មន្ត្រីតុលាការខេត្តកំពត ឱ្យដឹងថា ម្ចាស់សំណងអគារដែលបានបាក់រលំសម្លាប់មនុស្សជាច្រើននាក់នៅខេត្តកែបនោះ ត្រូវបានដោះលែងឱ្យនៅក្រៅបណ្ដោះអាសន្ន ក្រោយពីត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។
យ៉ាងហោចណាស់មនុស្ស ៣៦នាក់ បានស្លាប់ក្នុងនោះមានកុមារ ៦នាក់ផងដែរ ហើយមនុស្ស ២៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្រោយពីសំណង់អគារកម្ពស់ ៧ជាន់ស្ថិតនៅក្រុងកែប បានបាក់រលំកាលពីរសៀលថ្ងៃទី០៣ ខែមករា។
ម្ចាស់សំណង់អគារនេះ គឺលោក ឯក សារុន និងប្រពន្ធរបស់គាត់ អ្នកស្រី ឈីវ សុធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅតុលាការខេត្តកំពតកាលពីរសៀលថ្ងៃអាទិត្យចុងសប្ដាហ៍មុន ដើម្បីចាត់ការតាមនីតិវីធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរេត ឱ្យវីអូឌីដឹងនៅថ្ងៃនេះថា ម្ចាស់សំណង់អគារទាំង ២នាក់ប្តីប្រពន្ធ ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត និងបង្ករបួសស្នាមដោយអចេតនា ប៉ុន្តែ លោកថា ត្រូវបានសម្រេចឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក ម៉ាន់ បូរេត មានប្រសាសន៍ថា៖ «មនុស្សហ្នឹងជាប់ចោទពីបទមនុស្សឃាតដោយអចេតនា និងបង្ករបួសដោយអចេតនា។ មនុស្សហ្នឹងជាប់ចោទអ៊ីចឹងហើយទាំងពីរនាក់ប្តីប្រពន្ធហ្នឹង ហើយតុលាការគ្រាន់តែសម្រេចមិនឃុំខ្លួនតែប៉ុណ្ណឹងទេ។ មិនមែនរួចខ្លួនទេ»។
លោក ម៉ាន់ បូរេត មិនអាចបញ្ជាក់ពីមូលហេតុនៃការសម្រេចដោះលែងឱ្យនៅក្រៅឃុំលើជនជាប់ចោទទាំង ២បាននោះទេ ដោយលោកថា ជាសេចក្តីសម្រេចរបស់ចៅក្រម។ យ៉ាងណា លោកថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទៅក្រៅប្រទេស ហើយត្រូវមកបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មើលឃើញថា ការអនុវត្តនីតិវិធីទៅលើម្ចាស់សំណង់ដែលបានបាក់រលំនៅខេត្តកែប និងនៅក្រុងព្រះសីហនុ មានភាពខុសគ្នា។
លោក មឿន តុលា មានប្រសាសន៍ថា៖ «ការដែលមិនឃុំខ្លួនម្ចាស់សំណង់ហ្នឹង វាជារឿងមួយគួរឱ្យប្លែក។ ហាក់បីដូចជាមានភាពមិនប្រក្រតីនៅផ្នែកហ្នឹង។ បើសិនជាយើងមើលសំណង់នៅខេត្តព្រះសីហនុ ៧ជាន់ដូចគ្នា ស្លាប់មនុស្សដូចគ្នា តាមពិតចំនួនមនុស្ស[ស្លាប់]នៅកែបនេះច្រើនជាងផង។ ម្ចាស់សំណង់នៅនោះជាប់ពន្ធធនាគារ ដោយឡែកម្ចាស់សំណង់នៅនេះអត់ជាប់។ អាហ្នឹងវាធ្វើឱ្យមហាជនមានការងឿងឆ្ងល់»។
លោក មឿន តុលា ស្នើឱ្យមានការស៊ើបអង្កេតដោយតម្លាភាព ដើម្បីរកអ្នកជាប់ពាក់ព័ន្ធយកទៅផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ជាជាងទម្លាក់ការទទួលខុសត្រូវតែលើមេការសំណង់ដែលបានស្លាប់ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់។
កាលពីខែមិថុនាឆ្នាំមុន អគារកម្ពស់ ៧ជាន់នៅក្រុងព្រះសីហនុ បានបាក់រលំសង្កត់មនុស្សស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ បន្ទាប់ពីនោះ រដ្ឋាភិបាលបានបង្កើតឱ្យមានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅទូទាំងប្រទេស ហើយសំណង់ខុសច្បាប់ មិនគោរពស្តង់ដាសុវត្ថិភាព ត្រូវបានរកឃើញ និងតម្រូវឱ្យរុះរើចេញជាបន្ទាន់។
នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តនីតិវិធីច្បាប់ដោយគ្មានការលើកលែងចំពោះជនជាប់ពាក់ព័ន្ធ និងអ្នកទទួលខុសត្រូវផ្សេងៗ ដើម្បីទុកជាគំរូល្អដល់អ្នកដទៃ និងកុំឱ្យហេតុការអាក្រក់បន្តកើតមានឡើងទៀត។
លោក អំ សំអាត និយាយថា៖ «កាលណាបើសិនជាយើងគ្មានចំណាត់ការផ្លូវច្បាប់ គ្មានវិធានការដើម្បីទប់ស្កាត់ទេ ចឹងអ្នកដែលពាក់ព័ន្ធដទៃទៀតហ្នឹងគឺគាត់មិនសូវយកចិត្តទុកដាក់ទេ។ គាត់មិនសូវខ្វល់ពីរឿងសោដនាដកម្មអីទេ។ ចឹងវាអាចអាការដែលបាក់ ការរលំអគារហ្នឹង វានឹងមានតទៅទៀត ពីព្រោះយើងមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់តាមស្តង់ដានៃអគារនីមួយៗ។ ចឹងប្រជាពលរដ្ឋអាចនឹងរងគ្រោះបន្តទៅទៀត»។