ព្រឹត្តិការណ៍បង្ក្រាបលើក្រុមកម្មករនៅរោងចក្រ យាកជីន ដោយកងទាហានឆ័ត្រយោង៩១១ និងការបង្ក្រាបកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ាតាមបណ្ដោយផ្លូវវេងស្រេង បណ្ដាលឱ្យកម្មករ៤នាក់ស្លាប់ បាត់ខ្លួនម្នាក់ និងរបួសជាច្រើននាក់ បានរសាត់ទៅ៦ឆ្នាំមកហើយ ស្របពេលយុត្តិធម៌នៅមិនទាន់មានសម្រាប់ជនរងគ្រោះទាំងនោះនៅឡើយ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជនរងគ្រោះមួយរូបក្នុងការបង្ក្រាបដោយហិង្សាពីសំណាក់ក្រុមទាហានកងឆ័ត្រយោង៩១១ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ លោក វន់ ពៅ បានលើកឡើងថា ព្រឹត្តិការណ៍នោះនៅតែដក់ជាប់ក្នុងដួងចិត្តលោករហូត ប៉ុន្តែ យុត្តិធម៌សម្រាប់លោកគឺឆ្ងាយដូចជើងមេឃ។
លោកមានប្រសាសន៍ថា៖ «យុត្តិធម៌មកទល់ពេលនេះ វាហាក់ដូចជាឆ្ងាយដូចជើងមេឃ ឬរាវម្ជុលក្នុងបាតសមុទ្រអ៊ីចឹង។ យើងមិនទាន់ឃើញពន្លឺយុត្តិធម៌ មិនទាន់ឃើញយុត្តិធម៌សម្រាប់យើងទាល់តែសោះ»។
ឪពុករបស់យុវជន ឃឹម សុផាត នៅខេត្តស្វាយរៀងដែលបាត់ខ្លួនក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាពីសំណាក់ក្រុមសមត្ថកិច្ចមកលើក្រុមកម្មករនៅផ្លូវវ៉េងស្រេងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នោះ លោក ឃឹម សឿន លើកឡើងថា គ្រួសារលោកនៅតែទន្ទឹងរង់ចាំយុត្តិធម៌រហូត បើទោះបីជាលោកគ្មានជំនឿលើរដ្ឋាភិបាលបច្ចុប្បន្នក្ដី។
លោកមានប្រសាសន៍ថា៖ «អំពាវនាវឱ្យអង្គការអន្តរជាតិទាំងអស់ ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ខ្ញុំផង»។
ដោយឡែកបងប្រុសបង្កើតរបស់យុវជន ផេង កុសល មានស្រុកកំណើតនៅខេត្តកំពង់ចាម ដែលបានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង កាលពី៦ឆ្នាំមុន នៅផ្លូវវេងស្រេង លោក សំ សារី ថារដ្ឋាភិបាលជាអ្នកទទួលខុសត្រូវករណីស្លាប់កម្មករពេលនោះ។
លោកថា ការតវ៉ារបស់កម្មករពេលនោះ ដើម្បីទាមទារដំឡើងប្រាក់ខែគោលចំនួន១៦០ដុល្លារ មិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីនោះឡើយ។
លោកបន្តថា៖ «សម្រាប់ខ្ញុំ ខាងរាជរដ្ឋាភិបាលគាត់គួរតែទទួលខុសត្រូវរឿងហ្នឹងច្រើនជាង ព្រោះកាលហ្នុងបាតុកម្មគឺរឿងដំឡើងប្រាក់ខែប៉ុណ្ណោះ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យវីអូឌីដឹងតាមប្រព័ន្ធ WhatsApp នៅថ្ងៃនេះថា រដ្ឋាភិបាលគ្មានហេតុផលណាមួយក្នុងការទទួលខុសត្រូវចំពោះការបង្ក្រាបចលនាបះបោលឈានទៅផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សមួយកាលពីដើមឆ្នាំ២០១៤ឡើយ ដោយថា ជាវិធានការបង្រ្កាបសកម្មភាពខុសច្បាប់ប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹង ប្រសិនបើក្រុមនេះ(កម្មករ) មានការខូចខាត ឬការបាត់ខ្លួនអីពិតប្រាកដមែននោះ ការទទួលខុសត្រូវ គឺក្រុម ឬគណបក្សនយោបាយដែលរៀបចំនូវចលនាបះបោលនេះ ដែលនាំពួកគាត់មកធ្វើការបះបោលតវ៉ាដោយហិង្សាដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អ៊ីចឹង ក្រុមនេះទេដែលជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់របស់ក្រុមនេះ(កម្មករ)»។
មន្ត្រីអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មើលឃើញថា ជនរងគ្រោះពិតប្រាកដក្នុងព្រឹត្តិការណ៍កាលពី៦ឆ្នាំមុន នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ លោកថា អ្នកទទួលខុសត្រូវចំពោះសំណុំរឿងនេះ គឺអ្នកដឹកនាំរដ្ឋ ឬអ្នកបញ្ជាកម្លាំងទៅបង្ក្រាបដោយហិង្សាបណ្ដាលឱ្យមានកម្មករស្លាប់ បាត់ខ្លួន និងរបួសជាច្រើននាក់នាពេលនោះ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងហើយ សង្គមស៊ីវិលយើងធ្លាប់ទទូចឱ្យបង្កើតក្រុមស្រាវជ្រាវ ឬស៊ើបអង្កេតដ៏ឯករាជ្យមួយ ដោយចម្រុះនូវសមាសភាពដែលមិនស្ថិតក្រោមចំណុះរបស់រដ្ឋាភិបាលអីជាដើម។ យើងដឹងហើយបញ្ហាទាំងអស់នេះ មកទល់ឥលូវ យើងអត់ឃើញមានចំណាត់ការណាមួយ ដើម្បីស្វែងរកជនប្រព្រឹត្ត ដែលបាញ់សម្លាប់ទៅលើកម្មករហ្នឹងទេ»។
កាលពីឆ្នាំ២០១៩ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញអត្ថបទមួយរំលឹកព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាកាលពីដើមឆ្នាំ២០១៤ ឱ្យដឹងថា ហេតុការណ៍នោះ កងកម្លាំងប្រដាប់អាវុធចម្រុះបានបាញ់ប្រហារទៅលើកម្មករ បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិតចំនួន៤នាក់ និងបាត់ខ្លួនម្នាក់មកទល់សព្វថ្ងៃ។
ប្រភពដដែលបញ្ជាក់ទៀតថា មានមនុស្ស៣៨នាក់ផ្សេងទៀត ត្រូវបានរងរបួស និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលភាគច្រើនរងរបួសដោយសារគ្រាប់កាំភ្លើង។
បន្ថែមពីនេះ ព្រឹត្តិការណ៍ពេលនោះ មានមេដឹកនាំសហជីព និងសកម្មជន ២៣នាក់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល៥ខែ។
សំណុំរឿងផ្លូវវេងស្រេង បានធ្វើឱ្យមេដឹកនាំសហជីពចំនួន៦នាក់ រួមមាន លោក អាត់ ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និងអ្នកស្រី ម៉ម ញឹម ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំកន្លះ ប៉ុន្តែ ទោសត្រូវបានព្យួរ ព្រមទាំងផ្តល់ប្រាក់សំណងទៅដើមបណ្ដឹងជាង៨លានរៀល។
យ៉ាងនេះក្ដី លីកាដូ កត់សម្គាល់ថា រហូតមកដល់ពេលបច្ចុប្បន្ន គ្មានទាហាន ឬកងកម្លាំងប្រដាប់អាវុធណាម្នាក់ ត្រូវបានយកមកផ្ដន្ទាទោស ចំពោះការស្លាប់ និងបាត់ខ្លួនកម្មករទាំងនោះឡើយ៕