ធនាគារជាតិ​ទទួលស្គាល់​ពី​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ជាតិ​ បើ​ EBA ​ត្រូវ​ព្យួរ​ជាប​ណ្ដោះ​អាសន្ន​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ធនាគារជាតិនៃកម្ពុជា​ទទួលស្គាល់​ហានិភ័យ​ពី​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ«​អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ»​(EBA​) ថា​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ ខណៈ​នៅតែ​វាយតម្លៃ​ថា​ សេដ្ឋកិច្ច​ឆ្នាំ២០២០នេះ​នៅតែ​មាន​កំណើន​ក្នុងរង្វង់​ ៧ភាគរយ​ដដែល​។

ក្នុង​របាយការណ៍​ វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​ឆ្នាំ២០១៩​ និង​ទស្សនវិស័យ​ឆ្នាំ២០២០​ ចេញ​កាលពី​ថ្ងៃទី២​ ខែមករា​ ធនាគារជាតិ​ បាន​លើកឡើង​ថា​ សេដ្ឋកិច្ច​ឆ្នាំ២០២០របស់​កម្ពុជា​ អាច​ប្រឈម​នឹង​បញ្ហា​សំ​ខាន់​ៗមួយ​ចំនួនដែល​រួមមាន ​ការ​ថយ​ចុះ​សេដ្ឋកិច្ច​ចិន​ និង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ជាដើម​។

ធនាគារជាតិ​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ បើ​ទោះបី​អឺរ៉ុប​ដក​ EBA​ ពី​កម្ពុជា​ក៏ដោយ ​ក៏​កម្ពុជា​នៅតែ​រក្សា​កំណើន​នៃ​ការនាំចេញ​សំលៀកបំពាក់​ដដែល​ ដោយសារ​តម្រូវការ​សំលៀកបំពាក់​នៅ​អឺរ៉ុប​ និង​ការ​ផ្ដាច់ខ្លួន​របស់​អង់គ្លេស​ពី​សហគមន៍​នេះ​ ជាពិសេស​គឺ​ការ​ធ្វើ​កំណែទម្រង់​របស់​រដ្ឋ​ដែល​ផ្ដល់​អំណោយផល​ដល់​អ្នក​វិនិយោគ​។

ធនាគារជាតិ​លើកឡើង​ថា​៖ «ទោះជាយ៉ាងណា​ កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០២០​ ត្រូវ​បាន​រំពឹង​ថា​ អាច​សម្រេច​បាន​ក្នុងរង្វង់៧ភាគរយ​ ជាមួយនឹង​កម្រិត​អតិផរណា​ប្រមាណ២,៣​%។ ការ​រំពឹង​ទុក​នេះ​ ផ្អែកលើ​ការ​ព្យាករ​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ដែល​នឹង​រួមចំណែក​ផ្ដល់​ភាព​អំណោយផល​ដល់​ការនាំចេញ​ វិនិយោគ​បរទេស​ និង​វិស័យ​ទេសចរណ៍​កម្ពុជា​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​បាន​លទ្ធផល​ជាលំដាប់​ពី​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន​ និង​ការកែទម្រង់​ស៊ីជម្រៅ​សម្រាប់​គាំទ្រ​ដល់​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»។

ទោះជាយ៉ាងណា​ក៏ដោយ​ កាលពី​ថ្ងៃទី២៦​ ខែធ្នូ​ មូលនិធិ​រូ​បិយ​ប័​ណ្ឌ​អន្តរជាតិ​ហៅ​កាត់​ថា​ IMF​ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បាន​ព្យា​ការ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយ​ថា ​ការ​កាត់​EBA​ វា​នឹង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​ប្រមាណ៣ភាគរយ​ត្រឹម​ឆ្នាំ​ដំបូង​ដែលកាត់​នោះ​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ បន្ថែម​ថា​៖ ​«ការ​ព្យួរ​ EBA​ នឹង​បន្ថែម​ចំណាយ​សម្រាប់​នាំចេញ​របស់​កម្ពុជា​លើ​ពន្ធគយ​នាំ​ចូល​អឺ​រ៉ុប​ចន្លោះ​ពី​ ០.១ភាគរយ​ ដល់​ ១២ភាគរយ​ក្នុង​ឆ្នាំ​ដំបូង​ ឬបន្ថែម​ពន្ធគយ​ក្នុង​រហូតដល់​ជាង​ ៦០០លាន​ដុល្លារ​។ ការ​យកពន្ធ​នេះ​នឹងអាច​នាំ​ឱ្យ​ការនាំចេញ​ពី​កម្ពុជា​ ទៅ​អឺរ៉ុប​ធ្លាក់ចុះ​ប្រមាណ​ ១៣ភាគរយ​ទៀតផង​។ សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​រង​ផល​ប៉ះពាល់​ដែរ​នៅពេល​ដែល​កំណើន​សេដ្ឋកិច្ច​ចិន​កំពុង​ដាំ​ក្បាល​ចុះ​ នេះ​នៅ​មិនទាន់​គិត​ពី​និន្នាការ​ផ្លាស់ប្ដូរ​ទីតាំង​រោងចក្រ​ចេញពី​កម្ពុជា​នៅពេល​ដែល​គ្មាន​ EBA​ផង​»។

សហ​គម​ន៍​អឺ​រ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ដែល​អាច​ឈាន​ទៅដល់​ការ​ដកហូត​ EBA​ កាលពី​ថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ បន្ទាប់ពី​បាន​លើកឡើង​ពី​ការ​ធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។

សហ​គម​ន៍​អឺ​រ៉ុប​ បាន​ចេញ​របាយការណ៍​ស៊ើបអង្កេត​អំពី​បញ្ហា​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាលពី​ខែវិច្ឆិកា​ ប៉ុន្តែ​ មិន​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ឡើយ​ ដោយ​ទុក​ពេល​មួយ​ខែ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​កាលពីដើម​ខែធ្នូ​នេះ​ថា​ រាជរដ្ឋាភិបាល​បាន​បញ្ជូន​របាយការណ៍​ឆ្លើយតប​ទៅកាន់​សហ​ភាព​អឺ​រ៉ុ​បរួច​ហើយ​។

កាលពី​ថ្ងៃទី​១១​ ខែធ្នូ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា ​កម្ពុជា​មិន​យក​អធិបតេយ្យ​របស់​ខ្លួន​ទៅ​ដូរ​នឹង​ EBA​ ជាដាច់ខាត​ ថែមទាំង​គំរាម​ដល់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ ​ប្រសិនជា ​EBA​ ត្រូវ​បាន​កាត់​នោះ​។

លោក​ ហ៊ុន​ សែន​៖ «ទឹកមាត់​អ្នកឯង​ជាមួយ​ខ្ញុំ​ ក៏​កាត់បន្ថយ​ដែរ​ មានន័យថា​ បាន​រួមចំណែក​សម្លាប់​ពួក​អា​ប្រឆាំង​ផ្កាប់មុខ​តែម្ដង​!»

គណៈកម្មការ​សហ​ភាព​អឺរ៉ុប​ នឹង​សម្រេច​ថា​ តើ​ត្រូវ​ដក​ EBA​ ពី​កម្ពុជា​ឬយ៉ាង​ណានៅ​ខែកុម្ភៈ​ ឆ្នាំ​២០២០​។ បើសិនជា​សម្រេច​ថា​ ដក​ EBA​ មែន​ សេចក្ដីសម្រេច​នោះ​នឹង​ចូលជាធរមាន​នៅ​ខែសីហា ​ឆ្នាំ២០២០​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ