តុលាការគ្រោង​ជំនុំ​ជម្រះ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា នៅដើមឆ្នាំក្រោយ

លោក កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសាវនាសំណុំរឿងអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា នៅដើមឆ្នាំក្រោយ​នេះ បន្ទាប់ពីសាលាឧទ្ធរណ៍ប្រកាសច្រានចោលបណ្តឹងទាស់មេបក្សប្រឆាំងនេះ​តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

សាលាឧទ្ធរណ៍នៅរសៀលថ្ងៃចន្ទនេះ បានប្រកាសច្រានចោលបណ្តឹងទាស់សហមេធាវីការពារក្តីលោក កឹម សុខា ដោយចាត់ទុកនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញបញ្ជូនសំណុំរឿងមេបក្សប្រឆាំងនេះទៅជម្រះថាធ្វើឡើងតាមទម្រង់ច្បាប់។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃចន្ទនេះ លើកឡើងថា ក្រុមប្រឹក្សាជម្រះនៃសាលាដំបូងរាជធានីភ្នំពេញដែលទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ដជំនុំជម្រះ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ខែមិថុនាឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬឃុបឃិតជាមួយបរទេស បានសម្រេចកំណត់ដាក់កាលបរិច្ឆេតជំនុំជម្រះ នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២០ វេលាម៉ោង៨និថង៣០នាកទីព្រឹក នៅសាលសវនការទី១នៃសាលាដំបូងរាជធានីភ្នំពេញ។

សហមេធាវីការពារលោក កឹម សុខា គឺលោក ចាន់ ចេន ឱ្យវីអូឌីដឹងថា លោកមិនទាន់ដឹង​ថា កូនក្ដី​របស់​លោក​ព្រមទទួលយកការកំណត់ថ្ងៃជំនុំជម្រះរបស់សាលាដំបូងនេះ ឬបន្តប្តឹងសារ​ទុក្ខទៅតុលាការកំពូល ដូចដែលបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឬក៏យ៉ាងណានៅឡើយទេ។

ប៉ុន្តែ លោកថា សហមេធាវីការពារក្តីគ្មានជម្រើសណាក្រៅពីជ្រើសរើសយកសមរភូមិតាំងផ្លូវច្បាប់នៅទីលានតុលាការទេ បើទោះបីដឹងមុនថា លទ្ធផលនៃការកាត់ក្តីវានឹងចេញមកបែបណាក៏ដោយ។

ប៉ុន្តែ មេធាវីរូបនេះ អះអាងថា កូនក្តីលោកជាអ្នកនយោបាយ ហើយថា ការចោទប្រកាន់កូនក្តី ត្រូវបាន​សហគមន៍ជាតិ និងអន្តរជាតិមើ់លឃើញថា ជារឿងនយោបាយ។

លោកថា ដូចនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់កូនក្តី និងរក្សាទុកផលប្រយោជន៍ជាតិផងនោះ ករណីនេះ គួរ​បញ្ចប់ទៅវិញតាមដំណោះស្រាយនយោបាយ។

លោកថា៖ «យកល្អមានតែដំណោះស្រាយតាមផ្លូវនយោបាយទេ ដើម្បីការពារឧត្តមផលប្រយោជន៍ជាតិ វាប្រសើរជាងគេផ្លូវមួយហ្នឹង ដោយឈរលើគោលការណ៍ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ»

កាលពីថ្ងៃទី១០ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌ ដោយឱ្យអនុញ្ញាតឱ្យលោក កឹម សុខា អាចដើរហើរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ មិនអនុញ្ញាតចេញក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយឡើយ ក្រោយពីបង្គាប់​ឱ្យឃុំខ្លួនបណ្ដោះអាសន្នជាង២ ឆ្នាំ ទាំងនៅក្នុងពន្ធនាគារ និងក្នុងផ្ទះ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេគំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកេះពាណិជ្ជកម្មពីកម្ពុជា បើរដ្ឋាភិបាលមិនដោះលែងលោក កឹម សុខា និងឱ្យគណបក្សសង្គ្រោះជាតិដែបានរំលាយនោះ បានចូលរួមប្រកួតការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌តាមយន្តការប្រជាធិបតេយ្យនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ