មន្ត្រី​ថា​ សំណង់​អគារ​បាក់​រលំ​សម្លាប់​មនុស្ស​ច្រើន​នាក់​នៅ​ខេត្ត​កែប​ សង់​ឡើង​ខុសច្បាប់​

ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រង​គ្រោះ​ដែល​កប់​ជាប់​នៅ​ក្រោម​គំនរ​សំណង់​អគារ​បាក់​បែក​ក្រោយ​ដួល​រលំ​នៅ​ឯ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០។ (ជន ចាន់រ៉ែន)

មន្ត្រី​ដែនដី​ខេត្ត​កែប​ អះអាង​ថា​ អគារ​ដែល​បាក់​រលំ​នៅ​ខេ​ត្ត​នេះ ​បណ្ដា​លឱ្យ​មនុស្សជា​ច្រើន​នាក់​ស្លាប់​ និង​រង​របួស​នោះ​ ត្រូវ​សាងសង់​ឡើង​ខុស​ទៅ​នឹង​ស្តង់ដារ​ច្បាប់​សាងសង់​របស់​កម្ពុជា​។

សំណង់​អគារ​កម្ពស់​ ៧ជាន់ ​ស្ថិតនៅ​ក្នុង​ក្រុងកែប​ បាន​បាក់​រលំ​កាលពី​រសៀល​ថ្ងៃទី០៣​ ខែមករា​ ដោយ​បាន​សម្លាប់​មនុស្ស​សរុប ៣៦នាក់​ និង​បណ្ដាល​ឱ្យ​មនុស្ស​ ២៣នាក់​ទៀត​រង​របួស​ ក្នុង​នោះ​កុមារ​ចំនួន​ ៦នាក់​ផង​ដែរ​។

ស្នងការ​នគរបាល​ខេត្ត​កែប​ លោក​ បែន​ តារា​ បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​ថា​ ម្ចាស់​សំណង់​អគារ​នេះ​ គឺ​លោក​ ឯក​ សា​រុន​ និង​ភរិយា​របស់​លោក​ គឺអ្នកស្រី​ ឈីវ​ សុធី​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការខេត្ត​កំពត​ហើយ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អនុប្រធាន​មន្ទីរ​ដែនដី​ទទួលបន្ទុក​ផ្នែក​រដ្ឋបាល​ លោក​ ឡាយ​ វណ្ណា​រ៉ា​ បានឱ្យ​ដឹង​ថា​ សំណង់​អគារ​ដែល​បាន​បាក់​រលំ​នោះ​ ត្រូវ​បាន​ម្ចាស់​សំណង់​ស្នើសុំ​សាងសង់​ទំហំ​ ២,៤៣៤ម៉ែត្រការ៉េ​ និង​មាន​កម្ពស់​ត្រឹមតែ​ ៦ជាន់​ប៉ុណ្ណោះ​។

មន្ត្រី​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ​ខេត្ត​កែប​ បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​ម្ចាស់​សំណង់​អគារ​នេះ​ សាងសង់​នៅ​ថ្ងៃទី០២​ ខែសីហា​ឆ្នាំមុន​ ប៉ុន្តែ​ លោក​ថា​ ដំណើរការ​សាងសង់​អគារ​នេះ​ ត្រូវ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ខែមីនា​ ឆ្នាំ២០១៩មក​ម៉្លេះ​ ពោល​គឺ​មុន​អាជ្ញាធរ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​សាងសង់​រហូតដល់​ប្រហែល​ ៥ខែ​។

លោក​ ឡាយ​ វណ្ណា​រ៉ា​ ឱ្យ​ដឹង​ថា​ មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប​ ក៏បាន​ចុះទៅ​ហាមឃាត់​ដំណើរការ​សាងសង់​អគារ​នេះ​ដែរ​ បន្ទាប់ពី​រក​ឃើញថា​ ការសាងសង់​មិន​មាន​លិខិតស្នាម​ត្រឹមត្រូវ​នោះ​ ប៉ុន្តែ​ លោក​ថា​ មន្ត្រី​មួយ​រូប​មាន​តំណែង​ជា​អនុប្រធាន​មន្ទីរ​ដែនដី​ផង​ដែរ​នោះ​ បាន​ទទួលយក​ទៅ​រត់ការ​សុំ​លិខិតអនុញ្ញាត​។

លោក​ ឡាយ​ វណ្ណា​រ៉ា​ មានប្រសាសន៍​ថា​៖ «មន្ទីរ​ក៏បាន​ឱ្យទៅ​ឃាត់​ដែរ​ ប៉ុន្តែ​ ភូមិបាល​គាត់​ក៏ដូចជា​អត់​ធ្វើ​លិខិតស្នាម​ត្រឹមត្រូវ​។ សំណង់​នេះ​ អនុប្រធាន​មន្ទីរ​ដែនដី​ គាត់​ទទួល​រត់ការ​។ នៅពេល​ឃាត់​ [បាន​និយាយ] ដែរ​ថា​ នៅមុន​ច្បាប់​អនុញ្ញាត​នេះ​ ប្រហែលជា​ ១ខែ​ បើសិនជា​គាត់​មិន​សុំ​ទេ​ គាត់​នឹង​ផ្អាក​ការដ្ឋាន​ទាំងស្រុង​។ អ៊ីចឹង​ហើយ​បាន​ម្ចាស់​គាត់​រត់ការ​ឱ្យ​បាន​មុន​ នៅ​ថ្ងៃទី២​ [ខែសីហា​] គឺ​បាន​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​លើច្បាប់​អនុញ្ញាត​សាងសង់​នេះ​»

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​អមរិន្ទ្រ​ លោក​ សុក​ សំ​អឿន​ ពន្យល់​ថា​ មន្ត្រី​មានសមត្ថកិច្ច​ ត្រូវ​មាន​ចំណែក​ទទួលខុសត្រូវ​ចំពោះ​កង្វះ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យន្តការ​សុវត្ថិភាព​សំណង់​របស់​ពួកគេ​។

លោក​ សុក​ សំ​អឿន​ មានប្រសាសន៍​ថា​៖ «បើសិនជា​សាងសង់​អត់មាន​ក្រុមហ៊ុន​សំណង់​ទទួលខុសត្រូវ​ វា​អាច​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ដែរ​ ព្រោះ​មន្ត្រី​ត្រូវ​ពិនិត្យមើល​ថា​ តើ​ការសាងសង់​ដល់​ថ្នាក់​ ៧ជាន់​ហើយ​ តើ​ក្រុមហ៊ុន​សាងសង់​ណា​ទទួលខុសត្រូវ​លើ​ការសាងសង់​ហ្នឹង​ វិស្វករ​ណា​ទទួលខុសត្រូវ​ វា​មិន​ទាក់ទង​នឹង​រឿង​ព្រហ្មទណ្ឌ​ទេ​ ពួក​មន្ត្រី​ ក៏ប៉ុន្តែ​ វា​អាច​ទទួលខុសត្រូវ​ផ្នែក​រដ្ឋបាល​ខ្លាំង​ ហើយ​អាច​រក​ឃើញថា​ ពុករលួយ​ទាក់ទង​រឿង​ពុករលួយ​ទៀត​»

មេធាវី​រូប​នោះ​ផ្តល់​ជា​អនុសាសន៍​ថា​ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ការ​បាក់​រលំ​អគា​រប​ណ្ដា​លឱ្យ​មនុស្ស​ស្លាប់​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ លោក​នឹង​មិន​ដក​តំណែង​ថ្នាក់ដឹកនាំ​ខេត្ត​កែប​នោះ​ឡើយ​ ហើយ​ផ្ទុយទៅវិញ​ លោក​ព្រមាន​ចាត់ការ​ទៅលើ​មន្ត្រី​របស់​លោក​ ដែល​ជំរុញ​ឱ្យ​ដក​តំណែង​ថ្នាក់ដឹកនាំ​ខេត្ត​នេះ​ទៅវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ