សហជីព​បារម្ភ​គ្មាន​អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ឆ្នាំក្រោយ​

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ ថ្លែងក្នុង​ពិធី​ប្រារព្ធ​ខួបទី៧១ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ ​​ក្នុង​រាជធានី​ភ្នំ​ពេ​ញ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បង្ហាញ​ក្ដី​បារម្ភ​ថា​ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ ​ឆ្នាំក្រោយ អាច​នឹង​គ្មាន​អ្នក​មក​ចូលរួម ​ដោយសារតែ​ទិវា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​លុបចេញ​ពី​ប្រតិ​ទិនឈប់សម្រាក ​ចាប់ពី​ឆ្នាំ២០២០ទៅ​។

ការ​ថ្លែង​របស់​លោក​ អាត់​ ធន់​ នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួបទី៧១ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ ​​ក្នុង​រាជធានី​ភ្នំ​ពេ​ញ នា​ថ្ងៃអង្គារ​នេះ​។

លោក អាត់ ធន់ ថ្លែងថា​ កម្មករ​បច្ចុប្បន្ន​ ក្រៅពី​ប្រឈម​ទៅ​នឹង​ប្រាក់ខែ​តិច​ ធ្វើការ​ថែម​ម៉ោង​ច្រើន​ កន្លែង​ធ្វើការ​ប្រកបដោយ​គ្រោះថ្នាក់​ ការប្រើ​ប្រាស់​កិច្ច​សន្យា​ខ្លី​ៗ និង​ការប្រើ​ប្រព័ន្ធ​តុលាការ​ ​គំរាមកំហែង​ដល់​ការជំរុញ​លក្ខខណ្ឌ​ការងារ​នោះ​ កម្មករ​ខាតបង់​អត្ថ​ប្រ​យោ​ជន៍ពី​ការដែល​រដ្ឋាភិបាល​លុបចោល​ថ្ងៃបុណ្យ​អស់៦ថ្ងៃ​ថែមទៀត។ ក្នុងនោះមានទាំងថ្ងៃសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា។

លោក​ថា​៖ «បើសិនជា​ថ្ងៃ១០ធ្នូ​ យើង​អត់មាន​ ខ្ញុំ​ខ្លាចក្រែ​ងដល់​ឆ្នាំក្រោយ​ទៅ​មាន​អ្នកណា​ចូលរួម​? យើង​អាច​រៀប​បាន ​ដល់​ថ្ងៃ​ហ្នឹង​ចំ​ថ្ងៃធ្វើការ​មាន​នរណា​ចូលរួម​។ អ៊ីចឹង​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​»។

មេដឹកនាំ​សហជីព​រូប​នេះ​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពីចារ​ណា​ដាក់​បញ្ចូល​ថ្ងៃឈប់​សម្រាក១០ធ្នូ​ និង២៣តុលា​ ​ចូលក្នុង​ប្រតិ​ទិន​ឈប់សម្រាក​ឡើងវិញ​។

កាលពី​ខែសីហា ​រដ្ឋាភិបាល​បាន​ប្រកាស​កាត់បន្ថយ​ថ្ងៃបុណ្យ​ឈប់សម្រាក​ប្រចាំឆ្នាំ​ ចំនួន៦ថ្ងៃ​ ពី​ឈប់២៨ថ្ងៃ​មក​ត្រឹម​២២ថ្ងៃ​វិញ​ ក្នុង​នោះ​មាន​ទាំង​ថ្ងៃ១០ធ្នូ​ និង២៣តុលា​។

ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ​នេះ​ រដ្ឋាភិបាល​អះអាង​ថា​ ដើម្បី​សម្រួល​បន្ទុក​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ពិសេស​វិស័យ​កាត់ដេរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ