លោក កឹម សុខា ថាការលើកកម្ពស់និងការពារសិទ្ធិមនុស្សមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (សាញ់ ប៊ុនហឿន)

អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ​លើកឡើងថា ការចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិឡើយ។

លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃបា្ររព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូលើកទី៧១ នៅថ្ងៃនេះថា សង្គមមួយមានស្ថិរភាពទៅបានលុះត្រាតែមនុស្សគ្រប់រូបក្នុងសង្គម ទទួលបាននូវយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាព មិនត្រូវបានគេរំលោភបំពាន។ 

លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុក៖ «សិទ្ធិមនុស្សគឺជាមរតករបស់មនុស្សជាតិ វាមិនមែនជារបស់ជាតិសាសន៍ណាមួយផ្តាច់មុខឡើយ។ ការចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះ​ទេ។ ហើយយើងក៏មិនត្រូវប្រមាថភាពជាមនុស្សរបស់ខ្មែរ ដោយលើកឡើងថា សិទ្ធិមនុស្សគឺជាគំនិតបរទេសនោះដែរ។ ក្នុងនាមជាមនុស្ស ខ្មែរត្រូវការសិទ្ធិសេរីភាព»។​

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន លើកឡើងថា រដ្ឋាភិបាលនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីគោរពសិទ្ធិមនុស្ស ប៉ុន្តែ លោកថា កម្ពុជានឹងមិនអនុវត្តទៅតាមបរទេសឡើយ បើសិនជាប្រទេសទាំងនោះដាក់សម្ពាធមកកម្ពុជា។

លោកចាត់ទុកការចូលរួមរបស់បរទេស ដោយដាក់សម្ពាធឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស លោកថា ជាការរំលោភអធិបតេយ្យកម្ពុជា។

លោក កត្តា អ៊ន មានប្រសាសន៍ថា៖ «ការសហប្រតិបត្តិការ​ពីបណ្ដាប្រទេសដទៃ ​ក្នុងនាមមិត្តភាពក្នុងនាមចេតនាការពារលើកកម្ពស់សិទ្ធិមនុស្សគឺជាចំណុចដ៏​ល្អ ប៉ុន្តែ ការចូលរួមរបស់ប្រទេសដទៃ​ដោយដាក់កម្រិត ដោយគាបសង្កត់​ យកបញ្ហាសិទ្ធិមនុស្សជាបញ្ហានយោបាយ នេះជារឿងរំលោភអធិបតេយ្យ​ជាតិដែលកម្ពុជាមិនទទួលយកទេ»។

ប្រធានសមាគមអាដហុក លោក ធន សារ៉ាយ បាននិយាយក្នុងវីដេអូឃ្លីបបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីម្សិល ការគោរពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនមែនជាការធ្វើទៅតាមបង្គាប់បរទេសឡើយ ប៉ុន្តែ វាជាការអនុវត្តច្បាប់របស់ប្រទេសទៅវិញទេ។ លោកបន្តថា ការដែលរដ្ឋាភិបាលមិនអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះ លោកថា នឹងធ្វើឱ្យកម្ពុជាបាត់បង់ផលប្រយោជន៍របស់ជាតិ។

លោក ធន សារាយ លើកឡើងថា៖ «ការខកខានមិនបាន​អនុវត្តត្រឹមត្រូវ​តាមច្បាប់កំពូល​របស់ប្រទេសយើង ​ស្ដីពីការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ នឹងអាចបណ្ដាលបាត់បង់​ដល់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ​EBA  ហើយដែលជាផលប្រយោជន៍ជាតិដ៏ធំ​នៅពេលខាងមុខនេះ គឺជារឿងដ៏អាម៉ាស់ ​និងគួរឱ្យសោកស្ដាយជាទីបំផុត ​នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង ​​ព្រោះថា ការបាត់បង់នេះ អ្នកដែលទទួលការឈឺចាប់​ខ្លាំងជាងគេ ​គឺអ្នកក្រីក្រ និងអ្នកទន់ខ្សោយ ​ដែលមានចំនួនច្រើនប្រហែលជា៣ ​លាននាក់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ»។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌ ដោយអនុញ្ញាតឱ្យលោក កឹម សុខា អាចដើរហើរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ មិនអនុញ្ញាតចេញក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយឡើយ ក្រោយពីបង្គាប់​ឱ្យឃុំខ្លួនបណ្ដោះអាសន្នជាង២ ឆ្នាំ ទាំងនៅក្នុងពន្ធនាគារ និងក្នុងផ្ទះ។

សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បាន​ចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ​ស្ថាប័ននេះនឹងបើកសវនាការជំនុំជម្រះ​សំណុំរឿងអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពីបទ «​សន្និដ្ឋិភាពជាមួយបរទេស ឬឃុបឃិតជាមួយបរទេស» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។​ ការកំណត់​ពេលសវនាការ​លោក កឹម​ សុខា នេះធ្វើឡើង​បន្ទាប់​ពី​សាលាឧទ្ធរណ៍ បាន​ប្រកាសច្រានចោលបណ្តឹងទាស់របស់សហមេធាវីការពារក្តីលោក កឹម សុខា ដោយចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ​ ដែល​បញ្ជូនសំណុំរឿងអតីតមេដឹកនាំបក្សប្រឆាំងនេះទៅជម្រះថា ធ្វើឡើងតាមនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ