ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់តាំងមន្ត្រីក្រោមឱវាទប្រមាណជាង១៦០នាក់ ឱ្យត្រួតពិនិត្យសំណង់នៅតាមបណ្ដារាជធានី-ខេត្ត ក្រោយមានហេតុការណ៍បាក់សំណង់អគារបណ្ដាលឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់នៅខេត្តមួយចំនួន។
កាលពីថ្ងៃទី៣ ខែមករា មនុស្ស ៣៦នាក់ស្លាប់ និង២៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាក់សំណង់អគារកម្ពស់៧ជាន់មួយនៅក្រុងកែប។ ដោយឡែក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ សំណង់អគារសាលាធម្មសភានៅវត្តមួយក្នុងខេត្តសៀមរាប ក៏បានបាក់រលំបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៣នាក់។ កាលពីខែមិថុនាឆ្នាំមុន សំណង់អគារកម្ពស់៧ជាន់មួយទៀតនៅខេត្តព្រះសីហនុ បានបាក់បណ្ដាលឱ្យកម្មករ២៨នាក់ស្លាប់ និងរងរបួស២៦នាក់ផងដែរ។
ក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដី បានចាត់តាំងមន្ត្រីពិនិត្យសំណង់ទទួលបន្ទុករួមចំនួន១៧នាក់ និងមន្ត្រីត្រួតពិនិត្យសំណង់តាមបណ្ដារាជធានីខេត្តនីមួយៗប្រមាណ១៤៦នាក់។
ក្នុងសេចក្ដីសម្រេចដដែលនេះ ក្រសួងបានបញ្ជាក់ថា មន្ត្រីពិនិត្យសំណង់ទទួលបន្ទុករួមនោះ គឺមានតួនាទី និងភារកិច្ចដឹកនាំកំណត់ទិសដៅអនុវត្តដល់មន្ត្រីត្រួតពិនិត្យសំណង់នៅតាមរាជធានី-ខេត្ត បន្ទាប់ពីទទួលគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង។
មន្ត្រីទទួលបន្ទុករួម ត្រូវតាមដាន និងត្រួតពិនិត្យការអនុវត្តការងាររបស់មន្ត្រីដែលត្រួតពិនិត្យសំណង់នៅរាជធានី-ខេត្ត និងត្រូវធ្វើសំណើសុំត្រួតពិនិត្យ និងសុំសេចក្ដីសម្រេចពីថ្នាក់ដឹកនាំក្រសួង ដើម្បីផ្អាកការសាងសង់ ឬការកែតម្រូវ ការបញ្ឈប់ ការរុះរើ រួមទាំងចាត់វិធានការផ្សេងៗទៀត។
ក្នុងសេចក្ដីសម្រេចនេះ ក្រសួងរៀបចំដែនដី ក៏បានបញ្ជាក់ពីតួនាទីរបស់មន្ត្រីដែលកាន់តាមគោលដៅរាជធានី-ខេត្តនីមួយៗផងដែរ ដោយក្រសួងបញ្ជាមន្ត្រីទាំងនោះ ត្រូវផ្តល់យោបល់ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេសលើគម្រោងសាងសង់ រួមទាំងចុះតាមដានត្រួតពិនិត្យរាល់ការសាងសង់នានា។ មន្ត្រីដែលកាន់តាមគោលដៅរាជធានី-ខេត្តនីមួយៗ ក៏ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការចុះត្រួតពិនិត្យជូនថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងសម្រេចលើការផ្អាក ការកែតម្រូវ ការបញ្ឈប់ ការតម្រូវឱ្យរុះរើ ការចាត់វិធានការចាំបាច់ផ្សេងៗ ឬលើកសំណើសុំធ្វើអធិការកិច្ចសំណង់ ក្នុងករណីរកឃើញថា ការសាងសង់ទាំងនោះមិនអនុលោមទៅតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិដទៃទៀត។
វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និងរដ្ឋមន្ត្រីលោក ជា សុផារ៉ា ជុំវិញរឿងនេះបានទេ។
ប្រធានសម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន សាទរទៅនឹងការសម្រេចរបស់ក្រសួងរៀបចំដែនដី ប៉ុន្តែ លោកហាក់មិនមានជំនឿថា ក្រុមការងារនេះអនុវត្តមានប្រសិទ្ធភាពនោះទេ។ លោក សុខ គីន លើកឡើងថា កន្លងមករដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសំណង់ លិខិតបទដ្ឋាននានាជាច្រើន និងធ្លាប់បង្កើតគណៈកម្មការដើម្បីដោះស្រាយបញ្ហានេះផងដែរ តែបញ្ហាសំណង់អត់គុណភាព និងខុសច្បាប់នៅតែកើតមាន។
លោកបន្ថែមថា៖ «និយាយឱ្យចំពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិមួយចំនួន គឺមាននៅក្នុងវិស័យសំណង់។ អ៊ីចឹងគុណភាពសំណង់ និងការជំរុញឱ្យមានការអនុវត្តច្បាប់ វាអាចធ្វើទៅប្រសិនបើមន្ត្រី ឬក៏ស្ថាប័នទាំងអស់ហ្នឹងអនុវត្តនូវតួនាទីរបស់ខ្លួនឱ្យអស់ពីសមត្ថភាព»។
មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ដើម្បីគ្រប់គ្រងបញ្ហាសំណង់ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវបង្កើតក្រុមការងារត្រីភាគីត្រួតពិនិត្យដែលមានការចូលរួមពីរដ្ឋាភិបាល តំណាងនិយោជក និងអង្គការសង្គមស៊ីវិល ឬសហជីពដែលមានជំនាញច្បាប់ និងជំនាញបច្ចេកទេសវិស័យសំណង់ចូលរួម។
លោកបន្ថែមថា៖ «ព្រោះអាហ្នឹងវាបង្ហាញពីសុចរិតភាព និងតម្លាភាព ដើម្បីធានាថា ក្រុមការងារហ្នឹងគាត់ធ្វើការដោយប្រសិទ្ធភាព ដោយសារគ្រប់ភាគីពាក់ព័ន្ធចូលរួម។ រឿងសំខាន់នោះគឺការធ្វើអធិការកិច្ចក្នុងការចុះត្រួតពិនិត្យ។ ជាពិសេសទៀត មន្ត្រីដែលអនុវត្តច្បាប់ហ្នឹងគាត់ត្រូវមានវិធានការតឹងរ៉ឹង ក្នុងករណីរកឃើញក្រុមហ៊ុន ឬក៏អ្នកម៉ៅការសាងសង់មិនមានអាជ្ញាប័ណ្ណចុះបញ្ជីត្រឹមត្រូវ គាត់ត្រូវមានវិធានការច្បាប់តឹងរ៉ឹង»។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានរកឃើញការដ្ឋានសំណង់ជិត២០០កន្លែងនៅខេត្តនេះ សាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត និងខ្លះទៀតខុសបច្ចេកទេស ខណៈសង្គមស៊ីវិលធ្វើការលើវិស័យការងាររកឃើញថា កម្មករក្នុងវិស័យសំណង់នៅកម្ពុជាជាង២០ម៉ឺននាក់ កំពុងប្រឈមគ្រោះថ្នាក់ការងារក្នុងអត្រាខ្ពស់បំផុត បើធៀបទៅនឹងវិស័យដទៃទៀត៕