ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​​ព្រះសីហនុ​​​ប្រមូល​ផ្ដុំ​តវ៉ា​ ក្រោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ បានមកប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តព្រះសីហនុ ដើម្បីសុំប្រារព្ធទិវាសិទ្ធមនុស្ស ១០​​ធ្នូ ខួបលើកទី៧១ បើទោះបីជាអភិបាលខេត្តនេះ មិនអនុញ្ញាឲ្យធ្វើក៏ដោយ។ (សម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia)

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តព្រះសីហនុ បានសម្រេច​ចិត្ត​មិន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ​នោះ​ទេ បន្ទាប់​ពី​​ពលរដ្ឋ ៤​រូប​ដែល​ជា​តំណាង​​របស់​ពួកគេ ​រង​ការ​គំរាម​កំហែង​ចាប់​ខ្លួន ក្រោយ​ពី​បាន​ស្នើ​សុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។

ក្នុងលិខិតចុះថ្ងៃទី៣ ខែធ្នូ តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហនុ បានដាក់លិខិតមួយទៅរដ្ឋបាលខេត្តដើម្បីជូនដំណឹង និងសុំទីតាំងរៀបចំកន្លែងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅព្រឹក​ថ្ងៃទី៩ ខែ​ធ្នូ​នេះ ប៉ុន្តែ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតមួយនៅកាល​ពី​ថ្ងៃទី៦ ខែធ្នូ ដោយមិនអនុញ្ញាតឱ្យរៀបចំកម្មវិធីនេះឡើយ។

មន្ត្រីសម្របសម្រួលនៅសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក ញឹល ភាព ប្រាប់វីអូឌីនៅថ្ងៃនេះថា តំណាងពលរដ្ឋដែលបានដាក់លិខិតជូន​ដំណឹង​អំពី​ការ​រៀបចំ​ទិវាសិទ្ធិមនុស្សអន្តរជាតិនោះ បានទទួលរងការគំរាមកំហែង ​និងព្រមានចាប់ខ្លួនពីសំណាក់​អាជ្ញាធរ ប្រសិនបើតំណាងទាំងនោះ ហ៊ានដឹកនាំពលរដ្ឋរៀបចំកម្មវិធីនេះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្តថា ក្រោយមានការគំរាមកំហែង និងព្រមានចាប់ខ្លួនបែបនេះ ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​សម្រេច​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​ដាក់​ញ្ញត្តិ​ទៅ​សាលា​ខេត្ត​ព្រះសីហនុ​វិញ ដោយ​ទាមទារ​រក​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​របស់​ពួកគេ។

លោក ញឹល ភាព ប្រាប់ថា៖ «បើឈ្មោះខ្ញុំវិញ មាននៅក្នុងបញ្ជីរបស់សាលាខេត្ត ក៏ដូចជាស្នងការ និងប៉េអឹមខេត្ត ជាពិសេសតំណាងសហគមន៍ដែលគាត់ដាក់លិខិតជូនដំណឹងស្តីពីការរៀបចំវេទិកាសិទ្ធិមនុស្ស១០ធ្នូហ្នឹង គឺពួកគាត់ទទួលបាននូវការគំរាមកំហែងដ៏ធ្ងន់ធ្ងរ។ គេថា បើហ៊ានធ្វើ ពួកគេដែលជាអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចហ្នឹង គេនឹងចាប់ខ្លួន»

តំណាងពលរដ្ឋម្នាក់ លោក យូ វាសនា ប្រាប់វីអូឌីថា រូបលោកទទួល​បាន​ទូរសព្ទហៅ​ចូល​ជាច្រើន​ដង ដោយប្រាប់មិនឱ្យចូលរួមសកម្មភាពជាមួយប្រជាពលរដ្ឋ និងព្រមានចាប់ខ្លួនលោកថែមទៀត។

តំណាងពលរដ្ឋរូបនេះ បន្តថា រូបលោក និងតំណាងផ្សេងទៀតមិនហ៊ានចូលរួមជាមួយ​ប្រជាពលរដ្ឋដែលនាំគ្នាប្រមូលផ្តុំដាក់ញត្តិនៅសាលាខេត្តព្រះសីហនុនោះទេ ដោយបារម្ភខ្លាចមានការចាប់ខ្លួន។

លោក យូ វាសនា បានចាត់ទុកករណីនេះថា ជាការគំរាមកំហែង និងជាការបំបិទសិទ្ធិសេរីភាព ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិ​នេះ ជាបុណ្យសកលដែលមនុស្សនៅលើពិភពលោកត្រូវតែគោរព និងត្រូវការបំផុតនោះ។

លោក យូ វាសនា ប្រាប់ថា៖ «យើងទាំងអស់គ្នាត្រូវតែទាមទារសិទ្ធិទាំងអស់ហ្នឹង ហើយបើគេមិនឱ្យគោរពសិទ្ធិហ្នឹង មានន័យថា គេចង់បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការជួបជុំ ក្នុងការធ្វើវេទិកាសាធារណៈនេះតែម្តង។ អីចឹង យើងមើលឃើញថា វាមានភាពអយុត្តិធម៌ណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលបិទសិទ្ធិសេរីភាពមិនឱ្យយើងជួបជុំ និងបញ្ចេញមតិនេះ»

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ​​ បានច្រានចោលការលើកឡើងរបស់តំណាងពលរដ្ឋ ដែលថា អាជ្ញាធរគំរាមកំហែងលើពួកគេ។

លោក ឃាង ភារម្យ ប្រាប់ថា៖ «រឿងគំរាមកំហែងរកចាប់ខ្លួនហ្នឹង ខ្ញុំមិនទទួលបានព័ត៌មានហ្នឹងទេ។ បើចំពោះរដ្ឋបាលខេត្ត យើងធ្វើតាមគោលការណ៍ច្បាប់។ យើងអត់មានទៅគំរាមកំហែងអីចឹងទេ។ បើមានការគំរាមកំហែង គាត់អាចប្រើប្រាស់សិទ្ធិគាត់បាន កុំចោទប្រកាន់អាជ្ញាធរ»

នាយករងអង្គការលីកាដូ លោក អំ សំអាត បានបង្ហាញការសោកស្តាយ ក្រោយ​ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ​មិនអនុញ្ញាតឱ្យប្រជាសហគមន៍រងគ្រោះដីធ្លីប្រារព្ធទិវាសិទ្ធិមនុស្ស និងគំរាមចាប់ខ្លួនតំណាងពួកគេទៀតនោះ។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បន្តថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុងតែធ្វើឱ្យប៉ះពាល់បន្ថែមទៀតទៅដល់មុខមាត់រដ្ឋាភិបាលកម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ ដែលកំពុងរងការរិះគន់​ពីការ​រំលោភសិទ្ធិមនុស្ស។

លោក អំ សំអាត បន្ថែមថា៖ «ព្រោះសហគមន៍អ៊ឺរ៉ុបគេកំពុងតែចាំមើលថា តើកម្ពុជាយើងហ្នឹងបានកែលម្អអ្វីខ្លះ?។ អ៊ីចឹង រដ្ឋាភិបាល ជាពិសេសថ្នាក់ជាតិ លោកកំពុងមានវិធានការ និងគោលការណ៍​លើកកម្ពស់ដល់សិទ្ធិមនុស្សឱ្យមានភាពល្អប្រសើរឡើង ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន ហាក់បីដូចជាកំពុងដើរបញ្ច្រាស មានន័យថា គំរាមកំហែង ឬក៏បិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមទិវាសិទ្ធមនុស្សនោះ អាហ្នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទៅវិញទេ»

លោក អំ សំអាត ឱ្យដឹងថា អង្គការលីកាដូបានចូលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ជាមួយសហគមន៍ចំនួន ១១ខេត្តក្រុង ប៉ុន្តែ មានអាជ្ញាធរខេត្តព្រះសីហនុមួយនេះទេ ដែលមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំប្រារព្ធពិធីនេះ។

កាលពីសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិលបានដាក់លិខិតមួយទៅអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសុំទីលានប្រជាធិបតេយ្យជួបគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលគ្រោងមានមនុស្សប្រហែល ២ពាន់នាក់ចូលរួមប្រារព្ធពិធីនេះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ណៃ វ៉ង់ដា ​ប្រាប់វីអូឌី​ថា លោកទទួលបានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃរួចហើយនៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ