សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលពង្រឹងអធិការកិច្ចសំណង់ដើម្បីបញ្ជៀសហេតុការបាក់អគារសង្កត់មនុស្សស្លាប់

ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រង​គ្រោះ​ដែល​កប់​ជាប់​នៅ​ក្រោម​គំនរ​សំណង់​អគារ​បាក់​បែក​ក្រោយ​ដួល​រលំ​នៅ​ឯ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០។ (ជន ចាន់រ៉ែន)

សង្គមស៊ីវិលធ្វើការលើវិស័យការងារនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពអធិការកិច្ចសំ​ណង់របស់មន្រ្តីពាក់ព័ន្ធ ដែលពួកគេមើលឃើញថា នេះជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានហេតុការបាក់រលំអគារសម្លាប់មនុស្សបន្តបន្ទាប់។

ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ កាលពីព្រឹកថ្ងៃនេះ នៅឯទីស្នាក់អង្គការសង់ត្រាល់។

ប្រធានសម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ លោក សុខ គីន បាន​ថ្លែងអំឡុងពេលនោះថា មូលហេតុនៃការបាក់រលំសំណង់អគារកន្លងមក គឺបណ្តាលមកពីកម្សោយនៃប្រសិទ្ធភាពការចុះអធិការកិច្ចរបស់មន្រ្តីក្រសួងរៀបចំដែនដី និងការងារ។

លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ គួរយកចិត្តទុកដាក់ពង្រឹងលើកិច្ចការងារនេះដែលមានចែងក្នុងច្បាប់ ដើម្បីបញ្ជៀសហេតុការសោដនាដកម្មកុំឱ្យកើតឡើងតទៅទៀត។ 

លោក សុខ គីន ៖«ខ្ញុំមិនដឹងថាក្រសួងដែនដីហ្នឹងគាត់ចុះអធិការកិច្ចនៅកម្រិតណាទេ ដែលនៅក្នុងអគារដែលសាងសង់ផ្សេងៗហ្នឹង? បាទព្រោះអាហ្នឹងវាជានីតិវិធីមួយដែលអធិការកិច្ចការងារគេមានវិធីសាស្រ្តរបស់គេក្នុងអធិការកិច្ចការងារ។ ប៉ិនគ្រាន់ថា ប្រសិទ្ធភាពកម្រិតណា មានប្រសិទ្ធភាពឬគ្មានប្រសិទ្ធភាព យើងមើលឃើញទាំងអស់គ្នា។ ខ្ញុំគិតថាវាមិនសូវមានប្រសិទ្ធភាព»

មន្រ្តីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ជំរុញឱ្យមានការបើកការស៊ើបអង្កេតទៅលើមន្រ្តីពាក់ព័ន្ធការចេញអាជ្ញាបណ្ណសាងសង់ និងអធិការកិច្ចគុណភាពសំណង់ ទាំងថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

លោក ឃុន ថារ៉ូ ៖«អាហ្នឹងដែលយើងត្រូវការស៊ើបអង្កេតមើលថាតើមន្រ្តីថ្នាក់ក្រោមជាតិហ្នឹង គាត់បានអនុវត្តកាតព្វកិច្ចអនុវត្តច្បាប់ហើយឬនៅ ឬក៏គាត់ស៊ុំក្រលំ ឬឃុបឃិតគ្នា ដើម្បីចេញជាអាជ្ញាបណ្ណសាងសង់ទៅ។ អាហ្នឹងដែលខ្ញុំគិតថាជារឿងសំខាន់ រាជរដ្ឋាភិបាលត្រូវតែមានឆន្ទៈនៅក្នុងការអនុវត្តច្បាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ហើយត្រូវមានវិធានការច្បាប់តឹងរឹង ម៉ឺងម៉ាត់ជាមួយនឹងមន្រ្តី ឬក៏អ្នកដែលមានតួនាទីនៅក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន»

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបចំពោះការលើកឡើងរបស់មន្រ្តីសង្គមស៊ីវិលខាងលើ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សេង ឡូត និងអនុប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ លោក ឡៅ ទិព្វសីហា បានទេ​នៅថ្ងៃនេះ។

សំណង់អគារកម្ពស់៧ជាន់មួយកន្លែងនៅក្រុងកែប បានបាក់រលំសង្កត់មនុស្សស្លាប់ចំនួន៣៦នាក់ ក្នុងនោះមានកុមារ៦នាក់ និងរបួស២៦នាក់ កាលពីថ្ងៃទី៣ មករា ដោយសារការសង់ខុសបទដ្ឋានបច្ចេកទេស។ ហេតុការនេះ ម្ចាស់សំណង់២នាក់ប្តីប្រពន្ធឈ្មោះ ឯក សារុន និងឈីវ សុធី ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ហើយគ្មានភាគីពាក់ព័ន្ធណាផ្សេងទៀត ត្រូវបានហៅមកសាកសួរនោះទេ។  

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំឡុងលោកចុះដឹកនាំការរុករកជនរងគ្រោះក្រោមគំនរបាក់បែកនៃអគារនៅថ្ងៃទី៥មករាថា លោកនឹងមិនដកថ្នាក់ដឹកនាំខេត្តចេញពីមុខតំណែង ហើយថា ហេតុការគ្រោះថ្នាក់បែបនេះ មិនមែ​នកើតមានតែនៅកម្ពុជានោះទេ។  

លោក ហ៊ុន សែន ថែ្លង​​ថា៖«នៅប្រទេសនានាដែលបានកើត ដូចសហរដ្ឋអាមេរិក ដួលអគារ តើគេមានដកអភិបាលរដ្ឋគេទេ​?​»

ក្រោយកើតឡើងហេតុការនេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣មករាថា ប្រព័ន្ធរបស់អង្គការខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូទាំងអស់ដើម្បីកែលំអរស្តង់ដារ​សំណង់​ និង​សុវត្ថិភាព។

កាលពីខែមិថុនា ហេតុការស្រដៀងគ្នានេះ បានកើតឡើងម្តងរួចទៅហើយនៅក្រុងព្រះសីហនុ ដោយបង្កឱ្យមនុស្សស្លាប់២៦នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់។ បន្ទាប់ពីនោះ រដ្ឋាភិបាលបានសម្រេចបង្កើតគណកម្មការអធិការកិច្ចគុណភាពសំ​ណង់ដើម្បីត្រួតពិនិត្យរកសំណង់អគារសាងសង់ខុសស្តង់ដាគុណភាពសុវត្ថិភាពសំណង់ នៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ