លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​មន្ត្រី​តាមដាន​ឈ្មួញ​ដែល​បន្ថោក​តម្លៃ​ស្រូវ​របស់​កសិករ​

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ (រូបភាព៖ ហេង វិចិត្រ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅស្ថាប័នពាក់ព័ន្ធឱ្យតាមដានចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកុំឱ្យពួកគេខ្ចីថវិការបស់រដ្ឋាភិបាលហើយ បែរជាមិនបានជួយដល់ប្រជាកសិករ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅថ្ងៃនេះ លោក ហ៊ុន​ សែន បញ្ជាទៅក្រសួងពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការតាមដាន ដើម្បីកុំឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងនោះ ខ្ចីថវិកាពីរដ្ឋាភិបាលហើយ ទៅទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃថោក។

លោកថា៖ «ស្តុក​ស្រូវ​ដែល​ទទួល​ទិញ​ពី​កសិករ​ សូមកុំ​បង្អាប់ថ្លៃ​ស្រូវ​របស់​ប្រជាជន​។ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន៥០លាន​ដុល្លារ​ ដើម្បី​ជួយ​ម៉ាស៊ីន​កិនស្រូវ​ ប៉ុន្តែ​សូម​អស់លោក​យល់​ មិនមែន​យក៥០លាន​ដុល្លារ​ទៅ​ច្របាច់ក​ប្រជាជន​ ទម្លាក់​ថ្លៃ​[ស្រូវ​] នោះ​ទេ​។ ខ្ញុំ​សូម​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ត្រួតពិនិត្យ​មើល​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​ តាមដែល​អាច​ធ្វើ​ទៅ​កើត​»។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាក់​ប្រាក់​​៥០លានដុល្លារ​ ដល់​ធនាគារអភិវឌ្ឍន៍​ជន​បទ សម្រាប់​ផ្ដល់​កម្ចី​ដល់​អ្នក​ប្រមូល​ទិញ​ស្រូវ ​ដោយ​ថា ​ដើម្បី​រក្សា​តម្លៃ​ស្រូវ​របស់     ​កសិករ។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​  សម្ដែង​ការ​គាំទ្រ​ចំពោះ​វិធានការ​របស់​លោកនាយក​រដ្ឋមន្ត្រី​។ លោក​បន្ត​ថា ​ ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ធ្វើការ​តាមដាន​ ឬកំណត់​តម្លៃ​ស្រូវ​ឱ្យ​ក្រុមហ៊ុន ​ ឬម្ចាស់​រោងម៉ាស៊ីន​ទិញ​ទេ​ លោក​ថា​ ថវិកា​ដែល​ប្រមុខ​រដ្ឋាភិបាល​ទម្លាក់​នោះ​ ក៏​មិនបាន​ផលប្រយោជន៍​ដល់​កសិករ​ដែរ​។

លោកថា « អ៊ីចឹង​ បើ​មិនបាន​ត្រួតពិនិត្យ​តម្លៃ​ ឬមិន​កំណត់​តម្លៃ​ស្រូវ​ទេ​ អាហ្នឹង​ វា​មិនមែន​ជា​សម្បទាន​ថវិកា​សម្រាប់​ជួយ​កសិករ​ទេ​ គឺ​បាន​ត្រឹមតែ​ជួយ​ឈ្មួញ​ ហើយ​ធ្វើ​ឱ្យ​ឈ្មួញ​កាន់តែ​ចំណេញ​ ដោយសារ​ យក​លុយ​រដ្ឋាភិបាល​ ទៅទៀត​ ហើយ​តម្លៃ​ស្រូវ​នៅតែ​ថោក​ដដែល »

​កាល​ពី​ឆ្នាំ​២០១៦ ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង បានផ្ទុះ​ការតវ៉ា​ដោយចាក់ស្រូវ​បិទ​ផ្លូវ​ បន្ទាប់ពីតម្លៃ​ស្រូវ​ចុះ​ថោក ក្រោយពីមានការតវ៉ានោះ រដ្ឋាភិបាល​បាន​ទម្លាក់​លុយ​ជា​បន្តបន្ទាប់​ខ្ទង់រាប់លាន​ដុល្លារ​ជារៀងរាល់​ឆ្នាំ​ ដើម្បី​ជួយ​ទប់​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ថ្លៃ​នេះ។

យោង​តាមទិន្នន័យកាល​ពី​ថ្ងៃ​ទី៤ ខែធ្នូ ​របស់​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ តម្លែ​ស្រូវផ្កា​រំដួល​សើម​នៅ​វាល​ស្រែ​ មាន​តម្លៃ​ចន្លោះ៨៥០​រៀល ដល់​១២០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

បើតាម​អង្គភាព​សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ​កម្ពុជា ប្រទេស​កម្ពុជា​​​អាច​ផលិតស្រូវបាន​ជាង​១០លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ប្រទេស​នេះ​ត្រូវ​ការ​តែ​ជាង​៤លាន​​តោន​ប៉ុណ្ណោះ​ ដើម្បី​ចិញ្ចឹម​ពលរដ្ឋ ខណៈ​ជាង​៥លាន​តោន​ត្រូវ​បាន​ប្រទេស​ជិត​ខាង​នាំ​គ្នា​ចូល​មក​ទិញ​ពី​កសិករ ហើយ​​ការ​នាំ​ចេញ​អង្ករទៅ​អន្តរជាតិ​ដោយក្រុម​ហ៊ុន​ឯកជន​ក្នុង​ស្រុក​មាន​ចន្លោះ​តែ​ពី​៥០ម៉ឺន ទៅជាង​៦០​ម៉ឺន​តោន​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ