​អតីតអគ្គ​​កុងស៊ុល​ខ្មែរនៅ​​ប្រទេស​ចិន​ម្នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​ពាក់ព័ន្ធករណី​ពុករលួយ

លោក​ គ្រុយ​ លឹម​ហេង អតីត​អគ្គ​កុង​ស៊ុល​នៃ​ស្ថាន​អគ្គ​កុង​ស៊ុល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ​ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានចិន នៅថ្ងៃ​ទី​១៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦។ (រូបភាព៖ ថតពី cambodian.cri.cn)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់ និង​ឃុំខ្លួន​អតីតអគ្គកុង​ស៊ុល​ខ្មែរ​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន លោក គ្រុយ លឹម​ហេង ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​កាល​ពី​ម្សិល​មិញ។

នេះ​បើ​តាម​អ្នក​នាំពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានីភ្នំពេញ ​លោក គុជ គឹមឡុង បាន​ឱ្យ​ VOD ដឹងនៅ​ព្រឹក​នេះ។

កាល​ពី​ម្សិលមិញ តុលាការ​បានចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​លោក គ្រុយ លឹម​ហេង ដោយចោទប្រកាន់លោក​ចំនួន​ ៤បទល្មើស ដែលករណីទី១​គឺការ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ទី២ រំលោភ​អំណាច ទី៣ វីតិក្រម និងទី៤ ករណី​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​ប្រព្រឹត្ត​ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់​២០១៩។

VOD មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ដំបូង​រាជធានី​ លោក សួស វិទ្យារ៉ានឌី និង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ លោក កុយ គួង បាន​នៅឡើយ​ទេ។

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៦ អតីត​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​កូរ៉េ​ខាង​ត្បូង ​លោក​ ស៊ុត​ ឌីណា​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាត់​ទោសឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ពី​​បទ​រំលោភ​អំណាច​ និង​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ចាប់​បញ្ជូន​​ទៅ​តុលាការដូចគ្នា​កាល​ពី​ខែ​មេសា ឆ្នាំនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ