ក្រុម​យុវជន​គ្រោង​បំបួស​ដើម​ឈើ​ធំៗ​នៅ​ព្រះសីហនុ​ដែល​ប្រឈម​នឹង​ការ​កាត់ចេញ​

យុវតី​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ កញ្ញា​ ឡុង​ គន្ធា​ (ឆ្វេង) និង ការដ្ឋានជួសជុលផ្លូវមួយកន្លែងនៅព្រះសីហនុ។ (ហ្វេសប៊ុក Long Kunthea និង រដ្ឋបាលខេត្តព្រះសីហនុ)

ក្រុម​យុវជន​បរិស្ថាន​ គ្រោង​បំបួស​ដើមឈើ​ធំ​ ៩ដើម​ ដែល​ត្រូវ​បាន​ជឿជាក់​ថា​ ត្រូវ​បាន​ដាំ​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ នៅក្នុង​ក្រុង​ព្រះសីហនុ​ នៅ​ថ្ងៃទី១៥ ខែធ្នូ​ខាងមុខនេះ​ ដើម្បី​ជំរុញ​ការ​រក្សា​ការពារ​ធនធាន​បៃតង​មិន​ឱ្យ​បាត់បង់​ក្រោម​គម្រោង​អភិវឌ្ឍន៍​។

យុវតី​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ កញ្ញា​ ឡុង​ គន្ធា​ ឱ្យ​ដឹង​ថា​ ដើមឈើ​ទាំង​៩ដើម​នោះ​ ស្ថិត​នៅ​តាម​បណ្ដោ​យផ្លូវ​សាធារណៈ​ ម្ដុំរង្វង់​មូល​វិមានឯករាជ្យ​ ក្នុង​សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​។

យុវតី​រូប​នេះ​ បន្ថែម​ថា​ ពលរដ្ឋ​នៅ​ម្ដុំ​នោះ​ជឿ​ថា​ ដើមឈើ​គ្រាប់បែក​ទាំង​៩ដើម​នោះ​ ត្រូវ​បាន​ដាំ​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ និង​ជាដើម​ឈើ​ធំៗ​ក្នុង​ចំនួន​តិចតួច​បំផុត​ដែល​នៅ​សេសសល់​នៅក្នុង​ភូមិ​សាស្ត្រ​នៃ​ទីក្រុង​ទេសចរណ៍​មាត់សមុទ្រ​មួយ​នេះ​។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​ បញ្ជាក់​ថា​ យុទ្ធនាការ​បំបួស​ដើមឈើ​នេះ​ ធ្វើឡើង​ដើម្បី​ជំរុញ​គោលការណ៍​អភិវឌ្ឍន៍​ក្រុង​បៃតង​របស់​អភិបាលខេត្ត​ព្រះសីហនុ​ លោក​ គួច​ ចំរើន និង​ដាស់​ស្មារតី​មហាជន​ឱ្យ​ភ្ញាក់រឭក​ ចេះ​ស្រឡាញ់​ និង​ការពារ​ធនធាន​ព្រៃឈើ​ដែល​កំពុង​បាត់បង់​។

កញ្ញា​ ឡុង​ គន្ធា​ និយាយ​ថា​៖ «គេ ​[សាលាខេត្ត​ព្រះសីហនុ​] មាន​គម្រោង​សាងសង់​ផ្លូវ​ទៅ​ចំ​ដើមឈើ​ហ្នឹង​ ហើយ​គាត់​ [ប្រជាពលរដ្ឋ​] សាកសួរ​ឯកឧត្តម​ គួច​ ចំរើន​ គាត់​ថា​ គេ​នឹង​កាប់​ដើមឈើ​ហ្នឹង​»

កញ្ញា​បន្ថែម​ថា​៖ «យើង​ស្ដា​យ ចង់ឱ្យ​ដើមឈើ​ហ្នឹង​វា​នៅជា​ម្លប់​ ហើយ​ទុក​គ្រាន់​លម្អ​ទីក្រុង​ ព្រោះ​យើង​ឃើញ​ហើយ​នៅ​កំពង់សោម​ មានតែ​អគារ​ខ្ពស់​ៗ មិនសូវ​មាន​ដើមឈើ​ទេ​»

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ លើកឡើង​ថា​ រាល់​ការ​អភិវឌ្ឍ​តែង​មានផល​ប៉ះពាល់​ពិបាក​នឹងចៀស​ផុត​។ លោក​បន្ត​ថា​ រដ្ឋបាល​សាលាខេត្ត​នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ដើម្បី​រក្សាទុក​ដើម​ឈើ​ល្អ​ៗធំៗ​ ដែល​ប៉ះពាល់​ដល់​ការ​កែ​លម្អ​ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​។

លោក​ ឃាង​ ភា​រម្យ​ ប្រាប់​ថា​៖ «យើង​ត្រូវ​យល់ថា​ ដើមឈើ​មួយ​ដើម​ៗទម្រាំ​នឹង​បាន​ធំ​ប៉ុណ្ណេះ​ យើង​ត្រូវ​ប្រើ​ពេល​យូរណាស់​ដើម្បី​ថែទាំ​។ ប៉ុន្តែ​ វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​ ពាក់ព័ន្ធ​ទៅ​នឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​។ អាហ្នឹង​ គឺ​អ្វី​ដែល​យើង​បញ្ចៀស​បាន​ យើង​បញ្ចៀស​ ហើយ​បើ​ថា​ យើង​បញ្ចៀស​មិនបាន​ យើង​ត្រូវ​យកចេញ​មួយចំនួន​ ហើយ​យើង​នឹង​រក​ប្រភេទ​ឈើ​ល្អ​ៗយក​មក​ដាក់​ឡើងវិញ​»

ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​បំបួស​ដើមឈើ​របស់​ក្រុម​យុវជន​ លោក​ ឃាង​ ភា​រម្យ​ លើក​ជា​សំណូមពរ​ដោយ​ឱ្យ​ពួកគេ​ត្រូវ​ជូនដំណឹង​ដល់​ ឬឆ្លងកាត់​ការពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ទៅតាម​ក្របខណ្ឌ​ច្បាប់​ ដើម្បី​ឱ្យ​ខាង​រដ្ឋបាល​ដែនដី​ដឹងពី​គោលបំណង​ជាក់លាក់​របស់​ពួកគេ​ជាមុន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ កញ្ញា​ ឡុង​ គន្ធា​ បាន​បញ្ជាក់​ថា​ ក្រុម​របស់​កញ្ញា​មិនទាន់​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅកាន់​រដ្ឋបាល​សាលាខេត្ត​នៅឡើយ​ទេ​។ កញ្ញា​បន្ថែម​ថា​ សមាជិក​ក្រុម​បាន​ព្យាយាម​ទាក់ទង​សុំ​ការអនុញ្ញាត​ពី​លោក​ គួច​ ចំរើន​ ផ្ទាល់​ជាច្រើន​ដង​ ប៉ុន្តែ​ មិនទាន់​ទទួល​បានការ​ឆ្លើយតប​នៅឡើយ​។ ​

កញ្ញា​ ឡុង​ គន្ធា​ ប្រាប់​ថា​៖ «អត់​បាន​ដាក់ជា​លាយលក្ខណ៍​អក្សរ​ទេ​ ប៉ុន្តែ​ ពួក​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​ឯកឧត្តម​ គួច​ ចំរើន ​ផ្ទាល់​តាម​លេខទូរសព្ទ​ ប៉ុន្តែ​ យើង​ទាក់ទង​ទៅ​ច្រើនដង​ហើយ​ ហើយ​ពេល​ដែល​គាត់​ទទួល​ទៅ​ ក៏​គាត់​រវល់​ គាត់​ថា​រវល់​។ យើង​នឹង​ព្យាយាម​ទាក់ទង​ទៅ​គាត់​ម្ដ​ងទៀត​»

ខេត្ត​ព្រះសីហនុ​ ទទួល​បាន​គម្រោង​សាងសង់​អគារ​ជាង​ ៨០០គម្រោង​ ក្នុង​នោះ​មាន​ជាង​ ២០០គម្រោង​ សាងសង់​រួច​។ នេះ​បើ​តាម​លោក​ ឃាង​ ភា​រម្យ​ ដែល​ប្រាប់​ឱ្យ​វី​អូ​ឌី​ដឹង​កាលពី​ខែវិច្ឆិកា​កន្លងទៅ​។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ផ្សព្វផ្សាយ​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​កន្លងមក​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​បោះទុន​ជិត​ ៣០០លាន​ដុល្លារ​ ដើម្បី​សាងសង់​ផ្លូវ​ ៣៤ខ្សែ​ មាន​ប្រវែង​ ៨៤គីឡូម៉ែត្រ​ រង្វង់​មូល​ ៣ និង​ស្ពាន​ចំនួន៦​ មាន​ប្រវែង​សរុប​ ២៥២ម៉ែត្រ​ នៅក្នុង​ក្រុង​​ឆ្នេរសមុទ្រ​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ