អាជីវករ​លក់ដូរ​ក្នុង​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​នាំគ្នា​តវ៉ា​ ក្រោយ​នាយក​សាលា​ឈប់​ឱ្យ​ពួកគេ​លក់​ទៀត​

អ្នកសារព័ត៌មានសម្ភាសន៍ជាមួយអាជីវករលក់ដូរនៅក្នុងវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ឃុត សុគន្ធ)

ក្រុម​អាជីវករ​លក់ដូរ​នៅ​វិទ្យាល័យ​ប៊ុ​នរ៉ា​នី​ ហ៊ុន​សែន​ ផ្សារដើមថ្កូវ​ ស្ថិត​ក្នុង​ខណ្ឌ​ចម្ការ​មន​ រាជធានី​ភ្នំពេញ​ បាន​នាំគ្នា​តវ៉ា​ ក្រោយ​នាយក​នៅ​សាលា​នេះ​ឈប់​ឱ្យ​ពួកគេ​លក់ដូរ​ក្នុង​បរិវេណ​សា​លាត​ទៅទៀត​។

កាលពី​ល្ងាច​ម្សិលមិញ​ ក្រុម​អាជីវករ​ចំនួន៨តូប​ក្នុងចំណោម១៦តូប​ ដែល​លក់ដូរ​ក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុ​នរ៉ា​នី ហ៊ុនសែន ​ផ្សារ​ដើម​ថ្កូវ​ បាន​នាំគ្នា​តវ៉ា​នៅក្នុង​សាលា​ ដើម្បី​ទាមទារ​ទៅ​នាយក​សាលា​ គឺ​លោក​ ខាត់​ ពែត​ ឱ្យ​សម្របសម្រួល​ដោះ​ស្រាយ​ ដោយ​ផ្តល់​កន្លែង​ឱ្យ​ពួកគេ​បាន​លក់​ដូច​ដូចដើម​វិញ​។

លោក​ សន​ សុទ្ធា​វី​ ដែល​អះអាង​ថា​ ជា​អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ប៊ុ​នរ៉ា​នី​ហ៊ុន​សែន​ផ្សារដើមថ្កូវ​ និង​ជា​អ្នកលក់​ដូរនៅក្នុង​វិទ្យាល័យ​នេះ​តាំងពី​ឆ្នាំ១៩៨៤​ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា​ នៅក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុ​នរ៉ា​នី​ ហ៊ុន​សែន​ ផ្សារដើមថ្កូវ​ មាន​អ្នកលក់​ដូរ​ចំនួន១៦តូប​ ដោយ​ក្នុង​នោះ៨តូប​ ជា​សាច់​ញាតិគ្រូ​កំពុង​បង្រៀន​នៅ​សាលា​នេះ​សព្វថ្ងៃ​ និង៨តូប​ទៀត​ពុំ​មានសាច់​ញាតិបុគ្គលិក​ ឬគ្រូ​កំពុង​បង្រៀន​នៅ​ទីនោះ​ឡើយ​។

អតីត​គ្រូបង្រៀន​រូប​នេះ​ឱ្យ​ដឹង​ថា​ រយៈពេល​ជាង៣០ឆ្នាំ​ដែល​លោក​លក់ដូរ​នៅក្នុង​សាលា​មួយ​នេះ​គឺ​ពុំ​ធ្លាប់​មាន​បញ្ហា​អ្វី​នោះ​ទេ​ ដោយ​ថា​ ទើប​តែ​ថ្មី​ៗនេះ​ នាយក​សាលា​គឺ​លោក​ ខាត់​ ពែត​ បាន​ឈប់​ឱ្យ​ពួកគាត់​លក់ដូរ​តទៅទៀត​ ក្រោម​ហេតុផល​ យក​ទីតាំង​នោះ​សាងសង់​បណ្ណាល័យ​។

លោក​បន្ថែ​មថា​៖ «នាយក​សាលា​ចង់បាន​ដី​នេះ​សង់​បណ្ណាល័យ​ សង់​ទីពិសោធន៍​ ពួក​ខ្ញុំ​មិន​ជំទាស់​ទេ​។ ប៉ុន្តែ​ ត្រូវ​រក​កន្លែង​ឱ្យ​ពួក​ខ្ញុំ​ទាំង១៦នាក់​នេះ ​បាន​លក់​ស្នើ​ៗគ្នា​ ទាំង​បុគ្គលិក​គ្រូ​ ប្រពន្ធ​គ្រូ​ ទាំង​មិនមែន​ជា​សាច់​ញាតិ​គ្រូ​ក្ដី​ ត្រូវ​រក​ន្លែង​ឱ្យ​លក់​ស្នើ​ៗគ្នា​។ ១ម៉ែត្រ​ក្ដី​ ២ម៉ែត្រ​ក្ដី​ កុំ​រើសអើង​ថា​ អានេះ​ប្រពន្ធ​គ្រូ​ អានេះ​គ្រូ​ ហើយ​ក្រុម​នេះ​មិនមែន​គ្រូ​មិនបាច់​ចូល​លក់​ទេ​។ នោះ​មិន​ត្រឹមត្រូវ​ឡើយ​»

អ្នកស្រី​ ស្រី​ ស្រស់​ ដែល​អះអាង​ថា​ បាន​លក់ដូរ​ក្នុង​វិទ្យាល័យ​ប៊ុ​នរ៉ា​នី​ហ៊ុន​សែនផ្សារដើមថ្កូវនេះ​ តាំងពី​ឆ្នាំ១៩៩០​ និយាយ​ថា​ ពួកគាត់​បារម្ភ​ខ្លាច​នាយក​សាលា​មាន​ចេតនា​មិនល្អ​ ដោយ​បណ្ដេ​ញពួកគាត់​ចេញ​ ហើយ​យក​ទីតាំង​នោះ​ទៅ​ឱ្យ​អ្នក​ផ្សេង​មក​លក់​ជំនួស​វិញ​។

អ្នកស្រី​ឱ្យ​ដឹង​ថា​ ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុ​នរ៉ា​នី​ហ៊ុន​សែន​នេះ​ បាន​បង់ថ្លៃ១លាន​រៀលជា​រៀង​រាល់​ខែទៅ​សាលា ដើម្បី​បាន​ទីតាំង​លក់ដូរ​ប្រចាំថ្ងៃ​។ អ្នកស្រី​ ស្រី​ ស្រស់​ បន្ត​ថា​ ការលក់ដូរ​នៅក្នុង​ទីតាំង​សាលា​នេះ​ ពុំ​ធ្លាប់​មាន​កុងត្រា​នោះ​ទេ​ ប៉ុន្តែ​ មាន​កិច្ចសន្យា​អនុញ្ញា​ឱ្យ​លក់​ប្រភេទ​ចំណីអាហារ​ និង​ភេស​ជ្ជៈ​ ដើម្បី​សុខភាព​ និង​សុ​វត្ថិភាព​តែប៉ុណ្ណោះ​។ (សូមមើលការកែតម្រូវក្នុងកថាខណ្ឌនេះខាងក្រោម)

អ្នកស្រី​បន្ថែម​ថា៖ ​«៨តូប​ផ្សេង​ដែលគេ​ព្រម​រើចេញ​ហ្នឹង​ជា​បុគ្គលិក​គ្រូ​នៅ​ទីនេះ​។ អ៊ីចឹង​ បើ​ថ្ងៃក្រោយ ​គេ​អាច​មាន​សិទ្ធិ​មក​លក់​វិញ​បាន​ ប៉ុន្តែ​ ចំពោះ​ពួក​ខ្ញុំ​ដែល​មិនមែន​ជា​បុគ្គលិក៨តូប​ទៀត​ហ្នឹង​ បើ​រើចេញ​ គឺ​ចេញ​ហើយ​»

នាយក​វិទ្យា​ល័យប៊ុ​នរ៉ានី​ហ៊ុន​សែន​ផ្សារដើមថ្កូវ​ លោក​ ខាត់​ ពែត​ មានប្រសាសន៍​ថា​ សាលា​ត្រូវការ​ទីតាំង​នោះ​ ដើម្បី​សាងសង់​បណ្ណាល័យ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​បន្ត​លក់ដូរ​ក្នុង​បរិវេណ​សាលា​នេះ​ទៀត​ឡើយ​។

នាយ​កវិទ្យា​ល័យរូប​នេះ​ អះអាង​ថា​ រាល់​អ្នកលក់​ដូរ​ក្នុង​បរិវេណ​សាលា​នេះ​ គឺ​មាន​កុងត្រា​ត្រឹមត្រូវ​ ដោយ​រយៈពេល១ឆ្នាំ​ធ្វើ​កុង​ ត្រា​ម្ដ​ង ហើយ​ថា​ សាលា​ពុំ​មានទីតាំង​សម្រាប់​ជួល​ឱ្យ​អាជីវករ​ទាំងនោះ​បាន​លក់ដូរ​ទៀត​ឡើយ​។

លោក​បន្ថែម​ថា៖ ​«ពេល​ដែល​យើង​បញ្ឈប់​គាត់​ យើង​អត់មាន​រក​កន្លែង​ឱ្យ​គាត់​បាន​លក់ដូរ​វិញ​ទេ​ ព្រោះ​យើង​កិច្ចសន្យា​ហ្នឹង​ យើង​អត់​បាន​សន្យា​ជាមួយ​គាត់​ទេ​ ព្រោះ​ក្នុង​កិច្ចសន្យា​ យើង​និយាយ​ថា​ ពេលណា​យើង​ត្រូវការ​ដី​ យើង​យក​កន្លែង​ហ្នឹង​វិញ​។ យើង​មានកំណត់​ហេតុ​ត្រឹមត្រូវ​»

បើ​តាម​អាជីវករ​គឺ​ អភិបាលខណ្ឌ​ចម្ការ​មន​ លោក​ ថេង​ សុ​ថុល​ បាន​ហៅ​ក្រុម​អាជីវករ​ និង​ភាគី​ពាក់ព័ន្ធ​ ទៅ​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​នៅ​ម៉ោង៣រសៀល​នេះ​៕


សេចក្ដីកែតម្រូវ៖

ត្រង់កថាខណ្ឌទី៧ ឃ្លា« អ្នកស្រី​ឱ្យ​ដឹង​ថា​ ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុ​នរ៉ា​នី​ហ៊ុន​សែន​នេះ​ បាន​បង់ថ្លៃ១លាន​រៀលជា​រៀង​រាល់​ខែទៅ​សាលា​ ដើម្បី​បាន​ទីតាំង​លក់ដូរ​ប្រចាំថ្ងៃ​។…» ទៅជា « អ្នកស្រី​ឱ្យ​ដឹង​ថា​ ក្រុម​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុ​នរ៉ា​នី​ហ៊ុន​សែន​នេះ​ បាន​បង់ថ្លៃ១លាន​រៀលជា​រៀង​រាល់​ឆ្នាំ​ និងបង់ថ្លៃសំរាមក្នុង១ខែ២ម៉ឺនរៀលទៅ​សាលា​ ដើម្បី​បាន​ទីតាំង​លក់ដូរ​ប្រចាំថ្ងៃ​។…»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ