លោក​ ហ៊ុន​ សែន​ ថាបើ​ដក​EBA​ពីកម្ពុជា អឺរ៉ុបនឹង​​រង​ផល​ប៉ះពាល់​

ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)ដែលមានចំនួន ៦,៧៦២នាក់ ក្នុងនោះគឺមាននារី ២,៧៦១នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ។ (ហ្វេសប៊ុក ហ៊ុន សែន)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ លើកឡើងថា​ សហភាព​អឺរ៉ុប​នឹង​រង​ផល​ប៉ះពាល់ដែរ​ បើស​ម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«​អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ»​ ហៅ ​EBA​ ពី​កម្ពុជា​មែន​នោះ​។

រដ្ឋាភិបាល​កម្ពុជា​មាន​ពេល​ត្រឹម​ថ្ងៃទី១២ ខែធ្នូ​ ស្អែកនេះ​ សម្រាប់​ឆ្លើយតបទៅនឹង​សហភាព​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​​អឺរ៉ុប​ទាម​ទារ​ឱ្យ​​ស្ដារប្រ​ជា​ធិប​តេយ្យ​ឡើងវិញ​ ជា​ថ្នូរ​នឹង​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទុក​EBA​។

ប៉ុន្តែ ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃពុធ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ លោក​មិន​ចាត់ទុកថា​ ថ្ងៃទី១២ស្អែកនេះ ​ជា​គ្រោះថ្នាក់​របស់​កម្ពុជា​ ដូច​អ្នករិះគន់​មួយចំនួន​លើកឡើង​នោះ​ទេ​។

លោក ហ៊ុន សែន​ អះអាង​ថា ​អ្វី​ដែល​លោក​កំពុង​តាមដាន​ គឺ​ការដែល​ចក្រភព​អង់គ្លេស​កំពុង​បោះឆ្នោត​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​ ​ការដែល​សហភាព​អាមេរិកទាមទារឲ្យ​ដក​តំណែង​ប្រធានាធិបតី​ លោក​ ដូ​ណាល់​ ត្រាំ​។

មេដឹកនាំរូបនេះ​ ថ្លែង​ទៀត​ថា​ កម្ពុជា​បាន​ប្រាប់​សហភាព​អឺរ៉ុប​រួចហើយ​ថា​ កម្ពុជា​មិន​អាច​ទទួលយក​លក្ខខណ្ឌជំនួ​យ​ណាមួយ រំលោភច្បាប់​កម្ពុជាទេ​​។ លោកថា បើ​​អឺរ៉ុប​​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះពី​កម្ពុជា​មែន​ សហ​ភា​ព​អឺរ៉ុប​ក៏​នឹង​រង​ផល​ប៉ះពាល់​ដែរ​ រួម​ទាំង​អ្នក​ទិញ​អង្ករ​ពី​កម្ពុជាផង​។

លោក​ថា​៖ «ផល​ប៉ះពាល់​ វា​មិនមែន​គ្រាន់តែ​កម្ពុជា​ទេ​ អ្នកឯង​ក៏​មានផល​ប៉ះពាល់​ដែ​រសមិទ្ធ​ផល​ដែល​អ្ន​កតែងជួយ​ខ្ញុំ​ ក៏​ត្រូវ​និ​រា​ករ​ចោល​ដែរ​ ទឹកមាត់​អ្នកឯង​ជាមួយ​ខ្ញុំ​ ក៏​នឹង​កាត់បន្ថយ​ដែរ​ មានន័យថា​ បាន​រួមចំណែក​សម្លាប់​អា​ពួក​ប្រឆាំង​ផ្កាប់​មុ​ខហ្មង​»។

ផ្នែក​មួយ​នៃ​លក្ខខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធនេះ សហភាព​អឺរ៉ុប​ បានទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ឡើងវិញ​ ក្រោយពី​គណបក្ស​នេះ​ ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​ចេញពី​ឆាកនយោបាយ​។

លោក​ ហ៊ុន​ សែន​ អះអាង​ទៀត​ថា​ ការ​បាត់មុខ​ក្រុមប្រឆាំង​ពី​ឆាកនយោបាយ​ ដោយសារតែ​ដៃគូ​ប្រកួតចោទ​លោក​ថា​ ជា​អ្នក​កាត់​ដី​ឱ្យ​យួន​ និង​បង្កើត​វ​ប្ប​ធម៌​«មាន​ឯង​អត់​អញ»​។

លោក​ថា​៖ «នយោបាយ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ មិនមែន​ជាគោល​នយោបាយ​របស់ខ្ញុំ​ទេ​ មាន​ឯង​អត់​អញ មាន​អញអត់​ឯង​ មាន​តាំងពី២០០៣ អ្នកណា​អ្នក​ដាក់​? អាន​យោ​បាយ​ហ្នឹង​ អ្នកឯង​ដាក់ចេញ​ហើ​យ​​​ឬ​នៅ​? អា​ មាន​សែន​ អត់​ស៊ី​ មាន​ស៊ី​ អត់​សែន​ ឥឡូវ​ជាក់​ស្ដែ​ងមានតែ​សែន​ទេ​ វា​អត់មាន​ស៊ី​ អាហ្នឹង​លើ​ការ​ជាក់​ស្ដែង​ វា​អ៊ីចឹង​»។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ករុណា​ ហៅ​ការដែល​សហភាព​អឺរ៉ុប​ជំរុញ ឱ្យ​ស្តារប្រ​ជា​ធិប​តេយ្យ​នេះ​ ជា​សារ​ក្រើន​រំឭក​មេដឹកនាំ​កម្ពុជា​ ឱ្យ​គោរព​បទដ្ឋាន​អន្តរជាតិ​ និង​រដ្ឋធម្មនុញ្ញ​ ដែល​ចែង​ពី​ការ​លើកស្ទួយ​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ បង្ហាញ​ក្ដី​បារម្ភ​ថា ការ​បកស្រាយ​ណាមួយ​សម្រាប់​តែ​ផលប្រយោជន៍​ន​យោបា​យ​​ វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ធ្ងន់ធ្ងរ​ មិនមែន​សហភាព​អឺរ៉ុប​ទេ​។

លោក​ថា​៖ «បើសិនជា​យើង​នៅតែ​បកស្រាយ​ដោះសា​រទៅលើ​អ្វី​ដែល​បាន​កើតឡើង​មក​ហ្នឹង​ ​អ៊ីចឹង​យើង​នៅតែ​បន្ត​រង​នូវ​ការរិះគន់​ ការ​ដាក់​សម្ពាធ​ហ្នឹង​ដដែល​ទេ​ ពីព្រោះ​អាហ្នឹង​ជា​រឿង​ដែល​យើង​ជាប់​កាតព្វកិច្ច​ កិច្ច​ព្រមព្រៀង​ជាមួយ​គេ​»។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ បារម្ភ​ថា​ បើ​កម្ពុជា​បាត់​EBA​ ដោ​យ​សារតែ​បញ្ហា​សិទ្ធិមនុស្ស​ វិធា​នការ​ជាច្រើន​ទៀត នឹងកើតមានមកលើកម្ពុជា ក្នុងនោះមានទាំង​វិធានការ​បង្កក​ទ្រ​ព្យ​ស​ម្ប​ត្តិ​ឥស្សរជន​នយោបាយ​ ការ​បិទ​ទិដ្ឋាការ​ពីសហរដ្ឋអាមេរិក។

ការបាត់បង់​​EBA​របស់​សហភាព​អឺរ៉ុប​ កម្ពុជា​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជា៧០០លាន​ដុល្លារ​ក្នុង១ឆ្នាំ​។ ជាងនេះទៅទៀត សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​GMAC​ បង្ហាញ​ក្ដី​បារម្ភ​ដែរ​ថា​ បាត់បង់​EBA​ វា​នឹង​ប៉ះពាល់​ផ្ទាល់​ដល់​កម្មករ៧៥ម៊ឺ​ននា​ក់​ ក្នុង​វិស័យ​កាត់ដេរ​ និងពលរដ្ឋខ្មែរ៣លាន​គ្រួសារ​ផ្សេងទៀត​ដោយប្រយោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ