អ្នកជាប់ឃុំអះអាងថាឃើញផ្ទាល់ភ្នែកសមត្ថកិច្ចខេត្តប.ជ័យវាយតំណាងគាត់ដល់ស្លាប់

លោក ទុយ ស្រស់ តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅបន្ទាយមានជ័យដែលស្លាប់ពេលឃុំឃាំងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ (រូប ហ្វេសប៊ុក Ah Sangha)

អ្នកជាប់ឃុំជាមួយគ្នា ករណីជម្លោះដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ អះអាងថា ពួកគេបានឃើញ និងឮផ្ទាល់ ករណីសមត្ថកិច្ចខេត្តនេះវាយធ្វើទារុណកម្មបន្តបន្ទាប់លើតំណាងរបស់ពួកគេឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។​

នេះបើតាមការអះអាងរបស់សកម្មជនដីធ្លីម្នាក់ដែលសមត្ថកិច្ចខេត្តបន្ទាយជ័យចាប់ឃុំខ្លួនជាមួយលោក ទុយ ស្រស់ ក្នុងចំណោមសកម្មជនដីធ្លី៥នាក់។​

ប្រភព​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ បានថ្លែងកាល​ពី​ថ្ងៃ​ទី៩ ខែមករា ថា លោក ទុយ ស្រស់ មិន​មែន​ស្លាប់​ដោយ​សារ​ជំងឺ​ទេ។ ប៉ុន្តែលោកថា ​មរណភាព​របស់​អតីត​សកម្មជន​ដីធ្លី​រូប​នេះ ព្រោះ​តែ​ត្រូវ​ទទួល​ការ​វាយ​ដំធ្ងន់ធ្ងរ​ពេក។ ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន៣ថ្ងៃ នៅ​ទី​បញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត លោក ទុយ ស្រស់ ត្រូវ​បាន​គេ​ដាក់​វេន​គ្នា ទាត់​ធាក់​គ្មាន​លោះ​ពេល​ឡើយ ដើម្បី​យក​ចម្លើយ​។

លោក​បន្ថែម​ថា៖ «ទី​មួយ ​វ៉ៃ(វាយ)នៅ​កន្លែង​ប៉េអ៊ឹម​មុន​ចាប់។ ចាប់​រួច​ហើយ​ វ៉ៃតែម្ដង។ ចាប់​ហើយ​ដាក់​ខ្នោះ ដាក់​ខ្នោះ​រួច​ហើយ​បាន​យក​មក​ដាក់​ឡាន ដាក់​ឡាន​រួច​ហើយ​យក​វ៉ៃនៅ​បន្ទាយ​ប៉េអ៊ឹម​ទៀត។ នៅ​ពន្ធនាគារ​ប៉េអ៊ឹម​វ៉ៃទៀត។ វ៉ៃតាំង​ពី​ម៉ោង ៩យប់ រហូត​ដល់​ភ្លឺ។ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ​វ៉ៃរហូត ​ចន្លោះ​តែ​មួយ​ថ្ងៃ​ទេ​គឺ​ថ្ងៃ​ទី៣០។ វ៉ៃ​ស្មើ​ៗ​គ្នា​ទេ តែ​វ៉ៃខ្លាំង​ជាង​គេ​គឺ ទុយ ស្រស់។ វ៉ៃទល់​ភ្លឺ​តែម្ដង គឺ​ដាក់​វេន​គ្នា​វ៉ៃ។ ឧទាហរណ៍​ ដល់​វេន​ខ្ញុំ​ដេក មាន​អ្នក​ផ្សេង​ទៀត​មក​៉ៃ​ទៅ រហូត​ដល់​សន្លប់»

ទាក់ទិន​រឿង​នេះ កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​ប្រមាណ២០០នាក់ មក​ពី​ឃុំចង្ហា ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​បន្ទាយមានជ័យ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​នេះកើត​មាន​ឡើង ​ក្រោយ​ពី​អ្នក​ភូមិ​អះអាង​ថា កាល​ពី​ថ្ងៃ​ទី២៦ ខែធ្នូ អភិបាល​ខេត្ត​លោក អ៊ុំ រាត្រី បាន​បញ្ជា​កម្លាំង​ចម្រុះ រុះរើ និង​ដុត​លំនៅឋាន​របស់​អ្នក​ភូមិ​ដែល​ស្ថិត​នៅ​ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ។

អ្នក​ស្រី ប៊ុយ គីមឡាក់ ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក ទុយ ស្រស់ រស់​នៅ​ភូមិ​ជ្រៃ បញ្ជាក់​ថា ​ចំណាត់​ការ​របស់​អាជ្ញាធរ​ប្រឆាំង​ពលរដ្ឋ​ប្រមាណ ២០០គ្រួសារ​នេះ​ដោយ​ចោទ​ថា ជា​អ្នក​ដែល​ចូល​ទៅ​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ។

មនុស្ស​ទាំង​៥នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ២០១៩ ​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​តុលាការ​ខេត្ត​នេះ​​ចោទ​ថា បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។ ពួក​គេ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ និង​ឃុំ​ខ្លួន​អស់​រយៈពេល៣ថ្ងៃ​ នៅ​ទីបញ្ជាការ​ប៉េអ៊ឹម មុន​នឹង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ទី៣១ ខែធ្នូ។

ដោយ​ឡែក អ្នក​ស្រី ប៊ុយ គីមឡាក់ បាន​ប្រាប់​វីអូឌី តាម​ទូរសព្ទ​កាល​ពី​ថ្ងៃទី៨ ខែមករា ថា ប្ដី​របស់​អ្នក​ស្រី​គឺ​លោក ទុយ ស្រស់ ជា​មនុស្ស​មាន​ស្មារតី​ធម្មតា ហើយ​មាន​កាយសម្បទា​រឹងមាំ និង​រហ័សរហួន។ អ្នក​ស្រី​បន្ថែម​ទៀត​ថា ប្រភព​ចំណូល​នៅ​ក្នុង​គ្រួសារ​គឺ​ប្ដី​របស់​អ្នក​ស្រី​ជា​អ្នក​ទទួល​បន្ទុក​ទាំងស្រុង។ ក្រៅពី​មាន​មុខរបរ​ដើរ​ទិញ​មាន់ និង​ដឹក​ធ្យូង​តាម​ផ្ទះ​របស់​អ្នក​ភូមិ ដើម្បី​យក​ទៅ​លក់​បន្ត​ជា​រៀងរាល់ថ្ងៃ​ហើយ គីមឡាក់ អះអាង​ថា លោក ទុយ ស្រស់ ក៏​ជា​កងកម្លាំង​ប្រជា​ការពារ​ក្នុង​ភូមិ​ដែរ។

អ្នក​ស្រី​បន្ថែម​ថា៖ «គាត់​ជា​មនុស្ស​មាំទាំ និង​វាងវៃ​ល្អ​ណាស់។គាត់​អត់​បាន​កើត​អី​ទេ។គាត់​ដើរ​រកស៊ី​រាល់​ថ្ងៃ ដើរ​ទិញ​មាន់​រាល់​ថ្ងៃ អត់​ដែល​មាន​កើត​អី​ផង។ហើយ​គាត់​ដើរ​ល្បាត និង​ដើរ​យាម​រាល់ថ្ងៃ ព្រោះ​ជា​ជា​កង​សន្តិសុខ​ភូមិ »

បើ​តាម​អ្នក​ស្រី គីមឡាក់ មុន​មួយ​ថ្ងៃ ពេល​ប្ដី​របស់​អ្នកស្រី​ស្លាប់​ គឺ​អ្នក​ស្រី​បាន​ទៅ​សួរសុខទុក្ខ​ដល់​ពន្ធនាគារ​ខេត្ត។ ប្រភព​បន្ថែម​ថា​ នៅ​ពេល​នោះ​ហើយ ដែល​អ្នក​ស្រី​បញ្ជាក់​ថា ស្ថានភាព​សុខភាព​របស់​លោក ទុយ ស្រស់ គឺ​មាន​សភាព​ទ្រុឌទ្រោម និង​ខុស​ធម្មតា​ទៅ​ហើយ។

អ្នក​ស្រី​បន្ថែម​ថា៖ «នៅ​ក្នុង​ពន្ធនាគារ​ ខ្ញុំ​ទៅ​មើល​ឃើញ ​ប្ដី​ខ្ញុំ​គេ​យក​ចេញ​មក​ ដៃ​ជើង​ល្វន់ល្វៃ​អស់​ហើយ។ គាត់​អត់​ដឹង​ខ្លួន​អី​តិច​ផង។ ពេល​គេ​យក​គាត់​មក​ជួប​ខ្ញុំ ភ្នែក​របស់​គាត់​គឺ​ត្រឡប់​ស​ក្បុស​អស់​បាត់​ហើយ។ ហើយ​ដៃ​ជើង​វិញ​ទន់​បាត់​អស់​ហើយ។ នៅ​ពេល​ហ្នឹង​គាត់​លែង​ដឹង​ខ្លួន​ទេ »

នៅ​ពេល​នេះ មនុស្ស៤នាក់ រួមមាន​លោក យិប ម៉ក់ អាយុ ៦២ឆ្នាំ លោក នូវ នឿន អាយុ ៦២ឆ្នាំ លោក ហ៊ីម គីរី អាយុ ៤៥ឆ្នាំ និង​លោក អាន រួន អាយុ ៥៩ឆ្នាំ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយពេលលោក ទុយ ស្រស់ ស្លាប់។ បើ​តាម គីមឡាក់ ប្តី​របស់​អ្នក​ស្រី​ស្លាប់​នៅ​លើ​ឡាន​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។ បច្ចុប្បន្ន​ ប្ដី​របស់​អ្នកស្រី​បូជា​ទៅ​តាម​ប្រពៃណី និង​ធ្វើ​បុណ្យ៧ថ្ងៃ​រួច​ហើយ នៅ​ស្រុក​កំណើត។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ថា​ការ​ស្លាប់​នេះ​គឺ​មិនមែន​ជា​ការ​ធ្វើ​ទារុណកម្ម​យក​ចម្លើយ របស់​ក្រុម​ទីបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទេ។ នៅ​ក្នុង​សេចក្ដី​ប្រកាស ដោយ​យោង​ការ​ធ្វើ​កោសលវិច័យ​របស់​ស្នងការ​នគរបាល​ខេត្ត រក​ឃើញ​ថា ការ​ស្លាប់​គឺ​បណ្ដាល​មក​ពី​ជន​សង្ស័យ​ជា​មនុស្សមាន​សុខភាព​មិន​ល្អ ញៀន​ស្រា​ដាច់​មិន​បាន និង​ជា​មនុស្ស​មាន​សភាព​មិន​ប្រក្រតី។

សាលាខេត្ត​បន្ទាយមានជ័យ​ បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​កោសលវិច័យ​នេះ គឺ​វា​ដូច​គ្នា​ទៅ​នឹង​ចម្លើយ​សារភាពរបស់​ជន​ជាប់​សង្ស័យ៤នាក់​ផ្សេង​ទៀត ដែល​កម្លាំង​នគរបាល​ចាប់​ខ្លួន​ជាមួយ​គ្នា។ បើ​តាម​សេចក្ដី​ប្រកាស​នេះ ចម្លើយ​សារភាព​របស់​តំណាង​ទាំង៤នាក់​នោះ គឺ​លោក ទុយ ស្រស់ ពិត​ជា​មនុស្ស​បែប​នេះ​មែន។

ផ្ទុយ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​កោសលវិច័យ​នេះ អ្នក​ជាប់​ឃុំ​ជាមួយ​លោក ទុយ ស្រស់ បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​វីអូឌី ដឹង​ថា ពួក​គាត់​បាន​លឺ និង​ឃើញ​ផ្ទាល់​នឹង​ភ្នែក គឺ​ក្រុម​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ទាត់​ធាក់ និង​វាយ​ធ្វើ​បាប​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ ដើម្បី​យក​ចម្លើយ​គ្រប់​ពេល។ លោក ទុយ ស្រស់ ត្រូវ​បាន​កម្លាំង​ប៉េអ៊ឹម ធ្វើ​ទារុណកម្ម​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ ដើម្បី​បាន​ចម្លើយ បើ​ធៀប​នឹង​តំណាង​៤នាក់​ផ្សេង។នៅ​ក្នុង​របាយការណ៍​របស់​សាលាខេត្ត​បន្ទាយមានជ័យ ចោទថា លោក ទុយ ស្រស់ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា ​ជា​មេ​ខ្លោងដឹកនាំពលរដ្ឋតវ៉ា។

ទាក់ទង​បញ្ហា​នេះ ភរិយា​លោក ទុយ ស្រស់ គឺ​អ្នក​ស្រី ប៊ុយ គីមឡាក់ យល់​ឃើញ​ថា មូលហេតុ​នៃ​ការ​ស្លាប់​ស្វាមី​របស់​អ្នក​ស្រី​នេះ ប្រហែល​ក្នុង​ដំណាក់កាល​នៃ​ការ​ឃុំ​ខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្ត ឬ​ពន្ធនាគារ​ផង​ក៏​មិន​ដឹង។ បើ​តាម គីមឡាក់ មរណភាព​នេះ​គឺ​ផ្ដើម​ចេញ​ពី​ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម ព្រោះ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន ក្រោយ​ពេល​ស្លាប់។

បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុង ស៊ីផាន អះអាង​ថា ការ​ស្លាប់​របស់​លោក ស្រស់ គឺ​មិន​ជាប់​ទាក់ទង​នឹង​ពន្ធនាគារ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ខាង​ពន្ធនាគារ​មិនមែន​ជា​កន្លែង​ចាប់​បង្ខំ​ជន​សង្ស័យ​ ដើម្បី​យក​ចម្លើយ​នោះ​ដែរ។ បើ​តាម​លោក ស៊ីផាន ពន្ធនាគារ​គ្រាន់​តែ​ជា​កន្លែង​សម្រាប់​ឃុំ​ខ្លួន ដើម្បី​រង់ចាំ​នីតិវិធី​របស់​តុលាការ និង​ស្តារ​នីតិសម្បទា​អ្នក​ដែល​ត្រូវ​ឃុំ​ខ្លួន​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «អត់​មាន​ទេ​បង យើង​អត់​មាន​ប៉ះពាល់។ យើង​ជម្រាប​តាម​ត្រង់​មាន​អ្នក​ទោស​ទាំង​ចេញ និង​ចូល​រាប់​ពាន់​នាក់​មក​ហើយ​តាំង​ពី​មុន​មក​ដល់​ឥឡូវ​នេះ គឺ​អត់​ដែល​មាន​ប្រវត្តិ​បែប​នេះ​ទេ។ យើង​អត់​ដែល​មាន​ប៉ះពាល់​អ្នក​ទោស​ទេ»

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​រុញ​ការ​ទទួល​ការ​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​ទារុណកម្ម និង​លទ្ធផល​នៃ​កោសលវិច័យ ឱ្យសាលាខេត្ត និង​កងរាជអាវុធហត្ថ។ បើ​តាម​លោក ខែម ខាង​កម្លាំង​នគរបាល មិន​បាន​ដឹង​ឮ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «ជួប​សួរ​ទៅ​គាត់​ទៅ។ សួរ​ទៅ​សាលាខេត្ត​ទៅ។ គាត់​មាន​ស្អី​សំអាង​ដែល​ចេញ​របាយការណ៍​ហ្នឹង។ កន្លែង​ណា​ដែល​គេ​មាន​សេចក្ដី និង​ព័ត៌មាន អ្នក​កាសែត​សួរ​ទៅ​ខាង​ហ្នឹងទៅ »

វីអូឌី បាន​ព្យាយាម​ទាក់ទង​លោក ប៊ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ រយៈពេល៣ថ្ងៃ​ជាប់​ៗ​គ្នា ប៉ុន្តែ ​ទូរសព្ទ​របស់​លោក​បាន​បិទ​រហូត រាល់​ពេល​ហៅ​ចូល។ យ៉ាង​នេះ​ក្ដី​ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បដិសេធ​ការចោទប្រកាន់ថា មានការធ្វើទារុណកម្ម និង​មិន​បកស្រាយ​អ្វី​ច្រើន​ចំពោះ​សំណុំរឿង​នេះ​ទេ។ បើ​តាម​លោក អេង ហ៊ី ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មិន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​នេះ​ថែម​ទៀត​ផង។

លោក​បន្ថែម​ថា៖ «ខ្ញុំ​បាន​ជម្រាប​មិញ​រួច​ហើយ រឿង​នេះ​មិនមែន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាវុធហត្ថ​ទេ។ រឿង​នេះ​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត។ដូច្នេះ អាជ្ញាធរ​ខេត្ត​ជា​អ្នក​បកស្រាយ​បាន​ហើយ »

វីអូឌី មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ គឺ​លោក អ៊ុំ រាត្រី។ប៉ុន្តែ​ សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ចេញ​កាល​ពី​ដើម​ឆ្នាំ២០២០​នេះ បាន​ហៅ​​លោក ទុយ ស្រស់ ថា​ជា​មេ​គំនិត​នៃ​ការ​តវ៉ា។ បន្ថែម​ពី​លើ​នេះ សេចក្ដី​ប្រកាស​របស់​សាលា​ខេត្ត ចាត់​ទុក​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​រឿង​ដីធ្លី​នេះ​ថា ជា​ក្រុម​អនាធិបតេយ្យ។

បើ​​ទោះ​ជា​បែប​ណា មាត្រា២០៤ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា បទ​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់​ពី១៥ ទៅ៣០ ឆ្នាំ។ ទន្ទឹម​នឹង​នេះ មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ថា ការ​ធ្វើ​ទារុណកម្ម ដោយ​អំពើ​ឃោរឃៅ អំពើ​ឃាតកម្ម​កើត​ឡើង​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារអស់​មួយ​ជីវិត។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ក្ដី​បទឧក្រិដ្ឋ។ ការ​ដោះស្រាយ​សំណង​តាមរយៈ​ការ​ឯកភាព​រវាង​គូ​ភាគី វា​ជា​សំណងរដ្ឋប្បវេណី មិន​មែន​ជា​ការ​បញ្ចប់​ទៅ​នៃ​បណ្ដឹង​អាជ្ញា​ឡើយ។ លោក​បន្ថែម​ថា​ សំណុំរឿង​នៃ​បទឧក្រិដ្ឋ​នេះ អយ្យការ​គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សង្គម។

លោក ស៊ុំ ចន្ទគា (ស្តាំ) កំពុងធ្វើកំណត់ហេតុ ជនរងគ្រោះឈ្មោះ អាន រួន (ឆ្វេង) កាលពីថ្ងៃទី 10 ខែ មករា ឆ្នាំ2020។ (រូបផ្តល់ដោយសមាគមអាដហុក ខេត្តបន្ទាយមានជ័យ)

លោក​បន្ថែម​ថា៖ «ភាគី​ជនរងគ្រោះ ​តែ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ទេ ​មិនមែន​ជា​ដើមបណ្ដឹង​ព្រហ្មទណ្ឌ​ទេ។ ចំណែក​ដើមបណ្ដឹង​ព្រហ្មទណ្ឌ​គឺ​ព្រះរាជអាជ្ញា។ អ៊ីចឹង​ព្រះរាជអាជ្ញា​គាត់​នឹង​ធ្វើ​ការ​ចាត់ការ ព្រោះ​ព្រះរាជអាជ្ញា​ជា​អ្នក​ការពារ​រដ្ឋ អ្នក​ការពារ​ច្បាប់ អ្នក​ការពារ​ទៅ​លើ​សណ្ដាប់ធ្នាប់ និង​ជា​អ្នក​ការពារ​មនុស្ស។ ដូច្នេះ​ គាត់​នឹង​ចោទ​ប្រកាន់​ទៅ​តាម​ហ្នឹង »

ប្រពន្ធ​របស់​លោក ទុយ ស្រស់ បញ្ជាក់​ថា ថ្វី​ត្បិត​នៅ​ពេល​នេះ អ្នក​ស្រី​មិន​ដឹង​ត្រូវ​ដោះស្រាយ​តាមវិធី​ណា ដើម្បី​បាន​យុត្តិធម៌​មក​វិញ។ បើ​តាម គីមឡាក់ ជំហរ​អ្នក​ស្រី​នៅ​តែ​ទាមទារ និង​ចង់​បាន​យុត្តិធម៌​ឲ្យ​ប្ដី​របស់​អ្នក​ស្រី​ដែល​បាន​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត ហើយ​ស្ងប់​ចិត្ត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ