លោក​ ស ខេង​៖ យើង​ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​កុំឱ្យ​បែកបាក់​ជាតិ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធី​រំឭក​ខួប​ជ័យជម្នះ​លើ​របប​ខ្មែរក្រហម​ថ្ងៃ៧មករា​ នៅ​ខេត្តបាត់ដំបង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។ (ហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ ក្រើន​រំឭក​ថា​ ការ​បែកបាក់​ជាតិ​ ផ្តើម​ចេញពី​អយុត្តិធម៌​សង្គម​ ដែល​ថា​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជា​កម្មវត្ថុ​សំខាន់​។

ក្នុង​ពិធី​រំឭក​ខួប​ជ័យជម្នះ​លើ​របប​ខ្មែរក្រហម​ថ្ងៃ៧មករា​ នៅ​ខេត្តបាត់ដំបង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ស ខេង​ ថ្លែង​ថា​ ការ​ធ្វើ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​ ជា​ការចូលរួម​ចំណែក​ការពារ​សន្តិភាព​។

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ​បន្ត​ថា​ កត្តា​ចម្បង​មួយទៀត​ដើម្បី​ទប់ស្កាត់​ការ​បែកបាក់​ជាតិ​នោះ​ គឺ​ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។

លោក​ថា​៖ «តាម​បទ​ពិសោធ​ជា​ប្រវត្តិសាស្ត្រ​មក​ សង្គម​ដែល​បែកបាក់​នៅ​ស្រុក​ណាក៏ដោយ​គឺ​អយុត្តិធម៌​។អ៊ីចឹង​រឿង​នេះ​ក៏​ជា​កម្មវត្ថុ​មួយ​យ៉ាង​សំខាន់​ ដែល​យើង​ត្រូវ​(ធ្វើ)កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ​ »។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​ ប៉ុន្តែ​ថា​ ក្រសួង​នឹង​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ ។

លោក​ថា​៖ «ក្រសួង​បាន​ធ្វើ​ច្រើន​មក​ហើយ​ ប៉ុន្តែ​ ទោះជាយ៉ាងណា​ វា​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​ វា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ក្រសួង​ត្រូវ​ដោះស្រាយ​បន្ត​ទៀត​។ អ៊ីចឹង​ទេ​ការកែទម្រង់​នេះ​ ត្រូវ​ធ្វើ​បន្ត​ទៀត​មិន​បញ្ឈប់​ទេ​ ត្រូវតែ​ធ្វើ​ឱ្យ​បាន​ខ្លាំងក្លា​ជាង​មុន​ទៀត​»។

អ្នកនាំពាក្យ​រូប​នេះ​ អះអាង​ទៀត​ថា​ ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​កំណត់ពេល​ជាក់លាក់១ខែ​ ឬ១ឆ្នាំ ឬ២ឆ្នាំ ​ដូច​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​បានទេ​ ។

ការ​លើកឡើង​របស់​លោក​ ស ខេង​ បាន​ធ្វើឡើង៦ថ្ងៃមុន​តុលាការ​បើក​ការ​ជំនុំជម្រះ​សំណុំរឿង​អតីត​មេ​ដឹក​នាំ​បក្ស​ប្រ​ឆាំង ​លោក​ កឹម​ សុខា​។

លោក​ កឹម​ សុខា​ ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧​ ចោទ​ថា ​ឃុបឃិតជាមួយ​សហរដ្ឋ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ចាត់ទុក​លោក​ កឹម​ សុខា​ ថា​ជា​មនុស្ស​ស្អាតស្អំ​ ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌​។

៣ខែក្រោយ​មក​ (១៦ ខែវិ​ច្ឆិកា​ ឆ្នាំ២០១៧​) តុលាការ​កំពូល​ ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ហាម​មន្ត្រី​ ១១៨នាក់​ មិន​ឱ្យ​ធ្វើសកម្មភាព​នយោបាយ​រយៈពេល៥ឆ្នាំ​។

លោក​ កឹម​ សុខា​ ដែល​តុលាការ​មិន​ឱ្យ​ចេញទៅ​ក្រៅប្រទេស​ និង​មិន​ឱ្យធ្វើ​នយោបាយ​នៅឡើយ​នោះ​ ត្រូវ​បាន​អតីតមន្ត្រី​ស្និទ្ធ​គឺ​លោក​ ម៉ុ​ត ចន្ថា​ ដកស្រង់​សំដី​មក​ផ្សព្វ​ផ្សាយ​លើប​ណ្ដា​ញសង្គម​នៅ​ថ្ងៃនេះ​ថា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្រើន​រំឭក​ឱ្យ​ខ្មែរ​ងាក​មក​កសាង​ទំនុកចិត្ត​គ្នា ​ផ្តល់​យុត្តិធម៌ដល់​គ្នា​ ដើម្បី​រួមរស់​ដោយ​សុខដុមរមនា​ក្នុង​ដំបូលផ្ទះ​ខ្មែរ​តែមួយ​។

 ​លោក​ថា​៖ ​«សូម​គ្រប់​ភាគី​ខ្មែរ​ងាក​មក​មើល​ពី​គុណសម្បត្តិ​គ្នា​ កសាង​ជំនឿ​ទុកចិត្ត​គ្នា​ តាមរយៈ​ការ​ផ្តល់​នូវ​យុត្តិធម៌​ឱ្យ​គ្នា​ ដោយ​ចាប់ផ្តើម​ពី​អ្នក​ដែល​ប្រាថ្នា​រួមរស់​ដោយ​សុខដុមរមនា​ក្នុង​ដំបូលផ្ទះ​ខ្មែរ​តែមួយ​»។

នាយករង​អង្គការ​លី​កាដូ​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ ហៅ​សារ​ក្រើន​រំឭក​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​មួយ​នេះ​ថា​ ហាក់​យឺត​ពេល​ បើ​គ្មាន​ការផ្សះផ្សា​ជាតិ​ឡើងវិញ​ទាន់ពេល​ទេ​នោះ​ ដោយ​ថា ​ប្រព័ន្ធ​យុត្តិធម៌​ពេលនេះ​ត្រូវ​គ្រប់​ដណ្ដ​ប់​ដោយ​ឥទ្ធិពល​នយោបាយ​។

លោក​ថា​៖ «យើង​មើល​កន្លងមក ​បញ្ហា​នយោបាយ​ យើង​តែងតែ​លាភ​ពណ៌​ដាក់គ្នា​ យើង​ធ្វើ​ឱ្យ​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​កើតឡើង​ជាបន្តបន្ទាប់​ និង​ទី២ ធ្វើ​ឱ្យ​មាន​និទណ្ឌ​ភាពជា​ច្រើន​កើតឡើង​ក្នុង​សង្គម​យើង​ដែល​បាន​រុញច្រាន​យុត្តិធម៌​ហ្នឹង​ វា​ហាក់បីដូចជា​កំពុង​ញ៉ាំ​ញី​នៅក្នុង​សង្គម​»។

គម្រោង​យុត្តិធម៌​ពិភពលោក​ ​World​ Justice​ Project​ បាន​ចេញ​របាយការណ៍​កាលពី​ឆ្នាំ២០១៩​ ​វាយតម្លៃ​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ស្ថិតនៅ​ជិត​បាត​តារាង​ក្នុងចំណោម​ប្រទេស១១៣លើ​ពិភពលោក​។

របាយការណ៍​បញ្ជាក់​ថា​ ចំណាត់ថ្នាក់​យុត្តិធម៌​របស់​កម្ពុជា​ គិត​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ​ជាប់​ចំណាត់ថ្នាក់​ទី​១១២​ ក្នុងចំណោម​ ១១៣ប្រទេស​។

ទោះជាយ៉ាងណា​ លោក​ ស ខេង​ អះអាង​ថា​ ក្រសួង​យុត្តិធម៌​បាន​បង្កើត​ក្រុមការងារ​ផ្ទេរ​មក​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ដោះស្រាយ​វិវាទ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​លោក​ថា​ នេះ​ជា​ការចូលរួម​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ