អាមេរិក​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ និង​រឹតត្បិត​ទិដ្ឋាការ​លោក​ ទ្រី​ ភាព​ និង​លោក​ គន់​ គីម​

(ឆ្វេង) អតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ លោក គន់ គីម និង (ស្ដាំ) លោក ទ្រីភាព បច្ចុប្បន្ន​ជាមហាសេដ្ឋី​ដែល​ល្បីល្បាញ​ក្នុងជំនួញរកស៊ីឈើ​នៅកម្ពុជា។ (ហ្វេសប៊ុក៖ TRY PHEAP GROUP CO.,LTD និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)

សហរដ្ឋអាមេរិក​តាមរយៈក្រសួងរតនាគាររបស់ខ្លួន​ បាន​សម្រេចដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ និងរឹតត្បិតទិដ្ឋាការលោក ទ្រី ភាព និងអតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ លោក គន់ គីម ព្រមទាំងសមាជិកគ្រួសារ​លោក៣រូប និងក្រុមហ៊ុនរបស់ពួកគេចំនួន១៦ទៀត។

ការសម្រេចនេះ ធ្វើឡើង​ក្រោម​ការអនុវត្តច្បាប់ ​Global Magnitsky ដោយអាមេរិក​រកឃើញថា ​មនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ទាំងពីរនេះ បានរួមចំណែក​យ៉ាងច្រើន​ក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងរតនាគារសហរដ្ឋអាមេរិក​ ដែលចេញផ្សាយ​កាលពីយប់មិញ​ម៉ោងនៅកម្ពុជា រកឃើញថា លោក ទ្រី ភាព បច្ចុប្បន្ន​ជាមហាសេដ្ឋី​ដែល​ល្បីល្បាញ​ក្នុងជំនួញរកស៊ីឈើ​នៅកម្ពុជា ​ព្រមទាំងមានក្រុមហ៊ុនចំនួន១១ ត្រូវបាន​ដាក់បញ្ចូលក្នុងទណ្ឌកម្មនេះ។

ដោយឡែក​ លោក​ គន់​ គីម​ បច្ចុប្បន្ន​ជាទេ​សរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អនុប្រធាន​ទី១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ហើយ​លោក​ក៏​ជា​អតីត​អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ រួម​ទាំង​សមាជិក​គ្រួសារ​លោក៣​ រូប​ទៀត​ រួមមាន​ឈ្មោះ​ គីង​ ចាន់​ឌី​ ឈ្មោះ​ គីម​ សុ​ផា​រី​ និង​ គីម​ ផា​រ៉ា​ ព្រមទាំង​ក្រុមហ៊ុន​ចំនួន៥​ ក៏​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ទណ្ឌកម្ម​របស់​អាមេរិក​នេះ​ផង​ដែរ​។

សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងរតនាគារសហរដ្ឋអាមេរិក​ដដែល រកឃើញថា លោក ទ្រី ភាព មានជាប់ពាក់ព័ន្ធ​ចំពោះសកម្មភាពពុករលួយដែលប្រព្រឹត្តដោយផ្ទាល់ និងដោយមិនផ្ទាល់ ​ក្នុង​ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ រឹបអូសទ្រព្យសម្បត្តិឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងកិច្ចសន្យារដ្ឋាភិបាល ឬការធ្វើអាជីវកម្មធនធានធម្មជាតិដោយប្រើការសូកប៉ាន់​ដើម្បីការពារ​អាជីវកម្មឈើខុសច្បាប់របស់ខ្លួន»។

សេចក្តីប្រកាសព័ត៌មានដដែល​បានអះអាងថា លោក ទ្រី ភាព បានប្រើបណ្តាញធំៗរបស់លោកក្នុងជួររដ្ឋាភិបាល ​និងយោធា ដើម្បីការពារជំនួញរកស៊ីឈើខុសច្បាប់​របស់ខ្លួន ហើយឈើ​ខុសច្បាប់ទាំងនោះ ​ត្រូវបាន​នាំចេញទៅលក់នៅ​ប្រទេសវៀតណាម ចិន សហគមន៍អឺរ៉ុប និងរុស្ស៊ី ជាដើម។

សហរដ្ឋអាមេរិកបន្តថា ការបង្កើតសម្ព័ន្ធមិត្ត​គ្រាក់ៗទាំងនោះហើយ បាន​បង្កការលំបាកដល់អាជ្ញាធរមូលដ្ឋានក្នុងការចាត់វិធានការច្បាប់ប្រឆាំងនឹងសកម្មភាពរកស៊ីឈើខុសច្បាប់របស់លោក ទ្រី ភាព។ ​

ដោយឡែកសម្រាប់លោក គន់ គីម និងគ្រួសារវិញ សហរដ្ឋអាមេរិក​ ឱ្យដឹងថា ក្រៅពីកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ ប្រព្រឹត្តអំពើពុករលួយ អតីតនាយឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទរូបនេះ ក៏ជាអ្នកជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍនៅខេត្តកោះកុង ព្រមទាំងបានទទួលប្រយោជន៍ហិរញ្ញវត្ថុយ៉ាងច្រើនពីទំនាក់ទំនងរបស់លោកជាមួយ​ចិនទៀតផង។

អាមេរិកក៏បានរកឃើញថា លោក គន់ គីម បានប្រើកងកម្លាំង​នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំភិតបំភ័យ រុះរើ និងរឹបអូសយកដីពីពលរដ្ឋតំបន់នោះ ប្រគល់ទៅឱ្យក្រុមហ៊ុនចិន ប៉ុន្តែ ក្រោយមក លោក​ក៏ត្រូវបានដកចេញពីតំណែងយោធាជាន់ខ្ពស់មួយនេះ ​ដោយសារមិនបានចែកផលលាភទៅមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតនោះឡើយ។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «លោក គន់ គីម ត្រូវបានដកដំណែង​ជាប្រធានបុគ្គលិកនៃកងយោធពលខេមរភូមិន្ទ ពីព្រោះលោក​មិនបានចែករំលែកប្រាក់ចំណេញពីអាជីវកម្មខុសច្បាប់របស់គាត់ ជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទេ»។

វី.អូ.ឌី មិនអាចទាក់​ទងសុំការឆ្លើយតបពីលោក ទ្រី ភាព និងលោក គន់ គីម ជុំ​វិញ​ការដាក់​ទណ្ឌកម្មរបស់​អាមេរិក​នេះនៅឡើយទេ។

យ៉ាងនេះក្តី ក្រសួងការបរទេសកម្ពុជា​នៅថ្ងៃនេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំង​ចំពោះការសម្រេចដាក់ទណ្ឌកម្មនេះ ដោយថា​ ជាការបំពាន​នូវជនជាតិ​កម្ពុជាដែលបម្រើការងាររដ្ឋ​ និងផ្នែកឯកជន។

ក្រសួងការបរទេស​លើកឡើងថា លោក គន់ គីម ត្រូវបានទទួលស្គាល់​ជាសាធារណៈចំពោះការ​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុងការពារ ​និងថែរក្សា​សុខសន្តិភាព​ ស្ថិរភាព​ និងសណ្តាប់ធ្នាប់​សង្គម។ ដោយឡែក លោក ទ្រី ភាព វិញ ក្រសួងការបរទេស​ថា បានដើរតួនាទីយ៉ាងសកម្ម​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។  

សម្រាប់​​អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានការភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះការសម្រេចនេះ ដែលជាការចោទប្រកាន់​មកលើ​ពលរដ្ឋខ្មែរ។

លោកថា ជាមួយគ្នានេះ រដ្ឋាភិបាល​មានកាតព្វកិច្ច​ស្វែងរកកិច្ចការពារ​ប្រកបដោយសុចរិត និងយុត្តិធម៌ ចំពោះពលរដ្ឋ​ដែលរងការចោទប្រកាន់នោះ ប៉ុន្តែ លោកថា ករណីនេះ​មិនប៉ះពាល់​ដល់ទំនាក់ទំនងប្រទេសទាំងពីរឡើយ។

លោកមានប្រសាសន៍ថា៖ «ការចោទប្រកាន់​នេះ វាមិនពាក់ព័ន្ធ​អីនឹងទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ ហើយទំនាក់ទំនង​នេះ​នៅតែបន្ត​ក្នុងភាពស្វាហាប់​ ក្នុងបរិបទ​​គោរពគ្នាទៅវិញទៅមក​ ក្នុងន័យ​ប្រជាជាតិ និងអធិបតេយ្យ»។

សម្រាប់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជានៅព្រឹកនេះវិញ ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកខ្លួនថា កាលពីម្សិលមិញ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ហើយរឹតត្បិតទិដ្ឋាការ ​ចំពោះលើជនជាតិ និងអង្គភាពនៅក្នុងប្រទេសមួយចំនួនលើពិភពលោក ដោយសារមានការពាក់ព័ន្ធនឹងអំពើពុករលួយ។

អាមេរិកអះអាងថា ទង្វើទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជនពុករលួយ ដោយធានាថា បុគ្គល និងក្រុមហ៊ុនទាំងនោះ មិនអាចទទួលបាន​ផលចំណេញ​ពីអំពើពុករលួយឡើយ។

ទំព័រហ្វេសប៊ុកអាមេរិកសរសេរថា៖ « មនុស្សដែលជាគោលដៅ រួមមានជនមួយចំនួន នៅប្រទេសកម្ពុជា ព្រមទាំងប្រទេស Venezuela ប្រទេស Latvia និងប្រទេស Serbia ។ ទង្វើទាំងនេះការពារភាពសុចរិតត្រឹមត្រូវនៃប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ហើយធ្វើយ៉ាងណាឲ្យបុគ្គល និងក្រុមហ៊ុននានាមិនអាចទទួលបានការចំណេញពីអំពើពុករលួយ»។

សហរដ្ឋអាមេរិកអះអាងទៀតថា ខ្លួននៅតែមានការប្តេជ្ញាចិត្តរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយដោយធ្វើសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ នឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយក្នុងពិភពលោក។

អ្នកវិភាគនយោបាយ​​ លោក ឯម សុវណ្ណរ៉ា យល់ថា ​ទណ្ឌកម្មនេះ​ជាការក្រើនរំលឹកជាថ្មីទៀតដល់រដ្ឋាភិបាលកម្ពុជា​ ឱ្យងាកទៅរកការគោរពសិទ្ធិមនុស្ស ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ដូចស្ថានភាព​មុន​ឆ្នាំ២០១៧ ដោយថា ចៀសវាង​ប៉ះពាល់ដល់កម្ពុជា ឬមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ​​

លោកមានប្រសាសន៍ថា៖ «គេ[អាមេរិក] ចាប់ផ្តើម​ដាក់​ម្តងមួយៗហ្នឹង ខ្ញុំគិតថា​សហរដ្ឋអាមេរិក​កំពុងក្រើនរំលឹក ឬដាស់តឿនកម្ពុជាហ្នឹង ឱ្យ​​ងាក​ទៅដូចអ្វី​ដែលបានសរសេរ​នៅក្នុងលិខិតរបស់​លោក ដូណាល់ ត្រាំ ហ្នឹងហើយ។ ហើយប្រសិនបើ​កម្ពុជា​មិនធ្វើតាមទេ ខ្ញុំគិតថា ​មធ្យោបាយ​ ឬវិធានការ​ផ្សេងៗ​ ឬឥស្សរជននយោបាយ​ផ្សេងៗទៀតហ្នឹង​ នឹងមានចេញកាន់តែច្រើន​ជាងហ្នឹងទៀតបាទ​»។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ក្រសួង​រតនាគារ​អាមេរិក ​​បាន​សម្រេច​ដាក់​ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការរបស់អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រោយរកឃើញថា មានជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ច្បាប់ Global Magnitsky Act ត្រូវ​បានបង្កើតឡើងក្នុងអាណត្តិរបស់លោកប្រធានធិបតី បារ៉ាក់ អូបាម៉ា។ ការ​ហៅ​ឈ្មោះ​នេះ យោងតាម​ឈ្មោះ​សវនករជនជាតិ​រុស្ស៊ីម្នាក់ លោក Sergei Magnitsky ដែល​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង​មូស្គូ​ កាល​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​ចាប់​ដាក់​ឃុំ​​ ក្រោយ​ពី​លោក​បាន​បើក​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អំពើ​ពុក​រលួយ​កិប​កេង​ពន្ធ​​ទំហំទឹកប្រាក់ ២៣០​លាន​ដុល្លារ​ពី​សំណាក់​ក្រុម​មន្ត្រី​ពន្ធដារ​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ