សភា​ពាណិជ្ជកម្ម​ចិន​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​ពលរដ្ឋខ្មែរ​បាត់បង់​ការងារ​

បុរសពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវមួយក្នុងខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ (វណ្ណ វិចារ)

សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​ខេត្ត​ព្រះសីហនុ​ បាន​បើក​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ដល់​ពលរដ្ឋខ្មែរ​ដែល​ប្រឈម​ភាព​អត់​ការងារ​ធ្វើ ជា​មួយ​រដ្ឋបាល​សាលាខេត្ត​ ក្រោយ​អាជីវកម្ម​ល្បែង​អន​ឡា​ញនៅ​ខេត្ត​នេះ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​តាម​សារា​ចរ​រដ្ឋាភិបាល​កម្ពុជា​។

តាម​សំណេរ​លើ​ហ្វេ​សប៊ុ​កផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ កិច្ចប្រជុំ​នោះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«ចូលរួម​ព្រួយបារម្ភ​នឹង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ជួយ​ដោះស្រាយ​បញ្ហា​អ្នក​អត់​ការងារ​ធ្វើ​» នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី៣១ ខែធ្នូ​ សប្តាហ៍​មុន​ ដោយមាន​តំណាង​រោងចក្រ​សហគ្រាស​ចិន​ជាង៤០​ និង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​។

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារា​ចរ​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ នៅ​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩​ ក្រោយ​មើលឃើញ​ថា​ អាជីវកម្ម​ទាំងអស់​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្ដា​ប់​ធ្នាប់​សាធារណៈ​ និង​របៀប​រៀប​រយ​សង្គម​។

អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ ឱ្យ​ដឹង​បន្ថែម​ថា​ ក្នុង​កិច្ចប្រជុំ​នោះ ​មានការ​ចូលរួម​ពី​សមាគម​ចិន​ចម្រុះ​ក្នុង​ខេត្ត​ជាង១០ផ្សេងគ្នា​ និង​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ច្បាប់​ការងារ​ និង​សារា​ចរ​បញ្ឈប់​អាជីវកម្ម​ភ្នាល់​តាម​អន​ឡា​ញរ​បស់​រដ្ឋាភិបាល​កម្ពុជា​ ព្រមទាំង​ឱកាស​ការងារ​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិ​សេស​ផ្សេង​ៗក្នុងទឹក​ដី​ខេត្ត​នេះ​។

ទោះ​យ៉ាងណាក៏ដោយ​ លោក​ ឃាង​ ភា​រម្យ​ អះ​អាង​ថា​ ការ​បិទ​កាស៊ីណូ​អន​ឡាញ​ជះ​ផល​អវិជ្ជមាន​តិចតួច​ចំពោះ​ពលរដ្ឋខ្មែរ​បម្រើការ​ងារ​នៅ​ទីកន្លែង​ទាំងនោះ​ ដោយ​លោក​ថា​ ដោយសារតែ​ខេត្ត​នេះ​ មាន​សក្តា​នុ​ពល​ទីផ្សារ​ការងារ​ច្រើន​ផ្សេងទៀត​សម្រាប់​ពួកគេ​។

លោក​ ឃាង​ ភា​រម្យ​ មានប្រសាសន៍​ថា​៖ «នៅ​ខេត្ត​ព្រះសីហនុ​យើង​ហ្នឹង​ ក្រៅពី​កាស៊ីណូ​ គឺ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​យើង​មាន​រោងចក្រ​រាប់​រយ​រោងចក្រ​។ ចឹង​បច្ចុប្បន្ន​ហ្នឹង​ គឺ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​យើង​ទាំង៥កន្លែង​ ដូច​ខ្ញុំ​បាន​ជម្រាប​ចឹង​ថា​ គឺ​នៅ​មាន​កង្វះខាត​បុគ្គលិក​កម្មករ​ច្រើនណាស់​»។

លោក​បន្ថែម​ថា​៖ «យើង ​[ពលរដ្ឋខ្មែរ​ចំណាកស្រុក​មក​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​] អាច​សំឡឹង​មើល​ការងារ​ផ្សេងទៀត​ ក្រៅពី​ក្រុមហ៊ុន​ ធនាគារ​ អចលនទ្រព្យ​ យើង​អាច​សំឡឹង​មើល​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ​កំពុងតែ​ត្រូវការ​បុគ្គលិក​ច្រើន​»

ប្រធានមន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​ លោក​ យ៉ូ​វ ខេមរា​ លើកឡើង​ថា​ ការ​បិទ​អាជីវកម្ម​ល្បែងភ្នាល់​ទាំងនោះ​ មិន​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​ ដោយសារ​ខេត្ត​នេះ​សម្បូរ​រោងចក្រ​កំពុង​ជ្រើសរើស​បុគ្គលិក​កម្មករ​បម្រើការ​ងារច្រើន​។

លោក​ យ៉ូ​វ ខេមរា​ មានប្រសាសន៍​ថា​៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​ត្រូវការ​កម្មករ​និយោជិត​ទាំង​អត់​ជំនាញ​ ទាំង​ជំនាញ​ជាង១ម៉ឺន​នាក់​។ តំបន់​សេដ្ឋកិច្ច​ពិ​សេស ​ជេ​ជាំ​ង នៅ​ព្រៃនប់​ នៅ​វាល​រិញ​ហ្នឹង​ ត្រូវការ​ច្រើន​ពាន់​នាក់​។ រោងចក្រ​គាត់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ទើប​បើក​ថ្មី​។ រោងចក្រ៣ ដំណើរការ​ ហើយនឹង​ដប់​ជាង​ផ្សេងទៀត​ នឹង​ដាក់​ដំណើរ​ការ​ឆាប់​ៗ។ ចឹង​ដូច​មិន​មាន​វិបត្តិ​អី​ទេ​»

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោក​ មឿន​ តុលា​ មិន​មើលឃើញ​ថា​ ការ​បិទ​ល្បែងភ្នាល់​អន​ឡា​ញនៅ​ខេត្ត​ព្រះសីហនុ​ ជា​បញ្ហា​នាំ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ ដោយសារ​ភាព​ខ្សោយ​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ និង​បង្កើត​ទីផ្សារ​ការងារ​សម្រាប់​ពលរដ្ឋ​។

លោក​ មឿន​ តុលា​ មានប្រសាសន៍​ថា​៖ «ខេត្ត​ព្រះសីហនុ​នេះ​ វា​មិន​គួរ​ជា​កន្លែង​ដែល​យើង​យក​វិស័យ​ល្បែងស៊ីសង​យក​ទៅ​អភិវឌ្ឍ​នោះ​ទេ​។ យើង​ជា​ខេត្ត​មួយ​ ជា​ខេត្ត​ទេសចរណ៍​ ជា​ខេត្ត​កំពង់ផែ​អន្តរជាតិ​។ បើសិនជា​យើង​គ្រប់គ្រង​កំពង់ផែ​អន្តរជាតិ​ហ្នឹង​ឱ្យ​បាន​ យើង​មើល​សិង្ហបុរី​ គេក​សាង​ប្រទេស​គេ​ គ្រាន់តែ​កំពង់ផែ​របស់​គេ​មួយ​ឆ្នាំ​ៗ គេ​ចំណេញ​រាប់​កោដ្ឋ​ដុល្លារ​ ចំណូល​ពី​កំពង់ផែ​គេ​ហ្នឹង​។ ចឹង​ងាក​មកវិញ​ សម្រាប់​ខ្ញុំ​ ខ្ញុំ​ថា​កុំ​យក​ហេតុផល​នៃ​ការ​បិទ​ល្បែង​ហ្នឹង​ ឱ្យទៅ​ជា​ពលរដ្ឋ​អត់​ការងារ​ធ្វើ​ ប៉ុន្តែ​ យើង​ត្រូវ​គិតថា​ តើ​រដ្ឋ​ហ្នឹង​បាន​គ្រប់គ្រង​ ចាត់ចែង​ រៀបចំ​ និង​បង្កើត​មុខរបរ​ បង្កើត​ការងារ​ហ្នឹង​ឱ្យ​ពលរដ្ឋ​បាន​អត់​?»

បើ​តាម​ប្រធានមន្ទីរ​ការងារ​ខេត្ត​ លោក​ យ៉ូ​វ ខេមរា​ ប្រាប់​ វី​អូ​ឌី​ ឱ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ ក្រោយ​រដ្ឋាភិបាល​ចេញ​សារា​ចរ​បិទ​ល្បែងភ្នាល់​អន​ឡាញ​ ពលរដ្ឋខ្មែរ​ដែល​បម្រើការ​ងារ​នៅ​កាស៊ីណូ​ក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន៧៧០០នាក់​ បាន​បាត់បង់​ការងារ​ ខណៈ​កា​ស៊ី​ណូ​ក្នុងទឹក​ដី​ខេត្ត​នេះ​ ចំនួន៧៣កន្លែង​ ត្រូវ​បាន​បិទ​ ឬផ្អាក​ដំណើរការ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ