វិភាគ​៖ តើ១០ឆ្នាំ​ចុងក្រោយ​នេះ​បញ្ហា​សិទ្ធិមនុស្ស​ផ្តល់​មេរៀន​អ្វីខ្លះ​ដល់​រដ្ឋាភិបាល​?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

បើ​គេ​គិត​ពី​កំណើត​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាល​អនុវត្តន​យោ​បាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ បាន​ជាង២៦ឆ្នាំ​រួចមក​ហើយ​ ដែលធ្វើឲ្យការប្រកួតអំណាចនៅកម្ពុជាប្តូរពីការប្រើប្រាស់អាវុធ មកប្រកួតតាមរយៈការបោះឆ្នោតវិញ​ ។

ប៉ុន្តែ ការបោះឆ្នោតជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៩៣មក តែងតែមានជម្លោះនយោបាយកើតឡើងជាបន្តបន្ទាប់ ទំាងថ្នាក់ជាតិ និងក្រោមជាតិលើកលែងតែការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧។

មួយវិញទៀត​ កម្ពុជា​ជា​ភាគី​អនុវត្ត​ច្បាប់អន្តរជាតិ​ ស្ដី​ពី​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​ន​យោ​បាយ​ ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​ដល់​អង្គការសហប្រជាជាតិ​។

ប៉ុន្តែ​ ពេលនេះ​ កម្ពុជា​បាន​រង​ការ​គំរាមកំហែង​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ពី​ប្លុក​លោកសេរី​ ដែល​នាំមុខ​គេ​ដោយ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ ។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​នេះ​ដែរ​ អង្គការ​លី​កាដូ​ ដែល​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅក្នុង​ស្រុក​មួយ​ បាន​បង្ហាញ​ឯកសារ​ចងក្រង​ព្រឹត្តិ​ការណ៍​ស្ដី​ពី​ការរំលោភ​សិទ្ធិមនុស្ស​សំ​ខាន់​ៗក្នុងរយៈពេល​ ១ទសវត្ស​ចុងក្រោយ​នេះ​។

របាយការណ៍​ចងក្រង​អំពី​បញ្ហា​សិទ្ធិមនុស្ស​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ដោយ​ដាក់​ចំណងជើង​ថា​ «ការពិនិត្យ​ឡើងវិញ​រយៈពេល១០ឆ្នាំ​ ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»

សំណួរ​ថា​តើ១០ឆ្នាំ​ចុងក្រោយ​នេះ​ បញ្ហា​សិទ្ធិមនុស្ស​វា​បាន​ផ្តល់​មេរៀន​អ្វីខ្លះ​ដល់​រដ្ឋាភិបាល​?

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំ​សិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ ពន្យល់​ថា​ ១០ឆ្នាំ​ចុងក្រោយ​នេះ​ ការរំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ធ្វើនយោបាយ​ វា​បាន​ផ្តល់​មេ​រៀន​ធំៗ៣ដល់​រដ្ឋាភិបាល​ សម្រាប់​ពិចារណា​ធ្វើ​កំណែទម្រង់​ ដើម្បី​បញ្ចៀស​កម្ពុជា​ពី​វិធានការ​របស់​សហគមន៍​អន្តរជាតិ​។

លោក​ អំ​ សំ​អាត​ លើកឡើង​ ការ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ​និង​រង​របួស​ជាបន្តបន្ទាប់​ ប៉ុន្តែ​ អ្នក​បង្ក​ និង​អ្នក​ពាក់ព័ន្ធ​មិនទាន់​ត្រូវ​បាន​វែកមុខ​ យក​មក​ផ្តន្ទា​ទោស​តាមច្បាប់​បាន​នៅឡើយ​ទេ​។ ការ​ផ្ញើ​សារ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​ បង្កប់​នូវ​រូបភាព​ហិង្សា​ រួម​ទាំង​មិន​ធ្វើ​ឱ្យ​ការប្រកួត​ប្រជែង​អំណាច​ដំណើ​ការ​ទៅ​ដោយ​តម្លាភាព​ ដែល​លោក​ថា​ កត្តា​ទាំងនេះ​ វា​ហាក់​បង្ហាញថា​ ឥទ្ធិពល​នយោបាយ​ វា​បាន​គ្រប់​ដណ្ដ​ប់​ទៅលើ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​ដែល​ធានា​ដោយ​ច្បាប់​។

លោក​ថា​៖ «យើង​ឃើញថា​ ព្រឹត្តិ​ការណ៍​ហិង្សា​ ឬបញ្ហា​រំលោភ​សិទ្ធិ​ផ្សេង​ៗវា​កើត​ចេញពី​ភាព​តានតឹង​ និង​ភាពទ័លច្រក​នៃ​ដំណោះស្រាយ​នយោបាយ​»។

លោក​ អំ​ សំអាត​ វិភាគ​ថា​ បើ​រដ្ឋាភិបាល​មិន​ព្យាបាល​ជំងឺ​ចាស់​ដែល​បាន​កើតឡើង​ច្រើន​ឆ្នាំ​មកនេះ​ទេ​ ជំងឺ​នេះ​វា​នឹង​រុញ​កម្ពុជា​ឱ្យ​ធ្លាក់ទៅក្នុង​វិធានការ​របស់​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ព្រោះថា ​ប្រទេស​ទាំងនោះ​ មាន​តួនាទី​ជំរុញ​មេដឹកនាំ​កម្ពុជា​ ឱ្យ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ​ តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែ​លប្រ​សូត្រ​ចេញ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ។

លោក​ថា​៖ «ពីព្រោះ​ប្រទេស​ដែលគេ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ជា​ប្រទេស​ដែលគេ​ពង្រឹង​នីតិរដ្ឋ​ និង​ការគោរព​សិទ្ធិមនុស្ស​ ហើយ​បើកាលណា​បញ្ហា​ទាំងអស់​ហ្នឹង​វា​នៅតែ​បន្ត ​យើង​មិន​អាច​ឈាន​ទៅ​រក​គោលការណ៍​នីតិរដ្ឋ​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស​បានទេ​»។

បើ​តាម​លោក​ អំ​ សំអាត​ បញ្ហា​នេះ​វា​នឹង​រង​ផល​ប៉ះពាល់​ដល់​ពលរដ្ឋខ្មែរ​ច្រើន​លាន​នាក់​ និង​បាក់មុខ​រដ្ឋាភិបាល​នៅ​លើឆាកអន្តរជាតិ​។

របាយការណ៍​អង្គការ​លី​កាដូ​ បាន​រំឭក​ថា​ នៅ​ខែកុម្ភៈ​ ឆ្នាំ២០១៣​ ពលរដ្ឋ​ប្រមាណ​ ៥០០នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ ត្រូវ​បាន​គំរាមកំហែង​លុបឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​ ប្រិ​សិន​បើ​ពួកគាត់​ចូលរួម​វេទិកាសាធារណៈ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​។

ក្រុម​អ្នក​តវ៉ា​សហគមន៍​បឹងកក់​ ត្រូវ​បាន​វាយដំ​យ៉ាង​ព្រៃផ្សៃ​ដោយ​នគរបាល​ បន្ទាប់ពី​ពួកគាត់​ធ្វើការ​ជួបជុំគ្នា​នៅ​សួនច្បារ​សាធារណៈ​ក្បែរ​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​តវ៉ា​ស្នើសុំ​ដោះលែង​សកម្មជន​បឹងកក់​អ្នកស្រី​ យ៉ោ​ម បុប្ផា​។ ការ​ចាប់​ឃុំខ្លួន​មន្ត្រី​ជាន់ខ្ពស់​ការពារ​សិទ្ធិមនុស្ស​នៅ​សមា​គម​អាដ​ហុក​ចំនួន៥នាក់​។

ការ​បាញ់សម្លាប់​លោក​ កែម​ ឡី​ នៅ​ថ្ងៃទី១០​ ខែកក្កដា​ កណ្ដា​លក្រុង​ភ្នំពេញ​។ សមាជិកសភា​តំណាង​រា​ស្ដ្រនៃ​គណបក្ស​សង្រ្គោះ​ជាតិ​ ២នាក់​ គឺ​លោក​ គង់​ សភា​ និង​ លោក​ ញាយ​ ចម្រើន​ ត្រូវ​បាន​ទាញ​ទម្លាក់​ពីរ​ថយន្ត​នៅមុខ​អគារ​រដ្ឋសភា​ជាតិ​ និង​ត្រូវ​បាន​វាយដំ​យ៉ាងធ្ងន់ធ្ងរ​ ពីសំណាក់​អ្នក​តវ៉ា​ដែល​គាំទ្រ​គណបក្សប្រជាជន​កម្ពុ​ជា​។

ការ​បាញ់​បង្រ្កាប​ទៅលើ​កម្មករ​តវ៉ា​ និង​មេដឹកនាំ​សហជីព​ នៅ​លើ​ផ្លូវ​វេ​ងស្រេង​ កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ​បណ្តាលឱ្យ​ពលរដ្ឋ​ស៊ីវិល​ ៤នាក់​ត្រូវ​បាន​បាញ់សម្លាប់​ ២១នាក់​ផ្សេងទៀត​បាន​រង​របួស​ ច្រើន​នាក់​ទៀត​ត្រួ​វបាន​ចាប់ខ្លួន​ និង​វាយដំ​ដោយ​កងរាជអាវុធហត្ថ​ ។

ករណី​ចាប់​ឃុំខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ និង​រំលាយ​គណបក្ស​នេះ​ នៅ​ឆ្នាំ២០១៧ ជាដើម​។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ករុណា​ ហៅ​ការដែល​របត់​នយោបាយ​នៅ​កម្ពុជា​ដើរ​ដល់​ចំនុច​គំរាមកំហែង​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ បាន​ផ្តល់​មេរៀន​ធំ៣ដល់​រដ្ឋាភិបាល​ គឺ​ត្រូវ​ពិនិត្យ​ឡើងវិញ​ពីក​តិ​ការ​សញ្ញា​អន្តរជាតិ​ ស្តី​ពី​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ ឯករាជ្យ​ភាព​របស់​នគរបាល​យុត្តិធម៌​ និង​ប្រព័ន្ធ​យុត្តិធម៌​។

លោក​ថា​៖ «បញ្ហា​មួយ​ដែលគេ​មើលឃើញ​ថា​ ការរំលោភ​សិទ្ធិ​មន្ស​ជា​ប្រព័ន្ធ​ដែល​មានការ​លើកឡើង​ពី​សហភាព​អឺរ៉ុប​ជាដើម​នោះ ​គឺ​ទាំង​ខាង​មន្ត្រី​នគរបាល​យុត្តិធម៌​ ទាំង​ខាង​ប្រព័ន្ធ​តុលាការ​ជាដើម​ ដែល​បំពារបំពាន​ទៅលើ​យុត្តិធម៌​សង្គម ​ពិសេស​ចាត់វិធានការ​ទៅលើ​សកម្មជន​នយោបាយ​នៅពេល​កន្លងមក​»។

លោក​ ស៊ឹង​ សែន​ករុណា​ វិភាគ​ថា​ បញ្ហា​ចម្បង​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​ដល់​ចំនុច​ផុយ​ស្រួយ​បាត់បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្លុក​លោកសេរី​ដូច​ពេលនេះ​ អាចម​កពី​ឥទ្ធិពល​នយោបាយ​គ្រប​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​ ហើយ​ព្យាយាម​គេច​ចេញពី​ការ​ទួល​ខុសត្រូវ​លើ​ការអនុវត្ត​ច្បាប់អន្តរជាតិ ​ស្តីពី​សិទ្ធិពល​រដ្ឋ ​និង​សិទ្ធិ​នយោបាយ​ដែល​បាន​ផ្តល់​សច្ចាប័ន​។

លោក​ថា​៖ «បើសិនជា​យើង​នៅតែ​បកស្រាយ​ដោះសារ​ទៅលើ​អ្វី​ដែល​បាន​កើតឡើង​មក​ហ្នឹង​ អ៊ីចឹង​យើង​នៅតែ​បន្ត​រង​នូវ​ការរិះគន់​ ការ​ដាក់​សម្ពាធ​ហ្នឹង​ដដែល​ទេ​ ពីព្រោះ​អាហ្នឹង​ជា​រឿង​ដែល​យើង​ជាប់​កាតព្វកិច្ច​ កិច្ច​ព្រមព្រៀង​ជាមួយ​គេ​»។

កម្ពុជា​បាន​ក្លាយជា​រដ្ឋ​ភាគី​នៃ​កតិកា​រសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធី​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ កាលពី​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ១៩៩២​។ ច្បាប់​នេះ​ចែងថា​ នៅពេល​ដែល​រដ្ឋ​មួយ​បាន​ក្លាយជា​ភាគី​នៃ​កតិការសញ្ញា​ រដ្ឋ​នោះ​ជាប់​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​ ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ និង​ចំពោះ​សហគមន៍​អន្តរជាតិ​ ក្នុង​ការអនុវត្ត​បទបញ្ញត្តិ​នៃ​សន្ធិសញ្ញា​នេះ​ ដើម្បី​លើកស្ទួយ​ និង​ការពារ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ប្រទេស​។

មួយវិញទៀត​ មាត្រា៣១ នៃ​រដ្ឋធម្មនុញ្ញ​ ធានា​ការពារ​អនុសញ្ញា​នេះ​ថា​ ជាផ្នែក​មួយ​នៃ​ច្បាប់​កម្ពុជា​។​ មាត្រា​ដទៃទៀត​ ក៏បាន​គូសបញ្ជាក់​ឡើងវិញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការធានា​ថា​ ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ប្រើប្រា​ស់​​សិទ្ធិពល​រដ្ឋ ​និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ​ ដូចជា​ជំពូក៣ មាត្រា៣២។

​រដ្ឋធម្មនុញ្ញកម្ពុជាដដែល បានធានា​ការពារ​ផ្លូវច្បាប់​ជា​មូលដ្ឋាន​ចំពោះ​ការ​ចាប់ខ្លួន ​និង​ឃុំខ្លួន ដូចមានចែងក្នុង​មាត្រា៣៨​។ ឯករាជ្យភាព​របស់​តុលាការ​ ត្រូវ​ធានា​ការពារ​នៅ​ជំពូក១១ នៃ​រដ្ឋធម្មនុញ្ញ​។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ លោក​ កត្តា​ អ៊ន​ អះអាង​ថា​ វិធានការ​នានា​ដែល​បាន​កើតឡើង​ទៅលើ​បុគ្គល​មួយចំនួន​ រួម​ទាំង​ចំណាត់ការ​ទៅលើ​អតីត​គណបក្ស​ប្រឆាំង​ផង​ ​លោក​ថា​ ជា​វិធានការ​ច្បាប់​ដែល​រដ្ឋាភិបាល​ប្រកាន់យក ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។

អ្នកនាំពាក្យរូបនេះអះអាងថា​ កម្ពុជា​មិន​អាច​ទទួលយក​លក្ខខណ្ឌ​ណាមួយ​ពី​សហគមន៍​អន្តរជាតិ​ រំលោភ​លើ​អធិប​តេ​យ្យ​របស់​កម្ពុជា​បានទេ​។

លោក​ថា​៖ ​«កន្លងមក​នេះ​ គឺ​យើង​បាន​អនុវត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​នីតិវិធី​ច្បាប់​ និង​នីតិវិធី​តុលាការ​ ហើយ​កំពុងតែ​ដំណើរការ​ករណី​ខ្លះទៀត​ វា​មិនមែន​ជា​ការរំលោភ​សិទ្ធិមនុស្ស​ វា​មិនមែន​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ ឬលំហ​ប្រជាធិបតេយ្យ​ស្អី​នោះ​ទេ​»។

យ៉ាងនេះ​ក្ដី ​ប្រធានាធិបតី​អាមេរិក​ លោក​ ដូ​ណាល់​ ត្រាំ​ តាមរយៈ​លិខិត​ចុះ​ថ្ងៃទី១ ខែវិច្ឆិកា​ ផ្ញើ​មកកាន់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ បាន​ប្រាប់​មេដឹកនាំ​កម្ពុជា​ ត្រូវ​នាំ​កម្ពុជា​វិល​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​វិញ​ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ