បុគ្គលិកជាង៨០នាក់របស់ក្រុមហ៊ុន ស៊ីន ទ្រី ផ្ទុះការតវ៉ាក្រោយថៅកែបញ្ឈប់ពីការងារ

នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បុគ្គលិកការិយាល័យ៨៧នាក់របស់ក្រុមហ៊ុន ស៊ីន ទ្រី ផ្ទុះការតវ៉ាមុខក្រុមហ៊ុន នៅរាជធានីភ្នំពេញ បន្ទាប់ពីថៅកែបញ្ឈប់ពួកគេពីការងារដោយមិនបានប្រាប់មូលហេតុច្បាស់លាស់។ (ជន ចាន់រ៉ែន)

បុគ្គលិកការិយាល័យ៨៧នាក់របស់ក្រុមហ៊ុន ស៊ីន ទ្រី ផ្ទុះការតវ៉ាមុខក្រុមហ៊ុន នៅរាជធានីភ្នំពេញនារសៀលថ្ងៃនេះ បន្ទាប់ពីថៅកែបញ្ឈប់ពួកគេពីការងារដោយមិនបានប្រាប់មូលហេតុច្បាស់លាស់។

បុគ្គលិកការិយាល័យអតិថិជន លោក សុង សូលី ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនបានជូនដំណឹងទៅបុគ្គលិក និងបានបញ្ឈប់បុគ្គលិកផ្នែកការិយាល័យចំនួន៨៧នាក់ភ្លាមៗតែម្ដង។

លោក សុង សូលី រៀបរាប់ថា ការបញ្ឈប់បុគ្គលិកភ្លាមៗបែបនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងធ្វើឱ្យពួកគាត់ពិបាករកការងារថ្មីសម្រាប់ធ្វើជាដើម។

លោកថា៖ «វាធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកខ្ញុំទាំងអស់គ្នា ដែលត្រូវមានចំណូលចំណាយប្រចាំថ្ងៃ។ ហើយការបញ្ឈប់ភ្លាមៗអ៊ីចឹង មិនដឹងជាយើងទៅរកការងារអីបានធ្វើភ្លាមៗដែរ»

បុគ្គលិកផ្នែកការិយាល័យម្នាក់ទៀត លោក ផុន រ័ត្នពិសិដ្ឋ ឱ្យដឹងថា ការបញ្ឈប់ពួកគាត់ភ្លាមៗនេះគឺធ្វើឡើងផ្ទុយពីប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ពេលដកអាជ្ញាប័ណ្ណពីក្រុមហ៊ុននេះគឺត្រូវរក្សាបុគ្គលិកនៅដដែល។

លោក ផុន រ័ត្នពិសិដ្ឋ បន្តថា លើសពីនេះគឺករណីក្រុមហ៊ុនបញ្ឈប់បុគ្គលិកពីការងារនេះគឺផ្តល់សំណងរំលឹកអតីតភាពការងារជូនពួកគាត់តែ៥០ភាគរយប៉ុណ្ណោះ ដែលបុគ្គលិកមិនអាចទទួលយកបានទេ។

លោកបន្ថែមថា៖ «ពួកខ្ញុំទាំងអស់គ្នាសូមឱ្យសម្ដេចតេជោ ហ៊ុន សែន រកយុត្តិធម៌ឱ្យពួកខ្ញុំផង ជួយឱ្យពួកខ្ញុំមានការងារធ្វើវិញ ពីព្រោះពួកគាត់ទាំងអស់ហ្នឹងសុទ្ធតែខ្វះទាំងអស់គ្នា»

វីអូឌីមិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ស៊ីន ទ្រី ជុំវិញបញ្ហានេះ។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានប្រកាសដកសិទ្ធប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី​ មកគ្រប់គ្រងជាបណ្ដោះអាសន្ន ដោយអះអាងថា ដើម្បីជំរុញការធ្វើកំណែទម្រង់ពីការសម្អាតទីក្រុង។ លោក ហ៊ុន សែន បញ្ជាក់ថា ការដកហូតសិទ្ធិពីក្រុមហ៊ុន ស៊ីន ទ្រី មកគ្រប់គ្រងបណ្តោះ​អាសន្ននេះ គឺរដ្ឋត្រូវគ្រប់គ្រង​ទាំងសម្ភារ និងបុគ្គលិកទាំងអស់។

លោកមានប្រសាសន៍ថា៖ «រដ្ឋត្រូវយកក្រុមហ៊ុនហ្នឹងមកវិញសិន។ ទាំងបុគ្គលិក ទាំងស្អីៗទូទាត់ឱ្យក្រុមហ៊ុន ស៊ីន ទ្រី។ រដ្ឋត្រូវកាន់កាប់ក្រុមហ៊ុននេះសិន។ ហើយក្រុមហ៊ុន ស៊ីន ទ្រី មានឡានប៉ុន្មាន? អីប៉ុន្មាន? និងបុគ្គលិកប៉ុន្មាន យើងយកមកគ្រប់គ្រងសិន»

ក្រុមហ៊ុន ស៊ីន ទ្រី បានទទួលសិទ្ធិតែម្នាក់ឯងពីរដ្ឋាភិបាល សម្រាប់ទទួលខុសត្រូវលើការប្រមូលសំរាម សម្អាតទីក្រុង ចាប់ពីឆ្នាំ១៩៩៦មក។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ការចុះហត្ថលេខាផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ស៊ីន ទ្រី ពេលនោះ សំរាមមានតែត្រឹម៥០០តោនប៉ុណ្ណោះក្នុង១ថ្ងៃ រីឯទំហំទីក្រុងភ្នំពេញវិញមានតែជាង៣០០គីឡូម៉ែត្រការ៉េ។  លោកបញ្ជាក់ថា ឥឡូវនេះ សំរាមបានកើនឡើងជាង៣០០០តោនក្នុង១ថ្ងៃ ហើយទំហំទីក្រុងបានកើនឡើងជាង៦០០គីឡូម៉ែត្រការ៉េ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ