លោក​ ហ៊ុន​ សែន​ ណែនាំ​អាជ្ញាធរ​ឱ្យ​បន្ត​ទប់ស្កាត់​ការដំឡើង​តម្លៃ​ផ្ទះ​ជួល​ពេល​កម្មករ​ឡើង​ប្រាក់ឈ្នួល​

ទិដ្ឋភាពនៅបន្ទប់ជួលមួយកន្លែងដែលកម្មករ-កម្មការិនីជួលស្នាក់នៅ ស្ថិតក្នុងក្រុងភ្នំពេញ។ (ឆពណ្ណ បញ្ញា)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្រើន​រំឭក​អាជ្ញាធរ​ជាថ្មី​ទៀត​ ឱ្យធ្វើ​ការ​ជាមួយ​ម្ចាស់ផ្ទះ​ជួល​ កុំឱ្យ​ដំឡើងថ្លៃ​ខ្ពស់​ ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ​ដែល​ទទួល​បាន​បន្ទាប់ពី​ការ​ឡើង​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំក្រោយ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​នេះ​។

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​៖ «កម្មករ​ដំឡើង​ប្រាក់ខែ​បានតែ​ ៨ដុល្លារ​ៗ ដល់​យើង ​[ម្ចាស់ផ្ទះ​ជួល​] ឡើង​ដល់​ ១០ដុល្លារ​។ អ៊ីចឹង​ វា​ចាប់ផ្តើម​រួញ​។ អ៊ីចឹង​ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ត្រូវ​ធ្វើការ​ជាមួយ​ម្ចាស់ផ្ទះ​ឈ្នួល​ ដើម្បី​ធានា​ថា​ នៅពេល​ដែល​ដំឡើង​បៀវត្ស​ទទួល​បាន​នូវ​ផលប្រយោជន៍​ពិតប្រាកដ​»

ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ​ថ្មី​ ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ ៨ដុល្លារ​បន្ថែម​ទៀត​ ពោល​គឺ​បាន​ត្រូវ​បាន​ដំឡើង​ពី​ចំនួន​ ១៨២ដុល្លារ នៅ​ឆ្នាំ២០១៩​ ទៅដល់​ចំនួន​ ១៩០ដុល្លារ​សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​។

ការ​ក្រើន​រំឭក​របស់​នាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើឡើង​ក្រោយពី​មានកម្ម​ករ​មួយ​ក្រុម​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ផ្ទុះ​ការ​តវ៉ា​កាលពី​សប្តាហ៍​មុន​ ប្រឆាំង​ទៅ​នឹង​ម្ចាស់ផ្ទះ​ជួល​ ដែល​បាន​ជូនដំណឹង​ពី​ការដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ ១០ដុល្លារ​បន្ថែម​ទៀត ​ចាប់ពី​ខែមករា​ ឆ្នាំ២០២០ទៅ​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ ហៅ​ការ​អំពាវ​នាវនេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ បង្ហាញ​ការ​យកចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ​ទៅលើ​បញ្ហា​ប្រឈម​របស់​កម្មករ​។

មេដឹកនាំ​សហជីព​រូប​នេះ​ អះអាង​ថា​ កន្លងទៅ​ក៏​មានការ​អំពាវនាវ​បែបនេះ​ពី​ថ្នាក់ដឹកនាំ​ដែរ​ តែ​លោក​ថា​ ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ បើ​ទោះបី​រដ្ឋាភិបាល​មានច្បាប់​ស្ដី​ពី​ការគ្រប់គ្រង​ផ្ទះ​ជួល​ក៏ដោយ​។

លោក​ អាត់​ ធន់​ ប្រាប់​ថា​៖ «យើង​អំពាវនាវ​ក៏​ចេះតែ​បាន​ហើយ​។ បើ​គ្មាន​វិធានការ​ ខ្ញុំ​គិតថា​ ភាគី​ម្ចាស់ផ្ទះ​មិន​អាច​ធ្វើតាម​ទេ​ ពីព្រោះ​វា​អត់មាន​អី​ជា​កាតព្វកិច្ច​ ហើយ​ម្យ៉ាងទៀត​ ការគ្រប់គ្រង​វា​ផ្សេង​ៗគ្នា​ រួម​ទាំង​មិនបាន​ចុះបញ្ជី​អី​ត្រឹមត្រូវ​ ខ្ញុំ​គិតថា​ ពិបាក​»

ម្ចាស់ផ្ទះ​ជួយ​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លោក​ អៀង​ អង្គារិ​ទ្ធ​ ដែល​កម្មករ​ធ្លាប់​ផ្ទុះ​ការ​តវ៉ា​នោះ​ អះអាង​ថា​ លោក​គ្មាន​គម្រោង​ដំឡើងថ្លៃ​ឈ្នួល​បន្ទប់​សម្រាប់​ឆ្នាំ២០២០ទេ​ ក្រោយពី​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

ប៉ុន្តែ​ ម្ចាស់ផ្ទះ​ជួល​រូប​នេះ​ បញ្ជាក់​ថា​ ការដែល​ភរិយា​លោក​ជូនដំណឹង​ទៅ​កម្មករ​ពី​ការ​សុំ​ដំឡើងថ្លៃ​បន្ទប់​ ៥ដុល្លារ​បន្ថែម​នោះ​ លោក​ថា​ ដោយ​ការសាងសង់​ផ្ទះ​ជួល​ លោក​បាន​ចំណាយ​ប្រាក់​ច្រើន​ ហើយ​គ្រួសារ​លោក​ត្រូវ​បង់​ការប្រាក់​ឱ្យ​ធនាគារ​ផង​ដែរ​។

លោក អៀង អង្គារិទ្ធ បន្តថា៖ «ទី១ គឺយើងបានប្រើទុនយើងបានយកពីធនាគារ អីចឹងធនាគារក៏គេគិតការប្រាក់ពីយើងដែរ មិនមែនគេអត់គិតទេ បាទ! ហើយយើងធ្វើ ហើយយើងធ្វើក៏អត់មានសល់អីដែរ សល់តិចតួចដែលគ្រាន់ថាជាញើសឈាមរបស់យើង ហើយយើងយកមកចាយដើម្បីមើលជំងឺ និងប្រើប្រាស់រាល់ថ្ងៃ ធម្មតាសល់តិចតួចទេ មិនសល់ច្រើនទេ»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ (សង់​ត្រា​ល់) លោក​ មឿន​ តុលា​ ហៅ​ការ​ក្រើន​រំឭក​នេះ​ អាច​នឹង​គ្មាន​ប្រសិទ្ធភាព​ដូច​ពេលកន្លងទៅ​ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទៅលើ​មន្ត្រី​ខិលខូច​។

លោក​ មឿន​ តុលា​ បន្ត​ថា​ បើ​រដ្ឋាភិបាល​ទប់ស្កាត់​បញ្ហា​នេះ​បាន​ នឹង​ទាញ​ការ​គាំទ្រ​ពី​កម្មករ​បាន​ខ្លះ​វិញ​ ព្រោះ​កម្មករ​ភាគច្រើន​មាន​អាយុ​គ្រប់​បោះឆ្នោត​ ហើយ​កន្លងទៅ​ ពួកគេ​ភាគច្រើន​គាំទ្រ​គោលនយោបាយ​អ្នកនយោបាយ​ប្រឆាំង​ ដែល​លោក​ថា​ ក្រុមប្រឆាំង​តែង​យកចិត្ត​ទុកដាក់​សុខទុក្ខ​កម្មករ​។

លោក​ មឿន​ តុលា​ ប្រាប់​ថា​៖ «កម្លាំង​កម្មករ​ហ្នឹង​ជា​កម្លាំង​មួយ​ធំ​ ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សន្លឹកឆ្នោត​។ ប៉ុន្តែ​ យ៉ាងណាក៏ដោយ​ ការសន្យា​ការ​ព្យាយាម​ធ្វើ​អីហ្នឹង​ អត់​សូវ​មានប្រសិទ្ធភាព​អី​ប៉ុន្មាន​ទេ​។ ធម្មតា​ទេ​ រដ្ឋ​មួយ​ដឹកនាំ​ដោយ​ប្រព័ន្ធ​បុគ្គល​ វា​អត់​សូវ​មាន​ប្រសិទ្ធភាព​ទេ​ក្នុង​ការ​ឆ្លើយតបទៅនឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ​»

យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត មាស​ភក្ដី​ មានប្រសាសន៍​ថា​ ការសម្រប​សម្រួល​ដើម្បី​ទប់ស្កាត់​ការ​ហក់​ឡើង​ខ្ពស់​តម្លៃ​ផ្ទះ​ជួល​នេះ​ អាជ្ញាធរ​បាន​ធ្វើជា​ហូរហែ​មក​ហើយ​ ប៉ុន្តែ​ លោក​ថា​ វិធានការ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​ជាក់​ស្ដែ​ងថា ​តើ​ម្ចាស់ផ្ទះ​ជួល​សហការ​ជាមួយ​អាជ្ញាធរ​បាន​កម្រិត​ណា។

លោក​ ម៉េ​ត មាស​ភក្ដី​ ប្រាប់​ថា​៖ «ជា​ជំ​ហាន​ដំបូង​យើង​ផ្សព្វផ្សាយ​ យើង​ស្នើសុំ​ បន្ទាប់មក​បើ​កិច្ចការ​ទាំងអស់​ហ្នឹង​មិន​ត្រូវ​បាន​សហការ​ បន្ទាប់មក​បើ​យើង​ទទួល​បាន​ព័ត៌មាន​ថា ​គាត់​លួច​ឡើងថ្លៃ​ឡើង​អី​ យើង​នឹង​ចុះ​ធ្វើ​កិច្ច​អន្តរាគមន៍​បន្ទាន់​ដែរ​»

បើ​តាម​លោក​ មឿន​ តុលា​ កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ ប្រមាណ​ជា​ ៦០ភាគរយ​ជួលផ្ទះ​ស្នាក់នៅ​ជិត​កន្លែង​ធ្វើការ​ និង​ ៤០ភាគរយ​ទៀត​ ជួល​រថយន្ត​ជិះ​ធ្វើជា​មធ្យោបាយ​ទៅ​ធ្វើការ​ និង​ត្រឡប់ទៅ​សម្រាក​នៅផ្ទះ​វិញ​។

ប៉ុន្តែ​ លោក​លើកឡើង​ទៀត​ថា​ ជម្រើស​ទាំងពីរ​នេះ​ ពួកគេ​ប្រឈម​នឹង​បញ្ហា​ដូចគ្នា​ ព្រោះ​ពេល​រដ្ឋាភិបាល​ដំឡើង​ប្រាក់ឈ្នួល​ ថ្លៃឈ្នួល​ផ្ទះ​ និង​ថ្លៃ​រថយន្ត​ បាន​ដំឡើងថ្លៃ​ដូចគ្នា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ