ក្រសួង​រៀបចំ​ដែនដី​បដិសេធ​សំ​ណើសុំ​អន្តរាគមន៍​របស់​ពលរដ្ឋ​កោះកុង​មួយ​ក្រុម​លើ​ករណី​ក្រុមហ៊ុន​មិន​ផ្តល់​សំណង​

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង១០០នាក់​ ដែល​អះអាង​ថា​ តំណាង​ឱ្យ​ពលរដ្ឋ២០០គ្រួសារ ​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែនដី​​ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​បន្ថែម​លើ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែលអូស​បន្លាយ១៤ឆ្នាំ​មក​ហើយ​។ (ហ៊ី ឆាយ)

ក្រសួង​រៀបចំ​ដែនដី​ បដិសេធ​សំ​ណើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម​មក​ពី​ខេត្តកោះកុង​ ដែល​អះអាង​ថា​ ក្រុមហ៊ុន​បញ្ជាទិញ​ស្ករអំពៅ​ពី​កម្ពុជា​មួយ​ មិនបាន​ផ្តល់​សំណង​ជូន​ពួកគេ​តាម​ការសន្យា​។

កាលពី​ម្សិលមិញ​នេះ​ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង​ ១០០នាក់​ ដែល​អះអាង​ថា​ មាន​គ្នា​ ២០០គ្រួសារ​ នៅ​ឃុំ​ជីខលើ​ ស្រុកស្រែ​អំបិល​ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ជំរុញ​ទៅ​លោក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​បញ្ជាទិញ​ស្ករ​អំពី​កម្ពុជា​ «ថេត​ អែន​ ឡាល៍​ (Tate​ &​; Lyle​)» ដែល​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ឡុង​ (London​) ប្រទេស​អង់គ្លេស​ ឱ្យ​ដោះស្រាយ​សំណង​ជូន​ពួកគេ​ ៦ពាន់​ដុល្លារ​ក្នុង​១គ្រួសារ​ ប៉ុន្តែ​ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​បដិសេធ​។

ក្នុង​សេច​ក្ដី​ជូនដំណឹង​មួយ​កាលពី​ម្សិលមិញ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ លើកឡើង​ថា​ ក្រសួង​មិន​អាច​ជួយ​អន្តរាគមន៍​ជូន​ពលរដ្ឋ​បាន​ឡើយ​ ដោយ​ថា​ ករណីនេះ​ជា​វិវាទ​កិច្ចសន្យា​ ហើយ​ក្រសួង​បាន​ស្នើ​ទៅ​តំណាង​ពលរដ្ឋ​ឱ្យ​ដា​ក់​ពាក្យ​បណ្ដឹ​ងទាមទារ​តាមផ្លូវ​ច្បាប់​វិញ​។

អ្នកស្រី​ អឹម​ សុខន​ ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​ បាន​បង្ហាញ​ការ​ខកចិត្ត​ និង​អស់សង្ឃឹម​ទៅលើ​ក្រសួង​រៀបចំ​ដែនដី​ ដែល​ថា​ អាណាព្យាបាល​មិន​អាច​ជួយ​ដោះស្រាយ​ផល​លំបាក​របស់​ពួកគាត់​បាន​។

តំណាង​ពលរដ្ឋ​រូប​នេះ​ ពុំ​ទាន់​អាច​សម្រេច​ថា​ ធ្វើ​យ៉ាងណា​បន្ត​ទៀត​នោះ​ទេ​ ដោយ​ថា​ រង់ចាំ​ជួប​ប្រជុំ​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​សិន​។

លោក​ តេង​ កៅ​ ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​ដែរ​នោះ​ បាន​រៀបរាប់​ថា​ ប្រជាពលរដ្ឋ​ ២០០គ្រួសារ​នៅ​ភូមិ​ចំនួន​៤ ស្ថិត​ក្នុង​ឃុំ​ជីខលើ​ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​ផលិត​ស្ករស​របស់​ថៃ​មួយ​ឈ្មោះ​ KSL តាំងពី​ក្រុមហ៊ុន​មួយ​នេះ​ ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ឆ្នាំ២០០៦​ ក្នុង​ទំហំ​ជិត​ ២ម៉ឺន​ហិ​កតា​ ដែល​ដី​ទាំងនោះ​ បាន​ប៉ះពាល់​ដល់​ដីចម្ការ​ និង​ដី​ភូមិ​ទំហំ​ជាង​ ១ពាន់​ហិកតារ​របស់​ពលរដ្ឋ​។

តំណាង​ពលរដ្ឋ​រូប​នេះ​ បន្ត​ថា​ ក្រោម​ជម្លោះ​ដ៏​រ៉ាំ​រៃ​រយៈពេល១៤ឆ្នាំ​ អ្នកភូមិ​បាន​ធ្វើការ​តវ៉ា​ជា​បន្ត​បន្ទប់​ ដោយ​នៅ​ឆ្នាំ២០១៨​ ក្រសួង​រៀបចំ​ដែនដី​ បាន​ចុះ​ដោះស្រាយ​ដោយ​កាត់​ដី​ទំហំ​ជាង​ ៣០០ហិ​កតា​ ជូន​ពលរដ្ឋ​ ២០០គ្រួសារ​វិញ​ ប៉ុន្តែ​ លោក​ថា​ ខណៈ​ក្រសួង​ចុះ​ដោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ គឺ​អ្នកភូមិ​មិនបាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ KSL​ នោះ​ទេ​ ដោយសារតែ​ក្រុមហ៊ុន​ទិញ​ស្ករអំពៅ​ពី​កម្ពុជា​ឈ្មោះ​ ថេត​ អែន​ ឡាល៍​ (Tate​ &​; Lyle​) សន្យា​ដោះស្រាយ​សំណង​ជំនួស​។

លោក​ តេង​ កៅ​ ប្រាប់​ថា​៖ «ពួក​យើង​នៅតែ​ធ្វើសកម្មភាព​ រក​ពិធី​សា​ស្ដ្រតវ៉ា​ថែមទៀត​។ យើង​នឹង​ធ្វើសន្និសីទ​កាសែត​បង្ហាញ​ទៅ​ពិភពលោក​ ដើម្បី​ដាក់​សម្ពាធ​ទៅ​ក្រុមហ៊ុន​ ថេត​ អែន​ ឡាល៍​ ព្រោះ​ក្រុមហ៊ុន​បាន​សន្យា​ថា​ សង​សំណង​ពួក​ខ្ញុំ​ ចុះ​ហេតុ​អី​ពេលនេះ​មិន​សង​វិញ​អ៊ីចឹង​?»

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ក្រុមហ៊ុន​ ថេត​ អែន​ ឡាល៍​ អ្នកស្រី​ Claire​ Crill​ បាន​ឆ្លើយតប​អ៊ី​ម៉ែ​លថា​ ក្រុមហ៊ុន​កំពុង​បន្ត​ពិភាក្សា​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ អ្នកស្រី​បដិសេធ​បកស្រាយ​លម្អិត​ ដោយ​ថា​ កិច្ចពិភាក្សា​នេះ​ ស្ថិតនៅ​ជា​សម្ងាត់​នៅឡើយ​។

ក្នុង​ញ្ញ​ត្តិ​មួយ​ចុះ​ថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០១៩​ ដែល​ត្រូវ​បាន​ដាក់​ទៅ​សហ​ភាព​អឺ​រ៉ុប​(EU​)ប្រចាំ​កម្ពុជា​ ប្រជាពលរដ្ឋ​ក៏បាន​ស្នើ​ទៅ​ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ ថេត​ អែន​ ឡាល៍​ (Tate​ &​; Lyle​) នៅ​ប្រទេស​អង់គ្លេស​ ឱ្យ​ដោះស្រាយ​សំណង​ខូចខាត​ជូន​ពលរដ្ឋ​តាម​ការសន្យា​ផង​ដែរ។

មន្ត្រី​សម្របសម្រួល​ស្ដី​ទីនៅ​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្តកោះកុង​ លោក​ ប៉ី​ វ៉ាន់​នី​ ចាត់ទុក​ករណី​ក្រសួង​បដិសេធ​មិន​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​នោះ​ថា​ ជា​ការ​មិន​ទទួលខុសត្រូវ​ និង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ពលរដ្ឋ​កំពុង​ជួប​ទុក្ខ​លំបាក​ ក្នុងនាម​ក្រសួង​ជា​អាណាព្យាបាល​របស់​ពលរដ្ឋ​។

លោក​ ប៉ី​ វ៉ាន់​នី​ និយាយ​ថា​៖ «ប្រជាពលរដ្ឋ​គាត់​ទន់ខ្សោយ​ មិន​មាន​សមត្ថភាព​តតាំង​ក្ដី​ជាមួយ​ក្រុមហ៊ុន​ បាន​ពួកគាត់​មករ​កអាជ្ញាធរ​មានសមត្ថកិច្ច​ អ្នកមាន​អំណាច​ហ្នឹង​ ដើម្បី​ជួយ​ដោះស្រាយ​គាត់​ ហើយ​កាល​ពួកគាត់​ទៅ​រក​អ្នកមាន​សមត្ថកិច្ច​ជួយ​ដោះស្រាយ​ហើយ​ បែរជា​បដិសេធ​ តើ​ឱ្យ​ពួកគាត់​ទៅ​រក​អ្នកណា​ជួយ​ដោះស្រាយ​វិញ​?»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ