លោក ហ៊ុន សែន ហៅការចាប់បង្ខំកម្ពុជាឱ្យស្តារប្រជាធិបតេយ្យជារឿងមិនត្រឹមត្រូវ

លោក ហ៊ុន សែន ថ្លែងសុន្ទរកថាអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​លោកនា​យ​ករដ្ឋម​ន្ត្រី​ ​ហ៊ុន​ សែន​ បាន​ចាត់​ទុក​ការ​ទាម​ទារ​របស់​សហគមន៍​អន្តរជាតិ​ឱ្យ​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ថា ជា​ការ​ចាប់​បង្ខំ​កម្ពុជា ដោយ​ថា រដ្ឋាភិបាល​​បាន​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​​ឥត​ឈប់​ឈរ​រួច​ទៅ​ហើយ។

​ក្នុ​​ង​ពិ​ធីរំ​ឭ​កខួប ៤១​ឆ្នាំ​នៃ​ទិវា​​ជ័​យជម្នះ​​លើរប​បខ្មែ​រ​ក្រហមថ្ងៃ ៧ម​ករា​ ក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិ​បាលរបស់​លោក បាន​ប្តេ​ជ្ញាចិត្តដាច់ខាតការពារ​នូវឯករាជ្យ អធិបតេយ្យជាតិ ដោយថា ទោះស្ថិតក្នុងកាលៈទេ​សៈ និង​ស្ថា​ន​ភា​ព​ណា​​ក្តី​។

​មេដឹក​នាំប​ក្សកាន់អំណាចរូ​បនេះ ​បន្តថា កា​រចា​ប់ប​ង្ខំកម្ពុជា​ឱ្យស្តារ​ប្រជា​ធិ​បតេយ្យ និងសិទ្ធិ​ម​នុស្ស​​ថា ​ជារឿ​ងមិ​នត្រឹ​មត្រូវ និងមិនអាចទទួលយកបានឡើយ។​

មេដឹក​នាំកម្ពុជារូបនេះ អះអាង​ទៀតថា ​តាមពិតជា​ក់ស្តែង​ វាបាន​បង្ហា​ញហើយ​ថា លទ្ធិប្រ​ជាធិបតេ​យ្យ និ​ងសេ​រីភាពរ​បស់ពលរ​ដ្ឋក​ម្ពុ​ជា កំពុ​ងត្រូ​វបាន​គោរព​ ​និង​លើកក​ម្ពស់​ឥត​ឈប់ឈ​រក្នុងផល​ប្រយោ​ជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ដូច្នេះ ពុំមានមូលហេតុត្រឹមត្រូវណាមួយដែលមជ្ឈដ្ឋានខាងក្រៅខ្លះ បានលើកឡើងដដែលៗអំពីការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ»។

​លោក ហ៊ុ​ន សែន​ បង្ហាញការរំពឹងទុកថា មជ្ឈដ្ឋានទាំងនោះ នឹងពិចារ​ណាបាន​​ត្រឹមត្រូវ​ចំពោះកា​រវិវ​ឌ្ឍដោយវិជ្ជមាន​របស់ក​ម្ពុជា និងមិ​នធ្វើឱ្យ​កម្ពុជា​ក្លាយ​ជាចំណា​ប់ខ្មាំ​ងនៃ​ទំ​ព័រ​ដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សអស់ជាង ៣លាននាក់​កន្លងមកនោះឡើយ។

បើទោះបីជាកា​រថ្លែង​របស់នាយ​ករ​ដ្ឋមន្ត្រីកម្ពុជានៅពេលនេះ ​​មិនប​​ញ្ចេញឈ្មោះប្រទេសណាមួយក៏ដោយ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈលិខិតចុះថ្ងៃទី១ វិច្ឆិកាឆ្នាំមុន បានព្រមានពីហានិភ័យរបស់កម្ពុជា បើមិនវិលទៅរកមាគ៌ាប្រជាធិបតេយ្យវិញទេនោះ។

ចំណែកសហភាពអឺរ៉ុបវិញ នឹងសម្រេច​​ថា ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA)​ សម្រាប់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ខាង​មុខ​នេះ ជុំ​វិញ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ​ដែល​សហគមន៍​អឺរ៉ុប​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះ​ក្នុងរយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

សហភាព​អឺរ៉ុប​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ពិសេស ដោះលែងមេដឹកនាំគណបក្សសង្គ្រោះ​ជាតិ លោក កឹម សុខា និងត្រូវឱ្យអតីត​បក្ស​ប្រឆាំង​មួយ​នេះ ដំណើរការឡើងវិញ។

គណបក្សសង្គ្រោះជាតិ ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង ឬ​ស្មើ​នឹង ៤២​ភាគរយ​​នៃ​អ្នក​បោះ​ឆ្នោត នៅ​មុន​ការ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។

ស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានលើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះថា អាមេរិក​នៅចងចាំថា ប្រជាជនកម្ពុជាជិត ២លាននាក់ ត្រូវបានគេសម្លាប់​ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ស្ថាន​ទូត​អាមេរិក បន្តថា ប្រជាជនកម្ពុជា បានបង្ហាញនូវភាពរឹងមាំអស់ជាច្រើនទសវត្សរ៍​មកហើយ ហើយ​ថា ចាប់តាំងពីសម័យដ៏ខ្មៅងងឹត និងការខិតខំប្តេជ្ញាចិត្ត បាននាំប្រទេសមួយនេះមកដល់សព្វថ្ងៃ។

សហរដ្ឋអាមេរិក បញ្ចាក់ថា៖ «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ការផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព ហើយដើម្បីធានាថា សោកនាដកម្មបែបនេះ នឹងមិនកើតឡើងវិញ»។

អតីតមន្ត្រីបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់​ថា ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​ឱ្យ​ស្ដារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​​ឡើង​វិញ​នោះ គឺ​ជា​រឿង​ត្រឹម​ត្រូវ ដែល​ជួយ​កម្ពុជា​កុំ​ឱ្យ​មាន​វិបត្តិ​ផ្ទៃ​ក្នុង​ដូច​អតីត​កាល។

លោកថា ការបន្តផាត់គណបក្សប្រឆាំងដែលមានអ្នកគាំទ្រពាក់កណ្តាលប្រទេសចេញពីឆាកនយោ​បា​យទៅវិញទេ ដែលកំពុងរុញកម្ពុជាឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ។

លោក មាជ សុវណ្ណារ៉ា និយាយ​ថា៖ «ការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់មេដឹកនាំបក្សប្រឆាំងដ៏ធំដែលមានសក្តានុពលប្រដំប្រសងគ្នាជាមួយគណបក្សកាន់អំណាចហ្នឹង​ដាក់មន្ទីរ​​​ឃុំ​ឃាំង​រហូតមកដល់ឥឡូវហ្នឹង គឺវិបត្តិនយោបាយ។ វានៅជាប់គាំង»។

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ប្រាប់ថា ការ​ទាម​ទារ​របស់​សហគមន៍​អន្តរជាតិ គឺ​ជា​ការ​តម្រង់​ទិស​អ្នក​នយោបាយ ឱ្យ​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

បើតាមមន្ត្រីការពារសិទ្ធិមនុស្សរូបនេះ កិច្ចព្រមព្រៀងនេះ តម្រូវឱ្យអ្នកនយោបាយប្រកួតអំណាចគ្នា​ដោយតម្លាភាព តាមរយៈការបោះឆ្នោត បញ្ឈប់ការកេណ្ឌពលរដ្ឋឱ្យទៅកាន់អាវុធសម្លាប់គ្នា​ដូចពីអតីតកាល។

លោក ស៊ឹង សែនករុណា និយាយ​ថា៖ «បញ្ហាដែលអ្នកនយោបាយរឹងទទឹងមិនងាកទៅគោរពគោលការណ៍សិទ្ធិមនុស្ស គោរពប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវទៅវិញទេ ដែលជាហេតុបង្កឱ្យប្រទេសជាតិមានសង្គ្រាមកើតឡើង»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញការព្រួយបារម្ភថា កម្ពុជានឹងពិបាកស្តារមុខមាត់លើឆាកអន្តរជាតិ និងក្នុងតំបន់ បើនៅតែបន្តដើរផ្ទុយពីចរន្តអន្តរជាតិ ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោក ឯម សុវណ្ណារ៉ា ថា៖ «យុទ្ធសាស្ត្រដែលអឺរ៉ុបលើកឡើងនេះ គឺគេធ្វើយូហើយ។ នៅក្នុងសង្គ្រាមត្រជាក់ វាឈ្នះអាហ្នឹង ហើយគេប្រើអាហ្នឹង ហើយគេនៅតែប្រើយុទ្ធសាស្ត្រហ្នឹងដដែលទេ ដែលប្រទេសជឿនលឿនដូចសហរដ្ឋអាមេរិក និងអឺរ៉ុបគេប្រើប្រាស់ និងជាសម្ព័ន្ធភាពមួយរឹងមាំ ឈ្នះទៅលើរបបផ្តាច់ការមួយចំនួន។ អ៊ីចឹង អាយុទ្ធសាស្ត្រហ្នឹងគេនៅតែប្រើហ្នឹង»

លោក ហ៊ុន សែន អះអាងដែរថា ក្រោយពីកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមចន្លោះ​ឆ្នាំ​១៩៧០​ដល់​១៩៧៥ និងធ្លាក់​ចូល​ក្នុង​របប​ខ្មែរ​ក្រហម ដែល​សម្លាប់មនុស្សអស់ជាង ៣លាននាក់រួចមក លោកថា កម្ពុជាពេលនេះកំពុងពង្រឹងយន្តការប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ