​គណបក្ស​ថ្មី​មួយ​ថា​ខ្លួន​បាន​បណ្តុះបណ្តាល​សកម្មជន​បាន​រាប់រយ​នាក់​ជួយ​ពលរដ្ឋ​បាន​២០​ឃុំ​​

​គណបក្ស​ថ្មី​មួយ​​អះអាងថា ខ្លួន​បាន​ពង្រឹង​សមត្ថិភាព​សកម្មជនរបស់​ខ្លួន​បាន​រាប់រយ​នាក់ក្នុង​ឃុំ​ចំនួន​២០ ដោយ​ថាដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានាជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ី​ន ឲ្យ​វីអូឌី(VOD)​ដឹង​នៅ​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ​នេះ​ថា ក្រោយ​ពី​គណបក្ស​មូលដ្ឋាន​បង្កើតឡើង​ជិត​៦​ខែ​មកនេះ លោក​ថា គណបក្ស​លោក​បានបណ្តុះបណ្តាល​ថ្នាក់ដឹកនាំជាង​៥០០​នាក់ ក្នុងចំណោម​១១៩​ឃុំ​។​

​ប៉ុន្តែ​លោក​ថា ក្នុង​ចំណោម​អ្នក​ដែល​ចូល​បម្រើ​ការងារ ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ប្រឈម​នានា​ទៀងទាត់​មាន​ចំនួន​២០​ឃុំ ដែល​ក្នុង​មួយ​ឃុំ​មាន​១០​ទៅ​១៥​នាក់​។​

​អ្នកនាំពាក្យ​រូប​នោះ អះអាង​ទៀតថា តាម​គម្រោង​គណបក្ស​មូលដ្ឋាន​ត្រូវ​ពង្រឹង​សមត្ថភាព​សកម្ម​ជនឲ្យបាន​ជាង​២០០​ឃុំ ប៉ុន្តែ​លោក​ថា ដោយសារ​កត្តា​ខ្វះ​ធនធាន និង​ថវិកា​ទើប​មិន​ទាន់​សម្រេច​តាម​ការគ្រោងទុក​។​

យ៉ាងណា​ក៏​ដោយ​លោក សាម អ៊ី​ន យល់ថា​បើ​ទោះ​ការបង្កើន​ធនធាន​មនុស្ស មិន​បាន​ដូច​ការរំពឹងទុក លោក​ថា ក្រុមការងារ​គណបក្ស​មូលដ្ឋាន បាន​បណ្តុះបណ្តាលប្រជាពលរដ្ឋ មាន​សមត្ថិភាព​គ្រប់គ្រាន់​នៅ​ក្នុង​ឃុំ​ចំនួន​២០​នោះ ទុក​ជា​គំរូ​ល្អ​ផង​ដែរ​។​

​ទោះជា​យ៉ាងណានៅ​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ វេលា​ម៉ោង​៩​ព្រឹក គណ​ក​បក្ស​ថ្មី​មួយ​នេះ នឹង​ធ្វើ​ស​ន្និសិទ​សារព័ត៌​នៅ​ស្នាក់ការ​កណ្តាល របស់ខ្លួន ស្ថិតនៅ​ផ្ទះ​លេខ៣៨ ផ្លូវ​១៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ស​ន្និសិទ​នឹង​បង្ហាញ​របាយការណ៍​បណ្តុះ​បណ្តាល​សកម្មជន​បក្ស​ក្នុង​ឆ្នាំ​២០១៥ និង​ផែនការ​ចូលរួម​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧​។​

​គណបក្ស​ប្រជាធិបតេយ្យ បាន​កើតឡើង​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ឆ្នាំ​២០១៣ ដែល​មេដឹកនាំ​គនបក្ស​ថ្មី​នេះ កើតចេញ​អតីត​ប្រធាន​អង្គការ​មន្ត្រី​សង្គម​ស៊ីវិល និង​បញ្ញវ័ន្ត ដូចជា​លោក យ៉េង វីរៈ​អតីត​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉ង់ សាំង​កុមារ អតីត​ប្រធាន​អង្គការ​សេ​ដាក និង​បណ្ឌិត សាម អ៊ី​ន ជាដើម​។​

​គណបក្ស​ថ្មី​នេះ​អះអាង​ថា​ពួកគេ​នឹង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​២០១៨ ខាងមុខនេះ​។​

​គណបក្ស​នេះ​មានជំនឿថា នឹង​មាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន នឹង​រំពឹងទុក​ថា​ពួកគេ​នឹង​ទទួលបាន​អាសនៈ ជា​មេឃុំ​យ៉ាងតិច​ចំនួន​១០០ នៅ​ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ