សណ្ឋាគារផ្កាយ៥ ដឹហ្រ្កេតឌ្យូកភ្នំពេញ ​ ប្រកាស​បិទទ្វារជាផ្លូវការ

បុគ្គលិកជាង១០០នាក់មកពីគ្រប់ផ្នែកដែលបម្រើការងារនៅសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ក្បែរភ្លើងស្តុបផ្សារដើមគ ជាអតីតសណ្ឋាគារ Intercontinental បាននាំគ្នាតវ៉ាមុខសណ្ឋាគារជាថ្មីទៀត ដើម្បីទៅថៅកែឲ្យបើកប្រាក់ឈ្នួលជូនពួកគេ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នា២០១៩។ រូបភាព៖ ឃុត សុគន្ធ

សណ្ឋាគារផ្កាយ៥ ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh)​ អតីតសណ្ឋាគារ​អាំងទែរកុងទីណង់តាល់ មាន​ទីតាំងកណ្ដាល​រាជធានីភ្នំពេញ ប្រកាសបិទទ្វារចាប់​ពី​ចុងខែធ្នូនេះទៅ​។ ​នេះបើ​តាមសេចក្ដី​ប្រ​កាស​ព័ត៌មានរបស់សណ្ឋារគារនេះ ដែល​ត្រូវផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃ​ទី៣០ ខែធ្នូ។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) លោក ចាក្រាភុង ផាឡាសុងក្រាន ( ChakraPong Pala​song​kran) បញ្ជាក់ថា សណ្ឋាគារនឹងត្រូវ​បិទ​ទ្វារនៅថ្ងៃទី៣១ខែធ្នូ តទៅ ដោយសារតែមូល​ហេតុ​សេដ្ឋកិច្ច។

លោក ចាក្រាភុង បញ្ជាក់ថា៖ «សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេប៊ីអេស(HBS) ឱ្យទទួលដោះស្រាយនូវរាល់ដំណើរការបិទទ្វរបស់សណ្ឋាគារនេះ រួមទាំងគិតគូរដោះស្រាយអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ទៅតាមផ្លូវច្បាប់ជាធរមាន។ យើងខ្ញុំនឹងជូនដំណឹងពី​ការវិវត្តន៍នៃដំណើរការនេះបន្តទៀត»។

អនុប្រធានសហជីព ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) អ្នកស្រី គង់ ចាន់ថន ឱ្យដឹងថាមេធាវីរបស់ក្រុមហ៊ុនមិនទាន់កំណត់ថ្ងៃជួបចរចាជាមួយបុគ្គលិកនិយោជិតនោះឡើយ ដោយគ្រាន់តែប្រាប់តំណាងសហជីពថា នឹងផ្ដល់ដំណឹងពីការណាត់ជួបនៅខែមករាដើម ឆ្នាំ២០២០ខាងមុខ។

 អ្នកស្រី គង់ ចាន់ថន មានប្រសាសន៍ថា​៖ «ខ្ញុំធ្វើការនៅនៅទីនេះ១០ឆ្នាំហើយ បុគ្គលិកនៅនេះធ្វើការយូរៗណាស់បង! អ្នកខ្លះគាត់ធ្វើតាំងពីសណ្ឋាគារបើកដំបូង។ ពេលបិទអញ្ចឹង ពួកយើងជាបុគ្គលិកសោកស្ដាយ និងប្រឈមប៉ះពាល់ជីវភាពធ្ងន់ធ្ងរណាស់ អ្នកខ្លះជាប់បំណុលធានាគារ ជាប់កូនរៀនចំណាយសព្វគ្រប់ ។បុគ្គលិកទាំងអស់ស្នើសុំឱ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យតាមច្បាប់»។

បើតាមតំណាងសហជីពសណ្ឋាគារឱ្យដឹងថា សណ្ឋាគារនេះចាប់ផ្ដើមធ្លាក់ភ្ញៀវជាបន្តបន្ទាប់ចាប់តាំងពីដូរឈ្មោះ និងឡើងថ្លៃសេវាកម្មរួចមក។ ថ្លៃបន្ទប់ធម្មតាមួយយប់តម្លៃចាប់ពី៣០០ដុល្លារឡើងទៅ។

បុគ្គលិកសណ្ឋាគារនេះ ធ្លាប់បានធ្វើបាតុកម្មជាច្រើនដងច្រើនសារ ដោយសារតែសណ្ឋាគារ​បើកប្រាក់ខែយឺតយ៉ាវ។ បាតុកម្មលើកចុងក្រោយត្រូវបានធ្វើឡើង​កាលពីដើមខែវិច្ឆិកា ​ឆ្នាំ២០​១៩ ខណៈដែលបញ្ហាត្រូវបានដោះស្រាយ ដោយក្រុមហ៊ុន​សុខចិត្តបើកប្រាក់ខែជូន​បុគ្គលិក​មួយ​ចំនួន។ ទោះជាយ៉ាងណាក្ដី ប្រាក់ខែខែធ្នូនេះ សណ្ឋាគារមិនទាន់បានបើកជូនបុគ្គលិក​នៅឡើយទេ។

សណ្ឋាគារផ្កាយប្រាំអាំងទែរកុងទីណង់តាល់ ត្រូវបានប្ដូរឈ្មោះជា ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) កាលពីខែមករា ឆ្នាំ២០១៨ ។ សព្វថ្ងៃសណ្ឋាគារនេះមានបុគ្គលិកធ្វើការចំនួន១៦៨នាក់។ សណ្ឋាគារនេះបើកដំណើរការនៅក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្ន សណ្ឋាគារនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលមានលោកឧកញ៉ា ខូវ សម្បត្តិ ជាម្ចាស់សណ្ឋាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ