មេធាវី​ថា ​ម្ចាស់​អគារ​បាក់​រលំ​នៅ​​កែប​​​​​​​មិន​​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ខាង​ព្រហ្ម​ទណ្ឌ

ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រង​គ្រោះ​ដែល​កប់​ជាប់​នៅ​ក្រោម​គំនរ​សំណង់​អគារ​បាក់​បែក​ក្រោយ​ដួល​រលំ​នៅ​ឯ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០។ (ជន ចាន់រ៉ែន)

មេធាវីការពារក្តីឱ្យម្ចាស់ការដ្ឋានសំណង់ដែលបាក់រលំនៅខេត្តកែប អះអាងថា កូនក្តីរបស់លោកមិនស្ថិតនៅក្រោមការទទួលខុសត្រូវលើបទល្មើសព្រហ្មទណ្ឌ​នៃ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នោះ​ទេ ប៉ុន្តែ លោក​ថា កូនក្តីគាត់ព្រមទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីសម្រាប់ជនរងគ្រោះ។

សំណង់​អគារ​មួយ​ដែល​ស្ថិត​ក្នុង​ដំណើរការ​សាងសង់​នៅ​ឯ​ក្រុង​កែប បាន​បាក់​រលំ​កាល​ពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់ ៣៦​នាក់​ក្នុង​នោះ​មាន​កុមារ ៦​នាក់​ផង​ដែរ ហើយ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល។

អាជ្ញាធរ​ខេត្ត​កែប អះ​អាង​កាល​ពី​សប្ដាហ៍​មុន​ថា ​ម្ចាស់​សំណង់​អគារ​ដែល​បាក់​រលំ​នោះ ​លោក ឯក សារុន និង​ភរិយា ដែល​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពត​កាល​ពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​មករា ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរេត បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក ឯក សារុន និង​ភរិយាឈ្មោះ ឈីវ សុធី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ និង​បង្ក​របួស​ស្នាម​ដោយ​អចេតនា ប៉ុន្តែ តុលាការ​បាន​សម្រេច​ដោះ​លែង​ម្ចាស់​សំណង់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ជាមួយ​លក្ខខណ្ឌ​មិន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

​លោក គង់ សំអុន មេធាវី​ការពារ​ក្ដី​ឱ្យ​ម្ចាស់​ម្ចាស់​សំណង់​អគារ​នេះ បាន​និយាយ​ថា កូន​ក្ដី​របស់​លោក​​មិន​ទទួល​ខុស​ត្រូវ​លើ​បច្ចេកទេស​នោះ​ឡើយ ប៉ុន្តែ លោក​ថា កូន​ក្ដី​លោក​ទទួល​ខុស​ត្រូវ​លើ​សំណង​រដ្ឋប្បវេណី។

លោក គង់ សំអុន ប្រាប់​ថា​៖ «ក្នុង​នាម​គាត់​ទាំង​ពីរ​នាក់​ជា​ម្ចាស់​អគារ គាត់​មិន​ទទួល​ខុស​ត្រូវ​លើ​បច្ចេកទេស​ក្នុង​ការ​សាង​សង់​ទេ។ បើ​អ៊ីចឹង​កំហុស​នៃ​ការ​បាក់​អគារ គាត់​ទទួល​ខុស​ត្រូវ​ខាង​រដ្ឋ​ប្បវេណី។ អ៊ីចឹង បើ​និយាយ​ពី​លក្ខខណ្ឌ​ក្នុង​កម្រិត​ព្រហ្ម​ទណ្ឌ វា​អត់​មាន»

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាក់​រលំ​អគារ​នោះ រដ្ឋបាល​ខេត្ត​កែប បាន​ប្រកាស​​ថា សំណង់​អគារ​ដែល​កំពុង​ដំណើរការ​សាង​សង់​នោះ មាន​កម្ពស់ ៦​ជាន់ ហើយ​សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ថា អគារ​នោះ​មាន​កម្ពស់ ៧​ជាន់។

លោក​មេធាវី គង់ សំអុន បាន​ចាត់​ទុក​សេចក្ដីប្រកាស​ព័ត៌មាន និង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថា មិន​ត្រឹម​ត្រូវ ដោយ​លោក​ប្រាប់​ថា ជាន់​ផ្ទាល់​ដី និង​ជាន់​លើ​បំផុត មិនត្រូវ​បាន​រាប់​បញ្ចូល​ថា ជាជាន់​នីមួយៗ​នៃ​អគារ​នោះ​ឡើយ។

លោក​មេធាវី គង់ សំអុន ប្រាប់​ថា​៖ «ការ​ពិត​មិន​មែន ៧​ជាន់​ទេ វា​មាន​ ៥​ជាន់​អគារ​ហ្នឹងនោះ។ ហេតុ​អី​បាន​ត្រូវ​រាប់ ៥​ជាន់ ព្រោះ​អី​ជាន់​ដី​អត់​រាប់​ទេ។ E0 ហ្នឹង​ណា៎​ គេ​អត់​រាប់​ថា អាហ្នឹង​មួយ​ទេ ហើយ​ដល់​ពេល​អា​លើ​បំផុត​ហ្នឹង គេ​ហៅ Terrace គឺ​ជា​ដំបូល។ អា​ហ្នឹង​គេ​អត់​រាប់​ថា មួយ​ជាន់​ទេ»

អនុ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កែប លោក សុទ្ធ ពុទ្ធិម៉ានីន ​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ពុធ​នេះ​ថា អគារ​នោះ ត្រូវ​បាន​សាង​សង់​ឡើង​កម្ពស់ ៦​ជាន់​កន្លះ ឬ​ហៅ​ថា ៧​ជាន់ ហើយ​ជាន់​ឡៅតឿ ក៏​ត្រូវ​បាន​សង់​បន្ថែម​នៅ​ជាន់​ផ្ទាល់​ដី​ផង​ដែរ ក្រោយ​ពី​ដំណើរការ​សាង​សង់​សម្រេច​បាន ៤​ជាន់​ទៅ​ហើយ​នោះ។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​អគារ​នោះ​ត្រូវ​បាន​សាង​សង់​ខុស​ពី​ពាក្យ​ស្នើ​សុំ​​ឬ​យ៉ាង​ណា​នោះ លោក សុទ្ធ ពុទ្ធិម៉ានីន ប្រាប់​ថា​៖ «បាទ! ៧​សន្លឹក។ បាទ ពាក្យ​ស្នើ​សុំ​សរសេរ​អ៊ីចឹង [៥​ជាន់] ប៉ុន្តែ ដោយសារ​គេ​អត់​គិត​ក្រឡា​ផ្ទៃ​នៅ​លើ​អា​ជាន់​ដំបូល​ហ្នឹង។ គេ​គិត​ក្រឡា​ផ្ទៃ​ប្រើ​ប្រាស់។ អ៊ីចឹង បច្ចេកទេស​អ្នក​សរសេរ​ស្នើ​សុំ គេ​សរសេរ​ប៉ុណ្ណឹង។ បើ​សរសេរ​ឱ្យ​ត្រូវ ៦​ជាន់​កន្លះ ប៉ុន្តែ យើង​ហៅ ៧​[ជាន់]​ទៅ»

ការ​បាក់​រលំ​សំណង់​អគារ​នេះ ក៏​ជំរុញ​ឱ្យ​មាន​ការ​ចោទ​សួរ​ទៅ​លើ​ភាព​ស៊ី​សង្វាក់​គ្នា​នៃ​នីតិវិធី​ស្នើ​សុំ​សាង​សង់​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ។

អនុ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ លោក ឡាយ វណ្ណារ៉ា បាន​ប្រាប់​វីអូឌី​កាល​ពី​ចន្ទ​កន្លង​មក​ថា អគារ​នោះ​ត្រូវ​បាន​សាង​សង់​ឡើង​ ៥​ខែ​មុន​អភិបាល​ខេត្ត​កែប​សម្រេច​ចេញ​លិខិត​អនុញ្ញាត​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា​។

លោក​មេធាវី គង់ សំអុន ទទួល​ស្គាល់​ថា សំណង់​អគារ​របស់​កូន​ក្ដី​របស់​លោក ពិត​ជា​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​មុន​ទទួល​បាន​លិខិត​អនុញ្ញាត​សាង​សង់ ប៉ុន្តែ លោក​ថា វា​គ្រាន់​តែ​ជា​ដំណើរការ​រៀបចំ​បាត​ក្រោម​នៃ​សំណង់​តែ​ប៉ុណ្ណោះនៅ​ក្នុង​រយៈ​ពេល​នោះ។

លោក គង់ សំអុន មាន​ប្រសាសន៍​បន្ត​ថា​៖ «មិន​មែន​ទេ ការ​ពិត​ទៅ ការ​សាង​សង់​ហ្នឹង ធ្វើ​ក្រោយ​ពេល​សុំ​ទេ ប៉ុន្តែ ការ​សុំ​នោះ​មិន​ទាន់​បាន​សេចក្ដី​សម្រេច​​ ហើយ​ការ​អនុវត្ត​នោះ ដោយសារ​មាន​ការ​ចរចា​គ្នា​ទៅ​ខាង​ក្រុម​សមត្ថកិច្ច​ហ្នឹង​ណ៎ា»

លោក សំអុន បន្ត​ថា​៖ «អ៊ីចឹង ការ​សាង​សង់​ដំណាក់​កាល​ប៉ុន្មាន​ខែ​ដំបូង​ហ្នឹង វា​គ្រាន់​តែ​ជា​ការ​រៀបចំ​សម្អាត​ដី មិន​មែន​មាន​ន័យ​ថា សង់​ហើយ ៥​ខែ​ហើយ​បាន​ស្នើ​សុំ មិន​មែន​ទេ!»

មេធាវី​រូប​នេះ បាន​អះ​អាង​ថែម​ទៀត​ថា សំណង់​អគារ​ដែល​មាន​តម្លៃ​ខ្ទង់​ជាង ៤០​ម៉ឺន​ដុល្លារ​​ និង​ត្រូវ​បាន​សាង​សង់នៅ​លើ​ផ្ទៃ​ទំហំ​​ប្រហែល ៦០០​ម៉ែត្រក្រឡា​នោះ ត្រូវ​បាន​កូន​ក្ដី​របស់​លោក​សាង​សង់​សម្រាប់​ចែក​ទៅ​ឱ្យ​កូនៗ ៥​នាក់​របស់​ពួកគេ។

ទោះជាយ៉ាងណា អភិបាល​ខេត្ត​កែប លោក កែន សត្ថា បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា អគារ​នោះ​ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​បម្រើ​គោល​បំណង​អាជីវកម្ម ហើយ​លោក​ថា ម្ចាស់​អគារ​នោះ​ក៏​ដំណើរការ​អាជីវកម្ម​ផ្ទះ​សំណាក់​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

លោក កែន សត្ថា មាន​ប្រសាសន៍​ថា​៖ «អគារ​ស្នាក់នៅ​រួម​កាល​គាត់​សុំ​ហ្នឹង​ណា៎! [អគារ]​ស្នាក់នៅ​រួម ដូច​ខុនដូ ខុនអី​ហ្នឹង​ណ៎ា! អាហ្នឹង​ជា​អគារ​ថ្នាក់​អាជីវកម្ម​ហើយ។ អ្នក​សង់​ឥឡូវ គាត់​ចេះ​តែ​ឆ្លើយ​អ៊ីចឹង​ទៅ។ ស្នាក់នៅ​រួម​អាច​ថា ត្រូវ​របស់​គាត់​ដែរ ប៉ុន្តែ វា​មិន​ដែល​មាន​នរណា​ធ្វើ​អ៊ីចឹង​ទេ។ យើង​មើល​ជីវភាព​ប្រជាជន​យើង វា​មិន​ដែល​មាន​ចែក​ម្នាក់​មួយ​អ៊ីចឹង​ទេ។ គាត់​ធ្លាប់​ធ្វើ​ផ្ទះ​សំណាក់​ផ្ទះ​អី​នៅ​កំពង់សោម​ហើយ គាត់​មាន​ផ្ទះ​សំណាក់​របស់​គាត់​ដែរ​ណា៎។ អ៊ីចឹង គោល​បំណង​គាត់ គឺ​ធ្វើ​អាជីវកម្ម​ទេ»

ជាង​នេះ​ទៅ​ទៀត សំណួរ​ក៏​បាន​ចោទ​ទៅ​លើ​គុណភាព​នៃ​សំណង់​ផង​ដែរ ហើយ​រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដែល​មាន​សមាជិក ១១​រូប និង​ដឹកនាំ​ដោយ​រដ្ឋ​លេខាធិការ​មួយ​រូប​របស់​ក្រសួង​ផង​ដែរ​ ដើម្បី​វិភាគ​ទៅ​លើ​គុណភាព​សំណង់​នៃ​អគារ​នោះ។

លោក សុទ្ធ ពុទ្ធិម៉ានីន បាន​ឱ្យ​ដឹង​ថា លោក​បាន​ចូលរួម​ក្នុង​ដំណើរការ​​វិភាគ​លើ​គុណភាព​សំណង់​ដែល​បាក់​រលំ​នៅ​ខេត្ត​កែប​​ផង​ដែរ ​ហើយ​លោក​ថា លទ្ធផល​នៃ​ការ​វិភាគ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​រួច​ហើយ។

លោក ពុទ្ធិម៉ានីន បាន​ប្រាប់​ឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​វិភាគ​នោះ រក​ឃើញ​ថា សំណង់​អគារ​នោះ ត្រូវ​បាន​សាង​សង់​ឡើង​ខុស​ពី​លក្ខណៈ​បច្ចេកទេស ៤​ចំណុច ដែល​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​សំណើ​សុំ​សាងសង់។

មន្ត្រី​រូប​នេះ បាន​រៀបរាប់​បន្ថែម​ថា ដែក​ត្រឹម​តែ ៨​សរសៃរ​ប៉ុណ្ណោះ​ ត្រូវ​បាន​ប្រើ​សម្រាប់​សាង​សង់​សរសរ​នីមួយ​សម្រាប់​ទ្រ​អគារ ដែល​ផ្ទុយ​ទៅ​នឹង​លក្ខណៈ​បច្ចេកទេស​ដែល​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​ដែក ១៦​សរសៃរ ខណៈ​ក្រុម​វិភាគ​បាន​រកឃើញ​ទៀត​ថា ស៊ីម៉ង់ត៍​ដែល​ត្រូវ​ប្រើ​សម្រាប់​បូក​ជញ្ជាំង ត្រូវ​បាន​យក​មក​ប្រើ​សម្រាប់​ចាក់​បេតុង​ទៅ​វិញ។

លោក ពុទ្ធិម៉ានីន បាន​ប្រាប់​ថា ប្លង់សេ​ឡៅតឿ ក៏​ត្រូវ​បាន​សាង​សង់​ឡើង​ផង​ដែរ​នៅ​ជាន់​ផ្ទាល់​ដី​ដែល​ខុស​ទៅ​នឹង​អ្វី​ដែល​រៀប​រាប់​ក្នុង​សំណើ បន្ទាប់​ពី​អគារ​នោះ ត្រូវ​សង់​ឡើង​ដល់​ជាន់​ទី៤​ហើយ​នោះ។

លោក សុទ្ធ ពុទ្ធិម៉ានីន បាន​ប្រាប់​បន្ថែម​ទៀត​ថា ក្រុម​វិភាគ​គុណភាព​សំណង់​នោះ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ​ការ​ដក​ចន្ទុល​ទ្រ​ប្លង់សេ​នៅ​មុន​ថ្ងៃ​កំណត់​ដោយ​លក្ខណៈ​បច្ចេកទេស​នោះ ក៏​ជា​មូលហេតុ​នាំ​ឱ្យ​អគារ​នោះ​បាក់​រលំ​ចុះ​មក​ផង​ដែរ ដែល​ចំណុច​នេះ​ស្រប​ទៅ​នឹងការ​អះ​អាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​នៅ​ក្រោយ​បញ្ចប់​ប្រតិបត្តិការ​ស្វែង​រក​ជន​រង​គ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។

លោក សុទ្ធ ពុទ្ធិម៉ានីន ប្រាប់​ថា​៖ «ខុស​! ខុស​បច្ចេកទេស! ខុស​ទាំងស្រុង​ម៉ង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ