កម្មករ​រោងចក្រ​ SEES នៅ​ខេត្ត​កណ្ដា​លចូល​ធ្វើការងារ​វិញ​ បន្ទាប់ពី​អាជ្ញាធរ​ពាក់ព័ន្ធ​អន្តរាគមន៍​ទៅ​ថៅកែ​

ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុម​កម្មករ​បម្រើការ​ងារ​រោងចក្រ​មួយ​ក្នុង​ស្រុក​ខ្សាច់​កណ្ដា​ល ខេត្ត​កណ្ដា​ល ដែលតវ៉ា​រក​អន្តរាគមន៍​ពី​លោក​ ហ៊ុន​ សែន​ ជួយ​ដោះស្រាយ​វិវាទ​ការងារ​ ដែលអះអាង​ថា​ ថៅកែ​បាន​បិទ​ទ្វា​រោងចក្រ​ដោយ​មិនបាន​ជូនដំណឹង​ និង​ដោះស្រាយ​សំណង​ជូន​ពួកគេ​។ (ឃុត សុគន្ធ)

សហជីព​អះអាង​ថា​ កម្មករ​ប្រមាណ៥០០នាក់ ​បម្រើការ​ងារ​នៅ​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល ​(SEES​ GLOBAL​ CO​.,LTD​) ស្ថិត​ក្នុង​ស្រុក​ខ្សាច់​កណ្ដា​ល ខេត្ត​កណ្ដា​ល បាន​បញ្ចប់​ការ​តវ៉ា​ហើយ​កាលពី​ល្ងាច​ម្សិលមិញ​ និង​ព្រម​ចូល​ធ្វើការងារ​វិញ​នៅ​ថ្ងៃស្អែក​ បន្ទាប់ពី​អាជ្ញាធរ​ពាក់ព័ន្ធ​អន្តរាគមន៍​ទៅ​ថៅកែ​ឱ្យ​ដោះស្រាយ​ជូន​កម្មករ​។

កាលពី​ម្សិលមិញ ​កម្មករ​រាប់​សិប​នាក់​បម្រើការ​ងារ​នៅ​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​ បាន​នាំគ្នា​ដើរ​ជា​ក្បួន​ចេញពី​រោងចក្រ​បម្រុង​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​ ហ៊ុន​ សែន ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគេ​ ប៉ុន្តែ ​ការ​ហែរ​ក្បួន​នោះ​ត្រូវ​អាជ្ញាធរ​រារាំង​ឱ្យ​ត្រឡប់ទៅ​រោងចក្រ​វិញ​ ដោយ​សន្យា​ជួយ​ដោះស្រាយ​បញ្ចប់​។

ប្រធាន​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​ លោក​ សៀង​ រិទ្ធី​ ប្រាប់​វី​អូ​ឌី​ថា​ ក្រុម​កម្មករ​សម្រេច​ឈប់​តវ៉ា​ហើយ​នៅ​ថ្ងៃនេះ ​និង​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃស្អែក​។

ប្រធាន​សម្ព័ន្ធ​សហជីព​រូប​នេះ​ អះអាង​ថា​ ក្រោយ​មានការ​សម្របសម្រួល​ជួយ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រួចមក​ គឺ​ថៅកែ​រោងចក្រ​ព្រម​ទទួលកម្ម​ករ​ទាំងអស់​ឱ្យ​ចូល​បម្រើការ​ងារ​នៅ​រោងចក្រ​ថ្មី​ទាំងអស់​ ដោយ​រក្សាទុក​នូវ​ប្រាក់​អតីតភាព​ការងារ​ ប្រាប់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​ទាំងអស់​។

លោក​បន្ថែម​ថា​៖ «ថៅកែ​ទទួលខុសត្រូវ​ ដោយ​គាត់​ព្រម​សង​រំ​លោះ​អតីតភាព​ការងារ​ជូន​កម្មករ​តាមច្បាប់​ការងារ​ថ្មី​ដោយ​បង់​សង៦ខែ​ម្ដ​ងៗ​ ហើយ​ការ​ព្យួរការងារ​កម្មករ​អត់​សមស្រប​ក្នុង​ខែ១២នេះ​ គឺ​គាត់​ព្រម​ឱ្យ​ទៅ​បងប្អូន​កម្មករ​យើង១០០ភាគរយ​»។

កម្មការនី​ផ្នែក​ដេរ​ម្នាក់ ​អ្នកស្រី​ ឆាំ​ ចាន់​នី​ ដែល​អះអាង​ថា​ បម្រើការ​ងារ​នៅ​រោង​ចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​រយៈពេល៤ឆ្នាំ​ ប្រាប់​វី​អូ​ឌី​ថា​ រូប​អ្នកស្រី​ និង​កម្ម​ករ​ផ្សេង​ៗទៀត​សប្បាយចិត្ត​ទទួល​បានការ​ងារ​ធម្មតា​វិញ​ ហើយ​ថៅកែ​បាន​សន្យា​បើកប្រាក់​ឈ្នួល​ពេញ១០០ភាគរយ​ជូន​កម្មករ​ ខណៈ​ពួកគេ​សម្រាក១ខែ​ទទួល​បាន៥០ភាគរយ​។

អ្នកស្រី​បន្ថែម​ថា​៖ «ក្រុម​កម្មករ​សប្បាយចិត្ត​ច្រើន​ ព្រោះ​យើង​មានការ​ងារ​ធ្វើ​ហើយ​។ គេ​ដោះស្រាយ​ឱ្យ​យើង១០០ភាគរយ​ទៀត​ពេល​ឈប់១ខែ​ហ្នឹង​។ ហើយ​គេ​ដោះស្រាយ​ឱ្យ​គ្រប់​ចំណុច​ដែល​យើង​ទាមទារ​ទៀត​»។

ប្រធាន​រដ្ឋបាល​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​ (SEES​ GLOBAL​ CO​.,LTD​) លោក​ ប៊ុ​ន ណា​រ៉េ​ត មិន​អាច​សុំ​ការ​ឆ្លើយតប​បានទេ​ជុំវិញ​បញ្ហា​នេះ​ ដោយ​ទូរ​សព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​។

កម្មការិនី​ផ្នែក​ដេរ​ម្នាក់ទៀត​ អ្នកស្រី​ ភួង​ សុធា​ ប្រាប់​វី​អូ​ឌី​ថា​ ក្រុម​កម្មករ​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​ បាន​ផ្ទុះ​ការ​តវ៉ា​មុខ​រោងចក្រ​រយៈពេល១០ថ្ងៃ​ បន្ទាប់​ពីថៅកែ​រោងចក្រ​ជា​ជនជាតិ​កូរ៉េ​ខាង​ក្បូង​ បាន​បិទ​ទ្វា​រោងចក្រ​ចាស់​ ទៅ​បង្កើត​រោងចក្រ​ថ្មី​ ដោយ​មិនបាន​ជូនដំណឹង​ និង​ដោះស្រាយ​សំ​ណង​ផ្សេង​ៗជូន​កម្មករ​។

អគ្គលេខាធិការ​នៃ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ ​លោក វង្ស​ សុវណ្ណ​ មានប្រសាសន៍​ថា​ តាម​ការស្រាវជ្រាវ​គឺ​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​ ពុំ​បាន​ក្ស័យធន​ ឬបិទ​ទ្វា​នោះ​ទេ​ ហើយ​ថា​ ថៅកែ​បាន​ប្តូរ​ទីតាំង​រោងចក្រ​ទៅ​កន្លែង​ថ្មី​។

លោក​ វង្ស​ សុវណ្ណ​ បន្ត​ថា​ ក្រោយ​មានការ​អន្តរាគមន៍​ដោះស្រាយ​ពី​មន្ត្រី​ក្រសួងការងារ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួចមក​ គឺ​ថៅកែ​ព្រម​ឱ្យ​កម្មករ​ចូល​ធ្វើការងារ​ធម្ម​វិញ​នៅ​រោងចក្រ​ថ្មី​មានឈ្មោះ​ថា​ «SEES​ GLOBAL​(CAMBODIA​) CO​.,LTD​» ស្ថិតនៅ​ក្បែរ​ទីតាំង​រោងចក្រ​ចាស់​នោះ​ដែរ​។

លោក​បន្ថែម​ថា​៖ «រោងចក្រ​ហ្នឹង​ដំណើរការ​បើក​ទ្វា​ធម្មតា​ទេ​។ ក្រោយ​យើង​ចូល​ដោះស្រាយ​ គាត់​[ថៅកែ​]ឱ្យ​កម្មករ​ចូល​ធ្វើការ​វិញ​ថ្ងៃ២៥ស្អែកនេះ​។ អ៊ីចឹង​ ការងារ​ហ្នឹង​បាន​ព្រមព្រៀង​ សះជា​គ្នា​ហើយ​»។

ប្រធាន​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​ លោក​ សៀង​ រិទ្ធី​ ឱ្យ​ដឹង​ថា​ រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល (SEES​ GLOBAL​ CO​.,LTD​) កំពុង​ផលិត​ស្រោមជើង​ ស្រោមដៃ​ និង​ស្រោម​មុខ​ ឱ្យ​ផ្លាក​យីហោ​ TNS​ ដែល​មានកម្ម​ករ​កំពុង​បម្រើការ​ងារ​ទាំង​ចាស់​ និង​ថ្មី​សរុប​ប្រមាណ៧០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ