ប៉ាគីស្ថានទប់ស្កាត់មិនឱ្យផ្សាយការជួញដូរពលរដ្ឋខ្លួនទៅចិន បារម្ភប៉ះពាល់ទំនាក់ទំនង

Sumaira ជាស្ត្រីជនជាតិប៉ាគីស្ថាន បង្ហាញរូបថតប្តីរបស់នាងជាជនជាតិចិននៅ Gujranwala ប្រទេសប៉ាគីស្ថាន។ Sumaira មិនចង់ឱ្យប្រើឈ្មោះពេញទេ គឺនាងទទួលរងការរំលោភផ្លូវ ភេទ ពីបុរសជនជាតិចិនជាច្រើន នៅក្នុងផ្ទះមួយក្នុងទីក្រុង Islamabad ជាកន្លែងដែលនាង ស្នាក់នៅបន្ទាប់មក បងប្រុសរបស់នាងបានរៀបចំឱ្យនាងរៀប ការជាមួយបុរសចំណាស់ ជនជាតិចិនម្នាក់។រូបពី AP

របាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មានAP រកឃើញថា ស្ត្រីក្រីក្រ និងអ្នករស់នៅក្នុងតំបន់ងាយរងគ្រោះជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានជួញដូរ យកទៅលក់នៅប្រទេសចិន ប៉ុន្តែ រដ្ឋាភិបាលប្រទេសនេះរារាំងមិនឱ្យមានការផ្សព្វផ្សាយ ដោយបារម្ភពីផលប៉ះពាល់ដល់ទំនាក់ទំនង។

​របាយការណ៍នោះរកឃើញបញ្ជីឈ្មោះអ្នកដែលត្រូវរៀបការឱ្យយកប្តីចិន ហើយត្រូវជួញដូរឱ្យបម្រើផ្លូវភេទ នៅផ្ទះបន ចាប់ពីឆ្នាំ២០១៨មក មានចំនួន​៦២៩នាក់។ របាយការណ៍ បញ្ជាក់ថា ចំនួនអ្នកដែលត្រូវជួញដូរអាចមានច្រើនជាងនេះ ប៉ុន្តែ ដោយសារមិនមានការសហការ និងរារាំងពីរដ្ឋាភិបាល ទើបពួកគេមិនអាចស្វែងរកបញ្ជីឈ្មោះអ្នកដែលត្រូវជួញដូរច្រើនជាងនេះ។​

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ បង្ហាញថា ចាប់តាំងពីពួកគេស៊ើបអង្កេតកាលពីខែមិថុនា មក មានការបង្កជាឧបសគ្គពីរដ្ឋាភិបាលប៉ាគីស្ថាន ដូចជា រារាំង បំភិតបំភ័យ ហាមឃាត់ និងគំរាមកំហែងជាដើម។ មូលហេតុទាំងនេះ ដោយសាររដ្ឋាភិបាលប៉ាគីស្ថានបារម្ភប៉ះពាល់ទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។​

ឈ្មួញជនជាតិចិនចំណាយលុយពី២៥០០ ទៅ៦៥០០ដុល្លារ សម្រាប់ស្ត្រីម្នាក់ក្នុងរូបភាពរៀបការ ប៉ុន្តែ ទឹកប្រាក់ដែលធ្លាក់ដល់ក្រុមគ្រួសារតែ១៥០០ដុល្លារទេ។ ស្ត្រីទាំងនេះ រងការប្រើអំពើហិង្សាពេលទៅដល់ផ្ទះបនក្នុងប្រទេសចិន។​

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប៉ាគីស្ថានដែលថ្លែងប្រាប់AP ដោយសូមមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ពួកគេមិនហ៊ានទាមទារដោះស្រាយបញ្ហានេះទេ ព្រោះបារម្ភប៉ះពាល់ទំនាក់ទំនាក់ជាមួយចិន។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មិនមានរដ្ឋាភិបាលចេញមុខជួយទេ គឺមានតែសកម្មជនអ្នកផ្សព្វផ្សាយសាសនាគ្រឹស្តជាអ្នកចេញមុខសម្របសម្រួលជួយ។​

មូលហេតុដែលប៉ាគីស្ថានបារម្ភពីការប៉ះពាល់ទំនាក់ទំនងជាមួយចិនគឺដោយសារបច្ចុប្បន្ន ប៉ាគីស្ថានទទួលបានការជួយជ្រោមជ្រែងច្រើនពីចិន ទាំងផ្នែកពាណិជ្ជកម្ម និងយោធា។​

កាលពីឆ្នាំ២០១៥ ចិនបានសម្ពោធគម្រោងអភិវឌ្ឍន៍ ចំនួន៧៥ប៊ីលានដុល្លារ លើគម្រោងសាងសង់ផ្លូវ រោងចក្រអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។

បច្ចុប្បន្ន ប៉ាគីស្ថានកំពុងតែទទួលបានការជួយឧបត្ថម្ភលើគម្រោងជាច្រើនទៀតពីចិន តាមរយៈគម្រោង«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ