​ម្នាក់​ក្នុង​តំណោ​មនោះ​ ឈ្មោះ​ ទុយ​ ស្រស់​ បាន​ស្លាប់​ ដោយខេត្ត​បញ្ជាក់​ថា​ ដោយសារតែ​បញ្ហា​ញៀន​ស្រា​ ប៉ុន្តែ ​អ្នកជាប់ឃុំ​ជាមួយ​ ចោទ​ថា​ ដោយសារ​ការ​ធ្វើទារុណកម្ម​។

ទោះយ៉ាងណា ជុំវិញករណីស្លាប់លោក ទុយ ស្រស់នេះ អ្នកជាប់ឃុំជាមួយអះអាងថា បានឃើញផ្ទាល់ភ្នែកករណីវាយធ្វើទារុណកម្មពីកម្លាំងសមត្ថកិច្ច។​

លោក​ នូវ​ នឿន​ តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស៣នាក់​ ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ថ្ងៃទី​១២​ ខែ​មករា​ បាន​ប្រាប់​វី​អូ​ឌី​ តាម​ទូរសព្ទ​ថា​ ការស្វែងរក​កិច្ច​អន្តរាគមន៍​តាមរយៈ​មេធាវី​ អង្គការ​មិនមែន​រដ្ឋាភិបាល​នៅពេល​នេះ​ គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ផ្ទាល់​ និង​មនុស្ស​ផ្សេងទៀត​។ បើ​តាម​លោក​ នឿន​ ក្នុងអំឡុងពេល​ចាប់​ និង​ឃុំខ្លួន​នោះ​ គឺ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​វាយ​ធ្វើបាប​ពួកគាត់​ស្ទើរ​ស្លាប់​។

លោក​ នូវ​ នឿន​ តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស៣នាក់​ ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ថ្ងៃទី​១២​ ខែ​មករា​ ករណីមន្ត្រីកងរាជអាវុធហត្ថធ្វើទារុណកម្មយកចម្លើយសារភាព។
លោក​ នូវ​ នឿន​ តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស៣នាក់​ ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ថ្ងៃទី​១២​ ខែ​មករា​ ករណីមន្ត្រីកងរាជអាវុធហត្ថធ្វើទារុណកម្មយកចម្លើយសារភាព។ (រូបផ្តល់ដោយ សមាគមអាដហុកខេត្តបន្ទាយមានជ័យ)

លោក​បន្ថែម​ថា​៖ «ដាក់ខ្នោះ​រួច​រុញ​ចូលក្នុង​ឡាន ​វ៉ៃ​បន្ថែម​ បុក​បន្ថែម​ កាច់ក​ និង​វ៉ៃពីមុខ​។ អ៊ីចឹង​ ពួក​ខ្ញុំ​ត្រូវ​បាន​គេ​រុញ​ចូលក្នុង​ឡាន​ទាំង៥នាក់ ​រួច​យក​ពួក​ខ្ញុំ​ទម្លាក់​នៅមុខ​ដងទង់​ជាតិ​។ ខ្ញុំ​ស្មានថា ​ឱ្យ​ពួក​ខ្ញុំ​គោរព​ទង់ជាតិ​។ ពួក​ខ្ញុំ គេ​តម្រូវ​ឱ្យ​អង្គុយ​នៅមុខ​ដងទង់​ជាតិ​ហ្នឹង​តែម្ដង​។ បន្ទាប់មក ​គេ​ឱ្យ​តម្រៀបជួរ​គ្នា​ ហើយ​ចាប់ផ្ដើម​ទាត់​វ៉ៃម្នា​ក់ៗ​បី​បួន​ជើង​ៗ។ បើ​ខ្ញុំ​វិញ​គេ​ (ប៉េអឹម​) ទាត់​បី​ជើង​ រួច​ថែម១ដៃ​ទៀត ​របូត​ធ្មេញ​មួយ​ចំហៀង​»

នៅ​ព្រឹក​ថ្ងៃទី​១២​ ខែ​មករា​ សកម្មជន​ដីធ្លី​ ៣នាក់ ​រួមមាន ​លោក​ អាន​ រួន​ លោក​ នូវ​ នឿន​ និង​លោក​ ហ៊ឹម​ គីរី​ បាន​ស្នើសុំ​មេធាវី​ពី​ខាង​សមាគម​អាដ​ហុក​។ លោក​ អាន​ រួន​ បញ្ជាក់​ថា​ ការពឹងពាក់​មេធាវី​ពី​អង្គការ​សង្គម​ស៊ីវិល​នៅពេល​នេះ​ គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​ពួកគាត់​ អាច​មានលទ្ធភាព​ក្នុង​ការ​តតាំង​តាមផ្លូវ​ច្បាប់​នៅ​តុលាការ​ នា​ពេល​ខាងមុខ​។

សកម្មជនដីធ្លីទាំង3នាក់ ដាក់ពាក្យបណ្តឹងនៅ សមាគមអាដហុក កាលពីព្រឹកថ្ងៃទី១២ ខែមករា។
សកម្មជនដីធ្លីទាំង3នាក់ ដាក់ពាក្យបណ្តឹងនៅ សមាគមអាដហុក កាលពីព្រឹកថ្ងៃទី១២ ខែមករា។ (រូបផ្តល់ដោយ សមាគមអាដហុកខេត្តបន្ទាយមានជ័យ)

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដ​ហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ ស៊ុំ​ ចន្ទ​គា​ ឱ្យ​ដឹង​ថា​ ពេលនេះ​បណ្ដឹង​របស់​ជនរងគ្រោះ​ទាំង៣នាក់​ ខាង​លោក​បាន​ទទួល​ហើយ​។

លោក​ នូវ​ នឿន​ បញ្ជាក់​ថា​ ក្នុងចំណោម​តំណាង៥នាក់​ ដែល​ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ គឺ​មានតែ៣នាក់​ប៉ុណ្ណោះ​ សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​ ប្រឆាំង​ការ​ធ្វើទារុណកម្ម​នេះ​ ចំណែក​អ្នក​ផ្សេងទៀត ​លោក​មិនបាន​ដឹង​ថា​ មាន​មូលហេតុ​អ្វី​បាន​ពួកគេ​មិន​ប្តឹង​។ លោក​ដាក់​ការសង្ស័យ​ថា​ អ្នក​ទាំងនោះ​មានការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​។

អ្នកស្រី ប៊ុយ គីមឡាក់ ភរិយាលោក ទុយ ស្រស់ និងលោក យិប ម៉ក់ តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ គឺមិនអាចទាក់ទងតាមទូរសព្ទដើម្បីសាកសួរជុំវិញមូលហេតុមិនដាក់ពាក្យប្តឹងបានទេ ដោយទូរសព្ទហៅមិនចូលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។​

ទាក់ទង​នឹង​សុវត្ថិភាព​នេះ​ដែរ​ តំណាង​ទាំង៣នាក់​ ដែល​មក​ស្នើសុំ​មេធាវី​ និង​ដាក់ពាក្យ​បណ្ដឹង​នៅ​ការិយាល័យ​ អាដ​ហុក​ អះអាង​ថា​ ពេលនេះ​មាន​មនុស្ស​ស្លៀក​ស៊ីវិល​ តាម​ឃ្លាំមើល​ពួកគាត់​ជាប្រចាំ​។

ទាក់ទង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ សកម្មជន​ដីធ្លី​បាន​អះអាង​ថា​ អ្នក​ដែល​បញ្ជា​ឱ្យ​វាយ​ធ្វើបាប​ និង​ទាត់​ធាក់​ពួកគេ​ គឺជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ ឈ្មោះ​ សរ​ ប៊ុ​នសឿង​។ ប្រភព​បន្ថែម​ថា​ លោក​ ប៊ុ​នសឿង​ ក្រៅពី​បញ្ជា​ឱ្យ​កូនចៅ​វាយ​ និង​ធ្វើទារុណកម្ម​យក​ចម្លើយ​ហើយ​ មន្ត្រី​រូប​នេះ​ បាន​ប្រើ​ហិង្សា​ដោយខ្លួនឯង​មក​លើ​ពួកគាត់​ជា​អ្នក​តវ៉ា​រឿង​ដីធ្លី​ផ្ទាល់​ថែមទៀត​។

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ សរ ប៊ុនសឿង ដែលរងការចោទប្រកាន់ប្រើអំពើហិង្សា។
មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ សរ ប៊ុនសឿង ដែលរងការចោទប្រកាន់ប្រើអំពើហិង្សា។ (រូបផ្តល់ដោយ សមាគមអាដហុកខេត្តបន្ទាយមានជ័យ)

លោក​ អាន​ រួន​ តំណាង​ម្នាក់​ក្នុងចំណោម​សកម្មជន​ទាំង​ ៥នាក់​ ថ្លែង​ថា​ លោក​ត្រូវ​បាន​លោក​ សរ​ ប៊ុ​នសឿង​ ចាប់​ទះកំផ្លៀង​ និង​វាយបត់​កក្នុង​បំណង​ឱ្យ​ស្លាប់​ មុននឹង​ត្រូវ​បញ្ជូន​ចូល​ទៅ​ក្នុង​រថយន្ត​។ លោក​បន្ត​ថា​ ក្នុងអំឡុងពេល​ឃុំខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ មេបញ្ជាការ​រង​រូប​នេះ​ បាន​បញ្ជា​ឱ្យ​កូនចៅ​ វាយ​សួរចម្លើយ​បន្ថែម​ទៀត​ ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​មក​លើ​ពួកគាត់​។

លោក​បន្ថែម​ថា​៖ «គ្នាគេ​បី​បួន​នាក់ ​រើ​ម៉េច​ឈ្នះ​។ គេ​ដា​ក់​យកៗ​ (វាយ​) ខ្ញុំ​ឡើងឈាម​ក្បាល​ជោគ​អាវ​អស់​។វាយ​ខ្ញុំ​ឡើង​រយៈ​ត្របកភ្នែក​អស់​។ អុក​ជង្គង់​ អុក​ជង្គង់​ឡើង​ឆ្អឹងខ្នង​ និង​អូស​វ៉ៃ​ពីលើ​ក្បាល​ថែមទៀត ​រួចហើយ​ដាក់​មួក​សុវត្ថិភាព​ រួច​អូស​ ហើយ​កាច់ក​ខ្ញុំ​បំបាក់​។ វ៉ៃនេះ​វ៉ៃ​មែនទែន​ វ៉ៃយក​ឱ្យ​ងាប់​តែម្ដង​។ មកដល់​ខាងក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ លោក​ ប៊ុ​នសឿង​ គេ​វ៉ៃថែមទៀត​។ ម្នាក់​ថែម​បី​បួន​ជើង​ទៀត​ ទប់​គ្នា​ហ្នឹងឯង​។»

វី​អូ​ឌី​ មិន​អាច​ស្វែង​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​ពី​លោក​ សរ​ ប៊ុ​នសឿង​ ដែល​ត្រូវជា​មេបញ្ជាការ​រង​ប៉េអិម​ខេត្ត​បន្ទាយមានជ័យ​បានទេ​។ ស្រប​ពេល​លោក​ ប៊ន​ ប៊ិន​ មេបញ្ជាការ​ប៉េអិម​ខេត្ត​ ទូរសព្ទ​មិន​អាច​ទាក់ទង​បាន​ ក្នុងរយៈពេល៥ថ្ងៃ​មកនេះ​។

បើ​ទោះជា​បែប​ណា​ សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ មន្ត្រី​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​ បញ្ជាក់​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​ ប្រឆាំង​ការ​ធ្វើទារុណកម្ម​ភ្លាម​ដែរ​។ បើ​តាម​គម្រោង​គណៈកម្មការ​ដែល​មាន​សមាសភាព​ចំនួន៩រូប​ មាន​ លោក​ នុត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​នេះ​ អាច​នឹង​បើក​ការស៊ើបអង្កេត​នៅដើម​សប្តាហ៍​។

ស្រប​ពេល​គណៈកម្មការ​ថ្នាក់​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បើកផ្លូវ​ឱ្យ​មានការ​ស៊ើបអង្កេត​ សង្គម​ស៊ីវិល​ក្នុង​តំបន់​នោះ​ឱ្យ​ដឹង​ថា​ មន្ត្រី​អង្គការ​ UN​ ផ្នែក​សិទ្ធិមនុស្ស​ ក៏បាន​ចុះ​ស្រាវជ្រាវ​ និង​សួរដេញដោល​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ​ អំពី​អំពើ​ទារុណកម្ម​នេះ​ដែរ​។

បើ​ទោះជាយ៉ាងណា​ វី​អូ​ឌី​ បាន​ព្យាយាម​ទាក់ទង​តាម​ទូរសព្ទ​ជាច្រើន​ដង​ទៅ​តំណាង​អយ្យការ​ លោក​ មាស​ ចាន់​ពិសិដ្ឋ​ នៅ​ថ្ងៃទី​១២​ ខែ​មករា​ ប៉ុន្តែ​ មិន​មានការ​ឆ្លើយតប​។ ដោយឡែក​ លោក​ តុប​ សុភី​ ប្រធាន​ផ្នែក​នីតិកម្ម​ និង​ជំនួយ​ផ្នែក​ច្បាប់​ នៃ​គណៈកម្មការ​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ធ្វើទារុណកម្ម​ ប្រាប់​ថា​ គោលដៅ​នៃ​ប្រតិបត្តិ​ការ​នេះ​ គឺ​នឹង​ត្រូវ​ជួប​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ចំពោះ​រឿងក្ដី​នេះ​។

ប៉ុន្តែ​ មន្ត្រី​ជំនាញ​រូប​នេះ​ មិន​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​ថា​ នឹង​ត្រូវ​ដោះស្រាយ​តាមវិធី​ណា​ បើ​រក​ឃើញថា​ពិតជា​មាន​បទល្មើស​កើតឡើង​ ប្រឆាំង​នឹង​មន្ត្រី​កំពុង​បំពេញមុខ​ងារ​ ហើយ​ប្រព្រឹត្ត​បទល្មើស​មែន​។ បើ​តាម​លោក​ សុភី​ បញ្ជាក់​ថា​ ក្រោយពី​បើក​ការស៊ើបអង្កេត​រួច​ នឹង​បញ្ជូន​របាយការណ៍​ស្រាវជ្រាវ​នេះ​ទៅ​អង្គភាព​ និង​រដ្ឋាភិបាល​វិញ​ ដើម្បី​ធ្វើ​សេចក្ដីសម្រេច​។

លោក​បន្ថែម​ថា​៖ «ក្នុងករណី​ដែល​យើង​សិក្សា​ឃើញថា​ វា​មាន​បញ្ហា​កើត​ចេញពី​ការអនុវត្ត​របស់​មន្ត្រី​សម្រាប់​ខ្ញុំ​ជាម​ន្ត្រី​បច្ចេកទេស​ ខ្ញុំ​នឹង​លើក​សំណើ​ទៅ​ថ្នាក់​តាម​ឋានានុក្រម​ ដើម្បី​ឱ្យ​គាត់​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។ សម្រាប់​ពួក​ខ្ញុំ​ ជា​ការងារ​ ពួក​ខ្ញុំ​នឹង​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ បន្ទាប់មក​ទៅពេទ្យ​បង្អែក​ ដើម្បី​ប្រមូល​ព័ត៌មាន​មួយចំនួន ​ត្រូវ​មាន​មូលដ្ឋាន​មុននឹង​ទៅ​ជួប​មន្ត្រី​ដែល​ជា​កងរាជអាវុធហត្ថ​»

ប្រទេស​កម្ពុជា​ ក្រោយ​ឆ្នាំ១៩៩៣​ បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​វិធីសារ​ កតិកាសញ្ញា​ និង​អនុសញ្ញា​អន្តរជាតិ​ជាច្រើន​ ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ អនុសញ្ញា​នៃ​ការ​ធ្វើទារុណកម្ម​ ព្រមទាំង​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស។ នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​ និង​ទណ្ឌកម្ម​ផ្សេងទៀត​ ដែល​ឃោរឃៅ​ និង​អមនុស្សធម៌​ ត្រូវ​បាន​អនុម័ត​កាលពី​ខែ​ធ្នូ​ ឆ្នាំ១៩៨៤​។

កម្ពុជា​ដែល​ជារ​ដ្ឋ​នៃ​ភាគី​ ក៏បាន​ទទួលយក​សេចក្ដីសម្រេច​នេះ​ក្នុងឋានៈជា​ប្រទេស​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ដែរ​។

មាត្រា១នៃ​អនុសញ្ញា​នេះ​បញ្ជាក់​ថា​”ទារុណកម្ម​“មានន័យថា ​អំពើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឱ្យ​មានការ​ឈឺចាប់​ ឬរងទុក្ខ​យ៉ាង​ខ្លាំង​ ទោះ​ផ្លូវកាយ​ ឬផ្លូវចិត្ត​ក្ដី​ ដែល​ត្រូវ​បាន​បង្កឡើង​ដោយចេតនា​ទៅលើ​ជន​ណា​ម្នាក់​ ឬតតិយជន​ណា​ម្នាក់​។ មាត្រា​២ នៃ​អនុសញ្ញា​នេះ​សង្កត់ធ្ងន់​ថា​ រដ្ឋ​ភាគី​ត្រូវ​ចាត់វិធានការ​ខាង​ផ្លូវច្បាប់​ រដ្ឋបាល​ តុលាការ​ និង​វិធានការ​ផ្សេងទៀត​ ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ទារុណកម្ម​នៅ​លើ​ដែនដី​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​។

លោក​ ស៊ុំ​ ចន្ទ​គា​ មានប្រសាសន៍​ថា​ សមាគម​របស់​លោក​បាន​ទទួល​ទាំង​ពាក្យបណ្ដឹង​ និង​សំណើសុំ​មេធាវី​ពី​ជនរងគ្រោះ​រួចហើយ​។ លោក​បន្ត​ថា​ ក្រោយពី​ទទួល​បាន​សំណើ​នេះ​ សមាគម​អាដ​ហុក​ នឹង​រៀបចំ​មេធាវី​ ដើម្បី​ការពារ​ក្ដី​ឱ្យ​ជនរងគ្រោះ​ដែរ​។ ក្នុង​ន័យ​នេះ​ លោក​ ចន្ទ​គា​ យល់ឃើញ​ថា​ គោលបំណង​សំខាន់​នៃ​ការ​ដាក់​មេធាវី​នេះ​ គឺ​ត្រូវ​ប្រាកដ​ថា​ ផលប្រយោជន៍​នឹង​បាន​ទៅលើ​ជនរងគ្រោះ​។ ជាង​នេះ​ទៀត​ មិន​ត្រូវ​ឱ្យ​ខ្លឹមសារ​នៃ​ច្បាប់​ ត្រូវការ​ពារ​ទៅលើ​ជន​ណាមួយ​ ឬបម្រើ​ឱ្យ​បុគ្គល​ដែល​មានប្រៀបលើ​ច្បាប់​ ក្នុង​ហេតុផល​អាក្រក់​ឡើយ​។

លោក​បន្ថែម​ថា​៖ «អ៊ីចឹង ​យើង​សង្ឃឹមថា ​អំណាច​តុលាការ​នេះ​នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ ដើម្បី​កុំ​ឱ្យ​ច្បាប់​ហ្នឹង​វា​មាន​ស្តង់ដារ​ពីរ​។ ទី១ អ្នកមាន​ចេះតែ​រួចខ្លួន​ ផុត​ទុក្ខ​ផុត​ភ័យ ​គ្មាន​ពីណា​ចោទប្រកាន់​ មាន​លុយ​ មានអំណាច​ ចេះតែ​រួចខ្លួន​ទៅ​។ ចំណែក​អ្នកក្រ​វិញ​ ចេះតែ​ជាប់គុក​ទៅ​ គ្រាន់តែ​ជេរ​គេ​មួយ​មាត់​ ក៏​គុក​ទៅ​។អាហ្នឹង​កុំ​ឱ្យ​មាន​វា​មាន​ស្តង់ដារ​ពីរ​»

លោក​ នូវ​ រឿន​ ដែល​ជា​តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស​ទាំង៥នាក់​ បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ដាក់ពាក្យ​បណ្ដឹង​នៅពេល​នេះ​ គោលដៅ​សំខាន់​គឺ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ខ្លួន​ផង​ និង​យុត្តិធម៌​សម្រាប់​មនុស្ស​ទូទៅ​ផង​។ជាង​នេះ​ទៀត​ សកម្មជន​ដីធ្លី​រូប​នេះ​ រំពឹង​ថា​ មន្ត្រី​ដែល​ស្ថិតនៅ​ក្នុង​មុខងារ​ ព្រមទាំង​រដ្ឋាភិបាល​គួរ​អនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព​។ មិន​តែប៉ុណ្ណោះ​ អ្វី​ដែល​លោក​ចង់​ឃើញ​ជាង​នេះ​ទៀត​នោះ​ គឺ​ប្រទេស​កម្ពុជា​អាច​នឹង​កសាង​បាន​នូវ​យុត្តិធម៌​សង្គម​មួយ​ពិតប្រាកដ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ