សមាគម​ធាងត្នោត​រក​ឃើញថា​ការ​លុប​បឹង​ធម្មជាតិ២៦នៅ​ភ្នំពេញ​ បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ និង​បរិស្ថាន​

ទិដ្ឋភាពបឹងទំពុន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។(ឆពណ្ណ បញ្ញា)

អង្គការ​សមាគម​ធាងត្នោត​ស្នើ​រដ្ឋាភិបាល​អភិរក្ស​បឹង​ដែល​នៅ​សេសសល់​ ក្រោយពី​រក​ឃើញថា ​ការ​ចាក់​លុប​បឹង​ធម្មជាតិ​ចំ​នូន២៦ និង​តំបន់ដីសើម​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​កន្លងទៅ​នេះ​ បាន​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ និង​បរិស្ថាន​។

សមាគម​ធាងត្នោត​បាន​ចេញផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី២៦ ខែធ្នូ​ ម្សិលមិញ​ ស្ដីពី​តួលេខ​បឹង​ និង​តំបន់ដីសើម​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​របាយការណ៍​នេះ​មាន​ចំណងជើង​ថា​ «បឹង​ចុងក្រោយ​ក្នុង​រាជធានី​ភ្នំពេញ​»

របាយការណ៍​ដដែល​នេះ​ បាន​លើកឡើង​ថា​ បឹង​ និង​តំបន់ដីសើម​ក្នុង​រាជធានី​ភ្នំពេញ​ ជិត​បាត់បង់​អស់ទាំង​ស្រុង​ហើយ​ និង​ថា​ ការបាត់បង់​តំបន់​ទាំងនោះ​ជំរុញ​ឱ្យ​មាន​កា​រប​ណ្ដេ​ញពលរដ្ឋ​ចេញពី​លំនៅឋាន​ ការ​កើនឡើង​នូវ​កម្រិត​ទឹកជំនន់​ បំពុលបរិស្ថាន​ ការបាត់បង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ​ និង​ជីវៈ​ចម្រុះ​ផ្សេងៗទៀត​ ជាដើម​។

ក្នុង​របាយការណ៍​នេះ​ សមាគម​ធាងត្នោត​បង្ហាញ​ការ​ព្រួយ​បា​រម្ភ​​ថា​ ប្រសិនបើ​ស្ថានភាព​ទាំងនោះ​នៅតែ​បន្ត​កើតឡើង​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ថែមទៀត​ដល់​បរិស្ថាន​ និង​សង្គមជាតិ​។

របាយការណ៍​នេះ​រក​ឃើញថា​ ក្នុងចំណោម​បឹង​ចំនួន២៦ដែល​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​តាំងពី​ឆ្នាំ១៩៩០​ គឺ​គ្មាន​បឹង​មួយ​ណា​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ចាក់​ដី​លុប​នោះ​ទេ​ ដោយ​ថា​ ក្នុង​នោះ​បឹង​ចំនួន១៦ ត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង​ និង​រលាយ​បាត់បង់​រូបរាង​ពី​ភូមិ​សា​ស្ដ្ររាជធានី​ភ្នំពេញ​ ខណៈ​បឹង​ចំនួន១០ទៀត​ត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ជាប​ណ្ដើ​រៗ​។

ចំណែក​តំបន់​វាលទំនាប​ដែល​មាន​ដក់​ទឹក​ ឬហៅ​ថា ​តំបន់ដីសើម​ ក៏បាន​បាត់បង់​យ៉ាង​គំហុក​ផង​ដែរ​ ក្នុង​អត្រា​ប៉ាន់ស្មាន៤០ភាគរយ​ ឬស្មើនឹង​ប្រមាណ៤១គីឡូម៉ែត្រ​ការ៉េ​ ដោយ​របាយការណ៍​នេះ​កត់សម្គាល់​ថា​ រយៈពេល១៦ឆ្នាំ​ចុងក្រោយ​នេះ​ ពោល​គឺ​ចប់​ពីឆ្នាំ២០០៣​ ដល់​ឆ្នាំ២០១៩​ តំបន់ដីសើម​សំ​ខាន់​ៗ ដូចជា​នៅ​ជ្រោយ​ចង្វា​រខាងជើង​ ជ្រោយ​ចង្វា​រខាងត្បូង​ និង​តំបន់​បឹង​រាជសីហ៍​ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើជា​ទីក្រុង​រណប​ ខណៈ​តំបន់​ច្បារអំពៅ​បាន​ប្រែក្លាយ​ទៅជា​តំបន់​លំនៅ​ដ្ឋាន​។ ហើយ​តំបន់​ដី​សើម​ផ្សេង​ៗទៀត​ ត្រូវ​គេ​យក​ទៅ​ធ្វើជា​ទីលាន​វា​យកូនហ្គោល​ និង​សាងសង់​ផ្សារ​ ជាដើម​។

របាយការណ៍​របស់​សមាគម​ធាងត្នោត​ រក​ឃើញ​ទៀត​ថា​ មូលហេតុ​ចម្បង​នៃ​ការ​ចាក់​ដី​លុប​បឹង​ និង​តំបន់ដីសើម​ទាំងនោះ​ គឺ​ដោយសារ​តម្រូវការ​ផ្នែក​អចលនវត្ថុ​របស់​គម្រោង​សាងសង់​បុរី​ តំបន់​លំនៅឋាន​ និង​ទីក្រុង​រណប​ ហើយ​ថា​ បច្ចុ​ប្ប​ន្ន មាន​បឹង​តែ២ប៉ុណ្ណោះ​ដែល​រង​ការ​ប៉ះពាល់​តិច​ជាងគេ​ គឺ​បឹង​សំរោង​ និង​បឹង​តា​មោក​ ដែល​ទំហំ​បឹង​ទាំង២នេះ​ នៅសល់​ទំហំ​ជាង៥០ភាគរយ​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត មាស​ភក្ដី​ មានប្រសាសន៍​ថា​ កម្ពុជា​ជា​ប្រទេស​កំពុង​ត្រូវការ​អភិវឌ្ឍ​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​មួយចំនួន​ ដោយ​ចៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​ខ្លះ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​។

ប៉ុន្តែ​យ៉ាងណា ​អ្នកនាំពាក្យ​រូប​នេះ​ លើកឡើង​ថា​ គ្រប់ការ​អភិវឌ្ឍ​ គឺ​រដ្ឋាភិបាល​បាន​គិតគូរ​ទាំង​បញ្ហា​បរិស្ថាន​ បញ្ហា​ផល​ប៉ះពាល់​សង្គម​ រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ និង​ពលរដ្ឋ​មិន​រង​ផល​ប៉ះ​ពាល​ ដោយ​ថា​ កន្លងមក ​រដ្ឋាភិបាល​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​ដែល​អាច​ទទួល​បាន​ទាំងអស់គ្នា​។

លោក​មានប្រសាសន៍​ថា​៖ «ហើយ​ការ​អភិវឌ្ឍ​នេះ​ គឺ​បាន​បម្រើ​ផល​ប្រជាជន​យើង​ទាំងអស់គ្នា​ដែរ​។ អ៊ីចឹង​ខ្ញុំ​និយាយ​ដោយ​ខ្លី​ទេ​ថា​ គ្រប់ការ​អភិវឌ្ឍរបស់​យើង​ទាំងអស់​ គឺ​យើង​បាន​គិតគូរ​គ្រប់ជ្រុងជ្រោយ​ទាំងអស់​។ការរៀបចំ​ទីតាំង​អភិវឌ្ឍន៍​ក៏​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​មា​នប្រ័​ពន្ធ​រំដោះ​ទឹក​ និង​មា​នប​ណ្ដា​ញលូ​ខាងក្រោម​ត្រឹមត្រូវ​ ដើម្បី​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ​ដែល​ស្រប​ជាមួយ​ការ​អភិវឌ្ឍ​របស់​យើង ​ក៏​យើង​បាន​គិតគូរ​ដែរ​»

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក ​លោក​ ស៊ឹង​ សែន​ករុណា​ បាន​យល់​ទៅ​ស្រប​ទៅ​នឹង​ការ​រក​ឃើញ​របាយការណ៍​របស់​សមា​គមធាងត្នោត​។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា​ គម្រោង​អភិវឌ្ឍន៍​នី​មួយ​ៗរបស់​រដ្ឋាភិបាល​កន្លងមក​ គឺ​ធ្វើឡើង​មិន​មាន​ភាព​ត្រឹមត្រូវ​នោះ​ទេ​ ដោយ​ថា​ គម្រោង​អភិវឌ្ឍន៍​ខ្លះ​មិនបាន​ចុះ​សិក្សា​ផល​ប៉ះពាល់​ និង​ដោះស្រាយ​ជាមុន​ឡើយ​ ទាំង​ផល​ប៉ះពាល់​បរិស្ថាន​ និង​លំនៅឋាន​ប្រជាពលរដ្ឋ​។

លោក​បន្ថែម​ថា​៖ «អ្វី​ជា​ការ​កត់​សម្គាល់​របស់ខ្ញុំ​នោះ​គឺ​ ភាគច្រើន​ពេល​ដាក់​គម្រោង​អភិវឌ្ឍន៍​ទៅ​ ទាល់តែ​មានការ​ប៉ះទង្គិច​គ្នា​សិន​ ហើយ​បាន​រក​វិធានការ​ដោះ​ស្រាយ​បណ្ដើ​រអ៊ីចឹង​ទៅ​។ អ៊ីចឹង​ វា​ជា​រឿង​មួយ​អត់មាន​ភាព​ត្រឹមត្រូវ​ទេ​។ យើង​ចង់​ឱ្យ​ដំណើរការ​អភិវឌ្ឍន៍​ហ្នឹង​វិល​ទៅ​រក​ដំណើរការ​នៃ​ការ​ចាប់ផ្តើម​ស្រាវជ្រាវ​រក​បញ្ហា​ ហើយ​ដោះស្រាយ​បញ្ហា​សិន​ចាំបន្ត​ធ្វើការ​អភិវឌ្ឍ​»

ខណៈ​ពេល​ដែល​បឹង​ និង​តំបន់ដីសើម​នៅ​ភ្នំពេញ​នៅ​សេសសល់​តិចតួច​នោះ​ សមាគម​ធាងត្នោត​ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​បង្កើត​ច្បាប់​ពិសេស​មួយ​ ដើម្បី​ការពារ​បឹង​ និង​តំបន់ដីសើម​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​ធ្វើ​ឱ្យ​ខូចខាត​ណាមួយ​ ដោយ​អង្គការ​មួយ​នេះ​ យល់ឃើញ​ថា​ ការគ្រប់គ្រង​តាមច្បាប់​ភូមិបាល​តែមួយ​នោះ​ នៅ​មិនទាន់​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​ ដែល​បញ្ហា​នេះ​អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ប្រទេសជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ