សមត្ថកិច្ចឃាត់ខ្លួនយុវជនមានបញ្ហាស្មារតីម្នាក់ចោលដុំថ្មចូលផ្ទះលោក ហ៊ុន សែន​

លោក រាម ពិសិដ្ឋ អាយុ៣១ឆ្នាំ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ក្រោយពីយកដុំថ្មចោលចូលផ្ទះលោក ហ៊ុន សែន កាលយប់ម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៨ ខែមករា។ (បណ្ដាញសង្គម)

សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនយុវជនមានបញ្ហាបញ្ញាស្មារតីម្នាក់ ដោយសារតែយកដុំថ្មចោលចូលក្នុងផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។​

អ្នកស្រី ហ៊ាន ទៀង ជាម្តាយអះអាងថា កូនប្រុសរបស់គាត់ឈ្មោះ រុំ ពិសិដ្ឋ អាយុ៣១ឆ្នាំ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន កាលយប់ម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៨ ខែមករា។

អ្នកស្រីបញ្ជាក់ថា ពេលនេះកូនគាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងខណ្ឌដូនពេញ ហើយព្រមានថា នឹងបញ្ជូនទៅតុលាការ បើទោះជាអ្នកស្រីបង្ហាញឯកសារថា កូនប្រុសមានបញ្ហាស្មារតីក៏ដោយ។​

អ្នកស្រីបន្ថែមថា៖ «កូនខ្ញុំជាមនុស្សមានបញ្ហាខួរក្បាល និងរោគចិត្តហ្នឹង វាមានទាំងពីរយ៉ាង។ បើគាត់មិនមានបញ្ហាហ្នឹង ក៏គាត់មិនអាចទៅធ្វើអញ្ចឹងរួចដែរ»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ពន្យល់ថា បើយុវជននោះពិតជាមានបញ្ហាស្មារតីមែន មិនមានហេតុផលណាមួយត្រូវដាក់ទោសទេគឺអាចបញ្ជូនទៅព្យាបាល ឬប្រគល់ទៅឱ្យក្រុមគ្រួសារវិញ។​

លោកបន្ថែមថា៖ «បើគាត់មានលិខិតពេទ្យបញ្ជក់ថា គាត់ពិតជាមនុស្សដែលគេហៅ”វិបល្លាសស្មារតី”អីទាំងអស់ហ្នឹង គឺផ្លូវច្បាប់គេអត់មានការចាត់ទោសអូសដំណើរអីទេ។ ប៉ុន្តែ បើសិនជាការប្រព្រឹត្តរបស់គាត់ វាធ្វើឲ្យប៉ះពាល់ខូចខាតណាមួយនោះ គឺអាណាព្យាបាលត្រូវសងសំណង ដើម្បីធ្វើការជួសជុលការខូចខាតហ្នឹងឡើងវិញ»។

អ្នកស្រី ហ៊ាន ទៀង អះអាងថា ករណីកូនគាត់មានបញ្ហាស្មាតីនេះ គឺអ្នកស្រីធ្លាប់បានយកទៅព្យាបាលនៅពេទ្យសុខភាពផ្លូវចិត្ត និងមានលិខិតបញ្ជាក់ការបើកថ្នាំពីគ្រូពេទ្យ។

កាលពីខែមុខ អ្នកស្រីក៏បានជូនដំណឹងករណីកូនមានបញ្ហាផ្លូវចិត្ត និងខួរក្បាលនេះទៅអាជ្ញាធរមូលដ្ឋានដឹងឮដែរ។ ក្នុងលិខិតបញ្ជាក់មួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ មេឃុំសំពៅពូន លោក អ៊ុក ស្រ៊ុន និងមេភូមិក្បាលកោះទៀវ លោក អៃ ហ៊ន បានអះអាងថា យុវជនឈ្មោះ រុំ ពិសិដ្ឋ ពិតជាមានជំងឺសរសៃប្រសាទពិតប្រាកដមែន។

រហូតដល់រសៀលនេះ សមត្ថកិច្ចនៅឃាត់ខ្លួន​យុវជន រុំ ពិសិដ្ឋ នៅក្នុងខណ្ឌដូនពេញនៅឡើយ។

អធិការនគរបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសា មិនអាចសុំការពន្យល់ករណីនេះបានទេ ដោយមន្ត្រីលោកលើកទូរសព្ទ ហើយប្រាប់ថា លោកជាប់រវល់។​

តាមម្តាយយុវជននេះបញ្ជាក់ថា កូនប្រុសគាត់មានបញ្ហាផ្លូវចិត្តកាលពីឆ្នាំ២០១៧ មួយលើក ហើយបានជាវិញនៅឆ្នាំ២០១៨​ ប៉ុន្តែ ជំងឺផ្លូវចិត្តនេះបានរើឡើងវិញកាលពីប្រមាណ២ខែមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ