ប្រជា​នេសាទ​បឹងទន្លេសាប​ព្រួយបារម្ភ​ខ្លាំង​ ដោយសារ​ផល​នេសាទ​ត្រី​ធ្លាក់ចុះ​យ៉ាង​គំហុក​

សកម្មភាពរស់នៅ និងការប្រកបរបរនេសាទរបស់ប្រជានេសាទ និងកម្មករនេសាទដែលរស់នៅតំបន់ឆ្នុកទ្រូ ស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ។ (ម៉ៅ ម៉ារ៉ា និង បាន ចន្ថា/ខែធ្នូ ២០១៩)

កំពង់ឆ្នាំង​-កណ្ដាល​៖ ស្ថិត​ក្នុង​សម្លៀកបំពាក់​ខោជើងវែង​ អាវយឺត​ពណ៌ស​ចាស់​ ពាក់​ពីលើ​ដោយ​អាវរងា​ ពាក់មួក​មាន​ហាម​ជុំវិញ​ និង​ដើរ​ដោយ​ជើងទទេ​ លោក​ ញ៉ែម​ សុផល​ ជា​ប្រជា​នេសាទ​មួយ​រូប​ក្នុងចំណោម​អ្នកនេសាទ​ជាច្រើន​ទៀត​ ដែល​ប្រកបរបរ​នេសាទ​នៅ​បឹងទន្លេសាប​ តំបន់​ឆ្នុកទ្រូ​ ខេត្ត​កំពង់ឆ្នាំង​ បន្ត​តាំងពី​ដូនតា​មក​ កំពុង​បារម្ភ​រឿង​ផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ ពុំ​ដែល​ជួប​ប្រទះ​បែបនេះ​នា​ពេល​កន្លងមក​។

បើ​គេ​ធ្វើដំណើរ​ពីសា​លា​ស្រុក​បរិបូណ៌​ ឆ្ពោះទៅ​សាលាឃុំ​ឆ្នុកទ្រូ​ នៅ​រដូវប្រាំង ​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ លើ​កំណាត់ផ្លូវ​ក្រាល​កៅស៊ូ​ពាក់កណ្ដាល​ យើង​នឹង​ឃើញ​ទូក​ជាច្រើន​ចត​តម្រៀប​ជាជួរ​ ដើម្បី​យក​ត្រី​មក​លក់​នា​ព្រឹកព្រលឹម​។

ប្រជានេសាទនៅតំបន់ឆ្នុកទ្រូ
សកម្មភាពរស់នៅ និងការប្រកបរបរនេសាទរបស់ប្រជានេសាទ និងកម្មករនេសាទដែលរស់នៅតំបន់ឆ្នុកទ្រូ ស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ។ (ម៉ៅ ម៉ារ៉ា និង បាន ចន្ថា/ខែធ្នូ ២០១៩)

លោក​ ញ៉ែម​ សុផល​ វ័យ៥០ឆ្នាំ​ កំពុង​ឈានជើង​ចុះពី​ទូក​នេសាទ​ ឡើង​មក​លើគោក​ ដោយមាន​យួរ​ត្រី២ថង់​ផ្សេងគ្នា​ យក​មក​ថ្លឹង​ឱ្យ​ស្ដ្រី​ម្នាក់​ដែល​រង់ចាំ​ម៉ៅការ​ទិញ​នៅ​មាត់ទឹក​ស្រាប់​បណ្ដើរ​ ខណៈ​និយាយ​បណ្ដើរ​ពី​ការ​ធ្លាក់ចុះ​នៃ​ផល​នេសាទ​នៅ​ឆ្នាំ២០១៩នេះ​ថា​ ប្រជា​នេសាទ​ដែល​ប្រកបរបរ​នេសាទ​នៅ​បឹងទន្លេសាប​ តំបន់​ឆ្នុកទ្រូ​ មិនធ្លាប់​ជួប​រឿង​ផល​នេសាទ​ធ្លាក់ចុះ​ខ្លាំង​បែបនេះ​ទេ​ គឺ​ទើបតែ​ចូល​ដល់​ឆ្នាំ២០១៩នេះ​ទេ​ ផល​នេសាទ​មានការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ប្រជា​នេសាទ​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​របរ​នេះ​។

បុរស​ដែល​ប្រកបរបរ​នេសាទ​ បន្ត​ជំនាន់​តាំងពី​ដូនតា​មក​ រៀបរាប់​ដោយ​ទឹកមុខ​ស្ងួត​ថា​៖ «គ្រួសារ​ខ្ញុំ​ប្រកបរបរ​នេសាទ​នេះ​ ៣ជំនាន់​មក​ហើយ​។ មិនដែលប្រទះ​រឿង​បែបនេះ​ទេ​ ផល​ត្រី​ធ្លាក់ចុះ​សឹងតែ៧០ភាគរយ​ទៅ​ហើយ​។ ឆ្នាំ​មុន​ៗ ម៉្ងៃៗ​ រកបាន​គ្រាន់បើ​ ទូទាត់​ថ្លៃ​ប្រេងសាំង​ ថ្លៃ​អី​ផ្សេង​ៗ សល់​បាន​ប្រហែល១៥ម៉ឺន​អីដែរ​ តែ​ឆ្នាំនេះ ​ចប់​។»

លោក​ ញ៉ែម​ សុផល​ និយាយ​ថា​៖ «ឆ្នាំនេះ​ [ផល​ត្រី​] ធ្លាក់ចុះ​ខុសពី​ធម្មតា​។ គ្រួសារ​ខ្ញុំ​ សមាជិក៩នាក់​ កូន៦នាក់​ រៀន៥នាក់​ រាល់ថ្ងៃ។ រក​ត្រី​តែ​ខ្ញុំ​ម្នាក់ឯង​ ម្នាក់ឯង​គត់​ រក​មិនទាន់​ចាយ​ទេ​។ វេទនាណាស់​ អ្នកទន្លេ​អត់​ស្រួល​ទេ​ ត្រូវ​យប់​ម៉ោង១២​ ម៉ោង១​ [យប់] ត្រូវ​ចុះ​ទឹក​ចុះ​ហើយ​ មិនថា​រងា​ប៉ុនណា​ក៏​ទៅ​ដែរ​។»

និយាយ​បណ្ដើរ​ សម្លឹង​ទៅ​មើល​ផ្ទៃ​ទឹក​បណ្ដើរ​ បុរស​វ័យ៥០ឆ្នាំ​រៀបរាប់​ដោយ​ទឹកមុខ​ស្មើ​ថា​ គ្រួសារ​របស់​លោក​ ក៏ដូចជា​អ្នកភូមិ​ផ្សេងទៀត​រស់នៅ​តំបន់​ឆ្នុកទ្រូ​ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​មុខរបរ​នេសាទ​ឡើយ​ ដោយសារតែ​គ្មាន​ដីស្រែ​-ចម្ការ​សម្រាប់​បង្កបង្កើនផល​ដូច​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​។

លោក​បន្ថែម​ថា​ ៖ «ការ​ធ្លាក់ចុះ​នៃ​ផល​នេសាទ​ឆ្នាំនេះ​ មក​ពីក​ត្តា​ធម្មជាតិ​ ទឹកឡើង​ពេល​ខ្លី​ ហើយ​ឆាប់​ស្រក។ អា​រឿង​សង់​ទំនប់​វារីអគ្គិសនី​ក៏​មួយ​ដែរ​។ បាត់បង់​ត្រី​ វា​មិនមែន​មក​ពី​ដាក់លប​ឡុក​ទេ​ វា​មាន​តាំងពី​ដូនតា​មក​ របរ​ហ្នឹង​សំកុក​ចាំ​ត្រី​ អត់មាន​ពិបាក​យើង​ទៅដើរ​រក​វា​ទេ​ បើ​វា​ចូល​ៗ បើ​មិន​ចូល​ វា​ហែល​ចេញទៅ​បាត់​។ តែ​អា​ឆក់​នេះ​ វា​ដើររក​ត្រី​គ្រប់កន្លែង​ យ៉ាង​កាវ​ពេញ​ទន្លេ​ បច្ចេកទេស​គេ​ខ្លាំង​ទៀត​ អូស​អត់​លើក​ទេ​ ម៉្ងៃ​វាល់ល្ងាច​ ម៉ា​យប់​ទល់​ភ្លឺ​។»

លោក​បន្ថែម​ថា​៖ «មនុស្ស​កើន​ ទីផ្សារ​ត្រូវការ​ហូប​ត្រី​ទន្លេសាប​ក៏​ច្រើន​ ត្រី​ធម្មជាតិ​ណា​ក៏​គេ​ចង់​ហូប​ដែរ​»។

កាលពី​ឆ្នាំ១៩៨៣​ នៅ​ចំណុចដើម​ច្រកែង​ នៃ​ភូមិ​ឆ្នុកទ្រូ​ ឃុំ​ឆ្នុកទ្រូ​ មាន​ពលរដ្ឋ​ដែល​ជា​កម្មករ​នេសាទ​ត្រី​ចំនួន​ ១៤គ្រួសារ​ បាន​បោះទីតាំង​ស្នាក់នៅ​របៀប​ឆក់កណ្ដៀត​ ដោយសារ​ស្ថានភាព​ទឹកទន្លេ​។ ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ១៩៩៣​ ទើប​មានកម្ម​ករ​ចូល​រស់នៅ​ជាបន្តបន្ទាប់​។ បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​នៅ​ឃុំ​ឆ្នុកទ្រូ​ សរុប​ទាំងអស់​ ទាំង​ពលរដ្ឋខ្មែរ​ឥស្លាម​ ទាំង​អន្តោប្រវេសន៍​វៀតណាម​ មាន​ប្រមាណ២ពាន់​នាក់​ ក្នុង​នោះ៩៩ភាគរយ​ គឺ​ពឹងផ្អែក​លើ​របរ​នេសាទ​ត្រី​ទាំងស្រុង​។ ក្រៅពី​ប្រជា​នេសាទ​នៅ​ឃុំ​ឆ្នុកទ្រូ​ នៅ​មាន​ឃុំ២​-៣ទៀត​ដែល​មាន​ព្រំប្រទល់​ជាប់គ្នា​ នៅ​ជើងទឹក​ទាំងអស់​ ដែល​ឃុំ​នីមួយ​ៗមាន​ប្រជាជន​រាប់ពាន់​នាក់​ សុទ្ធតែ​សម្រុកទៅនេសាទ​នៅ​បឹងទន្លេសាប​ ។

ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​ផល​នេសាទ​ត្រី​ កើតឡើង​នៅ​លើ​បឹងទន្លេសាប​ទាំងមូល​ លោក​ សុខ​ ងាល​ វ័យ៤១ឆ្នាំ​ ជា​ប្រជា​នេសាទ​រស់នៅ​តំបន់​ឆ្នុកទ្រូ​ដែរ​នោះ​ ក៏បាន​រៀបរាប់​ពី​កង្វល់​នៃ​ការ​ធ្លាក់ចុះ​ផល​នេសាទ​ត្រី​ ខណៈ​លើក​កញ្ឆេ​ត្រី​ចេញពី​ទូក​មក​លើគោក​ថា​ ក្នុងរយៈពេល​ពីរបី​ថ្ងៃ​ លោក​រក​ត្រី​បាន​យ៉ាងច្រើន​ត្រឹម​ម្ភៃ​គីឡូក្រាម​ប៉ុណ្ណោះ​ ខុសពី​ឆ្នាំ​មុន​ៗដាច់​។ អ្នកនេសាទ​រូប​នេះ​បន្ថែម​ថា​ យ៉ាងណាក៏ដោយ​ ការ​រក​ត្រី​បាន​តិចតួច​ ក៏​ប្រសើរ​ជាង​រក​មិនបានសោះ​ដែរ​ ដោយសារតែ​គ្រួសារ​របស់​លោក​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​មុខរបរ​នេសាទ​ត្រី​នេះ​។

លោក​ សុខ​ ងាល​ និយាយ​ថា​៖ «រក​ពីរបី​ថ្ងៃ​ បាន​ត្រី​បួនដប់​ម្ភៃ​គីឡូ​។ ត្រី​វា​ខ្វះ​ហ្នឹង​ មិនដឹង​ពី​មូលហេតុ​អី​ទេ​ បើ​យើង​អត់​ដឹងផង​ គ្រាន់តែ​ឆ្នាំនេះ​ទឹក​វា​តូច​។ ចំពោះ​ត្រី​ខ្វះ​ចឹង​ ត្រី​ឡើង​ក៏​មិន​ប៉ុន្មាន​ដែរ​ ពីមុន១០០០​ មក​ ២៥០០​ [រៀល] គឺ​ប្រភេទ​ត្រី​ចម្រុះ​។ ត្រី​មិនបាច់​ថា​ច្រើន​ទេ​ ឱ្យ​តែរ​កបា​នប​ន្តិចៗ​ក៏​គ្រាន់​ដែរ​។»

មិន​ខុសពី​ប្រជា​នេសាទ​ខាងលើ​ លោក​ យឹម​ ភុំ​ អាយុ៤២​ ជា​អ្នកនេសាទ​ត្រី​រស់នៅ​តំបន់​ឆ្នុកទ្រូ​ តាំងពី​ដឹង​ក្ដី​មក​ បាន​ឱ្យ​ដឹង​ថា​ ឆ្នាំនេះ​ពិតជា​ខ្សត់​ត្រី​ពិតមែន​។ អ្នកនេសាទ​វ័យ៤២ឆ្នាំ​រូប​នេះ ​ផ្ដល់​ហេតុផល​ថា​ ការ​ខ្សត់​ត្រី​គឺ​ដោយសារតែ​បទល្មើស​នេសាទ​មានការ​កើនឡើង​ ការប្រើ​ប្រាស់​ឧបករណ៍​ទំនើប​ ហើយ​មួយវិញទៀត​ ទឹកទន្លេ​សាប​ឆ្នាំនេះ​មាន​ទំហំ​តូចជាង​ឆ្នាំ​មុន​ៗ។

លោក​ យឹម​ ភុំ​ រៀបរាប់​ថា​៖ «មែនហើយ​ ត្រី​វា​ខ្សត់​ រក​មិនសូវ​បាន​។ អ្នករក​ឥឡូវ​ បទល្មើស​វា​ចេះតែ​មាន​។ និយាយទៅ​ របរ​រក​វា​ទំនើប​ច្រើន​អ៊ីចឹង​ ត្រី​វា​ចេះតែ​ថយ​ដែរ​។ ហើយដោយ​សារ​ទឹក​ឆ្នាំនេះ​វា​តូច​ផង​។ ឆ្នាំនេះ​ គ្រាន់​ទឹកឡើង​សុ​ខៗ​ ស្រក​វិ​ញប​ណ្ដោ​យ ប្រហែល​ពីរ​ខែ​អីហ្នឹង​។ ត្រី​វា​ពង​មិនទាន់​ ណាមួយ​វា​ធំមិន​ទាន់​ទៀត​។»

ទាក់ទង​នឹង​ករណីនេះ​ដែរ​ មេឃុំ​ឆ្នុកទ្រូ​ លោក​ សាំង​ គឹ​មស៊ន​ លើកឡើង​ថា​ ផល​នេសាទ​ឆ្នាំ២០១៩នេះ​ មានការ​ធ្លាក់ចុះ​ពាក់កណ្ដាល​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨​។ មេឃុំ​រូប​នេះ​បញ្ជាក់​ថា​ រឿង​ផល​នេសាទ​ធ្លាក់ចុះ​ឆ្នាំនេះ​ បញ្ហា​ចម្បង​គឺ​ដោយសារ​កំណើន​នៃ​ប្រជា​នេសាទ​ដ៏​ច្រើនលើស​លុប​ ដែល​ធ្វើ​ឱ្យ​ចំនួន​ត្រី​កើន​មិនទាន់​តាម​តម្រូវការ​។

លោក​មានប្រសាសន៍​ថា​៖ «និយាយ​ឱ្យ​ចំ​ បើ​ខ្ញុំ​គិត​ឱ្យ​ដល់ទៅ​ថា​ ឆ្នាំទៅ ​និង​ឆ្នាំនេះ​ ធ្លាក់ចុះ៥០ភាគរយ​។ និយាយ​ឱ្យ​ចំ​ ទាក់ទង​នឹង​កំណើនប្រជាជន​ ហើយ​ការ​នេសាទ​វា​ហួសកំណត់​ ដល់​ចឹង​ វា​ត្រូវតែ​ធ្លាក់ចុះ​។»

លោក​បន្ថែម​ថា​ ៖ «ណាមួយ​ យើង​គិត​មើល​ បឹងទន្លេសាប​កាលពីដើម​ ក្នុង១ឆ្នាំ​ តំបន់​កន្លែង​យើង​នេសាទ​ មានតែ​១០​-២០​ទូក​ តែ​ឥឡូវ​ចូល​ដល់​រាប់ពាន់​ទូក​។ ហើយ​ចឹង​ ត្រី​វា​មិន​វិ​វឌ្ឍណា​ទាន់​ ទៅតាម​កំណើន​នេសាទ​នោះ​»។

ដោយឡែក​ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងទន្លេ​បាសាក់​ ស្ថិត​ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ឯណោះ​វិញ​ ក៏បាន​ត្អូញត្អែរ​ពី​រឿង​ផល​នេសាទ​ត្រី​មានការ​ធ្លាក់ចុះ​ដែរ​។ ជាក់ស្ដែង​ លោកយាយ​ ហេង​ យេត​ វ័យ៧៣ឆ្នាំ​ ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​កោះ​គរ​ ឃុំ​រកាខ្ពស់​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ តាំងពី​យូរណាស់​មក​ហើយ​នោះ​ បាន​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​ការ​នេសាទ​ត្រី​ កុំថាឡើយ​រក​សម្រាប់​លក់ដូរ​ សូម្បី​រក​ត្រឹម​បរិភោគ​ជា​លក្ខណៈ​គ្រួសារ​ក៏​ពិបាក​ផង​។

«រឿង​ត្រី​រឿង​អី​ លែង​សូវ​មាន​។ កាលមុន​ កូនចៅ​វា​ដាក់មង​ ដាក់​អី​ បាន​តិចតួច​ គ្រាន់​បាន​ហូប​ដែរ​ តែ​ឥឡូវ​រក​អត់មាន​។»

ទាក់ទង​នឹង​ករណីនេះ​ កញ្ញា​ លឹម​ គឹ​មស័រ​ ជាសកម្ម​ជន​របស់​អង្គការ​មាតា​ធម្មជាតិ​ បាន​លើកឡើង​ថា​ ការ​ធ្លាក់ចុះ​នៃ​ផល​នេសាទ​ត្រី​នៅ​តំបន់​ខ្លះ​ គឺ​កើតឡើង​ដោយសារតែ​ការ​បូម​ខ្សាច់​ទន្លេ​។

កញ្ញា​ លឹម​ គឹ​មស័រ​ មានប្រសាសន៍​ថា​ ៖ «ពេល​គេ​បូម​ខ្សាច់​ វា​ធ្វើ​ឱ្យ​បាត់បង់​មច្ឆជាតិ​ ឬក៏​ជីវៈ​ចម្រុះ​ក្នុងទឹក​ហ្នឹង​។ ហេតុ​អី​បាន​បាត់​? ព្រោះ​ដោយសារ​ គេ​មាន​វិធី​សា​ស្ត្រក្នុង​ការ​បូម​ខ្សាច់​ហ្នឹង ​ទី១​ គេ​ប្រើ​ទុយោ​បូម​ ទី២ គេ​កើប​។ ការ​កើប​ហ្នឹង​ គេ​ប្រើ​កញ្ចាប់​ អ៊ីចឹង​កញ្ចាប់​ហ្នឹង​ វា​ចាប់​មក​បាន​គ្រប់​ហ្មង​ វា​បាន​ទាំង​ស្មៅ​ ទាំង​ត្រី​អីហ្នឹង​ គឺ​ងាប់​អស់ហើយ​។ ហើយ​ធម្មតា​ ត្រី​វា​ស៊ី​ចំណី​ក្នុងទឹក​ហ្នឹង​ អ៊ីចឹង​ពេល​គេ​បូម​ខ្សាច់​ ស្មៅ​ ឬចំណី​អី​ផ្សេង​ៗហ្នឹង​ គឺ​មិន​អាច​ផ្តល់​ឱ្យ​ត្រី​បានទេ​»។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​រូប​នេះ​បន្ថែម​ថា​ នៅពេល​មានការ​បូម​ខ្សាច់​នៅ​លើទឹក​ទន្លេ​ វា​តែងតែមាន​ការ​ហូរ​ប្រេង​ចូល​ទៅ​ក្នុងទឹក​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ទឹក​កខ្វក់​ ហើយ​បណ្ដាល​ឱ្យ​ត្រី​ទាំងឡាយ​ងាប់​។

កញ្ញា​ គឹ​មស័រ​៖ «មួយទៀត​ សាឡង់​បូម​ហ្នឹង​ វា​មាន​ប្រេង​ ពេល​វា​បូម​ សា​ឡង់​ធំៗ​ហ្នឹង​ ប្រេង​វា​នឹង​ហូរ​ចូលក្នុង​ទឹក​ វា​ធ្វើ​ឱ្យ​ទឹក​កង្វក់​ ត្រី​ក៏​ងាប់​តាម​ហ្នឹង​ទៅ​»។

មិន​ខុសពី​ការ​លើកឡើង​របស់​ក្រុម​ប្រជា​នេសាទ​ ក៏ដូចជា​សកម្មជន​បរិស្ថាន​ខាងលើ​នេះ​ លោក​ ឃុន​ សាវឿ​ន អនុរដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ទទួលស្គាល់​ថា​ ផល​នេសាទ​ឆ្នាំ២០១៩នេះ​ មានការ​ធ្លាក់ចុះ​ជិត១ម៉ឺន​តោន​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨​។

លោក​ ឃុន​ សាវឿ​ន មានប្រសាសន៍​ថា​ ៖ «ពិតជា​មានការ​ធ្លាក់ចុះ​មែន​ ទិន្នន័យ​ឆ្នាំមុន​ [២០១៨​] គឺ​ផល​នេសាទ​មាន​ចំនួន​ ៥៨​ ៦៤៦​តោន​ រីឯ​ ១០​ខែ​ចុងក្រោយ​ឆ្នាំនេះ​ គឺ​មាន​ចំនួន​ ៤៩​ ៦២៥​តោន​ អ៊ីចឹង​ថយ​ចុះ​ប្រហែលជា​ ៩ពាន់​តោន​ជាង​។»

មន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​ លើកឡើង​ថា​ មាន​មូលហេតុ​សំ​ខាន់​ៗចំនួន២​ ធ្វើ​ឱ្យ​ផល​នេសាទ​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ​ គឺ​ដោយសារ​ទឹក​ឆ្នាំនេះ ​តិច​ និង​រាក់​ជាង​ឆ្នាំមុន​ ធ្វើ​ឱ្យ​ត្រី​ពិបាក​បង្ក​កំណើត​ ពិបាក​ញាស់​កូន​ ហើយ​ហេតុផល​មួយទៀត​គឺ​ បទល្មើស​នេសាទ​មានការ​កើនឡើង​។

លោក​ សាវឿ​ន ៖ «ការ​ធ្លាក់ចុះ​នេះ​ គឺ​បណ្ដាលមកពី​កត្តា២យ៉ាង​។ ១កត្តា​ទឹក​ ទឹក​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំមុន​ជាង៣ម៉ែត្រ​។ ដូច្នេះ​ទេ​ បញ្ហា​ទឹកស្រក​ ឬក៏​តិច​ជាង​មុន​នេះ​ វា​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ទៅដល់​មច្ឆជា​តិរប​ស់​យើង​។ ទឹក​មាន​ទំហំ​តូច​ រាក់​ វា​ធ្វើ​ឱ្យ​មច្ឆ​ជា​តិរប​ស់​យើង​មានការ​លំបាក​ក្នុង​ការ​បង្ក​កំណើត​ ការ​ញាស់​កូន​ ពិបាក​ដកដង្ហើម​អុក​ស៊ី​សែន​ដើម្បី​ចិញ្ចឹមជីវិត​»។

លោក​បន្ត​ថា​ ៖ «ទី២​ ពាក់ព័ន្ធ​នឹង​បទល្មើស​ គឺ​ឆ្នាំនេះ ​មានការ​កើនឡើង​ចំនួន​ ៥៥​ករណី។ ទាក់ទង​ទៅ​នឹង​បទល្មើស​នេះ​ យើង​មើលឃើញ​ថា​ ជន​ប្រព្រឹត្ត​បទល្មើស​ គឺ​មាន​ឧប​ករណ៍​ទំនើប​ៗសម្រាប់​ធ្វើ​មធ្យោបាយ​ ទៅ​ចាប់​បំផ្លាញ​ធនធាន​មច្ឆ​ជា​តិប​ស់​យើង​ ដោយសារតែ​ការប្រកួត​ប្រជែង​រក​ផល​ចំណូល​។»

យោង​តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្រចាំខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ឱ្យ​ដឹង​ថា​ ការនាំចេញ​ផល​នេសាទ​ស្រស់​ អនុវត្ត​បាន​ចំនួន​ ៦០០​តោន​ សរុប​រយៈពេល១១ខែ​បាន​ចំនួន​ ៨៧០០តោន​ ស្មើនឹង៥៨ភាគរយ​ នៃ​ផែនការ​ ១៥០០០តោន​ ប្រៀបធៀប​រយៈពេល១១ខែ​ ឆ្នាំ២០១៨​ ថយ​ចុះ​ចំនួន​ ៨០០តោន​។ រី​ឯការនាំចេញ​ផល​នេសាទ​កែច្នៃ​វិញ​ អនុវត្ត​បាន​ចំនួន​ ៣០០តោន​ សរុប​រយៈពេល១១ខែ​បាន​ចំនួន​ ៤៦៨០តោន​ ស្មើនឹង៩៣,៦០ភាគរយ​ នៃ​ផែនការ​ ៥០០០តោន​ ប្រៀបធៀប​រយៈពេល១១ខែ​ ឆ្នាំ២០១៨​ ថុយ​ចុះ​ចំនួន​ ៣២០តោន​៕

បើ​ទោះជា​ពុំ​មាន​ត្រី​ក៏ដោយ​ លោក​ ញ៉ែម​ សុផល​៖ «គ្រួសារ​របស់ខ្ញុំ​ ក៏ដូចជា​អ្នកភូមិ​ផ្សេងទៀត​រស់នៅ​តំបន់​ឆ្នុកទ្រូ​ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​មុខរបរ​នេសាទ​ឡើយ​ ព្រោះ​ពួក​យើង​ គ្មាន​ដីស្រែ​-ចម្ការ​សម្រាប់​បង្កបង្កើនផល​ដូច​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​»៕


រាយការណ៍ដោយសិក្ខាកាម Newsroom Cambodia៖ លោក ម៉ូវ ម៉ារ៉ា និងលោក បាន ចន្ថា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ