សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំតំណាងសហគមន៍ដីធ្លីម្នាក់​នៅខេត្តត្បូងឃ្មុំ

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។ (ហ៊ី ឆាយ)

សាលាឧទ្ធរណ៍ កាលពីម្សិលមិញ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់​តំណាងសហគមន៍ដីធ្លីម្នាក់​នៅខេត្តត្បូងឃ្មុំ ពាក់ព័ន្ធ​នឹងជម្លោះ​ដីធ្លីជាមួយក្រុមហ៊ុនចិន។

តំណាង​សហគមន៍​បុស្សស្នោរ លោក ផុន ឈឿន និង​តំណាង​សហគមន៍​ស្រែប្រាំង លោក សែម សាង ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ចាប់​ខ្លួន និង​ដាក់​ឃុំ​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​ឆ្នាំ​មុន ជុំ​វិញ​ជម្លោះ​ដីធ្លីជាមួយក្រុមហ៊ុន​ចម្ការកៅស៊ូ ​ហាម៉ឹនី វីន​ អ៊ិនវេសមេន។

ប្រជា​ពលរដ្ឋ​ប្រហែល ១០០​នាក់​មក​ពី​សហគមន៍​ទាំង​ពីរ​នេះ បាននាំគ្នាទៅតវ៉ានៅមុខ​សាលាដំបូង​ខេត្តត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃទី២១ ខែតុលា​ឆ្នាំ​មុន ហើយ​ទាមទារឱ្យ​ទម្លាក់បទចោទប្រកាន់ និង​ដោះលែងតំណាងពួកគាត់ទាំង​ពីរ​២នាក់ឱ្យមានសេរីភាពវិញ។

មេធាវីការពារក្ដី​ឱ្យ​លោក ផុន ឈឿន គឺលោក លី សុចិត្រា ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រម​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​បដិសេធបណ្ដឹងសុំនៅក្រៅឃុំកូន​ក្ដី​របស់​លោក ដោយសំអាងថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការសវនាការ។

ប្រជាពលរដ្ឋម្នាក់​នៃ​សហគមន៍​ស្រែប្រាំង លោក សែម ចំណាន ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ថា ជារឿងអ​យុត្តិធម៌ ដោយថា ពួកគាត់គ្រាន់តែធ្វើការតវ៉ាទាមទារដីសហគមន៍ដែលត្រូវបានក្រុមហ៊ុនរំលោភយក ប៉ុន្តែ បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួន និងតុលាការចោទប្រកាន់តំណាងរបស់ពួកគាត់ទៅវិញ។

លោកបន្តថា ប្រសិនបើតុលាការនៅតែមិនទម្លាក់បទចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់នោះ លោកថា ពួកគាត់នឹងនាំគ្នាធ្វើការតវ៉ាបន្តទៀត។

លោក សែម ចំណាន និយាយថា៖ «ដើម្បីឱ្យតុលាការពិនិត្យ​មើលរឿងក្ដីពួកគាត់ឡើងវិញ ​ព្រោះពួកគាត់គ្មានកំហុសទេ។ ​នេះជាការចោទប្រកាន់របស់អាជ្ញាធរ និងក្រុមហ៊ុន។ សម្រាប់រូបខ្ញុំជាប្រជាពលរដ្ឋ ​គឺខ្ញុំនៅតែទាមទារ​ នៅតែដាក់ញ្ញ​តិ ដើម្បីរកយុត្តិធម៌ជូនតំណាងសហគមន៍​ ដើម្បីឱ្យតុលាការក៏ដូចជាសាលាឧទ្ធរណ៍ពិនិត្យ​ ស្រាវជ្រាវរឿងក្ដីនេះឱ្យបានម៉ត់ចត់ឡើងវិញ»

តំណាងសហគមន៍ដីធ្លី លោក ផុន ឈឿន ត្រូវបានតុលាការចោទប្រកាន់ពី​បទហិង្សាដោយចេតនា ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យខូចខាតដោតចេតនា និងបទគំរាមកំហែងថានឹងសម្លាប់។

ចំណែកលោក សែម សាង ត្រូវតុលាការ​ចោទប្រកាន់ពីបទកំហែងយកដោយមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អាវុធ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធ បានទេ​ទាក់ទិននឹងការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់​តំណាងសហគមន៍​ទាំង​ពីរ​រូប​នេះ។

ការចាប់ខ្លួន និងចោទប្រកាន់លើតំណាងសហគមន៍ទាំងពីរនេះ ធ្វើឡើងស្របពេលដែលក្រសួងរៀបចំដែនដី បានប្រកាស​កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៩ ដោយឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់តំណាងពលរដ្ឋណា ដែល​ក្រសួង​ចោទថា បានញុះញង់ឱ្យពលរដ្ឋមួយក្រុមនៅស្រុកតំបែរ ឡើងមកតវ៉ាទាមទារ​ដីព្រៃសហគមន៍នៅក្រសួង។

​លោក សែម ចំណាន​ អះអាងថា សហគមន៍​ស្រែប្រាំង និងសហគមន៍បុស្សស្នោ ដែល​មាន​ដី​ទំហំ ១២០០ហិកតា ស្ថិតក្នុងឃុំត្រពាំងព្រីង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន​តាំងពីឆ្នាំ២០១២  ដោយប៉ះពាល់ពលរដ្ឋ ១៨៣​គ្រួសារ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន ជម្លោះដីធ្លីនេះ មិនទាន់ត្រូវបានដោះស្រាយឡើយ។

នាយករង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ លោក​ អំ​ សំអាត​ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​បែប​នេះ​របស់​តុលាការ ហើយ​លោកជំរុញឱ្យអាជ្ញាធរធ្វើការដោះស្រាយវិវាទដីធ្លីនេះ​ជូនប្រជាពលរដ្ឋ ជាងចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា៖«បញ្ហាដីធ្លីនេះ គឺមានការរិះគន់ ហើយនៅក្នុង EBA [អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ] ក្នុងលក្ខខ័ណ្ឌអឺរ៉ុប ក៏មានកំណត់ពីបញ្ហាដីធ្លីនេះដែរ គឺសូម្បីឱ្យរដ្ឋាភិបាល​​ធ្វើការដោះស្រាយឱ្យបានលឿន ឱ្យមានតម្លាភាព និងយុត្តិធម៌សម្រាប់​ប្រជាពលរដ្ឋ។ បើសិនជាពលរដ្ឋជាប់ពន្ធនាគារដោយសាររឿងដីធ្លី​ នៅតែមានបន្តទៀត វាប៉ះពាល់មុខរដ្ឋាភិបាល​ ហើយបញ្ហារំលោភសិទ្ធិមនុស្សនៅតែបន្ត»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ