ជនពិការដែលជា​អតីតអ្នកគាំទ្រ CNRP នៅខេត្តសៀមរាប ត្រូវបានដោះលែងនារសៀលនេះ​

លោក ធុន យុទ្ធ អង្គុយលក់​វត្ថុអនុស្សាវរីយ៍នៅក្បែរទីសក្ការៈព្រះអង្គចេក ព្រះអង្គចម នាខេត្តសៀម​រាបដែល​បង្ហោះលើ​បណ្ដាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។ (រូបភាព៖ហ្វេសប៊ុក​)​

ជនពិការជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប ត្រូវបានមន្ត្រីពន្ធនាគារសម្រេចដោះលែងឱ្យនៅក្រៅឃុំហើយនាវេលាម៉ោងប្រមាណ៣រសៀលថ្ងៃនេះ។

ជនពិការប្រកបរបរជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាប លោក ធុន យុទ្ធ បានបញ្ជាក់ថា លោកត្រូវមន្ត្រីពន្ធនាគារសម្រេចដោះលែងឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារវិញនាម៉ោងប្រមាណជាង២រសៀល។ លោកថា ស្ថានភាពសុខភាពរបស់លោកហាក់ទ្រុឌ​ទ្រោមបន្តិចដោយសារជំងឺរបេងធ្វើទុក្ខខ្លាំងជាងមុន។ លោកនឹងផ្តើមប្រកបរបរឡើងវិញយ៉ាងរហ័សបំផុត មិនលើសបីថ្ងៃក្រោយចេញពីពន្ធនាគារឡើយ។

លោក ធុន យុទ្ធ បានបញ្ជាក់ថា៖ «បើមិនស្អែក រឺក៏ពីរបីថ្ងៃទៀត ខ្ញុំដើរលក់វិញហើយបង។ អរគុណច្រើន ដែលកន្លងមកមានខាងអង្គការអាដហុក អង្គការលីកាដូ រួមជាមួយUN និងសប្បុរសជនមួយចំនួនដែលបានរួមគ្នាជួយខ្ញុំកន្លងមក»។

សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៧ ខែធ្នូនេះ បានសម្រេចដោះលែងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះឱ្យមានសេរីភាពឡើងវិញ ក្រោយរូបលោកជាប់ពន្ធនាគាររយៈពេលជាង៥ខែ។ លោក ធុន យុទ្ធ ត្រូវសាលាដំបូងខេត្តសៀមរាប​កាត់ទោសកាលពីថ្ងៃទី៣១ ខែតុលា ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទ «ញុះញង់ និងជេរប្រមាថជាសាធារណៈ» ព្រោះផ្សព្វផ្សាយសាររិះគន់រដ្ឋាភិបាលតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុក(Facebook)របស់ខ្លួន ដែលបានសរសេរថា «ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ