ពលរដ្ឋ៣នាក់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​

ករណី​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ កាលពី​ថ្ងៃទី០៣​ ខែមករា​ (ហ្វេសប៊ុក Kong Langdy/ គង់ ឡុងឌី)

ពលរដ្ឋ​ ៣នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ និង​គ្រោង​បញ្ជូន​ទៅ​តុលាការ​ ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ ថ្លែងប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​។

កាលពី​ថ្ងៃទី០៤​ ខែមករា​ អាជ្ញាធរ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ បាន​ចាប់ខ្លួន​មនុស្ស​ ២១នាក់​ យក​មក​សាកសួរ​នៅ​អធិការ​ស្រុក​ព្រៃនប់​ បន្ទាប់ពី​មាន​ករណី​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ កាលពី​ថ្ងៃទី០៣​ ខែមករា​។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ស្រុក​ព្រៃនប់​បានសម្រេច​ឃាត់ខ្លួន​មនុស្ស​ ៣នាក់​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ក្នុង​បទ​ចោទ​«កាន់​ទ្រព្យសម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់​»។

អ្នកនាំពាក្យ​រូប​នេះបន្ត​ថា​ ទន្ទឹម​នោះ​ ពលរដ្ឋ​មួយចំនួន​ផ្សេងទៀត​ ត្រូវ​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅ​ផ្ទះសម្បែង​វិញ​ ហើយ​លោក​ថា​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​ចូល​ទន្ទ្រាន​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​តទៅទៀត​ឡើយ​។

លោក​ ឃាង​ ភា​រម្យ​ និយាយ​ថា​៖ «បញ្ហា​នេះ​មិនមែន​ជា​ទំនាស់​ដីធ្លី​ទេ​ វា​ជា​ការ​ចូល​ទៅ​កាប់ព្រៃ​ទន្ទ្រាន​យក​ដី​ឧទ្យានជាតិ​រាម​។ ប្រជាពលរដ្ឋ​ជាប់សង្ស័យ​បី​រូប​ គឺ​សមត្ថកិច្ច​ត្រូវ​រៀបចំ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ ករណីនេះ​ ជា​ការ​រាន​ដី​ថ្មី​ ព្រោះ​ក្រសួងបរិស្ថាន​បាន​កំណត់​កាត់​ឆ្វៀល​ហ្នឹង​រួចរាល់​ហើយ​ ហើយ​សមត្ថកិច្ច​ទៅ​រុះរើ​ខ្ទម​នេះ​ ជា​ករណី​បង្ក្រាប​ការទន្ទ្រាន​ដី​ថ្មី​»

ប៉ុន្តែ​ លោក​ ភា​រម្យ​ មិនបាន​ប្រាប់​ឈ្មោះ​ពលរដ្ឋ​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ​ឡើយ​។

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក​ (Adhoc​) ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី​ ជៀប​ សុធា​រី​ ឱ្យ​ដឹង​ថា​ ពលរដ្ឋទាំង​ ៣នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួមមាន​ យុវតី​ ងិន​ ស្រីពេជ្រ​ អាយុ​ ១៧ឆ្នាំ​ អ្នកនាង​ គង់​ សុធា​ អាយុ​ ២៥ឆ្នាំ​ និង​បុរស​ម្នាក់ទៀត​ជាខ្មែរ​ឥស្លាម​មិន​ស្គាល់​អត្ត​សញ្ញាណ​។

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​ស្មាច់​ដែង​នោះ​ លោក​ ភឿន​ ផៃ​ ថ្លែងប្រាប់​វី​អូ​ឌី​ថា​ លោក​មិនបាន​ដឹង​ថា​ ពលរដ្ឋ​ទាំង​បី​នាក់​នោះ​ជា​នរណា​ខ្លះ​ទេ​ ប៉ុន្តែ​ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​។ លោក​បញ្ជាក់​ថា​ អ្នកភូមិ​ ១៣៤គ្រួសារ​ បាន​កាន់កាប់​ដីធ្លី​សរុប​ជាង​ ៣០០ហិ​កតា​នៅ​ទីនោះ​។

លោក​ ភឿន​ ផៃ​ អះអាង​ថា​ កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ជាង​ ១០០នាក់​ ដែល​មាន​កម្លាំង​នគរបាល​ ​អាវុធហត្ថ​ស្រុក​ បរិស្ថាន​ ប្រជា​ការពារ​ភូមិ​ និង​កម្មករ​ក្រុមហ៊ុន​ឯកជន​ ចូល​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី០៣ ខែមករា​។ លោក​អះអាង​បន្ត​ថា​ អំពើ​ហិង្សា​ដែល​កើតឡើង​កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​មុន​ គឺ​ភាគី​ខាង​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ ជា​អ្នក​បង្កឡើង​។

លោក​ ភឿន​ ផៃ​៖ «ពួក​ខ្ញុំ​ជា​ពលរដ្ឋ​ក្រីក្រ​អត់​ដី​នៅ​ អាង​អីថា​ ដី​ក្រុមហ៊ុន​។ យើង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ពួក​យើង​។ យើងខ្ញុំ​មិន​ត្រូវការ​ហិង្សា​ឡើយ​»

អ្នកស្រី​ ជៀប​ សុធា​រី​ បាន​ប្រាប់​ថា​ បច្ចុប្បន្ន​ ទំនាស់​ដីធ្លី​នៅ​ភូមិ​ស្មាច់​ដែង​នេះ​ ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ អ្នកស្រី​បន្ត​ថា​ ដី​ឧទ្យានជាតិ​រាម​នេះ​ កាន់តែ​រួម​តូច​ទៅៗ​ ដោយសារ​ការ​ផ្តល់​ដីសម្បទាន​ទៅ​ក្រុមហ៊ុន​ និង​ការ​ចូល​ទន្ទ្រាន​កាន់កាប់​ពីសំណាក់​ភាគី​មួយចំនួន​ដែល​មាន​ទាំង​ពលរដ្ឋ​ធម្មតា​ យោធា​ និង​ការ​លក់​បន្តគ្នា​ជាដើម​។

អ្នកស្រី​ ជៀប​ សុធា​រី​ និយាយ​ថា​៖ «ករណី​ទំនាស់​ហ្នឹង​ អាជ្ញាធរ​គួរណាស់តែ​ព្យាយាម​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ ចៀសវាង​ប្រើ​ហិង្សា​នាំ​ឱ្យ​របួស​ និង​អាច​ប៉ះពាល់​ដល់អាយុ​ជីវិត​មនុស្ស​ថែមទៀត​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ