សាលាឧទ្ធរណ៍​ សម្រេច​ដោះលែង​ជន​ពិការ​ម្នាក់​ដែល​ជា​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​

លោក ធុន យុទ្ធ ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ (បណ្ដាញសង្គម)

សាលាឧទ្ធរណ៍​ បានសម្រេច​ដោះលែង​ជន​ពិការ​ម្នាក់​នៅ​សៀមរាប​ ដែល​ជា​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ បន្ទាប់ពី​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ជាង៥ខែ​។

សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​ជំទាស់​របស់​មេធាវី​ការ​ពាក្ដី​ឱ្យ​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ភុន​ យុទ្ធ​ បន្ទាប់​សាលាដំបូង​ខេត្តសៀមរាប​ កាត់ទោស​ឱ្យ​កូនក្ដី​ជាប់ពន្ធ​នា​គារ​ ១៨​ខែ​ កាលពី​ថ្ងៃ៣១ ខែតុលា​កន្លងមក​ ពី​បទ​ «ញុះញង់​ និង​ជេរប្រមាថ​ជា​សាធារណៈ​»

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ ភុន​ យុទ្ធ​ គឺ​លោក​ សំ​ ទិត្យ​សីហា​ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ បន្ទាប់ពី​សវនាការ​ចប់​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​បានសម្រេច​កាត់ទោស​កូនក្ដី​លោក​ជាប់​ចំនួន​ ៥ខែ ៨​ថ្ងៃ​ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​។ លោក​បន្ត​ថា​ គិត​ចាប់តាំងពី​ថ្ងៃ​ឃុំខ្លួន​រហូតមកដល់​ថ្ងៃនេះ​ កូនក្ដី​របស់​លោក​បាន​ជាប់ឃុំ​បាន​ចំនួន​ ៥ខែ ៨​ថ្ងៃ​។

លោក​ថា​៖ «ការសម្រេច​ដោះលែង​ដោយ​ចៅក្រម​ជំនុំជម្រះ​ សំអាង​ថា​ ជនជាប់ចោទ​ជា​ជន​ពិការ​ ទី២​ គាត់​មានការ​កែប្រែ​ឥរិយាបថ​ធ្វើជា​មនុស្ស​ល្អ​ដែលគេ​យល់ថា​ គាត់​ជា​មនុស្ស​មួយ​អាច​ចូលក្នុង​សង្គម​។ ទី៣​ គាត់​ទទួលស្គាល់​ថា​ អ្វី​ដែល​គាត់​ធ្វើកន្លង​មក​ ហាក់ដូចជា​ជ្រុល​ គាត់​ទទួលស្គាល់​ចំណុច​ទាំងនេះ​ ធ្វើ​ឱ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍​សម្រេច​ព្យួរ​ទោស​»

មន្ត្រី​ពន្ធនាគារ​ខេត្ត​សៀមរាប ​លោក​ លឹម​ សុផល​ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ លោក​មិនទាន់​ទទួល​បាន​ដីកា​បង្គាប់​ឱ្យ​ដោះលែង​លោក​ ភុន​ យុទ្ធ​ នៅឡើយ​ទេរហូតមកដល់​ពេលនេះ​។ 

លោក​ថា​៖ «ខ្ញុំ​មិនទាន់​ទទួល​ព័ត៌មាន​ពី​តុលាការ​ឱ្យ​ដោះលែង​លោក​ ភុន​ យុទ្ធ​ នៅឡើយ​ទេ​»។

លោក​ ភុន​ យុទ្ធ​ ដែល​ជា​ជន​ពិការ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ថ្ងៃទី១៨​ ខែកក្កដា​កន្លងមក​ នៅផ្ទះ​ជួល​ ក្រោយ​វត្ត​កេសា​រា​រាម​ ស្ថិត​ក្នុង​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប​ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​លើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ឈ្មោះថា​ «ខ្ញុំ​ចង់បាន​នាយក​រដ្ឋមន្ត្រី​ថ្មី​»។ ក្រៅពី​នេះ​ លោក​ក៏បាន​ចែករំលែក​វីដេអូ​ និង​ថត​វី​ដេ​អូ​និយាយ​អំពី​បញ្ហា​មួយចំនួន​ដែល​កើតមាន​នៅក្នុង​សង្គម​ដូចជា​បញ្ហា​ EBA ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ